សហគមន៍​ការពារ​ព្រៃឡង់​ខេត្ត​កំពង់ធំ​ស្នើ​ឱ្យ​ស៊ើប​អង្កេត​រក​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​ឈើ

ដោយ​ សូត សុខប្រាថ្នា
2017.01.19
កាប់​ឈើ ព្រៃឡង់ កំពង់ធំ ៨៥៥ ២០១៦ គោយន្ត​ដឹក​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់ ត្រង់​ចំណុច​ផ្លូវ​បំបែក​ចូល​ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ជាប់​ចំការ​កៅស៊ូ​ក្រុមហ៊ុន​វៀតណាម ស៊ី.អ.ស៊ី.ខេ (CRCK) ខណៈ​ប្រជា​សហគមន៍​ព្រៃឡង់ ស្រុក​សណ្ដាន់ ចុះ​ល្បាត​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
Photo provided

ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​ស្ថាប័ន​តុលាការ ធ្វើ​យ៉ាង​ណា​ស៊ើបអង្កេត​រក​ឈ្មួញ​ឈើ​ធំៗ ដែល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង។ ការ​ស្នើ​នេះ បន្ទាប់​ពី​អាជ្ញាធរ​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ដោយ​ចាប់​បាន​មនុស្ស​ចំនួន ៦​នាក់ បញ្ជូន​ទៅ​តុលាការ ប៉ុន្តែ​សហគមន៍​យល់​ថា ពួកគេ​ទាំង​នោះ​គឺ​ជា​កម្មករ ពុំ​មែន​ជា​មេខ្លោង​នោះ​ឡើយ។

​ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ នៅ​ស្រុក​សណ្ដាន់ បញ្ជាក់​ថា បទល្មើស​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់ នឹង​លែង​កើត​មាន ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ ព្រម​ទាំង​តុលាការ​អាច​ស៊ើប​អង្កេត​រក​មេខ្លោង​ធំៗ ដែល​នៅ​ពី​ក្រោយ​ខ្នង​បទល្មើស​ទាំង​នោះ​ឃើញ។ បន្ថែម​ពី​នេះ គឺ​ជួយ​ឱ្យ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ការពារ​គង់វង្ស​សម្រាប់​ក្មេង​ជំនាន់​ក្រោយ ជា​ជាង​ចាប់​ខ្លួន​កូន​ចៅ ឬ​កម្មករ​តូចតាច​នោះ។

ប្រជា​សហគមន៍​នៅ​ស្រុក​សណ្ដាន់ ម្នាក់ លោក ជុំ យីន មាន​ប្រសាសន៍​ថា យុទ្ធនាការ​បង្ក្រាប​កន្លែង​ស្តុក​ឈើ​ប្រណិត​នៅ​ក្បែរ​ផ្ទះ​របស់​អធិការ​ស្រុក​សណ្តាន់ គឺ​លោក អួង ម៉ូលី កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា គឺ​ទទួល​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​ច្រើន។ លោក​បន្ត​ថា យុទ្ធនាការ​បង្ក្រាប​នេះ គឺ​សមត្ថកិច្ច​ចាប់​បាន​រថយន្ត​ដឹក​ឈើ​មួយ​ចំនួន និង​មនុស្ស​ចំនួន ៦​នាក់ ប៉ុន្តែ​លោក​ថា អាច​ជា​កម្មករ​ច្រើន​ជាង។

លោក​បញ្ជាក់​ថា កន្លែង​ស្តុក​ទុក​ឈើ​ក្បែរ​គេហដ្ឋាន​លោក អួង ម៉ូលី គឺ​អាច​មាន​ពាក់ព័ន្ធ​ជាមួយ​អធិការ​ស្រុក​សណ្ដាន់ រូប​នេះ ពិសេស ប្រពន្ធ​របស់​លោក គឺ​អ្នកស្រី ផានី ព្រម​ទាំង​ឈ្មួញ​ឈើ​ធំៗ​ផ្សេង​ទៀត៖ «សហគមន៍​ពួក​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​មែន​ទែន​ចំពោះ​សកម្មភាព​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ ទាន់​ពេល​វេលា​ទី​មួយ។ ទី​ពីរ ខ្ញុំ​ស្នើ​ឱ្យ​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កំពង់ធំ ចុះ​ស៊ើប​អង្កេត​មន្ត្រី​ស្ថាប័ន​ជា​អ្នក​ពាក់ព័ន្ធ»

​សកម្មជន​ការពារ​ព្រៃឡង់ ដដែល​បញ្ជាក់​ថា មុន​ពេល​បង្ក្រាប​បទល្មើស​កើត​ឡើង សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់ គឺ​មាន​ច្រើន ដោយ​សម្រុក​ដឹក​ចូល​ទីតាំង​ក្បែរ​ផ្ទះ​អធិការ​ស្រុក​សណ្ដាន់ ប៉ុន្តែ​ក្រោយ​ពេល​បង្ក្រាប​រួច​មក សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញពី​ព្រៃ​គឺ​ស្ងប់ស្ងាត់​ទៅ​វិញ។

