រដ្ឋាភិបាល​បិទ​អង្គការ​មាតា​ធម្មជាតិ​បន្ទាប់​ពី​យុវជន​អង្គការ​នេះ​២​នាក់​ត្រូវ​ឃុំ​ខ្លួន

ដោយ អាស៊ីសេរី
2017-09-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ស្ថាបនិក​នៃ​អង្គការ​មាតា​ធម្មជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៤។
លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ស្ថាបនិក​នៃ​អង្គការ​មាតា​ធម្មជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៤។
Photo: RFA

ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​​ចុះ​ថ្ងៃ​ទី​១៥ ខែ កញ្ញា បាន​សម្រេច​លុបឈ្មោះ​អង្គការ​បរិស្ថាន​ដ៏​សកម្ម​មួយ​នេះ​ចេញ​ពី​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ក្រសួង​មហាផ្ទៃ។

បើ​ទោះ​ជា​យ៉ាងណា​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋលេខាធិការ​ក្រសួង​នេះ គឺ លោក ប៉ុល លឹម ពុំ​បាន​​បញ្ជាក់​ពី​មូលហេតុ​ជា​មូលដ្ឋាន​នៃ​ការសម្រេច​នេះ​ឡើយ។

នៅ​ក្នុង​ប្រកាស​នោះ​បាន​យោង​​ច្បាប់​សំខាន់​មួយ​គឺ​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ ប្រកាស​ដដែល​បង្ហាញ​ថា ក្រសួង​មហាផ្ទៃ​បាន​ចុះ​ឈ្មោះ​អង្គការ​មាតា​ធម្មជាតិ​ក្នុង​បញ្ជី​អង្គការ​មិន​មែន​រដ្ឋាភិបាល​កាល​ពី​ខែ កញ្ញា ឆ្នាំ ២០១៣។

កន្លង​ទៅ​នេះ​អង្គការ​មាតា​ធម្មជាតិ​បាន​ទម្លាយ​ព័ត៌មាន​ជាច្រើន​ទាក់ទិន​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ជីវកម្ម​ធនធាន​ខ្សាច់​ទៅ​បរទេស​ក្នុង​នោះ​ក៏​មាន​ទិន្នន័យ​ដែល​បង្ហាញ​អោយ​ឃើញ​ថា​កម្ពុជា​បាត់បង់​ប្រាក់​រាប់​រយ​លាន​ដុល្លារ​នៅ​ពី​ក្រោយ​ភាព​មិន​ប្រក្រតី​ទាំង​នោះ។ អង្គការ​មាតា​ធម្មជាតិ​ក៏ បង្ហាញ​ជំហរ​ប្ដឹង​ទៅ​បណ្ដា​ប្រទេស​ពាក់ព័ន្ធ​មួយ ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ខ្សាច់​នៅ​កម្ពុជា រួមមាន សិង្ហបូរី (Singapore) និង​តៃវ៉ាន់ (Taiwan) ជាដើម។

កាល​ពី​ដើម​សប្ដាហ៍​នេះ​តុលាការ​ខេត្ត​កោះកុង សម្រេច​ឃុំ​ខ្លួន​សកម្មជន​មាតា​ធម្មជាតិ​ពីរ​នាក់​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​ហើយ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល។

អ្នក​ទាំង​ពីរ​ត្រូវ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ដែល​ហៅ​កាត់​ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) របស់​លោក ឧកញ៉ា លី យ៉ុងផាត់ ប្ដឹង​ឲ្យ​អាជ្ញាធរ​​ឃាត់​ខ្លួន​នៅ​ពេល​​ជិះ​ទូក​ថតរូប និង​វីដេអូ​កប៉ាល់​ដឹក​ខ្សាច់​ស៊ីលីកា​ពីរ​គ្រឿង​ក្នុង​លំហ​សមុទ្រ នៅ​ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង​ទាក់ទិន​នឹង​​ភាព​​មិន​ប្រក្រតី​នៃ​ការ​នាំ​ចេញ​ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស​ទៅ​កោះ​តៃវ៉ាន់ ចំនួន​ជាង ១​លាន​តោន ដែល​គិត​ជា​ទឹក​ប្រាក់​ជាង ៣០​លាន​ដុល្លារ​អាមេរិក។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ជា​ជនជាតិ​អេស្ប៉ាញ​ត្រូវ​រដ្ឋាភិបាល​បណ្ដេញ ពី​កម្ពុជា កាល​ពី​ដើម​ឆ្នាំ​២០១៥ ​ដោយ​សំអាង​ថា ទិដ្ឋាការ​របស់​លោក​ហួស​ពេល​កំណត់​៣​ថ្ងៃ។ មន្ត្រី​រដ្ឋាភិបាល​ក៏​ធ្លាប់​បញ្ជាក់​ថា លោក​មិន​អាច​វិល​ចូល​ប្រទេស​ខ្មែរ​បាន​ទេ​ដ្បិត​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ស្រែកថាការពារបរិស្ថាន ដល់គេថតរូបបូមខ្សាច់ បិទអង្គការ ។ សន្យាខ្យល់? ការសន្យាជាច្រើននៅពេលជិតបោះឆ្នោត សំរាប់កម្មករ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ។ អ្នកណាគួរទុកចិត្ត អ្នកណាស្នេហាជាតិពិតប្រាកដ ពិចារណាខ្លួនអែងចុះ ។ ប្រសិនបើមានការឃុបឃិត ជាមួយបរទេសលក់ធនធានធម្មជាតិ ដើម្បីប្រយោជន៌ផ្ទាល់ខ្លួនគួរហៅថា អីវិញ?

Sep 15, 2017 10:43 PM

គេហទំព័រ​ទាំងមូល