មេ​ឃុំ​បិតត្រាំង​ខេត្ត​ព្រះសីហនុ​ស្នើ​នាយក​រដ្ឋមន្ត្រី​ជួយ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​គម្រប​ព្រៃ​ឈើ

ដោយ ដែន អយុធ្យា
2016.12.01
មេ​ឃុំ​បិតត្រាំង អ៊ឹង សារ៉ុម ២០១៦ ៨៥៥ មេ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លោក អ៊ឹង សារ៉ុម ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Den Ayuthyea
RFA/Den Ayuthyea

អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម និង​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​បិតត្រាំង ខេត្ត​ព្រះសីហនុ ស្នើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ទប់ស្កាត់​សកម្មភាព​កាប់​ទន្ទ្រាន​ដី​គម្រប​ព្រៃ​ឈើ និង​ដី​ភ្នំ​ធ្វើ​កម្មសិទ្ធិ​ឯកជន ផ្ដើម​ដោយ​ជន​ខិលខូច​មួយ​ចំនួន និង​គ្មាន​សមត្ថកិច្ច​ជំនាញ​ចេញ​មុខ​ទប់ស្កាត់។

ការ​ព្រួយ​បារម្ភ​ជា​ថ្មី​ទៀត​របស់​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​នា​ខេត្ត​ព្រះសីហនុ ទៅ​លើ​បទល្មើស​កាប់​បំផ្លាញ​ដី​គម្រប​ព្រៃ​ឈើ និង​ទន្ទ្រាន​ដី​ភ្នំ​ធ្វើ​កម្មសិទ្ធិ​ពី​សំណាក់​មន្ត្រី​មាន​អំណាច​កំពុង​បម្រើ​ការងារ​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា និង​ពលរដ្ឋ​មួយ​ចំនួន ដោយសារ​តែ​បទល្មើស​នេះ​មិន​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះ​បង្ក្រាប​ទេ។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែល​បាន​ចុះ​អង្កេត​ដល់​មូលដ្ឋាន​មួយ​ចំនួន មាន​ឃុំ​រាម និង​ឃុំ​បិតត្រាំង ជាដើម មាន​ទីតាំង​នៅ​ក្នុង​ស្រុក​ព្រៃនប់ បាន​ស្នើ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ជួយ​ទប់ស្កាត់​ភាព​អនាធិបតេយ្យ​នៃ​ការ​ទន្ទ្រាន​កាន់​កាប់​ដី​ភ្នំ និង​ដី​ព្រៃ​ឈើ​ដែល​នៅ​សេសសល់​នា​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ ឲ្យ​បាន​ទាន់​ពេល។

លោក​សង្កត់​ធ្ងន់​ថា សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​ឈើ និង​ដី​ភ្នំ​ជាដើម​នា​ខេត្ត​ព្រះសីហនុ មក​ដល់​ពេល​នេះ គ្មាន​សមត្ថកិច្ច​ពី​ស្ថាប័ន​ជំនាញ​ណា​មួយ​ចេញ​មុខ​ទប់ស្កាត់​ទេ។ អ្នក​ឃ្លាំ​មើល​សង្គម​រូប​នេះ អះអាង​ថា ភាគច្រើន​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​កាប់​រាន​ដី​គម្រប​ព្រៃ​ឈើ ឬ​ដី​ព្រៃ​ភ្នំ​របស់​រដ្ឋ ដើម្បី​ធ្វើ​កម្មសិទ្ធិ គឺ​គ្មាន​ការ​បង្ក្រាប​ពី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ទេ ទាំង​ពេល​កន្លង​ទៅ និង​បច្ចុប្បន្ន ហើយ​បទល្មើស​ទាំងនេះ​ទំនង​ជា​អាច​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​មាន​អំណាច​ខ្លះ និង​ឈ្មួញ​មាន​ទ្រព្យ ដោយ​មាន​ការ​ឃុបឃិត​ចែក​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​មន្ត្រី​ជំនាញ​នៅ​តាម​ស្ថាប័ន​ខ្លះ ទើប​គ្មាន​សកម្មភាព​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បង្ហាញ​ព្រៃ​ឈើ និង​ដី​ភ្នំ​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​គេ​ទន្ទ្រាន​ធ្វើ​កម្មសិទ្ធិ​ឯកជន នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Den Ayuthyea
អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បង្ហាញ​ព្រៃ​ឈើ និង​ដី​ភ្នំ​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​គេ​ទន្ទ្រាន​ធ្វើ​កម្មសិទ្ធិ​ឯកជន នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Den Ayuthyea
RFA/Den Ayuthyea

