សមត្ថកិច្ច​រារាំង​គ្រួសារ​សកម្មជន​បរិស្ថាន​ជាប់​ឃុំ​នៅ​កោះកុង​មិន​ឲ្យ​ជួប​លោក ហ៊ុន សែន

ដោយ អ៊ុំ រង្សី
2016.03.31
គ្រួសារ​សកម្មជន​បរិស្ថាន​ជាប់​ឃុំ កោះកុង ៨៥៥ ២០១៦ ក្រុម​គ្រួសារ​របស់​សកម្មជន​បរិស្ថាន​កំពុង​ជាប់​ឃុំ ៣​រូប គឺ​លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង ត្រូវ​បាន​ប៉ូលិស​រារាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ម្ដុំ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Sorn Chanratha

ក្រុម​គ្រួសារ​សកម្មជន​អង្គការ​ចលនា​មាតា​ធម្មជាតិ ៣​រូប ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​ខេត្ត​កោះកុង ខកចិត្ត​ចំពោះ​កងកម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​ដែល​បាន​រារាំង​ពួកគាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ទៅ​កាន់​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពួកគេ​ប៉ុនប៉ង​ទៅ​ជួប​លោក​នាយករដ្ឋមន្ត្រី​អោយ​ជួយ​ធ្វើ​យ៉ាង​ណា​ដោះលែង​សកម្មជន​ទាំង ៣​រូប អោយ​មាន​សេរីភាព​វិញ។ សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ហេតុការណ៍​នេះ រិះគន់​ថា នេះ​ជា​ការ​រឹតត្បិត​សិទ្ធិ​បញ្ចេញ​មតិ និង​ការ​ទាមទារ​ដោយ​សន្តិវិធី​របស់​ពលរដ្ឋ។

គ្រួសារ​សកម្មជន​ចលនា​មាតា​ធម្មជាតិ ចំនួន ៣​នាក់ ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ឆ្ពោះ​ទៅ​កាន់​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី តាម​ដង​វិថី​នរោត្តម ដើម្បី​សុំ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​កូន និង​ប្តី​របស់​ពួកគាត់​បាន​រួច​ពី​ការ​ឃុំ​ខ្លួន​របស់​តុលាការ​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា។ ប៉ុន្តែ​មាន​​កងកម្លាំង​របស់​សាលាក្រុង​ប្រមាណ​ជាង ៣០​នាក់ បាន​ចេញ​មក​រារាំង​ក្នុង​ហេតុផល​ថា ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍ និង​ស្នើ​ឲ្យ​ពួកគាត់​បង្វែរ​គោលដៅ​ទៅ​កាន់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​វិញ៖ «គេ​មិន​ឲ្យ​ដើរ​ផ្លូវ​ហ្នឹង​ទេ បង​ឯង​ដឹង​អត់? ព្រោះ​ផ្លូវ​នេះ​ជា​ផ្លូវ​អន្តរជាតិ និង​ជាតិ អ៊ីចឹង​វា​ប៉ះពាល់​ចរាចរណ៍ ដូច្នេះ​សូម​ស្ដាប់​ពួក​ខ្ញុំ ត្រូវ​តែ​នាំ​គ្នា​បង្វែរ​ផ្លូវ​ទៅ​ខុទ្ទកាល័យ​សម្ដេច​វិញ»។
សកម្មជន​ការពារ​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ​ទាំង ៣​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​កោះកុង មាន​ឈ្មោះ លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង។

លោកស្រី ថា សុភា ភរិយា​លោក ស៊ីម សំណាង ដែល​ជា​សមាជិក​ចលនា​មាតា​ធម្មជាតិ​មួយ​រូប ដែល​ជាប់​ឃុំ​នៅ​កោះកុង រៀបរាប់​ថា ស្វាមី​របស់​លោកស្រី​កំពុង​មាន​ជំងឺ​ក្រពះ​ធ្ងន់ធ្ងរ។ លោកស្រី​បន្ត​ថា ការ​ជាប់​ឃុំ​របស់​ប្ដី​លោកស្រី​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ព្រោះ​នៅ​ក្នុង​គ្រួសារ​មាន​កូន​តូច និង​ម្ដាយ​ពិការ​ដែល​កំពុង​មាន​ជំងឺ​នៅ​ក្នុង​បន្ទុក។

​លោកស្រី​បញ្ជាក់​ថា ដំណើរ​ថ្មើរ​ជើង​ពី​វត្តភ្នំ ទៅ​កាន់​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​បំណង​សុំ​អន្តរាគមន៍​ដោះលែង​ប្ដី​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៖ «គឺ​សុំ​ឲ្យ​សម្ដេច ហ៊ុន សែន គាត់​ជួយ​អន្តរាគមន៍​យ៉ាង​ណា​ឲ្យ​មាន​ការ​ដោះលែង​ប្ដី​របស់​ខ្ញុំ និង​សកម្មជន​បរិស្ថាន​ពីរ​នាក់​ទៀត ព្រោះ​ពួកគាត់​ទាំង​ពី​គ្មាន​កំហុស​ទេ»

ម្ដាយ​លោក ទ្រី សុវីគា ជា​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​ជាប់​ឃុំ​ម្នាក់​ទៀត លោកស្រី សំ សំណាង ខក​ចិត្ត​នៅ​ពេល​ដែល​អាជ្ញាធរ​រារាំង​ដំណើរ​សុំ​ជួប​នាយករដ្ឋមន្ត្រី ដោយ​គ្រាន់តែ​លើក​យក​ហេតុផល​ថា ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍ ព្រោះ​ក្រុម​គ្រួសារ​ដែល​ធ្វើ​ដំណើរ​មាន​គ្នា​តែ ៣​នាក់​ប៉ុណ្ណោះ ហើយ​ពួកគាត់​ដើរ​ដោយ​សន្តិវិធី​មិន​បាន​ស្រែក​តវ៉ា​នោះ​ទេ។

