ក្រសួង​ធនធាន​ទឹក៖ ទឹក​ជំនន់​ទន្លេ​មេគង្គ​ហក់​ឡើង​នៅ​សប្ដាហ៍​ក្រោយ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ប្រកាស​ថា កម្ពុជា ប្រឈម​នឹង​ទឹក​ជំនន់​ទន្លេ​មេគង្គ ហក់​ឡើង​ជា​ថ្មី​ឡើង​វិញ​នៅ​សប្ដាហ៍​ក្រោយ។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឲ្យ​ដឹង​ថា កម្ពុជា នឹង​ទទួល​ប្រព័ន្ធ​សម្ពាធ​ទាប​ថ្មី​មួយ ដែល​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ចាប់​ពី​ថ្ងៃ​ទី២៨ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី១ ខែ​តុលា នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន រួម​មាន​ខេត្ត​កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះសីហនុ និង​ខេត្ត​កោះកុង។

គិត​ត្រឹម​ថ្ងៃ​ទី២៦ ខែ​កញ្ញា កម្ពស់​ទឹក​នៅ​ស្ថានីយ​ជលសាស្ត្រ​អ្នក​លឿង (ទន្លេ​មេគង្គ​ក្រោម) និង​ស្ថានីយ​ជលសាស្ត្រ​កោះ​ខែល (ទន្លេ​បាសាក់) បាន​ហក់​ឡើង​ដល់​កម្រិត​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន។

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ អំពាវនាវ​ពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​ឲ្យ​បាន​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​ជា​យថាហេតុ ពិសេស​បាន​ស្នើសុំ​ឲ្យ​ប្រជា​នេសាទ​ទាំងអស់ ត្រូវ​ផ្អាក​សកម្មភាព​នេសាទ​តាម​សមុទ្រ ចាប់​ពី​ថ្ងៃ​ទី២៩ ខែ​កញ្ញា ដល់​ថ្ងៃ​ទី២ ខែ​តុលា ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។