សត្វ​ប្រចៀវ​ច្រើន​រយ​ក្បាល​នៅ​ប្រាសាទ​លើ​កំពូល​ភ្នំ​បូក​ងាប់​ជា​បន្តបន្ទាប់

ដោយ ហង្ស សាវយុត
2016.04.20
ប្រចៀវ​ងាប់ សៀមរាប ៨៥៥ ២០១៦ សត្វ​ប្រចៀវ​ច្រើន​រយ​ក្បាល​ងាប់​រាយ​ប៉ា​យ​នៅ​​លើ​ដី​ជុំវិញ​បរិវេណ​ប្រាសាទ​​​បុរាណ​លើ​កំពូល​ភ្នំ​បូក នា​​ឃុំ​រុនតាឯក ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៦។
Photo provided

ប្រជាពលរដ្ឋ និង​អ្នក​ទេសចរ​ខ្លះ ដែល​បាន​ទៅ​លេង​ប្រាសាទ​បុរាណ​លើ​កំពូល​ភ្នំ​បូក ក្នុង​ឃុំ​រុនតាឯក ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប បាន​សំដែង​ការ​ភ្ញាក់ផ្អើល​ដោយសារ​តែ​គេ​ឃើញ​សត្វ​ប្រចៀវ​ជា​ច្រើន​រយ​ក្បាល​ងាប់​នៅ​ក្នុង​ប្រហោង​ថ្ម​នៃ​ប្រាសាទ រហូត​ដល់​សាកសព​ហៀរ​ធ្លាក់​រាយប៉ាយ​មក​លើ​ដី។

ការ​ភ្ញាក់​ផ្អើល​នេះ ដោយសារ​តែ​គេ​នឹក​ទៅ​ដល់​ជំងឺ​អ្វី​ម្យ៉ាង ថា​ក្រៅ​តែ​ពី​សម្លាប់​សត្វ​ប្រចៀវ​ច្រើន​រយ​ក្បាល ក្រែង​វា​អាច​នឹង​ចម្លង​រោគ​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជុំវិញ​នោះ​ដែរ។

មន្ត្រី​មន្ទីរ​បរិស្ថាន​បាន​ប្រញាប់ប្រញាល់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រាសាទ​បុរាណ​នៅ​លើ​កំពូលភ្នំ​បូក ចម្ងាយ​ជាង ៤០​គីឡូម៉ែត្រ ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​សៀមរាប កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​២០ ខែ​មេសា ដើម្បី​ពិនិត្យ​រក​មូលហេតុ​ឱ្យ​ច្បាស់លាស់ ថា​តើ​សត្វ​ប្រជៀវ​ច្រើន​រយ​ក្បាល​បាន​ងាប់​ជា​បន្តបន្ទាប់​គ្នា​នោះ​បណ្ដាល​មក​ពី​អ្វី?

ដំណើរ​ទៅ​កាន់​ប្រាសាទ​បុរាណ​នៅ​លើ​កំពូលភ្នំ​នោះ បន្ទាប់​ពី​គេ​ទទួល​ព័ត៌មាន​ថា ចាប់​តាំងតែ​ពី​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​មេសា មាន​សត្វ​ប្រចៀវ ដែល​នៅ​តាម​ប្រហោង​ថ្ម​នៃ​ប្រាសាទ​បុរាណ​បាន​ងាប់​ធ្លាក់​រាយប៉ាយ​មក​លើ​ដី​ជា​បន្តបន្ទាប់​នៅ​ឡើយ។

មន្ត្រី​ប៉ូលិស​ការពារ​បេតិកភណ្ឌ​នៃ​ស្នងការ​ពិសេស ១​រូប ដែល​កំពុង​ប្រចាំ​ការពារ​ប្រាសាទ​នៅ​លើ​កំពូលភ្នំ​បូក គឺ​លោក ហឿន សារឿន។ លោក​មាន​ប្រសាសន៍​ថា ជា​ច្រើន​ថ្ងៃ​មក​ហើយ ហើយ​លោក​តែង​រវល់​នឹង​ការ​ប្រមូល​យក​សាកសព​សត្វ​ប្រចៀវ​ជាច្រើន​ដែល​ងាប់​នៅ​ក្នុង​រូង​ថ្ម និង​ខ្លះ​បាន​លូន​ចេញ​មក​ងាប់​នៅ​ខាង​ក្រៅ​រន្ធ។