ត្រង់​ចំណុច​នេះ លោក ប៊ួន ណារិទ្ធិ ព្រួយ​បារម្ភ​ថា បើ​បទល្មើស​ទន្ទ្រាន​កាន់​កាប់​ដី​ភ្នំ និង​ដី​គម្រប​ព្រៃ​ឈើ​គ្មាន​ការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ ទំនង​ជា​បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដាក់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ថែរក្សា និង​អភិរក្ស​ព្រៃ​ឈើ ឬ​ធនធាន​ធម្មជាតិ​ដែល​នៅ​សេសសល់​កាល​ពី​ពេល​ថ្មីៗ​នេះ នឹង​អស់​តម្លៃ ឬ​ត្រូវ​បរាជ័យ ព្រោះ​គ្មាន​មន្ត្រី​ក្រោម​ឱវាទ​គោរព និង​អនុវត្ត​តាម​ទេ៖ «យើង​បាន​ចុះ​មក​ដល់​ទីតាំង​ដី​ជាក់ស្តែង គឺ​នៅ​ចុង​ឆ្នេរ​អូរត្រេះ ខេត្ត​ព្រះសីហនុ ហើយ​ទីតាំង​នេះ គឺ​ជា​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ ដែល​រាជ​រដ្ឋាភិបាល​បាន​កំណត់​ទុក​ជា​ព្រៃ​ឈើ​សម្រាប់​ការពារ និង​អភិរក្ស ដើម្បី​ទុក​ការពារ​ឆ្នេរ​សមុទ្រ និង​ទុក​សម្រាប់​ទេសចរណ៍​បៃតង​នា​ខេត្ត​ព្រះសីហនុ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា យើង ពិសេស​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​នៅ​ពេល​ដែល​យើង​បាន​ចុះ​មក​ដល់​ទីតាំង​នេះ សង្កេត​ឃើញ​ថា ទីតាំង​បរិវេណ​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ ដែល​មាន​ទីតាំង​នៅ​ជាប់​មាត់​សមុទ្រ​តំបន់​ចុង​ឆ្នេរ​អូរត្រេះ​ពេល​នេះ ត្រូវ​គេ​កាប់​ទន្ទ្រាន​ធ្វើ​កម្មសិទ្ធិ​ទាំងស្រុង និង​មាន​សង់​ផ្ទះ​តូច​ធំ​ជាច្រើន​ខ្នង​នៅ​លើ​ដី​គម្រប​ព្រៃ​ឈើ ដែល​រដ្ឋាភិបាល​បាន​បម្រុង​ទុក​នោះ​ថែម​ទៀត»

បញ្ហា​នេះ អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​នា​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក៏​ធ្លាប់​បង្ហាញ​ការ​ព្រួយ​បារម្ភ​នៅ​គ្រា​សង្កេត​ឃើញ​ថា ដី​គម្រប​ព្រៃ​ឈើ និង​ដី​ភ្នំ​ស្ទើរ​ទាំងអស់​នា​មូលដ្ឋាន​នេះ ត្រូវ​ប្រជាពលរដ្ឋ ពិសេស​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ​មាន​ងារ​ឧកញ៉ា បាន​រំលោភ​ធ្វើ​កម្មសិទ្ធិ​ដោយ​គ្មាន​មន្ត្រី​ពី​ស្ថាប័ន​ណា​មួយ​ចេញ​មុខ​ទប់ស្កាត់​ទេ​កន្លង​ទៅ។

