អង្គការចំនួន ២៧ ដែលជាបណ្ដាញជនជាតិដើមភាគតិច និងព្រៃឈើ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា នៅថ្ងៃទី២ ខែមីនា គាំទ្ររដ្ឋាភិបាលដែលបានបង្កើតគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនោះ។ ប៉ុន្តែពួកគេក៏សំដែងការស្ដាយចំពោះយន្តការដែលមានស្រាប់ក្នុងការអនុវត្តការងារកន្លងមកចំពោះការបង្ក្រាបបទល្មើសព្រៃឈើគ្មានប្រសិទ្ធភាពនោះ។
តំណាងអង្គការទាំង២៧នេះ បានសំណូមពរដល់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ រដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ តុលាការ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ចំនួន ៧ចំណុច។
ចំណុចទាំង៧នោះរួមមាន៖ សូមឲ្យគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើចាត់វិធានការ និងអន្តរាគមន៍ជាបន្ទាន់ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនៅទូទាំងប្រទេសកម្ពុជា។ បង្ហាញពីតម្លាភាពចំពោះលទ្ធផលបង្ក្រាបបទល្មើសព្រៃឈើកន្លងមកដល់សាធារណជន ទាំងបរិមាណឈើដែលបានចាប់ ជនល្មើសពាក់ព័ន្ធ ព្រមទាំងចាត់វិធានការលើជនល្មើសលួចដុតឈើ។
ដើម្បីឲ្យមានដំណោះស្រាយយូរអង្វែងត្រូវពង្រឹងការអនុវត្តច្បាប់ របស់មន្ត្រីអនុវត្តច្បាប់ទាំងអស់ឲ្យខ្លាំងក្លា និងមានប្រសិទ្ធភាព តាមរយៈការនាំខ្លួនមេខ្លោង និងអ្នកសមគំនិតយកមកកាត់ទោសតាមច្បាប់ដែលមានជាធរមាន។ ត្រូវបញ្ឈប់គ្រប់រូបភាពការគំរាមកំហែងពីប្រព័ន្ធតុលាការ និងកម្លាំងប្រដាប់អាវុធចំពោះសកម្មជនការពារព្រៃឈើ និងផ្ដល់សិទ្ធិអំណាចបន្ថែមទៀតចំពោះកិច្ចការពារព្រៃឈើដល់សហគមន៍មូលដ្ឋាន។
ពន្លឿនការទទួលស្គាល់ស្របច្បាប់ចំពោះសហគមន៍ដែលមានស្រាប់ដូចជាសហគមន៍ព្រៃឈើសហគមន៍តំបន់ការពារ សហគមន៍នេសាទ និងការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច ព្រមទាំងផ្ដល់កញ្ចប់ថវិកាជាតិសមស្រប ដើម្បីឲ្យពួកគាត់មានលទ្ធភាពចូលរួមទប់ស្កាត់បទល្មើស ព្រៃឈើ និងការពារធនធានធម្មជាតិនៅតំបន់ពួកគាត់រស់នៅ។
បទពិសោធន៍ដែលទទួលបានពីវិធានការក្ដៅនេះ គួរយកទៅឆ្លុះបញ្ចាំងទៅនឹងគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានស្រាប់ ដើម្បីធ្វើវិសោធនកម្មកែលម្អឲ្យប្រសើរ ដូចជាការបញ្ឈប់ការផ្ដល់បទដីសម្បទានសេដ្ឋកិច្ចបន្តទៀតជាដើម ព្រោះជាដើមចមនៃការបាត់បង់ព្រៃឈើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