បុរស​ដដែល​មាន​ប្រសាសន៍​ថា សត្វ​ប្រជៀវ​ជាច្រើន​រយ​ក្បាល​បាន​ងាប់​រាយប៉ាយ នៅ​លើ​ដី ក្នុង​រយៈពេល​ប្រហែល​១០​ថ្ងៃ​មកនេះ​។ លោក​មិន​ដឹង​មូលហេតុ​អ្វី​បាន​ជា​សត្វ​ប្រចៀវ​ទាំង​នោះ​ងាប់​ជា​បន្តបន្ទាប់​ទេ ប៉ុន្តែ​លោក​គិត​ថា ប្រហែល​មក​ពី​អាកាសធាតុ​ឡើង​កម្ដៅ​ខ្លាំង៖ «សត្វ​ដែល​ស្លាប់​នេះ នៅ​ក្នុង​រន្ធ​ថ្ម ដល់​ក្រោយ​មក​វា​ស្លាប់​កាន់​តែ​ច្រើន វា​ហៀរ​ធ្លាក់​ចេញ​ជា​បន្តបន្ទាប់។ ខ្ញុំ​មិន​ដឹង​ថា វា​កើត​អ្វី​ទេ?»

​មន្ត្រី​ប៉ូលិស​ការពារ​បេតិកភណ្ឌ​ឱ្យ​ដឹង​ថា ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​ប្រាសាទ​បុរាណ​លើ​កំពូល​គឺ​មាន​សត្វ​ប្រចៀវ​ច្រើន​ពាន់​ក្បាល​រស់​នៅ។ ក៏​ប៉ុន្តែ រយៈពេល ១០​ថ្ងៃ​មក​នេះ សត្វ​ប្រចៀវ​ច្រើន​រយ​ក្បាល​បាន​ងាប់​រាយប៉ាយ​ពេញ​ដី។

​សាកសព​សត្វ​ប្រចៀវ​ដែល​ងាប់​នោះ​ខ្លះ​ត្រូវ​ក្មេង​ឡើង​មក​ឆ្កឹះ និង​រើស​យក​ទៅ​ចម្អិន​ធ្វើ​ជា​អាហារ​ទទួល​ទាន។

ប្រាសាទ​បុរាណ​នៅ​លើ​កំពូល​ភ្នំបូក ក្នុង​ខេត្ត​សៀមរាប ដែល​ជា​ជម្រក​សត្វ​ប្រចៀវ​រាប់​ពាន់​ក្បាល។
ប្រាសាទ​បុរាណ​នៅ​លើ​កំពូល​ភ្នំបូក ក្នុង​ខេត្ត​សៀមរាប ដែល​ជា​ជម្រក​សត្វ​ប្រចៀវ​រាប់​ពាន់​ក្បាល។
Photo provided

ទោះ​ជា​យ៉ាង​ណា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់ បាន​បដិសេធ​មិន​ពន្យល់​ទេ​ថា តើ​វា​អាច​មាន​បញ្ហា​សុខភាព ឬ​ទេ ប្រសិនបើ​យក​សត្វ​ប្រចៀវ​ដែល​ងាប់​ទៅ​ធ្វើ​ម្ហូប​នោះ ពីព្រោះ​តែ​លោក​មិនទាន់​បាន​ទទួល​ព័ត៌មាន​ច្បាស់ ថា​តើ​សត្វ​នោះ​ងាប់​បណ្ដាល​ពី​អ្វី​នៅ​ឡើយ​ទេ?

​ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​សៀមរាប លោក ភួង លីណា មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ដឹង​ពី​រឿង​សត្វ​ប្រចៀវ​ច្រើន​រយ​ក្បាល​ងាប់​ជា​បន្តបន្ទាប់​គ្នា​នោះ​នៅ​ឡើយ។ លោក ភួង លីណា នឹង​ដឹកនាំ​មន្ត្រី​១​ក្រុម​ទៅ​ពិនិត្យ​មើល​បញ្ហា​នោះ៖ «ខ្ញុំ​ធ្លាប់​អាន​ឯកសារ​មួយ​ចំនួន ហើយ​ដឹង​ថា សត្វ​ស្លាប​ខ្លះ​ស្លាប់​ដោយសារ​តែ​អាកាសធាតុ​ប្រែប្រួល ដូចជា​ខ្យល់​ខ្លាំង​ជាដើម ប៉ុន្តែ​ករណី​ប្រចៀវ​ងាប់​នេះ អាច​បណ្ដាល​មក​ពី​អាកាសធាតុ ឬ​ក៏​ជំងឺ»

មន្ត្រី​មន្ទីរ​បរិស្ថាន អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជុំវិញ​កុំ​រើស​សត្វ​ប្រចៀវ​ដែល​ងាប់​នោះ​យក​ទៅ​ចម្អិន ធ្វើ​ម្ហូប​អាហារ​ឱ្យ​សោះ ខ្លាចក្រែង​វា​ចម្លង​រោគ​អ្វី​ផ្សេងៗ នៅ​ក្នុង​ពេល​ដែល​មន្ត្រី​ជំនាញ​មិន​ទាន់​រក​ឃើញ​ពី​មូលហេតុ​នៃ​ការ​ងាប់​នោះ​ច្បាស់លាស់ ថា​បណ្ដាល​ពី​អ្វី​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។