មេ​ឃុំ​បិតត្រាំង លោក អ៊ឹង សារ៉ុម សោកស្ដាយ​ដែល​ធនធាន​ធម្មជាតិ​មាន​ដី​គម្រប​ព្រៃ​ឈើ និង​ដី​ភ្នំ​ជាដើម​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ ហើយ​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​គេ​ទន្ទ្រាន​កាន់​កាប់​ធ្វើ​កម្មសិទ្ធិ​យ៉ាង​អនាធិបតេយ្យ។

ផ្តល់​សម្ភាស​ដល់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី បង្ហាញ​ពី​ទឹក​មុខ​ភ័យ​ព្រួយ លោក អ៊ឹង សារ៉ុម មេ​ឃុំ​បិតត្រាំង បាន​អំពាវនាវ​ដល់​ប្រមុខ​ដឹកនាំ និង​ថ្នាក់​ដឹកនាំ​ស្ថាប័ន​គ្រប់​ជាន់​ថ្នាក់​តាំង​ពី​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​ព្រះសីហនុ ជួយ​ទប់ស្កាត់​បទល្មើស​កាប់​រាន​ដី​គម្រប​ព្រៃ​ឈើ និង​ដី​ភ្នំ​ពី​សំណាក់​ជន​ខិលខូច​មួយ​ចំនួន ឲ្យ​បាន​គង់វង្ស និង​មាន​ប្រសិទ្ធភាព។

មេ​ឃុំ​បិតត្រាំង ក៏​ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជាពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​មាន​វិធានការ​ទប់ស្កាត់ ឬ​រឹប​អូស​យក​ដី​ព្រៃ​ឈើ ឬ​ដី​ព្រៃ​ភ្នំ ដែល​ត្រូវ​គេ​រំលោភ និង​ហ៊ុមព័ទ្ធ​របង​ធ្វើ​កម្មសិទ្ធិ​នា​មូលដ្ឋាន​នេះ យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ៖ «អ៊ីចឹង​ដើម្បី​ឲ្យ​ទ្រព្យ​សម្បត្តិ​ដែល​ជា​កេរ​ដំណែល​របស់​ដូនតា​បាន​បន្សល់​ទុក​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ អាច​រក្សា​បាន​គង់វង្ស​យូរ​អង្វែង និង​មិន​ឲ្យ​បាត់បង់​នៅ​មូលដ្ឋាន​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ យើង​ខ្ញុំ​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ថ្នាក់​ឃុំ​បិតត្រាំង សូម​សំណូមពរ​ដល់​រាជ​រដ្ឋាភិបាល​តាំង​ពី​ថ្នាក់​ជាតិ រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ សូម​មេត្តា​ជួយ​ចាត់ចែង និង​ការពារ​អភិរក្ស​ព្រៃ​ឈើ ភ្នំ និង​តំបន់​ឆ្នេរ​នៅ​មូលដ្ឋាន​នេះ ដើម្បី​កុំ​ឲ្យ​បាត់បង់​ធាតុ​ដើម ដែល​ជា​ទម្រង់​មួយ​ដែល​អាច​បង្ហាញ​ពី​សោភ័ណភាព​ដល់​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ពិសេស​តំបន់​ឆ្នេរ​នៅ​ក្នុង​មូលដ្ឋាន​នេះ​នា​ថ្ងៃ​អនាគត»

លោក អ៊ឹង សារ៉ុម មេ​ឃុំ​បិតត្រាំង បង្ហាញ​ការ​សោកស្ដាយ​ថា ដី​គម្រប​ព្រៃ​ឈើ និង​ដី​ព្រៃ​ភ្នំ​ដែល​នៅ​សេសសល់​នា​ខេត្ត​ព្រះសីហនុ មិន​គួរ​ថ្នាក់​ដឹកនាំ​នៅ​តាម​ស្ថាប័ន​ជំនាញ​នានា ទុក​បណ្តោយ​ឲ្យ​មាន​ការ​ឃុបឃិត​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​អនាធិបតេយ្យ​ដូច​រាល់​ថ្ងៃ​នេះ​ទៀត​ទេ ព្រោះ​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​អនាគត។

