គំនរ​សំរាម​ជើងឯក​ជា​រតនសម្បត្តិ​របស់​អ្នក​ក្រីក្រ​គ្មាន​ទីពឹង

ប្រជាពលរដ្ឋ​មួយ​ចំនួន​ចាត់​ទុក​ថា សំរាម​គ្មាន​តម្លៃ និង​គ្មាន​ប្រយោជន៍។ ម្យ៉ាង​វិញ​ទៀត សំរាម​ដែល​ជា​ប្រភព​នៃ​ភាព​កខ្វក់ បើ​ទុក​ដាក់​មិន​បាន​ត្រឹមត្រូវ​ទេ វា​អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស សត្វ រុក្ខជាតិ និង​ជីវចម្រុះ​ផ្សេងៗ ពិសេស​គឺ​បរិស្ថាន។ ប៉ុន្តែ​សម្រាប់​ជន​ក្រីក្រ​ដែល​គ្មាន​ជម្រើស គំនរ​សំរាម​គឺ​ជា​កំណប់​រតនសម្បត្តិ​ដ៏​មាន​តម្លៃ​សម្រាប់​ចិញ្ចឹម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ចាត់​ទុក​ថា សំរាម​គ្មាន​តម្លៃ និង​គ្មាន​ប្រយោជន៍។ ម្យ៉ាង​វិញ​ទៀត សំរាម​ដែល​ជា​ប្រភព​នៃ​ភាព​កខ្វក់ បើ​ទុក​ដាក់​មិន​បាន​ត្រឹមត្រូវ​ទេ វា​អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស សត្វ រុក្ខជាតិ និង​ជីវចម្រុះ​ផ្សេងៗ ពិសេស​គឺ​បរិស្ថាន។ ប៉ុន្តែ​សម្រាប់​ជន​ក្រីក្រ​ដែល​គ្មាន​ជម្រើស គំនរ​សំរាម​គឺ​ជា​កំណប់​រតនសម្បត្តិ​ដ៏​មាន​តម្លៃ​សម្រាប់​ចិញ្ចឹម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

​គំនរ​សំរាម​ជើងឯក​ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បាន​ក្លាយ​ជា​កន្លែង​ប្រកប​មុខរបរ​របស់​ប្រជាជន​ក្រីក្រ​ដែល​គ្មាន​ចំណេះដឹង គ្មាន​ការងារ​ធ្វើ សម្រាប់​ក្មេង​ដែល​គ្មាន​ទី​ពឹង និង​គ្មាន​ទីលំនៅ​ពិត​ប្រាកដ។

ការ​ជក់​គ្រឿងញៀន ការ​រើស​អាហារ​សំណល់​សល់​ពី​ហាង​ទំនើប ការ​រើស​អេតចាយ ការ​រត់​លេង​ចុះ​ឡើង និង​ការ​លក់​ដូរ​ម្ហូប​អាហារ​ផ្សេងៗ គឺ​ជា​សកម្មភាព​ដ៏​សាមញ្ញ​នៅ​លើ​គំនរ​សំរាម​ជើង​ឯក។

ស្ថិត​ក្នុង​សំលៀក​បំពាក់​ចាស់ៗ ដែល​មាន​ក្លិន​ស្អុយ​អសោច​ស្ទើរ​ទ្រាំ​មិន​បាន​នោះ យុវជន​ម្នាក់​ដែល​មាន​រូបរាង​ស្គាំងស្គម កំពុង​ជក់​បង្ហុយ​គ្រឿងញៀន​នៅ​ក្នុង​រោង​តូច​មួយ​ដែល​មាន​ដំបូល​ប្រក់​សំពត់​កៅស៊ូ និង​ជញ្ជាំង​ហ៊ុមព័ទ្ធ​ដោយ​ក្រណាត់ ស្ថិត​នៅ​លើ​គំនរ​សំរាម។

