រដ្ឋបាលខេត្តព្រះសីហនុ រំលឹកដល់ប្រជាពលរដ្ឋ និងទេសចរ ត្រូវប្រយ័ត្នពីសុវត្ថិភាពធ្វើដំណើរតាមសមុទ្រ ព្រោះមូលដ្ឋាននេះ មានខ្យល់បោកបក់ខ្លាំង និងមានព្យុះភ្លៀងជនលិចលំនៅឋានប្រជាពលរដ្ឋនៅស្រុកព្រៃនប់ ស្ទើរទាំងស្រុងនៅថ្ងៃទី១៧ ខែសីហា។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ដែលចុះពិនិត្យផ្ទាល់ដល់ផ្ទះពលរដ្ឋត្រូវទឹកភ្លៀងជន់លិច កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា បានអំពាវនាវអោយពលប្រយ័ត្នអំពីសុវត្ថិភាពតាមក្រុមគ្រួសារនីមួយៗ។ ក្នុងនោះត្រូវប្រយ័ត្នក្មេងលង់ទឹក ខ្សែភ្លើងឆក់ និងពស់ចឹកជាដើម។ លោកបន្តថា ពេលនេះរដ្ឋបាលខេត្ត រួមជាមួយអាជ្ញាធរស្ថាប័នពាក់ព័ន្ធកំពុងចុះជួបពលរដ្ឋដើម្បីឈានទៅជួយសង្គ្រោះឲ្យបានទាន់ពេលវេលា បើមានករណីលិចលង់ធ្ងន់ធ្ងរ ត្រូវជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។
ទន្ទឹមគ្នានេះ លោក យន្ត មីន ក៏បានរំលឹកដល់អ្នកនេសាទសមុទ្រ ឬទេសចរ ដែលធ្វើដំណើរតាមកោះ ត្រូវប្រយ័ត្នពីសុវត្ថិភាពឲ្យបានជាប្រចាំ ព្រោះនៅលើលំហសមុទ្រពេលនេះ មានខ្យល់បោកបក់ខ្លាំង និងមានព្យុះភ្លៀង ព្រមទាំងរលកសមុទ្រធំៗ៖ «ជាវិធានការរបស់រដ្ឋបាលខេត្តព្រះសីហនុ គឺយើងបានជូនដំណឹងទៅគ្រប់ស្ថាប័នអង្គភាព ហើយក៏មានអង្គភាពខ្លះគេមានម្ចាស់ការដោយខ្លួនឯង មានប៉ូលិស ទាហាន ប៉េអឹមជាដើម ទាំងជើងទឹក ជើងគោកជាដើម គឺបានរួមសហការគ្នា ទាំងសម្ភារៈ និងកម្លាំងមានរថយន្ត ទូក ជាដើម រង់ចាំជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋចេញទៅទីទួលមានសុវត្ថិភាពនៅពេលមានភាពចាំបាច់ ជាពិសេសពលរដ្ឋដែលមានផ្ទះនៅតាមមាត់បឹងអូរ អាចមានការដាច់ផ្លូវជាដើម ដោយបញ្ជូនកម្លាំងរង់ចាំបញ្ចៀសចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ»។
យ៉ាងនេះក្តី លោក យន្ត មីន បញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះ នៅខេត្តព្រះសីហនុ មិនមានគ្រោះថ្នាក់ដល់អាយុជីវិត ពលរដ្ឋ និងបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋធ្ងន់ធ្ងរនោះទេ។
អនុប្រធានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ លោកវរសេនីយ៍ទោ ឌឹម សំបូរ មានប្រសាសន៍ថា អង្គភាពនេះបានត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋជាប្រចាំទាំងនៅលើលំហសមុទ្រ និងនៅតាមមូលដ្ឋាននានា ដែលមានជំនន់ទឹកភ្លៀងជនលិចផ្ទះពលរដ្ឋ។

លោក ឌឹម សំបូរ ប្រកាសលេខទូរស័ព្ទជូនប្រជាពលរដ្ឋ និងទេសចរចេញទៅកម្សាន្តតាមកោះ បើជួបគ្រោះលិចទូកនៅលើលំហសមុទ្រ សូមទាក់ទងមកកាន់អង្គភាពលោកដើម្បីសហការសង្គ្រោះឲ្យបានទាន់ពេលវេលា៖ «ទំនាក់ទំនងតាមអង្គភាពយើងខ្ញុំ ដែលប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោងហ្នឹង គឺមានលេខ ០១២ ៥៥២ ៥៥៧ អាចទាក់ទងបានគ្រប់ពេល»។
ចំណែក លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានឲ្យដឹងដែរថា មានឃុំចំនួន ១២ត្រូវលិចដោយជំនន់ទឹក។ លោកបន្តថា បើភ្លៀងរាំងទឹកអាចស្រកបានលឿន ប៉ុន្តែបើភ្លៀងនៅតែបន្តធ្លាក់មកជាបន្តបន្ទាប់ទៀតនោះ នឹងមានគ្រោះមហន្តរាយធំជាងនេះនៅថ្ងៃស្អែក ឬថ្ងៃបន្ទាប់៖ «អត់ទាន់មានខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ ឬបាត់បង់អាយុជីវិតមនុស្សពីការជំនន់ទឹកភ្លៀងនេះទេ ហើយទឹកភ្លៀងនេះ បើភ្លៀងរាំង ទឹកក៏បានហូរស្រកលឿនដែរ ហើយករណីនេះ ឯកឧត្ដមអភិបាលខេត្តព្រះសីហនុ បន្ទាប់ពីខ្ញុំបានរាយការណ៍ជូន គាត់ក៏បានចាត់ចែងដល់គណៈបញ្ជាការឯកភាពត្រៀមជួយប្រជាពលរដ្ឋភ្លាមៗ នៅពេលមានករណីចាំបាច់មានទឹកលិចខ្លាំងជាដើម ដោយបានត្រៀមទូកសង្គ្រោះជាស្រេច»។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសអំពីស្ថានភាពអាកាសធាតុបង្ហាញថា ឥទ្ធិពលសម្ពាធទាបមួយកំពុងបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា បណ្ដាលឲ្យតំបន់មាត់សមុទ្រជាដើម មានភ្លៀងធ្លាក់ខ្លាំង និងខ្យល់ព្យុះបោកបក់ខ្លាំង។
ក្នុងនោះតំបន់មាត់សមុទ្រផ្ទៃមេឃមានសភាពអាប់អួ មានពពកច្រើនដេរដាស មានភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយនឹងផ្គរ រន្ទះ និងរលកសមុទ្រមានកម្ពស់ខ្ពស់ៗ។
ទាក់ទងនឹងអាកាសធាតុនេះ ក្រសួងធនធានទឹក ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ បានជម្រាបជូនស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ឲ្យប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ដែលអាចកើតមានឡើង ពិសេសចំពោះបងប្អូនប្រជានេសាទសមុទ្រ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវគិតពីសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានជាប្រចាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។