លោក សៅ សុខា បញ្ជា​ឲ្យ​ក្រុម​ជំនាញ​រក​ប្រភព​គំនរ​ឈើ​ដែល​រក​ឃើញ​​នៅ​ខេត្ត​ក្រចេះ

ដោយ ម៉ែន សុធីរ
2016-01-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សៅ សុខា ២០១៦ ៨៥៥
អគ្គ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា (រូប​ច្រត់​ជង្គង់) ពេល​ចុះ​ត្រួត​ពិនិត្យ​គំនរ​ឈើ​​ក្នុង​បរិវេណ​​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន​ក្នុង​ឃុំ​រលួស ស្រុក​សំបូរ ខែត្រ​ក្រចេះ នៅ​ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១៦។
RFA/Men Sothyr

សកម្មភាព​ឡោមព័ទ្ធ​ទីតាំង​ស្តុក​ឈើ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​ចិន របស់​កងកម្លាំងប្រដាប់អាវុធ​ចម្រុះ​ជាង ១០០​នាក់ គិត​មក​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​មករា រយៈពេល ៤​យប់ ៤​ថ្ងៃ​ហើយ ខណៈ​មន្ត្រី​ជំនាញ​នៃ​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុង​វាស់វែង និង​ស្រាវជ្រាវ​រក​ប្រភព​នៃ​កំណាត់ឈើ​ទាំង​នោះ។ មន្ត្រី​ជំនាញ​នៃ​គណៈកម្មការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ នៅ​មិន​ទាន់​សន្និដ្ឋាន​បាន​យ៉ាង​ណា​នៅ​ឡើយ​ទេ​ថា ទីតាំង​ស្តុក​ឈើ​ចំនួន ៣​កន្លែង​ផ្សេង​គ្នា​មាន​ចំនួន​ប៉ុន្មាន​ម៉ែត្រ​គូប បន្ទាប់​ពី​តំណាង​ក្រុមហ៊ុន​បង្ហាញ​ឯកសារ​ឈើ ១​គំនរ មាន​ចំនួន​ជិត ៣​ពាន់​ម៉ែត្រ​គូប។

ប្រធាន​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ជា​អគ្គ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បញ្ជា​ឲ្យ​ក្រុម​ជំនាញ​បច្ចេកទេស​ស្រាវជ្រាវ​រក​ប្រភព​កំណាត់​ឈើ​មូល​រាប់ពាន់​ម៉ែត្រគូប ចំនួន ៣​កន្លែង​ដែល​សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ ៤​ថ្ងៃ​កន្លង​មក ឋិត​ក្នុង​បរិវេណ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន ឈ្មោះ ឆាយណា ដាយណាម៉ិច (CHINA DYNAMIC INVESTMENT C0., LTD.) នៅ​ក្នុង​ឃុំ​រលួស ស្រុក​សំបូរ ខែត្រ​ក្រចេះ។

លោក សៅ សុខា ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​បច្ចេកទេស​នៃ​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន ស្វែង​រក​គល់​ឈើ​រាប់ពាន់​កំណត់​នោះ ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន។ ការ​ចុះ​​ប្រតិបត្តិការ​នេះ បន្ទាប់​ពី​តំណាង​ក្រុមហ៊ុន​បាន​អះអាង​ថា ឈើ​មូល​ទាំង​នោះ​គឺ​ជា​ឈើ​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​វិនិយោគ។ លោក​សន្និដ្ឋាន​ថា កំណាត់​ឈើ​ទាំង​នេះ​អាច​មក​ពី​ខាង​ក្រៅ បន្ទាប់​ពី​ស្ថានភាព​ព្រៃឈើ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន ពុំ​មាន​ឈើ​ប្រភេទ​នេះ​ឡើយ៖ «មេ​ព្រៃ និង​កសិកម្ម សូម​ឲ្យ​មាន​ការ​ផ្ទៀងផ្ទាត់​មើល​រវាង​ឈើ​នេះ ដែល​ថា​បាន​ដក​ចេញ​ពី​ក្នុង​ដី​ក្រុមហ៊ុន​សម្បទាន តើ​ពិត​ជា​យក​ឈើ​ចេញ​ពី​ក្នុង​ហ្នឹង​មែន ឬ​មិន​មែន?»