បុរស​វ័យ​ក្មេង​រួប​នេះ និយាយ​ថា រហូត​មក​ដល់​ពេល​នេះ គាត់​បាន​រើស​អេតចាយ​នៅ​គំនរ​សំរាម​ជាង ១០​ឆ្នាំ និង​ជក់​គ្រឿងញៀន​ម៉ាក​ម៉ា​ទឹកកក​រយៈពេល ៧​ឆ្នាំ​ហើយ៖ «ជីវភាព​គ្រួសារ​ខ្ញុំ​ពិបាក​អ៊ីចឹង​ចេះ​តែ​រក​ទៅ។ មួយ​អាទិត្យ​បាន​ប្រហែល ២០​ម៉ឺន​ជាង។ នេះ​ខ្ញុំ​ដើម្បី​អាច​រក​បាន​ទល់​ភ្លឺ។ ជក់​ប្រហែង ៦ ទៅ ៧​ឆ្នាំ​ហើយ ម៉ា​ទឹកកក់»

​រីឯ​ស្ត្រី​ពីរ​នាក់​ផ្សេង​ទៀត ដែល​បាន​មក​រើស​សំណល់​អាហារ​ដែល​សល់​ពី​ហាង​ទំនើបៗ​នៅ​គំនរ​សំរាម​នៅ​ជើងឯក​នេះ និយាយ​ថា ពួកគាត់​បាន​ប្រកប​របរ​នេះ​អស់​រយៈពេល ៣០​ឆ្នាំ​ហើយ គឺ​តាំងតែ​ពី​គំនរ​សំរាម​ចាស់​នៅ​ស្ទឹងមានជ័យ៖ «ជួនណា​ខ្ញុំ​រក​ថ្ងៃ ជួនណា​ខ្ញុំ​រក​យប់​ទៅ។ តែ​ថ្ងៃ​នេះ​ជ្រុល​ដល់​យប់​ហើយ។ មួយ​ថ្ងៃ​បាន ១​ម៉ឺន ២​ម៉ឺន (រៀល)។ រក​រាល់​ថ្ងៃ​សម្រាប់​តែ​កូន​ស៊ី​ទេ រក​ពី​ឡាន​ហាង​ហ្នឹង។ រើស​ពី​ឡាន​ហាង រើស​សាច់​គោ ក្បាល​ត្រី ទេ ឡាន​ផ្សេង​អត់​រើស​ទេ»

មិន​មែន​មាន​តែ​យុវជន​ពីរ​បី​នាក់​នោះ​ទេ ប៉ុន្តែ​ក៏​មាន​កុមារា កុមារី និង​យុវជន​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ដែល​បាន​បោះបង់​ការ​សិក្សា ហើយ​មក​រើស​អេតចាយ​នៅ​គំនរ​សំរាម​ជើងឯក​នេះ​ជា​ប្រចាំ និង​រហូត​ដល់​ពេល​ខ្លះ​ពួកគេ​ដេក​នៅ​លើ​គំនរ​សំរាម​នេះ​ទៀត​ផង។ គំនរ​សំរាម​ដែល​មាន​ក្លិន​ស្អុយ​ស្ទើរ​ដក​ដង្ហើម​មិន​ចង់​កើត​សម្រាប់​អ្នក​ចំណូល​ថ្មី និង​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្បែរ​ជើងឯក ប៉ុន្តែ​បែរ​ជា​ស៊ាំ​សម្រាប់​យុវជន និង​ក្មេងៗ​ដែល​គ្មាន​ទី​បង្អែក​ទាំង​នេះ។ ទោះ​ជា​យ៉ាង​ណា ដើម្បី​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​ក្នុង​ជីវិត ពួកគេ​តែង​ចាក់​ចម្រៀង​កំដរ​អារម្មណ៍​នៅ​ពេល​ដើរ​រើស​អេតចាយ​លើ​គំនរ​សំរាម៖ «ចម្រៀង»