លោកស្រី​អះអាង​ថា ពួកគាត់​គ្រាន់តែ​សុំ​ជួប​លោក​នាយករដ្ឋមន្ត្រី ដើម្បី​រៀបរាប់​ពី​ទុក្ខ​លំបាក និង​ស្វែង​រក​យុត្តិធម៌​ជូន​កូន​ដែល​បាន​ការពារ​ធនធាន​ធម្មជាតិ​ជា​ប្រយោជន៍​រួម​ប៉ុណ្ណោះ៖ «ខ្ញុំ​ចង់​ជម្រាប​ពី​ផល​លំបាក​នៅ​ក្នុង​ជីវភាព​គ្រួសារ​របស់​ខ្ញុំ​ជូន​ សម្ដេច ធម្មតា​យើង​មនុស្ស​ចាស់ ខ្ញុំ​ធ្វើ​ការ​រក​ស៊ី​អី​ក៏​មិន​បាន​ពឹង​ពាក់​ទៅ​លើ​កម្លាំង​កូន ណា​មួយ​អាណិត​កូន ព្រោះ​កូន​វា​ជាប់​ក្នុង​គុក​ហ្នឹង​វា​យូរ​ទៀត ណា​មួយ​ប្ដី​ពិការ​ទៀត រាល់​ថ្ងៃ​ខ្ញុំ​វេទនា​ណាស់»

​ការ​រារាំង​របស់​កង​កម្លាំង​សាលាក្រុង​មាន​ការ​ប៉ះទង្គិច​ពាក្យ​សម្ដី​ខ្លះ​ជាមួយ​សមត្ថកិច្ច ប៉ុន្តែ​ពុំ​មាន​ការ​ប្រើ​ហិង្សា​ណា​មួយ​ឡើយ បន្ទាប់​ពី​ក្រុម​គ្រួសារ​សកម្មជន​ចលនា​មាតា​ធម្មជាតិ យល់​ព្រម​បង្វែរ​គោលដៅ​របស់​ខ្លួន​ទៅ​កាន់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​វិញ។

ករណី​រារាំង​នេះ​ដែរ មន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ដែល​បាន​ឃ្លាំមើល​ករណី​នេះ លោក យី សុខសាន្ត មើល​ឃើញ​ថា រដ្ឋាភិបាល​កំពុង​អនុវត្តន៍​ច្បាប់​តែមួយ​តែ​មាន​ស្តង់ដារ​ពីរ និង​ធ្វើ​អ្វី​គ្រាន់តែ​ដើម្បី​ចំណេញ​នយោបាយ​ប៉ុណ្ណោះ។ លោក​ថា ជាក់ស្ដែង​បើ​ធៀប​នឹង​ការ​ហែ​ក្បួន​របស់​ក្រុម​យុវជន​ប្រឆាំង លោក កឹម សុខា ជា​ច្រើន​រយ​នាក់ នៅ​លើ​វិថី​នេះ​ដូច​គ្នា តែ​អាជ្ញាធរ​មិន​មាន​ការ​រារាំង​ណា​មួយ​ឡើយ។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ទទូច​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​រក​យុត្តិធម៌ និង​ជួយ​អន្តរាគមន៍​ជូន​ពលរដ្ឋ​ដែល​ទាមទារ​ឲ្យ​ទទួល​បាន​សិទ្ធិ​ស្មើ​គ្នា៖ «បើ​ក្នុង​នាំ​ ជា​ រដ្ឋាភិបាល​ដែល​គាត់​ជាប់​ឆ្នោត​ដោយសារ​ការ​បោះឆ្នោត​ពី​ប្រជាពលរដ្ឋ មិន​ថា បក្ស​ណា​មួយ​ឡើយ ត្រូវ​តែ​រក​យុត្តិធម៌ និង​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់ ព្រោះ​ដឹង​ថា ពលរដ្ឋ​ដែល​មក​តវ៉ា​ទាមទារ​មិន​មែន​ទាមទារ​ផលប្រយោជន៍​សម្រាប់​ខ្លួន​គាត់​ ទេ គឺ​គាត់​គ្រាន់​តែ​ធ្វើ​ដើម្បី​ជួយ​ក្រុម​គ្រួសារ​គាត់​ប៉ុណ្ណោះ»

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥ តុលាការ​បាន​ចាប់​ខ្លួន​សកម្មជន​ការពារ​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ​ទាំង ៣​នាក់ មាន​ឈ្មោះ លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង។ ពួកគេ​ត្រូវ​ចោទ​ពី​បទ​គំរាមកំហែង និង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ ខណៈ​ពួកគេ​ចុះ​ធ្វើការ​នៅ​ក្នុង​សហគមន៍​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កណ្ដោល និង​ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ ដើម្បី​ប្រឆាំង​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន ដាយរិក អាកសេស (Direct Access)។

​ក្រុម​គ្រួសារ​ជន​ជាប់​ចោទ និង​សង្គម​ស៊ីវិល​នៅ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល និង​អ្នក​ដែល​ពាក់ព័ន្ធ​នានា ជួយ​អន្តរាគមន៍ និង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ពី​ករណី​នេះ ដើម្បី​ឲ្យ​សកម្មជន​ទាំង ៣​នាក់​នេះ​បាន​រួច​ពី​ការ​ឃុំ​ខ្លួន​ឡើង​វិញ ព្រោះ​អ្នក​ទាំង ៣ គឺ​ជា​សកម្មជន​ដែល​គ្រាន់តែ​ធ្វើ​សកម្មភាព​ដើម្បី​ការពារ​ផលប្រយោជន៍​សង្គម​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។