ពលរដ្ឋ​ថា​បទល្មើស​នេសាទ​ចាប់​ផ្ដើម​កើង​ឡើង​វិញ​នៅ​ខេត្ត​កំពង់ឆ្នាំង

ដោយ ជិន ជេដ្ឋា
2017.07.08
ទូក​នេសាទ កំពង់ឆ្នាំង ២០១៧ ១៤៤០ ទូក​នេសាទ និង​ទូក​ដឹក​ផល​នេសាទ ចត​នៅ​កំពង់ផែ​ផ្សារ​ក្រោម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Chin Chetha

ពលរដ្ឋ និង​សហគមន៍​នេសាទ​នៅ​ខេត្ត​កំពង់ឆ្នាំង ឲ្យ​ដឹង​ថា បទល្មើស​ដាក់​របាំង​ស្បៃ​មុង ឬ​អួន​ក្រឡា​ល្អិត​ក្នុង​រដូវ​ទឹក​ឡើង​ឆ្នាំ​នេះ បាន​កក្រើក​ឡើង​វិញ​នៅ​តំបន់​ខ្លះ នៃ​បឹង​ទន្លេសាប។ មន្ត្រី​ជំនាញ​ទទួល​ស្គាល់​ថា បទល្មើស​ពិត​ជា​កើត​ឡើង​វិញ​ខ្លះ​មែន ប៉ុន្តែ​មិន​ច្រើន​ដូច​ការ​អះអាង​របស់​តំណាង​សហគមន៍ និង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​កន្លង​មក​នោះ​ឡើយ។

នៅ​ដើម​រដូវ​បិទ​នេសាទ ដែល​ទឹក​បឹង​ទន្លេសាប​ចាប់​ផ្ដើម​ឡើង​បន្តិចម្ដងៗ​នោះ បទល្មើស​ដាក់​របាំង​សាច់​អួន ត្រូវ​តំណាង​សហគមន៍​នេសាទ និង​ពលរដ្ឋ​នៅ​ស្រុក​កំពង់លែង ជលគីរី និង​បរិបូរណ៍ ប្រាប់​ថា តំបន់​ពួកគេ​កំពុង​មាន​បទល្មើស។ ជាក់ស្ដែង​របាំង​សាច់​អួន​ចំនួន ៨​ខ្សែ​មាន​ប្រវែង​មិន​ក្រោម ១​ពាន់​ម៉ែត្រ ចាប់​ពី​ចំណុច​បឹង​រៀល រហូត​ដល់​ភូមិ​កោះក្អែក នៃ​ឃុំ​កំពង់អុស ត្រូវ​បាន​គេ​​ដាក់​ជាង ២​ខែ​ហើយ។

ប្រធាន​គណៈកម្មការ​សហគមន៍​នេសាទ​ម្នាក់​នៅ​ស្រុក​ជលគីរី ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ក្រៅ​ពី​របាំង​សាច់​អួន​ទាំង ៨​ខ្សែ​នេះ នៅ​មាន​ជនល្មើស​លួច​កាប់​ឆ្ការ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ក្បែរ​នោះ​ជា​ច្រើន​ប្រឡោះ​វែងៗ ដើម្បី​ត្រៀម​ដាក់​របាំង​​ពេល​ទឹក​ទន្លេ​ឡើង​ដល់។ បញ្ហា​នេះ​លោក​ធ្លាប់​រាយការណ៍​ជូន​អាជ្ញាធរ​ឃុំ និង​ជំនាញ​ជលផល​ជា​ច្រើន​ដង តែ​ពុំ​មាន​ការ​ទប់​ស្កាត់៖ «អ្នក​ប្រព្រឹត្ត​បទល្មើស​មាន​យ៉ាង​ច្រើន​ណាស់​មាន​ដប់​នាក់ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ដែល​រក​នេសាទ​នៅ​ក្នុង​ហ្នឹង​មាន​ច្រើន​រាប់​រយ​គ្រួសារ។ អ៊ីចឹង​គាត់​ក៏​ខឹងសម្បា​យ៉ាង​ខ្លាំង​ដែរ ព្រោះ​អ្វី​ដែល​គាត់​ធ្វើ​មក​ធ្វើ​មិន​បាន មើល​ទៅ​ខាង​សមត្ថកិច្ច​អត់​មាន​ឃាត់ឃាំង ម្យ៉ាង​គាត់​ចេះ​តែ​រាយការណ៍​ឲ្យ​អាជ្ញាធរ​ភូមិ ឃុំ ហើយ​ភូមិ ឃុំ​ក៏​មិន​គិត អ៊ីចឹង​គាត់​អស់​ទឹក​ចិត្ត​ហើយ»

កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ដោយ​ស្រង់​សម្ដី​ពលរដ្ឋ​នៅ​ស្រុក​បរិបូរណ៍​ថា បទល្មើស​ដាក់​របាំង​កំពុង​កើត​មាន​ច្រើន​នៅ​តំបន់​សេះ​ស្លាប់ និង​កោះ​លត​ជាដើម។សារព័ត៌មាន​ដដែល​បន្ត​ថា អ្នក​ប្រព្រឹត្ត​បទល្មើស​​បាន​បង់​ប្រាក់​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង លោក សោម ភារុណ ដើម្បី​អាច​ប្រព្រឹត្ត​បទល្មើស​បាន​ដោយ​រលូន។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ពី​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល លោក សោម ភិរុណ បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​កក្កដា ដោយ​ទូរស័ព្ទ​ចូល​ហើយ​លោក​ចុច​ផ្ដាច់​ទៅ​វិញ។

ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង លោក ងិន ហ៊ុន បដិសេធ​ថា បទល្មើស​ដាក់​របាំង​នៅ​ឃុំ​កំពង់អុស ពុំ​មាន​ឡើយ ប៉ុន្តែ​តំបន់​សេះ​ស្លាប់ និង​កោះលត ក្នុង​ស្រុក​បរិបូរណ៍ មាន​ប្រហែល ១០​របាំង ហើយ ១​ខ្សែ​មាន​ប្រវែង​ប្រហែល ១០០​ម៉ែត្រ​ប៉ុណ្ណោះ។ អ្វី​ដែល​លោក​ហ៊ាន​អះអាង​នេះ ដោយសារ​លោក​បាន​ចុះ​ពិនិត្យ​ជាក់​ស្ដែង​ជាមួយ​អភិបាល​រង​ខេត្ត​ម្នាក់ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា៖ «លទ្ធផល​យើង​ទៅ​ដល់​ឃើញ​មាន​មែន តែ​ពុំ​មាន​ច្រើន​ដូច​សារព័ត៌មាន​គាត់​ចុះ​ទេ និយាយ​រួម​ទាំង​វាល​ភក់ និង​ក្ងាន​មាន​ប្រហែល ១០​របាំង​ទេ ហើយ​របាំង​នោះ​មាន​ប្រវែង ១០០​ម៉ែត្រ ហើយ​រង្វើល ឥឡូវ​យើង​មាន​វិធានការ​រុះរើ​ហើយ»

មន្ត្រី​សម្របសម្រួល​សហគមន៍​ជុំវិញ​បឹង​ទន្លេសាប នៃ​អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (Fact) អ្នកស្រី នូ សារឹម ថា បទល្មើស​អាច​កើត​មាន​តិចតួច​នៅ​តំបន់​ខ្លះ នៃ​បឹង​ទន្លេ​សាប ព្រោះ​ស្ថានភាព​ទឹក​ទន្លេ​មិន​ទាន់​ឡើង​ច្រើន។ ទន្ទឹម​គ្នា​នេះ​អ្នកស្រី​ក៏​ទាន់​ទទួល​បាន​សេចក្ដី​រាយការណ៍​ពី​ក្រុម​គោលដៅ​របស់​អ្នកស្រី​ថា មាន​បទល្មើស​ធ្ងន់ធ្ងរ​នៅ​រដូវ​បិទ​នេសាទ​ឆ្នាំ​២០១៧ នេះ​ឡើយ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។