​ភាគ​ច្រើន​នៃ​យុវជន និង​ក្មេងៗ​ដែល​មក​រើស​អេតចាយ​លើ​គំនរ​សំរាម​នៅ​ជើងឯក​នេះ មាន​ឪពុក​ម្ដាយ​ជំពាក់​បំណុល​គេ។ យុវជន​ទាំង​នេះ​ជា​ទូទៅ​រើស​កំប៉ុង ដប​ទឹក​សុទ្ធ ប្លាស្ទិក សំបក​ឡាំង​ដែក ហើយ​លក់​របស់​ទាំង​នេះ​លើ​គំនរ​សំរាម​នេះ​ផ្ទាល់​តែម្ដង។ ប៉ុន្តែ​ពួកគាត់​ត្អូញត្អែរ​ចំពោះ​ការ​លក់​អេតចាយ​នេះ​ដោយ​គាត់​អះអាង​ថា ឈ្មួញ​ទិញ​ក្នុង​តម្លៃ​ថោក ស៊ី​ភ្នែក​ជញ្ជីង និង​ហាម​លក់​ចេញ​មក​ក្រៅ។ ពួកគាត់​បន្ត​ថា នៅ​លើ​គំនរ​សំរាម​នេះ​មាន​ថៅកែ​ជា​ជនជាតិ​វៀតណាម បាន​សូក​លុយ ៣​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ ទៅ​ឲ្យ​អ្នក​គ្រប់គ្រង​គំនរ​សំរាម​ដើម្បី​អាច​មាន​សិទ្ធិ​ទិញ​អេតចាយ​ផ្តាច​មុខ។

​ទាក់ទង​ទៅ​នឹង​សំរាម​នេះ​ដែរ នាយ​រង​នៃ​អង្គការ​កែច្នៃ​សំរាម និង​ការ​សិក្សា​នៅ​កម្ពុជា ហៅ​កាត់​ថា ខេមភិត () លោក សំ ផល្លា មាន​ប្រសា​ស​ថា នៅ​កម្ពុជា មាន​សំរាម​ច្រើន​ប្រភេទ ដូចជា​សំណល់​រឹង សំដៅ​ដល់​កម្ទេចកំទី​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល មាន​ទូរទស្សន៍ ដប កែវ លោហធាតុ កំប៉ុង​ជាដើម។ សំណល់​បង្ក​គ្រោះថ្នាក់ គឺ​សំដៅ​ចំពោះ​វត្ថុ​ទាំង​ឡាយ​ណា​ដែល​មាន​សារធាតុ​វិទ្យុ​សកម្ម សារធាតុ​គីមី សារធាតុ​ផ្ទុះ សារធាតុពុល និង​សារធាតុ​ឆេះ។ សំណល់​ជីវៈ មាន​ន័យ​ថា សំរាម​បន្លែ​ផ្លែឈើ។

​លោក សំ ផល្លា៖ «សំណល់​សល់​ច្រើន​ជា​គេ​គឺ​សំណល់​ជីវៈ។ យើង​អាច​ញែក​សំរាម​ជីវៈ​បាន ១០០% នោះ​យើង​នឹង​អាច​កែច្នៃ​សំរាម​ជីវៈ​ជា​ឧស្ម័ន​ក្នុង​ការ​បង្កើត​អគ្គិសនី​សម្រាប់​ប្រើប្រាស់។ យើង​មិន​សូវ​ផ្ដល់​តម្លៃ​ឲ្យ​សំរាម ប៉ុន្តែ​បរទេស​ដែល​ធ្វើ​ហ្នឹង គេ​ថា​ក្លិន​ស្អុយ​ហ្នឹង​ក្លិន​លុយ»

​លោក​បន្ត​ថា រដ្ឋាភិបាល​គួរតែ​កែច្នៃ​សំរាម​ជីវៈ គឺ​សំណល់​បន្លែ​ផ្លែ​ឈើ​យក​ឧស្ម័ន​មេតាន​ធ្វើ​ជា​ឥន្ធនៈ​បញ្ឆេះ​ម៉ាស៊ីន​ដើម្បី​ផលិត​ឋាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់។