ស្រដៀង​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ និង​អ្នក​ទេសចរ​ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ ក៏​បាន​រិះគន់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​ទុក​បណ្តោយ​ឲ្យ​មាន​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ព្រៃ​កោងកាង​រាន​ដី​ធ្វើ​កម្មសិទ្ធិ​ឯកជន កើត​មាន​អនាធិបតេយ្យ និង​គ្មាន​អាជ្ញាធរ​ហាមឃាត់។ ពួក​គេ​ក៏​បាន​អំពាវនាវ​ដល់​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល និង​រដ្ឋមន្ត្រី​នៅ​តាម​ក្រសួង​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ជួយ​ចុះ​អង្កេត និង​ឈាន​ដល់​ដកហូត​ដី​ភ្នំ ឬ​ដី​គម្រប​ព្រៃ​ឈើ​ដែល​ត្រូវ​មន្ត្រី​ពាក់​ផ្កាយ ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា និង​ប្រជាពលរដ្ឋ​មួយ​ចំនួន រំលោភ​យក​នា​ពេល​កន្លង​ទៅ មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។

ទាក់ទិន​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន និយាយ​ដដែលៗ​ថា បាន​ដាក់​បទបញ្ជា​ដល់​មន្ត្រី​ជំនាញ​នៅ​តាម​មន្ទីរ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្រោម​ឱវាទ​ខេត្ត ឲ្យ​ចុះ​ទប់ស្កាត់​បទល្មើស​កាប់​រាន​ដី​គម្រប​ព្រៃ​ឈើ ឬ​ដី​ភ្នំ​នេះ​ជា​បន្តបន្ទាប់​រួច​ហើយ។ លោក​ព្រមាន​ថា សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​ភ្នំ និង​ដី​គម្រប​ព្រៃ​ឈើ ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ការពារ​ដោយ​រដ្ឋធម្មនុញ្ញ គឺ​ជា​ទង្វើ​ខុស​ច្បាប់។

បញ្ហា​នេះ លោក យន្ត មីន ស្នើ​ដល់​អ្នក​ជាប់​ពាក់ព័ន្ធ​សកម្មភាព​កាប់​រាន​ដី​គម្រប​ព្រៃ​ឈើ និង​ដី​ភ្នំ​ដែល​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ទាំង​ពលរដ្ឋ ឈ្មួញ និង​មន្ត្រី​រាជការ​ក្តី ត្រូវ​ដក​ខ្លួន​ជា​បន្ទាន់ ព្រោះ​រដ្ឋបាល​ខេត្ត​នឹង​ដាក់​របាយការណ៍​ជុំវិញ​បទល្មើស​បំផ្លាញ​ធនធាន​ធម្មជាតិ​ទាំងនេះ ជូន​ថ្នាក់​ដឹកនាំ​ពិនិត្យ និង​ឈាន​ដល់​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​ទាំងនេះ។

ទោះ​បី​ជា​បែប​នេះ​ក្តី មន្ត្រី​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ថ្នាក់​ទាប​នា​មូលដ្ឋាន​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ថ្លែង​រិះគន់​ចំពោះ​ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ ថា​មាន​ភាព​កម្សោយ និង​មិន​អាច​មាន​លទ្ធភាព​ទប់ស្កាត់​បទល្មើស​កាប់​រាន​ដី​គម្រប​ព្រៃ​ឈើ ឬ​ដី​ភ្នំ​ដែល​កើត​មាន​អនាធិបតេយ្យ​នេះ​មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​បទបញ្ជា​ដែល​លោក យន្ត មីន បាន​ដាក់​ឲ្យ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​នេះ​អនុវត្ត​កន្លង​ទៅ គឺ​គ្មាន​អ្នក​អនុវត្ត​តាម​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ ហើយ​បទល្មើស​កាប់​រាន​ដី​ព្រៃ​ឈើ និង​ដី​ភ្នំ​នា​មូលដ្ឋាន​នេះ នៅ​តែ​បន្ត​កើត​មាន​ជា​បន្តបន្ទាប់​នៅ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក។ មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ នឹង​រង់ចាំ​មើល​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​របស់​រដ្ឋបាល​ខេត្ត​នេះ ថា​តើ​អាច​ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​ភ្នំ និង​ដី​គម្រប​ព្រៃ​ឈើ​ដែល​នៅ​សេសសល់​មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។