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ធំ លោក អ៊ិត សុធា មាន​ប្រសាសន៍​ថា ជន​ទាំង ៦​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត។ លោក​បន្ត​ថា សំណុំ​រឿង​នេះ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​រួច​ហើយ ប៉ុន្តែ​ប្រសិនបើ​គេ​រក​ឃើញ​ថា ជន​ទាំង ៦​នាក់​នោះ មិន​បាន​ប្រព្រឹត្ត​ទេ នឹង​ត្រូវ​ដោះលែង​វិញ។ ចំណែក​ការ​ស៊ើប​អង្កេត​បន្ត​ទៀត​យ៉ាង​ណា គឺ​ជា​ភារកិច្ច​របស់​ចៅក្រម​ស៊ើបសួរ៖ «ជា​ធម្មតា​ចៅក្រម​គាត់​ស៊ើបសួរ​សិន ប្រសិនបើ​រក​ឃើញ​ថា ពួកគាត់​មិន​បាន​ប្រព្រឹត្ត​ទេ អា​ហ្នឹង​គេ​ឱ្យ​គាត់​ទៅ​វិញ»

​ជុំវិញ​ករណី​នេះ អធិការ​ស្រុក​សណ្ដាន់ លោក អួង ម៉ូលី មិន​បាន​ឆ្លើយ​តប​យ៉ាង​ណា​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ដោយ​ថា លោក​ជាប់​ប្រជុំ។ ប៉ុន្តែ​ក្នុង​ព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា លោក អួង ម៉ូលី បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នេះ។ លោក​ថា រថយន្ត​ដឹក​ឈើ​មិន​មែន​ជា​របស់​លោក​ទេ ហើយ​ប្រពន្ធ​របស់​លោក​ក៏​មិន​បាន​ពាក់ព័ន្ធ​ដែរ។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ បុរស​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ជា​កម្មករ​អារ​ឈើ​ឱ្យ​ប្រពន្ធ​អធិការ​ស្រុក​សណ្ដាន់ បញ្ជាក់​ថា អ្នកស្រី ផានី គឺ​ជា​មេខ្លោង​ជួល​ពួកគាត់​ឱ្យ​ចូល​ទៅ​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឡង់។

​បុរស​ដដែល​បន្ត​ថា សកម្មភាព​នេះ​ធ្វើ​ឡើង​ជា​ប្រព័ន្ធ ដោយ​ពួកគាត់​អះអាង​ថា ក្រុម​គ្រួសារ​អធិការ​ស្រុក​សណ្ដាន់ បាន​បង់​ប្រាក់​ប្រចាំខែ​មួយ​ចំនួន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ថ្នូរ​ការ​ចូល​ទៅ​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ពី​តំបន់​ព្រៃឡង់ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​លោក អួង ម៉ូលី ទាត់​ចោល ដោយ​លើក​ឡើង​ថា ជា​ការ​បង្ខូច​កិត្តិយស​ក្រុម​គ្រួសារ​របស់​លោក​ទៅ​វិញ។

​មន្ត្រី​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង មាន​ប្រសាសន៍​ថា បទល្មើស​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ការពារ​នៅ​តែ​កើត​មាន​ឡើង បើ​ទោះ​បី​ជា​រាជរដ្ឋាភិបាល​មាន​វិធានការ​តឹងរ៉ឹង​ក៏ដោយ។ លោក​យល់​ថា បទល្មើស​នៅ​តែ​កើត​ឡើង គឺ​ដោយសារ​តែ​មាន​អំពើ​ពុករលួយ​តែម្ដង ហើយ​ករណី​នេះ លោក​ពុំ​មាន​សង្ឃឹម​ថា អាជ្ញាធរ​ពាក់ព័ន្ធ ឬ​តុលាការ​អាច​ស្វែង​រក​មេខ្លោង​ឃើញ​ណាស់៖ «ប្រសិនបើ​ចាប់​បាន​អ្នក​កាប់​ព្រៃឈើ​គ្មាន​ខ្សែ​បណ្ដាញ មនុស្ស​គ្មាន​បុណ្យ​ស័ក្ដិ​អី គឺ​យើង​ឃើញ​ថា មាន​ប្រសិទ្ធភាព​ច្រើន ប៉ុន្តែ​ប្រសិនបើ​ចាប់​បាន​ឈើ​ខុស​ច្បាប់​របស់​មន្ត្រី​រាជរដ្ឋាភិបាល របស់​មន្ត្រី​មាន​អំណាច​ហ្នឹង គឺ​យើង​ឃើញ​ថា មិន​ដែល​មាន​ប្រសិទ្ធភាព​ទេ»

បើ​ទោះ​បី​ជា​មិន​សូវ​មាន​ជំនឿ​លើ​ការ​ស៊ើប​អង្កេត​រក​មេខ្លោង​ក៏ដោយ ប៉ុន្តែ​លោក សេង សុខហេង យល់​ថា ដើម្បី​ឱ្យ​យន្តការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​មាន​ប្រសិទ្ធភាព គឺ​ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ស៊ើបអង្កេត​រក​អ្នក​នៅ​ពី​ក្រោយខ្នង​ឱ្យ​បាន​ច្បាស់លាស់។ បន្ថែម​ពី​នេះ ត្រូវ​ដាក់​ទោសទណ្ឌ​ជន​ទាំង​នោះ​ដោយ​គ្មាន​ការ​លើក​លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។