​លោក សៅ សុខា ក៏​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ស្រាវជ្រាវ​រក​មធ្យោបាយ​ដែល​យក​ឈើ​មក​ស្តុក​ទុក​នៅ​តំបន់​នោះ និង​អ្នក​ពាក់ព័ន្ធ។ លោក​ស្នើ​ឲ្យ​ពលរដ្ឋ និង​សាធារណជន​ចូល​រួម​ផ្ដល់​ព័ត៌មាន​ពី​ប្រភព​ឈើ​ទាំង​នេះ៖ «សូម​មន្ត្រី​ជំនាញ​ផ្ទៀងផ្ទាត់ បើសិនជា​កាប់​ឈើ​វា​នៅ​សល់​គល់ ព្រោះ​ឈើ​នេះ​ស្មាន​មើល​វា​មិន​លើស​ពី ៣​ខែ​ទេ»

ឆ្លើយ​តប​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន ឆាយណា ដាយណាម៉ិច លោក ហាក់ កុសល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ មករា​ថា  កំណាត់​ឈើ​ទាំង​នេះ គឺ​ជា​ឈើ​ឋិត​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​វិនិយោគ។ លោក​ថា តំណាង​ក្រុមហ៊ុន​កំពុង​ជូន​ក្រុមការងារ​បច្ចេកទេស​របស់​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ ស្វែង​រក​គល់ឈើ​ជា​ច្រើន​គំនរ​នេះ ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​មករា៖ «ឈើ​ដែល​យើង​បាន​មើល​ឃើញ​ទាំង​អស់​ហ្នឹង គឺ​បាន​មក​ពី​ការ​ឈូស​ឆាយ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឆាយណា»

​ក្រុមហ៊ុន ឆាយណា ដាយណាម៉ិច ទទួល​សិទ្ធ​វិនិយោគ​លើ​ផ្ទៃដី ៦.៦០០​ហិកតារ​ពី​ក្រសួង​កសិកម្ម ឋិត​នៅ​ឃុំ​រលួស ស្រុក​សំបូរ ខែត្រ​ក្រចេះ តាំង​ពី​ឆ្នាំ​២០១០។ ក្រុមហ៊ុន​នេះ​វិនិយោគ​ដំណាំ​ដំឡូង​មី និង​អំពៅ។

កំណាត់​ឈើ​មូល និង​ជ្រុង ភាគ​ច្រើន​ជា​ប្រភេទ​ឈើ​សុក្រំ និង​គគីរ ដែល​មាន​មុខ​កាន់​ចាប់​ពី ៣​តឹក ដល់ ៩​តឹក ប្រវែង​ចាប់​ពី ៥​ម៉ែត្រ ដល់ ៩​ម៉ែត្រ ឋិត​នៅ ៣​ទីតាំង​ផ្សេង​គ្នា​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច។ កម្មករ​ដែល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ចិន ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បង្ហើប​ថា កំណាត់​ឈើ​ទាំង​នេះ គឺ​ដឹក​ចេញ​ពី​ខែត្រ​មណ្ឌលគិរី ក្នុង​តំបន់​ព្រៃ​អភិរក្ស យក​មក​តម្កល់​ទុក​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន ឈ្មោះ ឆាយណា ដាយណាម៉ិច។

អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ឲ្យ​ដឹង​ថា អគ្គបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​បង្ក្រាប​បទល្មើស​ឈើ លោក សៅ សុខា និង​ក្រុម​ការងារ​ក្រសួង​ពាក់ព័ន្ធ នឹង​ចុះ​បេសកកម្ម​ករណី​នេះ​នៅ​ខែត្រ​មណ្ឌលគិរី ទៀត៖ «យើង​នឹង​ស្រាវជ្រាវ​បើសិនជា​ឃើញ​គឺ​គាត់​នឹង​មាន​ទោស»

ចំណែក​កំណាត់​ឈើ​រាប់​ពាន់​ម៉ែត្រ​នោះ កងកម្លាំងប្រដាប់អាវុធ​នៅ​បន្ត​យាម រង់ចាំ​សេចក្ដី​សម្រេច​ពី​ប្រធាន​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ ខណៈ​មន្ត្រី​បច្ចេកទេស​កំពុង​ស្រាវជ្រាវ​រក​ប្រភព​ដើម​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (12)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

