សង្គម​ស៊ីវិល​បារម្ភ​អំពី​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​គណៈកម្មការ​ជាតិ

ដោយ ម៉ែន សុធីរ
2016.02.02
សៅ សុខា ២០១៦ ៨៥៥ អគ្គ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា (រូប​ច្រត់​ជង្គង់) ពេល​ចុះ​ត្រួត​ពិនិត្យ​គំនរ​ឈើ​​ក្នុង​បរិវេណ​​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន​ក្នុង​ឃុំ​រលួស ស្រុក​សំបូរ ខែត្រ​ក្រចេះ នៅ​ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១៦។
RFA/Men Sothyr

មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ពី​វិធានការ​របស់​គណៈកម្មការ​ជាតិដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថា មិន​ឯករាជ្យ និង​មិន​ស្មើភាព​បន្ទាប់​ពី​កម្លាំង​ប្រដាប់​អាវុធ​មិន​ទាន់​ចាប់​ជនល្មើស​ផ្ដន្ទាទោស ខណៈ​គំនរ​ឈើ​រាប់ពាន់​ម៉ែត្រ​គូប​សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ និង​គំនរ​ឈើ​ជា​ច្រើន​ត្រូវ​បាន​គេ​ដុត​បំផ្លាញ​កាល​ពី​ចុង​ខែ​មករា។

បញ្ហា​នេះ​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​យន្តការ​បង្ក្រាប​បទល្មើស​របស់​រដ្ឋាភិបាល អាច​ធ្វើ​គ្រាន់​តែ​បង្អើល ទោះ​បី​ជន​ប្រព្រឹត្ត​ដែល​មាន​ងារ​ជា​ឧកញ៉ា មន្ត្រី​យោធា និង​ឈ្មួញ​ជនជាតិ​វៀតណាម ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ សមត្ថកិច្ច​នៅ​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​នៅ​ឡើយ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​ទន្ទឹង​រង់ចាំ​លទ្ធផល​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​គណៈកម្មការ​ជាតិដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​​បទល្មើស​ព្រៃឈើ ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​ខែត្រ​ភាគ​ឦសាន។

ទន្ទឹម​នឹង​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​គណៈកម្មការ​នេះ​អនុវត្ត​ច្បាប់​ព្រៃឈើ​ម៉ឺងម៉ាត់ ព្រមទាំង​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ពិសេស​ឧកញ៉ា​ជួញ​ដូរ​ឈើ។

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា (CHRTF) លោក អ៊ូច ឡេង មាន​ប្រសាសន៍​ថា លោក​ពុំ​មាន​ជំនឿ​ចំពោះ​យន្តការ​បង្ក្រាប​បទល្មើស​ព្រៃ​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល ទោះ​បី​សមត្ថកិច្ច​រក​ឃើញ​ភស្តុតាង និង​ឯកសារ​បទដ្ឋាន​ផ្សេងៗ ពី​ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​ឈើ​ខុស​ច្បាប់​ក្ដី។

លោក​ចាត់​ទុក​យន្តការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល គ្រាន់តែ​បង្អើល បន្ទាប់ពី​បទល្មើស​ព្រៃឈើ​បាន​កើត​ឡើង​ជា​ប្រព័ន្ធ ហើយ​មាន​ឧកញ៉ា និង​ឈ្មួញ​ជនជាតិ​វៀតណាម ដុះ​ស្លែ​មួយ​ចំនួន​ហាក់​មិន​ញញើត​ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា ឡើយ៖ «យើង​អាច​និយាយ​ថា មិន​មាន​អត្ថន័យ​អ្វី​សោះ​ជូន​ពលរដ្ឋ ព្រោះ​យើង​មិន​ទាន់​មាន​នរណា​ម្នាក់​ចាប់​ខ្លួន ហើយ​មិន​ទាន់​ឃើញ​ឈើ​រាប់​ម៉ឺន​ត្រូវ​បាន​កាប់​បំផ្លាញ​រាប់​ឆ្នាំ​ណាស់​មក​ហើយ អត់​ទាន់​មាន​ចំណាត់​ការ»

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​នៃ​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល បារម្ភ​ថា ទោះបី​កងកម្លាំង​ប្រដាប់​អាវុធ​កំពុង​ឡោមព័ទ្ធ​ទីតាំង​ស្តុក​ឈើ​របស់​ឈ្មួញ​ក្ដី តែ​វិធានការ​បង្ក្រាប និង​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​ហាក់​អាថ៌កំបាំង និង​បិទ​ព័ត៌មាន​ស្ដីពី​របាយការណ៍​វាស់វែង និង​ឯកសារ​បទដ្ឋាន​ផ្សេងៗ។ លោក​បារម្ភ​ទៀត​ថា ប្រតិបត្តិការ​បង្ក្រាប និង​ការ​អនុវត្ត​ច្បាប់​របស់​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មាន​ប្រសិទ្ធភាព​កម្រិត​ណា៖ «បើសិនជា​មិន​យក​ច្បាប់​រដ្ឋ​ព្រៃឈើ​អនុវត្ត​ទេ បង្កើត​មក​ធ្វើ​អី? ដូចជា​អ្នក​រក​ស៊ី​ឈើ​រាល់ថ្ងៃ​ចាប់​បាន​តែ​វត្ថុតាង»

ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​គណៈកម្មការ​ជាតិ ដែល​ដឹកនាំ​ដោយ​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ លោក សៅ សុខា នៅ​មិន​ទាន់​ចេញ​លទ្ធផល​នៅ​ឡើយ​ទេ ខណៈ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ពាក់ព័ន្ធ​កំពុង​ស្រាវជ្រាវ និង​វាស់វែង។

ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ឲ្យ​ដឹង​ថា គណៈកម្មាធិការ​ជាតិ​ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​មិន​ទាន់​ចេញ​លទ្ធផល​នៅ​ឡើយ​ទេ ព្រោះ​កំពុង​ស៊ើប​អង្កេត​នៅ​ឡើយ។ លោក​ថា នាយ​ឧត្ដមសេនីយ៍ សៅ សុខា បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​វាស់វែង និង​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ដើម្បី​អនុវត្ត​ច្បាប់។

លោក​អះអាង​ថា បើ​មន្ត្រី​ជំនាញ​រក​ឃើញ​បុគ្គល​ណា​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ត្រូវ​ទទួលទោស​តាម​ច្បាប់៖ «យើង​មិន​ទាន់​បង្ហាញ​បាន​ទេ ដោយសារ​វា​ឋិត​នៅ​ស៊ើបអង្កេត។ ការ​ស៊ើប​អង្កេត​ជា​ការសម្ងាត់​ យើង​មិន​អាច​បង្ហាញ​បាន​ទេ។ ជំនាញ​របស់​យើង​ស្រាវជ្រាវ​ហើយ​មាន​ការ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា ៦​ខែត្រ នៅ​ភូមិ​ភាគ​ឦសាន ករណី​អ្នក​ពាក់ព័ន្ធ​ធ្វើ​តាម​ច្បាប់»

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក មណ្ឌលគិរី លោក សុក រដ្ឋា កត់សម្គាល់​ថា រហូត​មក​ដល់​បច្ចុប្បន្ន មន្ត្រី​ជំនាញ​នៅ​មិន​ទាន់​រឹប​អូស​គំនរ​ឈើ​ជា​ច្រើន​ម៉ែត្រ​គូប​នៅ​ឡើយ។ ចំណែក​អ្នក​ពាក់ព័ន្ធ​ដែល​ដុត​គំនរ​ឈើ​ជា​ច្រើន​ម៉ែត្រ​គូប​ក៏​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​ដែរ។ លោក​ទាមទារ​ឲ្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បើក​ទូលាយ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​ត្រូត​ពិនិត្យ និង​តាមដាន​ពី​ដំណើរ​នៃ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ជាពិសេស​សហគមន៍​នៅ​មូលដ្ឋាន​ផ្ទាល់។

លោក សុក រដ្ឋា៖ «ការ​ដែល​ស៊ើបអង្កេត​របស់​គាត់​ជា​មន្ត្រី​មាន​សមត្ថកិច្ច​ហើយ ដើម្បី​ឲ្យ​មាន​តម្លាភាព គាត់​គួរតែ​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​ពី​សហគមន៍​នៅ​មូលដ្ឋាន​ដែល​គាត់​ធ្លាប់​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​យ៉ាងសកម្ម​កន្លង​មក​នោះ ហើយ​ក៏​អំពាវនាវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​តាមដាន​លម្អិត​លើ​រឿង​នោះ​ផង»

កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន​ដឹកនាំ​កម្លាំង​មក​ខែត្រ​ស្ទឹងត្រែង ប៉ុន្តែ​ពុំ​បាន​ចុះ​ត្រួត​ពិនិត្យ​ឃ្លាំង​ស្តុក​ឈើ​របស់​ឈ្មួញ​ជនជាតិ​វៀតណាម ឈ្មោះ យាយ ព្រឿង និង​យាយ បូង និង​ឃ្លាំង​របស់​ឧកញ៉ា​ ទ្រី ភាព ទេ ហើយ​គណៈកម្មការ​នោះ​បាន​បន្ត​ដំណើរ​ទៅ​បំពេញ​បេសកកម្ម​នៅ​ខែត្រ​ព្រះវិហារ វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។