​ឆ្លើយ​តប​ទៅ​នឹង​ការ​កែច្នៃ​សំរាម​នេះ ក្រសួង​បរិស្ថាន សាលាក្រុង​ភ្នំពេញ និង​អង្គការ​សហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម បាន​ចុះ​កិច្ច​ព្រមព្រៀង​គម្រោង​សកម្មភាព​អនុវត្តន៍​បច្ចេកវិទ្យា​ដ៏​ប្រសើរ​ដែល​អាច​រក និង​ការ​ប្រតិបត្តិ​បរិស្ថាន​ដ៏​ប្រសើរ​នៅ​ទីលាន​ចាក់​សំណល់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​ខាង​កើត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អនុសញ្ញា​ស្ដុកខូម ស្ដីពី​សារធាតុ​បំពុល​សរីរាង្គ​មិន​ងាយ​បំបែក​ធាតុ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា ក្រុង​ភ្នំពេញ។

​តាម​រយៈ​គម្រោង​នេះ នឹង​មាន​ការ​អភិវឌ្ឍ​​នៅ​ក្នុង​ប្រទេស​ចំនួន​ប្រាំ មាន កម្ពុជា ឡាវ វៀតណាម ហ្វីលីពីន និង​ម៉ុងហ្គោលី ដែល​មាន​ទឹកប្រាក់​ចំនួន ៧.៥​លាន​ដុល្លារ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ដោយ​ផ្តើម​ដំបូង​នៅ​កម្ពុជា។

​លោក ហេង ណារ៉េត ប្រធាន​នាយកដ្ឋាន​ត្រួត​ពិនិត្យ​ការ​បំពុល​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន អះអាង​ថា តាម​រយៈ​គម្រោង​បច្ចេកវិទ្យា​ដ៏​ប្រសើរ​នេះ គឺ​អាច​គ្រប់គ្រង​កាក​សំណល់​ត្រឹមត្រូវ​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ដល់​បរិស្ថាន​ដែល​អាច​បំពុល​ដល់​ទឹក​ក្រោម​ដី និង​ទៅ​លើ​អាកាស។

​លោក ហេង ណារ៉េត៖ «ក្នុង​គម្រោង​នេះ​យើង​ផ្ដោត​សំខាន់​លើ​ការ​ដុត​ជា​ចំហ (open burning) ការ​ដុត​ទី​ចំហ​គ្រោះថ្នាក់​ខ្លាំង​ណាស់ ដែល​វា​អាច​បង្កើត​ការ​បំភាយ​ឧស្ម័ន​ឌីអុកស៊ីន និង​ហ្វូរ៉ាន់។ យើង​បញ្ឈប់​ការ​ដុត​ជា​ចំហ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ដុត​ដែល​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​តាម​បច្ចេកទេស»

​លោក​បន្ថែម​ថា ការ​បញ្ឈប់​ការ​ដុត​ជា​ចំហ​នឹង​អាច​កាត់​បន្ថយ​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ។

​ទន្ទឹម​នឹង​នេះ​ដែរ ប្រជាជន​នៅ​ជុំវិញ​គំនរ​សំរាម​ជើងឯក​នេះ ត្អូញត្អែរ​ថា សព្វថ្ងៃ​ពួកគាត់​ពិបាក​ដក​ដង្ហើម និង​កូនៗ​ងាយ​ប្រឈមមុខ​នឹង​ការ​កើត​នូវ​ជំងឺ​ផ្សេងៗ៖ «ពេល​ខ្លះ​ធំ​ក្លិន​ណាស់ ពេល​ខ្លះ​មិន​សូវ​ធំ។ ធំ​ក្លិន​ធំ​យក​តែ​មែន​ទែន ទ្រាំ​អត់​បាន​តែម្ដង អ្នក​មក​ថ្មី​រស់​នៅ​មិន​កើត​ទេ។ ស្អុយ​អ៊ីចឹង​ហូប​អី​ក៏​មិន​កើត​ដែរ ពិបាក​ណាស់ ពិបាក​ទ្រាំ​ណាស់! ខ្មាស​គេ! ខ្មាស​គេ​ត្រង់​ថា ប្រទេស​ជឿនលឿន បរទេស​មក​អ៊ីចឹង គេ​មើលងាយ​ខ្មែរ​យើង​ថា មិន​ចេះ​សម្អាត។ ចង់​ឲ្យ​រដ្ឋាភិបាល​កែច្នៃ​គំនរ​សំរាម​ហ្នឹង​ហើយ​បិទ​ឲ្យ​ជិត​ទៅ»