លោក សៅ សុខា ជាទីរាប់អាន មិនគួរបើចេញមុខមកឪ្យគេចេរទេ ខ្ញុំអាណិតណាស់ ហើយនេះវាជាកំទេចកំទីឈើដែលសេះសល់​ពីទ្រ​ភាពលក់មិនទាន់អស់ទេ ហួសពេលហើយដែលលោកត្រូវមកប្រឹង​ធ្វើ​យកបុងជូនមេលោកនោះ ត្បិតអីរាស្រ្តខ្មែរគេបានស្គាល់ល្បិច យក​សារ៉ុងដូរបុងបូមអំណាំចពួក​លោក​អស់ទៅហើយ ជាង៣០ឆ្នាំមក​នេះ​ពួកអាមន្រ្តីព្រៃឈើអស់ហ្នឹងដែលបង្ក្រាបបទល្មើសព្រៃឈើទេ អត់​ទេ​អត់ទាល់តែសោះ មានតែចាំចាប់ឈើជូនមេធ្វើផ្ទះបាយ ឬក៏ចាប់លក់​លុយជូនមេចាយ ឫចាប់ថតដាក់ទូរទស្ទ បង្ហាញមុខបង្អួតស្រីៗ​តា​ប៉ុណ្ណឹងឯង បើមន្រ្តីពួកលោកស្នេហាជាតិ ស្នេហាឈើមែនម្លេះ ព្រៃស្រុកខ្មែរមិនប្រែទៅជាវាលរហោស្ថានដូចថ្ងៃនេះ​ ម្លេះព្រៃរនាម​ដូចសំមិនក្លាយទៅជាវាលលែងសំនោះទេ ម្លេះព្រៃសំឡូត មិនក្លាយ​ទៅជាវាលសំឡូតនោះទេ ខ្ញុំបាទថាគ្មានអ្នកណាស្គាល់ព្រៃ​សំឡូតនិង​ម៉ាឡៃច្បាស់ជាងលោកទេ កាលពីដើមដើរមួយថ្ងៃអត់ប៉ះ​ថ្ងៃទេ តែឥ​ឡូវដើរមួយថ្ងៃ អត់ប៉ះម្លប់ទេ នេះហើយអ្នកស្នេហាជាតិ ស្នេហាឈើ​ពួកលោកនោះ មែនអត់លោក ខ្ញុំអាណិតលោកណាស់ កុំប្រឹងអោយ​គេចេរលោកអីបាទ។

Jan 20, 2016 05:58 PM

អ្នក​អាន​អនាមិក

ពី ស្រុកបារាំង

Global Witness គេបានចេញរបាយការណ៍ប្រាប់ដល់មេម្ចាស់អំណាចតាំងពីអើយមកម៉្លេះ តែបែរជាច្រឡោតរបៀប
មនុស្សគំរលទៅវិញ។ មកដល់ឥឡូវនេះ ស្ទើរអស់ឈឺកាប់ទៅហើយ ទើបសម្ដេចចេញបញ្ជាឱ្យក្រុមចោរចុះទៅបង្ក្រាបឱ្យបានទាន់មុនពេលបោះឆ្នោតខាងមុខ។ នេះបានចំជាមេដឹកនាំ ឆ្លាតខាងខូច............

Jan 20, 2016 03:50 AM

អ្នក​អាន​អនាមិក

រដ្ឋាភិបាលកម្ពុជា គ្មានលុយកសាងប្រទេស ទៅខ្ចីបុលគេ កសាងប្រទេស ដោយសារ មន្ត្រីបក្សប្រជាជន ឃុបឃិតគ្នា យកទ្រព្យសម្បត្តិជាតិ ដូចជា កាប់ឈើ លក់យកលុយដាក់ទូដែក ធ្វើមហាសេដ្ឋី ផ្ទាល់ខ្លួនអស់ !

Jan 19, 2016 11:42 PM

អ្នក​អាន​អនាមិក

ALL THE TREE ACROSS CAMBODIA HAVE BEEN CUTTING DOWN MY KRATIE PROVINCE THEY CUT ALL THE TREE. NOW HE JUST WAKE UP TAKES ACTION AGAINST THOSE FOREST CRIMINALS. I DO NOT UNDERSTAND AT ALL IT SO RIDICULOUS. ALL CAMBODIA RESOURCES HAVE BEEN DESTROYED

Jan 19, 2016 08:53 PM

អ្នក​អាន​អនាមិក

When they find out first then a suspect will go to jail,but keep a wood to sell that we do not have to cut from jungle.

Jan 19, 2016 08:50 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល