អ្នក​ភូមិ​រង​ផល​ប៉ះពាល់​ពី​គម្រោង​អាជីវកម្ម​រ៉ែ​មាស​ស្នើ​ឲ្យ​ក្រុមហ៊ុន​ធានា​ពី​ការ​ដោះស្រាយ

ដោយ រដ្ឋា វិសាល
2015.09.30
សហគមន៍​ភូមិ​ពាក់​ខេត្ត​រតនគិរី ៦២០ សហគមន៍​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ប្រជុំ​ពិភាក្សា​ជំហាន​ទី​ពីរ ស្តី​ពី​គម្រោង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ក្រុមហ៊ុន មេសស្កូ ហ្គូល (MESCO Gold) នា​សាលា​ប្រជុំ​ភូមិ​ពាក់ នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA/Ratha Visal

ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង Tablet

វេទិកា​ពិភាក្សា​ជា​សាធារណៈ​របស់​សហគមន៍​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដំណាក់​កាល​ទី​២ ស្ដីពី​គម្រោង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​របស់​ក្រុមហ៊ុន មេសស្កូ ហ្គូល (MESCO Gold) បង្ហាញ​ថា អ្នក​ភូមិ​តិចតួច​នៅ​បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។

ការ​បាក់​ស្រុត​ដី ការ​ធ្វើ​អាជីវកម្ម​រ៉ែ​លើស​ដែន​កំណត់ និង​ផល​ប៉ះពាល់​ផល​ដំណាំ​ប្រជាពលរដ្ឋ គឺ​ជា​ក្តី​បារម្ភ​របស់​អ្នក​ភូមិ ដែល​សំដែង​ឡើង​ក្នុង​កិច្ច​ពិភាក្សា​ជំហាន​ទី​២ ក្នុង​ការ​សិក្សា​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​ផ្នែក​បរិស្ថាន នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា នា​សាលា​ប្រជុំ​ភូមិ​ពាក់ ទាក់ទិន​គម្រោង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​របស់​ក្រុមហ៊ុន មេសស្កូ ហ្គូល។

អ្នក​ភូមិ ចង់​ឲ្យ​ភាគី​ក្រុមហ៊ុន​ធានា​បន្ថែម​ទៀត​ថា ការ​បារម្ភ​ទាំង​នោះ​ត្រូវ​បាន​ដោះស្រាយ​ប្រកប​ដោយ​តម្លាភាព មុន​នឹង​ក្រុមហ៊ុន​ចាប់​ផ្ដើម​បង្កើត​ឧស្សាហកម្ម​មាស​នៅ​ក្នុង​តំបន់​ពួក​គាត់​រស់នៅ៖ «ពី​មុន​គេ​ថា​ទៅ​ខួង​ប្រាប់​ម្ចាស់​ចម្ការ ប៉ុន្តែ​ឥឡូវ​ទៅ​ខួង​អត់​ប្រាប់​ម្ចាស់​ចម្ការ​ទេ ប៉ះពាល់​ដើម​ចន្ទី​ពួក​គាត់។ ម្ចាស់​ចម្ការ​ដើម​ចន្ទី​ជា​ប្អូន​របស់​គាត់»

ក្រសួង​រ៉ែ និង​ថាមពល គ្រោង​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឈ្មោះ មេស ហ្គោល (Meas Goal) របស់​ប្រទេស​ឥណ្ឌា មាន​គម្រោង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ភូមិ​ពាក់ ស្រុក​អូរយ៉ាដាវ លើ​ផ្ទៃ​ដី​ខាង​លើ ៥០​ហិកតារ ជម្រៅ​ចុះ​ទៅ​ក្រោម​ដី ៣០​ម៉ែត្រ និង​ទំហំ​វិនិយោគ​ក្រោម​ដី ១២​គីឡូ​ម៉ែត្រ​ការ៉េ បន្ទាប់​ពី​ក្រុមហ៊ុន អង្គរ ហ្គោល (Angkor Goal) របស់​ប្រទេស​អូស្ត្រាលី បាន​សិក្សា​ស្រាវជ្រាវ​រយៈពេល ១០​ឆ្នាំ​រក​ឃើញ​ថា តំបន់​នោះ​មាន​សក្ដានុពល​រ៉ែ​មាស ក៏ប៉ុន្តែ​ក្រសួង​សាមី​នេះ ទុក​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន​នេះ​សិក្សា​ហេតុ​ប៉ះពាល់​ផ្នែក​បរិស្ថាន​ពេញលេញ និង​ការ​ផ្តល់​យោបល់​សម្រេច​ពី​ក្រសួង​បរិស្ថាន។

ទាក់ទិន​បញ្ហា​នេះ ប្រធាន​សមាគម​ខ្មែរ​លើ លោកស្រី ដាំ ចន្ធី ដែល​បាន​ចូលរួម​សង្កេត​ការណ៍​កិច្ច​ប្រជុំ​ពិភាក្សា​របស់​សហគមន៍​លើក​ទី​ពីរ កត់​សម្គាល់​ថា ក្រុមហ៊ុន​បាន​ធ្វើ​ឲ្យ​សហគមន៍​កាន់​តែ​មាន​ជំនឿ​ចិត្ត​ច្រើន​ឡើង ទាក់ទិន​គម្រោង​វិនិយោគ​មួយ​នេះ ក៏ប៉ុន្តែ​លោកស្រី​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​ការ​សន្យា​របស់​ក្រុមហ៊ុន ដែល​បាន​លើក​ឡើង​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​សហគមន៍​ឲ្យ​បាន​ពិត​ប្រាកដ ជាពិសេស​គម្រោង​ការ​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​សហគមន៍​នៅ​ពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត៖ «ក្រុមហ៊ុន​គាត់​ធ្វើ​បាន​ល្អ​ដែរ ព្រោះ​គាត់​បាន​សួរ​យោបល់​អ្នក​ភូមិ​ពិត​ប្រាកដ។ អ្នក​ភូមិ​មាន​បញ្ហា​អ្វី គាត់​លើក​មក​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន។ ខ្ញុំ​សង្ឃឹម​ថា ក្រុមហ៊ុន​នឹង​ធ្វើ​តាម​ការ​សន្យា​ជាមួយ​សហគមន៍»

ចំណែក​មន្ត្រី​មូលដ្ឋាន​ឃុំ​យ៉ាទុង លោក រចំ ជើង ចាត់​ទុក​ការ​ប្រជុំ​ពិភាក្សា​លើក​ទី​ពីរ​នេះ បង្ហាញ​ថា អ្នក​ភូមិ​មាន​ការ​យល់​ដឹង​ច្រើន​ទាក់ទង​គម្រោង​អភិវឌ្ឍន៍ និង​ដំណោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ។ ហេតុ​នេះ អ្នក​ភូមិ ៨០​ភាគរយ​អស់​កង្វល់​ពី​ផល​ប៉ះពាល់​ទៀត​ហើយ៖ «ការ​យល់​ដឹង​របស់​អ្នក​ភូមិ​ប្រហែល ៨០​ភាគរយ។ ដើម​ឡើយ ទុក្ខ​កង្វល់​របស់​អ្នក​ភូមិ​ភ័យ​ព្រួយ​ការ​រុក​រក​រ៉ែ ខ្លាច​ប៉ះពាល់​បាក់​ស្រុត​ដី ខ្លាច​មាន​ចោរ។ ទាំង​ពីរ​យ៉ាង​នេះ ក្រុមហ៊ុន​បាន​បកស្រាយ​ឲ្យ​អ្នក​ភូមិ​យល់»

យ៉ាង​ណា​ក៏ដោយ តំណាង​ក្រុមហ៊ុន អង្គរ ហ្គោល ប្រចាំ​កម្ពុជា លោក ម៉ាយ ហ៊ីបប៊ី (Mike Hegbee) អះអាង​ថា លោក​បាន​ប្រាប់​ទៅ​តំណាង​ក្រុមហ៊ុន មេសស្កូ ហ្គូល ហើយ ត្រូវ​តែ​ផ្តល់​សំណង​ផល​ប៉ះពាល់​នៅ​សេសសល់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​ទទួល​បាន​ការ​ដោះស្រាយ៖ «នេះ​ជា​ឱកាស​របស់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​គាត់​មាន​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង។ បញ្ហា​ផល​ប៉ះពាល់​ស្វាយ​ចន្ទី​របស់​ពលរដ្ឋ​តិចតួច។ គាត់​នឹង​ដោះស្រាយ ហើយ​គាត់​សង្ឃឹម​ថា មិន​មាន​បញ្ហា​ទៀត​ទេ»

ក្រុមហ៊ុន មេសស្កូ ហ្គូល បាន​ជួល​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ ស៊ី.អ៊ី.អេស (CES) សហការ​ជាមួយ​ក្រសួង​បរិស្ថាន សម្រាប់​វាយ​តម្លៃ​ពី​ហេតុ​ប៉ះពាល់​ផ្នែក​បរិស្ថាន ទាក់ទិន​គម្រោង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ឃុំ​យ៉ាទុង។

ប្រធាន​បច្ចេកទេស​ផ្នែក​បរិស្ថាន លោក សុខ សុធា មាន​ប្រសាសន៍​បញ្ជាក់​ថា បន្ទាប់​ពី​កិច្ច​ពិគ្រោះ​យោបល់​ធ្វើ​រួច​រាល់ ក្រុមហ៊ុន​នឹង​រៀបចំ​មតិ​យោបល់​ទាំងអស់​ដាក់​ក្នុង​របាយការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ពេញលេញ និង​ប្រឹក្សា​យោបល់​សុំ​ការ​សម្រេច​ពី​ក្រសួង​បរិស្ថាន ដើម្បី​ក្រសួង​រ៉ែ និង​ថាមពល សម្រេច​ផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ដល់​ក្រុមហ៊ុន មេសស្កូ ហ្គូល។ តាម​ការ​គ្រោង​ទុក ក្រុមហ៊ុន​នឹង​ចាប់​ផ្ដើម​បង្កើត​ឧស្សាហកម្ម​មាស​ចាប់​ពី​ឆ្នាំ​២០១៦ រហូត​ដល់​ឆ្នាំ​២០៤៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។