អង្គការ FAO ពង្រីក​ការ​យល់​ដឹង​អំពី​បទដ្ឋាន​ស្តង់ដារ​កសិកម្ម​សរីរាង្គ

ដោយ ថា កិត្យា
2017.06.03
ពិព័រណ៍​បន្លែ ៨៥៥ ២០១៦ បន្លែ​ផ្លែឈើ​ដែល​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​ក្នុង​ពិធី​ពិព័រណ៍​កសិកម្ម​អន្តរជាតិ​ស្ដីពី​កសិកម្ម បសុសត្វ វារីវប្បកម្ម និង​នេសាទ ដែល​រៀបចំ​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
RFA

អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) បាន​ដាក់​ឲ្យ​អនុវត្ត​នូវ​ប្រព័ន្ធ​ធានា​ដោយ​មាន​ការ​ចូលរួម​ហៅ​កាត់​ថា ភី.ជី.អេស (PGS) ដើម្បី​កំណត់​បទដ្ឋាន​ស្តង់ដារ ឬ​បញ្ជាក់​គុណភាព​កសិផល​សរីរាង្គ។ គម្រោង​បញ្ជាក់​ពី​កសិផល​សរីរាង្គ​នេះ នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​កសាង​ទំនុក​ចិត្ត​រវាង​កសិករ និង​អតិថិជន ខណៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​គុណភាព​ផលិតផល​កសិកម្ម​លើ​ទីផ្សារ​ក្នុង​ស្រុក។

អ្នក​ជំនាញ​កសិកម្ម​មើល​ឃើញ​ថា ទន្ទឹម​នឹង​ការ​រីក​លូតលាស់​កសិផល​សរីរាង្គ ឬ​កសិផល​ដែល​ដាំ​ដុះ​តាម​ធម្មជាតិ​ដែល​មិន​ប្រើ​សារធាតុ​គីមី​នោះ ប្រជាពលរដ្ឋ​ខ្មែរ​ក៏​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ដែរ ចំពោះ​ការ​ក្លែងបន្លំ​ផលិតផល​កសិកម្មសរីរាង្គ​ដាក់​លក់​លើ​នៅ​លើ​ទីផ្សារ​ដោយ​ឈ្មួញ​ទុច្ចរិត។

មន្ត្រី​ផ្នែក​កសិកម្ម​របស់​អង្គការ FAO លោកស្រី ម៉េយលីង ហ្លូរ៉េស រ៉ូហ្សាស់ (Mayling Flores Rojas) លើក​ឡើង​ថា ដើម្បី​កសាង​ទំនុក​ចិត្ត​រវាង​កសិករ និង​អ្នក​ប្រើប្រាស់​នោះ អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ បាន​ដាក់​ឲ្យ​អនុវត្ត​នូវ​ប្រព័ន្ធ​ធានា​ដោយ​មាន​ការ​ចូលរួម ហៅ​កាត់​ថា PGS ដើម្បី​បញ្ជាក់​នូវ​គុណភាព​កសិផល​សរីរាង្គ ជាពិសេស​ទៀត​នោះ មន្ត្រី​អង្គការ FAO ជឿជាក់​ថា ការ​ធ្វើ​កសិកម្មសរីរាង្គ និង​ការ​ចូលរួម​ជាមួយ​ប្រព័ន្ធ​ធានា​នេះ គឺ​កសិករ​នឹង​មាន​ឱកាស​ចូលរួម​ក្នុង​ប្រព័ន្ធ​ទីផ្សារ​បាន​ល្អ​ប្រសើរ ដែល​អាច​ឲ្យ​ពួកគាត់​មាន​ប្រាក់​ចំណូល​សមរម្យ ខណៈ​ដែល​ម្ហូបអាហារ​ក៏​ត្រូវ​បាន​ធានា​ឲ្យ​មាន​សុវត្ថិភាព​ល្អ តាម​រយៈ​ការ​គោរព​តាម​គោលការណ៍​មូលដ្ឋានគ្រឹះ​របស់​កសិកម្ម​សរីរាង្គ​ពី​អ្នក​ផលិត។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្នុង​យុទ្ធនាការ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​ពី​កសិកម្ម​សរីរាង្គ និង​ប្រព័ន្ធ​ធានា​ដោយ​មាន​ការ​ចូលរួម ដែល​រៀបចំ​ឡើង​នៅ​ទីស្នាក់ការ​អង្គការ​​ស្បៀង និង​កសិកម្ម នៃ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា។

កាល​ពី​ឆ្នាំ​២០១៥ អង្គការ FAO បាន​សហការ​ជាមួយ​ក្រសួង​កសិកម្ម​ដើម្បី​អនុវត្ត​គម្រោង​កសិផល​សរីរាង្គ​សាកល្បង​ដោយ​បាន​ដាក់​បញ្ចូល​កសិករ​ខ្នាត​តូច​ក្នុង​គម្រោង​នេះ​ចំនួន ១៣​ក្រុម ដែល​មាន​កសិករ​ចំនួន ១១៧​នាក់ មក​ពី​ខេត្ត​កំពង់ស្ពឺ បាត់ដំបង កណ្ដាល និង​ខេត្ត​តាកែវ។

​អ្នក​ដាំ​បន្លែ​សរីរាង្គ​នៅ​ក្នុង​ខេត្ត​កណ្ដាល​ម្នាក់ លោក ដារា រិទ្ធិ រៀបរាប់​ថា បច្ចុប្បន្ន​នេះ បន្លែ​ធម្មជាតិ ឬ​បន្លែ​សរីរាង្គ​នេះ មាន​តម្រូវការ​ច្រើន បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​យល់​ដឹង​អំពី​ផល​ប៉ះពាល់​នៃ​សុខភាព​ដោយសារ​ការ​ទទួលទាន​បន្លែ​ដែល​មាន​ប្រភព​មិន​ច្បាស់លាស់។ លោក​ថា បន្លែ​សរីរាង្គ​មាន​តម្លៃ​ខ្ពស់​ជាង​បន្លែ​គីមី​បន្តិច ដោយសារ​ដាំ​បន្លែ​សរីរាង្គ​នេះ មាន​ការ​ហត់នឿយ និង​ពិបាក​ថែទាំ​ជាង​ការ​ដាំ​បន្លែ​ដែល​ប្រើប្រាស់​ថ្នាំ​គីមី។ ការ​ដាំ​ដុះ​បន្លែ​សរីរាង្គ​នេះ មិន​ត្រឹម​តែ​មាន​សុវត្ថិភាព​ចំណី​អាហារ​ប៉ុណ្ណោះ ប៉ុន្តែ​វាក​ក៏​ជួយ​ដល់​បរិស្ថាន និង​សង្គម​ដែរ៖ «សូម​ផ្ដាំ​ទៅ​អ្នក​ដែល​ជាវ​បន្លែ​សរីរាង្គ​ដែល​ចែកចាយ​នៅ​ទីផ្សារ​ថា សូម​កុំ​គិត​ថា ​តម្លៃ​ប៉ុណ្ណឹង​ថ្លៃ ពីព្រោះ​ពួក​ខ្ញុំ​ដាំ​វា​ពិបាក​ណាស់ ហើយ​នៅ​ខែ​នេះ​បន្លែ​ខ្លះ​មាន​រលួយ មាន​ក្រហម ហើយ​អត់​ចង់​ធំ​ទៀត។ មួយ​ទៀត សំណូមពរ​អង្គការ​ពាក់ព័ន្ធ និង​ដៃគូ​ផ្សេងៗ​អោយ​ឲ្យ​ជួយ​ជា​បដិភាគ​ដូចជា​ដំបូង យូ.វី (UV) ដើម្បី​ទប់ស្កាត់​ជាមួយ​ធម្មជាតិ​បាន​ខ្លះ ព្រោះ​ឥឡូវ​នេះ​វា​ពិបាក​បញ្ហា​ធម្មជាតិ​រឿង​ភ្លៀង»

​រី​ឯ​អនុ​ប្រធាន​នាយកដ្ឋាន​សាកវប្បកម្ម និង ដំណាំ​រួមផ្សំ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក គៀន សុភា មាន​ប្រសាសន៍​ថា កម្ពុជា​ត្រូវ​ការ​បន្លែ​ប្រមាណ ៥០០ ទៅ ៦០០​តោន ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​បន្លែ​ទាំង​នោះ គឺ​គ្មាន​ការ​បញ្ជាក់​ពី​គុណភាព និង​សុវត្ថិភាព​ចំណី​អាហារ​សម្រាប់​អ្នក​ប្រើប្រាស់​នោះ​ទេ ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន ដូចជា​មាន​ជំងឺ​ក្រពះ និង​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ដូចជា​ជំងឺ​មហារីក​ជាដើម។ លោក​បន្ថែម​ដែរ​ថា ប្រព័ន្ធ PGS សម្រាប់​បញ្ជាក់​ពី​គុណភាព​អាហារ​សរីរាង្គ​នេះ គឺ​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​កសិករ​ខ្នាត​តូច​ឲ្យ​ចូលរួម​ធ្វើ​កសិកម្ម​សរីរាង្គ ហើយ​វា​ក៏​មាន​តួនាទី​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​កសិករ និង​លើក​កម្ពស់​សុវត្ថិភាព​ចំណី​អាហារ។

អ្នក​ជំនាញ​កសិកម្ម ថ្លែង​ថា កម្ពុជា​ត្រូវការ​ធ្វើការ​ពេល​វេលា និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​បន្ថែម​ទៀត សម្រាប់​ការ​ដាំដុះ​បន្លែ​ធម្មតា និង​បន្លែ​សរីរាង្គ ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ប្រទេស​ក្បែរ​ខាង ជាពិសេស​នោះ គឺ​ប្រទេស​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។