មន្ត្រី​បរិស្ថាន​មណ្ឌលគិរី​អង្កេត​បណ្ដឹង​សហគមន៍​ចោទ​រឿង​ឃុបឃិត​ឲ្យ​​វៀតណាម​ចូល​កាប់​ឈើ

ដោយ រដ្ឋា វិសាល
2015.06.06
ពលរដ្ឋ ប្ដឹង​បរិស្ថាន មណ្ឌលគិរី ៦២០ តំណាង​សហគមន៍​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ចូល​បំភ្លឺ​ការ​ស៊ើប​អង្កេត​របស់​មន្ត្រី​បរិស្ថាន​នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៥ ពាក់ព័ន្ធ​បណ្ដឹង​ចោទ​ប្រកាន់​មន្ត្រី​បរិស្ថាន​មួយ​រូប​ពី​បទ​ឃុបឃិត​ឲ្យ​ពលរដ្ឋ​វៀតណាម ចូល​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍។
Adhoc Photo

មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បើក​ការ​ស៊ើប​អង្កេត​បឋម​ទៅ​លើ​ពាក្យ​បណ្ដឹង​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ឃុំ​ប៊ូស្រា ចោទ​មន្ត្រី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ មួយ​រូប​ថា ​ជា​អ្នក​ឃុបឃិត​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វៀតណាម ឆ្លង​ដែន​ចូល​កាប់​ឈើ​ក្នុង​​ព្រៃ​សហគមន៍។

តំណាង​សហគមន៍​ឃុំ​ប៊ូស្រា ចំនួន ៤​នាក់ បាន​ផ្ដិត​មេដៃ​លើ​កំណត់ហេតុ​បំភ្លឺ​ជូន​មន្ត្រី​បរិស្ថាន​ខេត្ត​មណ្ឌលគិរី នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​ប៊ូស្រា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មិថុនា ពី​អង្គហេតុ​ចោទ​ប្រកាន់​មន្ត្រី​បរិស្ថាន​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ ពាក់ព័ន្ធ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វៀតណាម ចូល​មក​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍។

​កាល​ពី​ដើម​ខែ​មេសា កន្លង​ទៅ សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ពូលុ ពូចារ និង​ឡាំមេះ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​មណ្ឌលគិរី ចោទ​មន្ត្រី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ គឺ​លោក សុះ ម៉ាឡែន បន្ទាប់​ពី​អ្នក​ភូមិ​ស្ទាក់​ចាប់​ជនជាតិ​វៀតណាម មួយ​ក្រុម​កំពុង​ដឹក​ជញ្ជូន​ឈើ​ដោយ​រថយន្ត​ពីរ​គ្រឿង​ចេញ​ពី​ព្រៃ​សហគមន៍​នៅ​ចំណុច​ជិត​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ​៨ ក្នុង​ឃុំ​ប៊ូស្រា។ ក្នុង​ការ​ស្ទាក់​ចាប់​នេះ អ្នក​ភូមិ​ឃាត់​ខ្លួន​បាន​ជនជាតិ​វៀតណាម ម្នាក់​ក្នុង​ចំណោម​ជនជាតិ​វៀតណាម ៥​នាក់ និង​រឹប​អូស​រថយន្ត​ផ្ទុក​ឈើ​ពីរ​គ្រឿង។

តំណាង​សហគមន៍​លោក ថ្លាង ផូ អះអាង​ថា អ្នក​ភូមិ​មាន​សាក្សី និង​ភស្តុតាង​គ្រប់គ្រាន់​ទាក់​ទិន​ការ​ចោទ​ប្រកាន់​មន្ត្រី​បរិស្ថាន​រូប​នេះ ពីព្រោះ​ជនជាតិ​វៀតណាម បាន​សារភាព​ថា ពួកគេ​ចូល​មក​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ដោយ​មាន​ការ​អនុញ្ញាត​ពី​មន្ត្រី​ដែន​ជម្រក​សត្វព្រៃ​ គឺ​លោក សុះ ម៉ាឡែន។

លោក​បន្ត​ថា អ្នក​ភូមិ​បាន​ប្រគល់​ជនជាតិ​វៀតណាម ទៅ​សមត្ថកិច្ច​ប៉ូលិស​ចំណែក​រថយន្ត និង​ឈើ​អ្នក​ភូមិ​រក្សាទុក​ជា​វត្ថុ​តាង​ដើម្បី​បង្ហាញ​ជូន​តុលាការ៖ «ខ្ញុំ​ផ្ទាល់​ជា​អ្នក​ចុះ​ចាប់ ចុះ​ល្បាត ខ្ញុំ​ម្នាក់ និង ស្រេវ ធី និង​ភូមិ​ពូចារ ភូមិ​ឡាំមេះ ភូមិ​ពូលុ ភូមិ​ប៊ូស្រា ៤៥​នាក់។ របស់​របរ​អ្វី​ជា​ភស្តុតាង ជា​គោយន្ត ឈើ​ផែ អ៊ីចឹង​យើង​​ថែ​រក្សា​ទុក​នៅ​សហគមន៍»