​ការ​ប្រឈម​នៃ​សំរាម​ចំពោះ​សុខភាព លោក​វេជ្ជបណ្ឌិត ឃុន ឃាង ឯកទេស​ត្រចៀក ច្រមុះ បំពង​ក និង​កែ​សម្ផស្ស អះអាង​ថា ក្លិន និង​សារធាតុ​មួយ​ចំនួន​នៅ​ក្នុង​សំរាម​អាច​ប្រឈមមុខ​នឹង​ជំងឺ​ផ្លូវ​ដង្ហើម រលាក​សួត ជំងឺ​រលាក​ផ្លូវ​រំលាយ​អាហារ មាន​ផល​ប៉ះពាល់​ប្រព័ន្ធ​ប្រសាទ​ដោយសារ​តែ​ការ​សាយភាយ​ក្លិន និង​ការ​ចម្លង​មេរោគ​ពី​សំរាម។

​វេជ្ជបណ្ឌិត ឃុន ឃាង៖ «ធម្មតា​សំរាម​វា​បណ្ដុំ​ទៅ​ដោយ​កាកសំណល់​គ្រប់​ប្រភេទ ក្នុង​ហ្នឹង​វា​មាន​ជា​កាកសំណល់​គីមី កាកសំណល់​ផ្ទះ​បាយ។ កាកសំណល់​គ្រប់​ប្រភេទ​ដូច្នេះ​ក្លិនស្អុយ​ហ្នឹង​វា​ប៉ះពាល់​ដល់​ច្រមុះ​របស់​យើង។ នៅ​ពេល​ច្រមុះ​របស់​យើង​ទទួល​ក្លិនស្អុយ និង​ក្លិន​ផ្សេងៗ​ពី​សំរាម​ជាមួយ​នឹង​ដី​ហុយ​ដែល​មាន​មេរោគ។ មេរោគ​ហ្នឹង​ចូល​ទៅ​ដល់​ប៉ះពាល់​ប្រដាប់​ដង្ហើម និង​ប្រដាប់​ដង្ហើម​ផ្នែក​ខាង​លើ»

​ចំពោះ​បញ្ហា​ស្បែក​វិញ លោក​វេជ្ជបណ្ឌិត ថៃ គា ឯកទេស​សើ​ស្បែក កាមរោគ អេដស៍ និង​ជា​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល អះអាង​ថា សំរាម​អាច​បណ្ដាល​អោយ​កើត​មាន​ជំងឺ​សើ​ស្បែក​រ៉ាំរ៉ៃ និង​ប្រឈម​មុខ​ជំងឺ​រាករូស ជំងឺ​រាក​មួល អាសន្នរោគ និង​គ្រុន​ពោះវៀន។

យោង​តាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​បញ្ជាក់​ថា នៅ​ក្នុង​សំរាម​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​មួយ​ចំនួន​ដែល​អាច​បង្ក​ឱ្យ​កើត​ជំងឺ​មហារីក និង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ។

នៅ​គំនរ​សំរាម​ជើងឯក​នេះ ក៏​បាន​ជំរុញ​ឲ្យ​យុវជន​ដែល​ស្រឡាញ់​ការ​សិក្សា​ម្នាក់​ផ្សេង​ទៀត​បង្ខំ​ចិត្ត​ឈប់​រៀន​ដោយ​មក​រើស​អេតចាយ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ។

សំឡេង​របស់​យុវជន៖ «ខ្ញុំ​អត់​ដឹង​ថា គាត់​ឈឺ​អី​ទេ​សព្វថ្ងៃ គាត់​ចាស់​អាយុ ៤០​ជាង​ហើយ បើ​ខ្ញុំ​នៅ​តែ​រៀន​ទៀត មិន​ដឹង​ថា នរណា​ជួយ​ផ្គត់ផ្គង់​គ្រួសារ​ទេ»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។