​ព្រះរាជអាជ្ញា​រង​អម​តុលាការ​ខេត្ត​មណ្ឌលគិរី លោក សូ សុវិទ្យា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា បាន​ចេញ​ដីកា​បង្គាប់​មក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឲ្យ​ចាត់​មន្ត្រី​នគរបាល​យុត្តិធម៌​ក្រោម​ឱវាទ​បើក​ការ​ស៊ើប​បឋម​លើ​អង្គ​ហេតុ​ដែល​សហគមន៍​បាន​ប្ដឹង ហើយ​បញ្ជូន​លទ្ធផល​ស៊ើប​អង្កេត​មក​តំណាង​អយ្យការ​វិញ​ជា​បន្ទាន់។ ដីកា​បង្គាប់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​អយ្យការ​រូប​នេះ​បាន​ពិនិត្យ​សំណុំរឿង និង​វត្ថុតាង និង​យល់​ឃើញ​ថា រឿង​ក្តី​នេះ​ជា​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ទៅ​នឹង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ និង​ការ​សម្រួល​​ដល់​បទល្មើស​ដែល​កើត​ឡើង​ក្នុង​ភូមិសាស្ត្រ​នោះ។

​ទាក់ទិន​រឿង​ក្តី​នេះ នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ លោក រត្ន សុវណ្ណ មាន​ប្រសាសន៍​ថា លោក​បាន​អញ្ជើញ​សហគមន៍​មក​សាកសួរ​បញ្ហា​នេះ​ហើយ។ លោក​បន្ត​ថា សហគមន៍​ត្រូវ​ផ្ដល់​ព័ត៌មាន​ជាក់លាក់ និង​ផ្ដល់​ភស្តុតាង​ដើម្បី​លោក​កសាង​សំណុំរឿង​ក្តី​នេះ​បាន​ត្រឹមត្រូវ៖ «យើង​ធ្វើ​ទៅ​តាម​ការ​បង្គាប់​របស់​ព្រះរាជអាជ្ញា យើង​ចុះ​ធ្វើ​ការ​សិក្សា​បឋម ធ្វើ​មាន​ការ​ពាក់ព័ន្ធ​ឲ្យ​​គាត់​លើក​ឡើង​ឲ្យ​អស់ ព្រោះ​រឿង​នេះ​ខ្ញុំ​ធ្វើ​សំណុំរឿង​ទៅ​ព្រះរាជអាជ្ញា។ ការ​សម្រេច​ចិត្ត​យ៉ាងម៉េច​នោះ​មិន​ស្ថិត​លើ​ខ្ញុំ​ទេ»

នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ប៊ូស្រា លោក កាឡាន ចូ បាន​ទទួល​ស្គាល់​ថា អ្នក​ភូមិ​ពិត​ជា​ប្រគល់​ជនជាតិ​វៀតណាម មក​ប៉ុស្តិ៍​នគរបាល។ ករណី​នេះ​លោក​បាន​បញ្ជូន​ជនជាតិ​វៀតណាម ទៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​រួចរាល់​ហើយ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​អ្នក​ភូមិ​ប្រគល់​ជន​ជាប់​ចោទ​មក​ប៉ូលិស។

ទាក់ទិន​រឿង​ក្ដី​នេះ​ដែរ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា សំដែង​ទុទ្ទិដ្ឋិនិយម​ថា លោក​មិន​មាន​ជំនឿ​ថា ការ​ស៊ើប​អង្កេត​ធ្វើឡើង​ដោយ​មន្ត្រី​បរិស្ថាន​មាន​ភាព​សុក្រឹត​នោះ​ទេ ពីព្រោះ​ជន​ជាប់​ចោទ​ជា​មន្ត្រី​បរិស្ថាន ហេតុ​នេះ​លោក​សំណូមពរ​ឲ្យ​មន្ត្រី​បរិស្ថាន​ឈរ​លើ​ស្មារតី​សច្ចភាព ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​សហគមន៍​ជា​អ្នក​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ៖ «យើង​សង្ឃឹមថា​មន្ត្រី​បរិស្ថាន​ធ្វើ​ការងារ​ហ្នឹង​ដោយ​ឈរ​លើ​ជំហរ​អព្យាក្រឹត​មិន​ទំនោរ​ទៅ​លើ​មន្ត្រី​​របស់​ខ្លួន ហើយ​មិន​ប្រកាន់​គោលការណ៍​បក្ស​ពួក​និយម​ដែរ ដើម្បី​បញ្ចៀស​នូវ​អំពើ​និទ្ទណ្ឌភាព​កើត​​មាន​នៅ​កម្ពុជា»

​ទោះជា​យ៉ាង​នេះ​ក្តី តំណាង​សហគមន៍​លោក ថ្លាង ផូ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​នឹង​បន្ត​រឿង​ក្តី​នេះ​រហូត​ស្ថាប័ន​យុត្តិធម៌​ថ្នាក់​ជាតិ ប្រសិន​ការ​ស៊ើប​អង្កេត​ធ្វើ​ឡើង​ដោយ​លំអៀង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។