សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​ពោធិ៍សាត់​កើន​ឡើង

ដោយ ជិន ជេដ្ឋា
2014.03.26

សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ស្រុក​ភ្នំក្រវ៉ាញ និង​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កើត​មាន​កាន់​តែ​ច្រើន​ឡើង​តាំង​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៤។ ប៉ុន្តែ អាជ្ញាធរ និង​មន្ត្រី​បរិស្ថាន មិន​បាន​ចុះ​ទប់ស្កាត់​ឡើយ។ ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ចុះ​ស៊ើប​អង្កេត និង​ដាក់​ទោស​ចំពោះ​មន្ត្រី​ណា​ដែល​ជាប់​ពាក់ព័ន្ធ​បទ​ល្មើស និង​លប់​បំបាត់​ជា​បន្ទាន់​នូវ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​អនាធិបតេយ្យ​នេះ។

សកម្មជន​ព្រៃ​ឈើ និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ថា ប្រភេទ​ឈើ​បេង នាង​នួន និង​ធ្នង់ ជាច្រើន​ម៉ែត្រ​គូប ក្នុង​១​ថ្ងៃៗ​ត្រូវ​បាន​ឈ្មួញ​ដឹក​មក​លាក់​ទុក​តាម​ផ្ទះ​អ្នក​ភូមិ​ក្បាលទាហាន នៃ​ឃុំ​ឈើតុំ ដើម្បី​លួច​ដឹក​ចេញ​ពេល​យប់​ចែក​ចាយ​ទៅ​តាម​ដេប៉ូ​ផ្សេងៗ។ ចំណែក​ប្រភេទ​ឈើ​ដំ​សម្បក និង​ឧស​គូប​វិញ ត្រូវ​បាន​គេ​ដឹក​ទាំង​ថ្ងៃ​ទាំង​យប់​តាម​រទេះ​គោយន្ត​ក្នុង​១​ថ្ងៃៗ​រាប់​រយ​គ្រឿង មក​ស្តុក​ទុក​នៅ​ទី​រួម​ស្រុក​ក្រគរ និង​បែង​ចែក​បន្ត​ទៅ​ខេត្ត​ផ្សេង​ទៀត។

ប្រជាពលរដ្ឋ​ម្នាក់ លោក ម៉េង ប៊ុនរឿន មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ភូមិ និង​ឈ្មួញ​មក​ពី​តំបន់​ផ្សេងៗ បាន​នាំ​គ្នា​សម្រុក​កាប់​ឈើ​នៅ​ចំណុច​ភ្នំ​ថ្មគង់ និង​អូរ​ឈ្មោល នៃ​ឃុំ​ឈើតុំ ស្រុក​ក្រគរ។ ចំណែក​នៅ​ស្រុក​ភ្នំក្រវ៉ាញ វិញ គឺ​មាន​នៅ​ចំណុច​រាំង​ខ្វាវ អូរ​កៅ ស្ទឹង​ព្រាល និង​ចំណុច​បាយ​ក្ដាំង នៃ​ឃុំ​ព្រងិល ជាដើម៖ «អ្នក​ដែល​ទិញ​ឈើ​ប្រភេទ​ធ្នង់ ប្រភេទ​នាង​នួន ខ្ញុំ​ឃើញ​ភាគ​ច្រើន គឺ​មាន​ប៉េអិម និង​ប៉ូលិស ក៏​មាន​ការ​ទិញ​ឈើ​ហ្នឹង​ដែរ។ សូម​ជូន​ដំណឹង​ទៅ​ដល់​រដ្ឋាភិបាល​ដែល​នៅ​ថ្នាក់​លើ ជួយ​ឲ្យ​គាត់​មក​ចុះ​ត្រួត​ពិនិត្យ​នូវ​បទ​ល្មើស​ព្រៃ​ឈើ​ទាំង​ឡាយ​នេះ ធ្វើ​ឲ្យ​ហិនហោច​ដល់​ប្រទេស​ជាតិ»

ចំណែក​សកម្មជន​ដីធ្លី និង​ព្រៃ​ឈើ លោក គុជ វ៉េង បញ្ជាក់​ថា ការ​កើន​ឡើង​នៃ​បទ​ល្មើស​ព្រៃ​ឈើ​នេះ គឺ​បណ្ដាល​មក​ពី​អ្នក​មាន​លុយ និង​មាន​អំណាច នាំ​គ្នា​ច្បាម​យក​ដី​ព្រៃ​របស់​រដ្ឋ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ លោក​ថា អាជ្ញាធរ ប៉ូលិស និង​មន្ត្រី​បរិស្ថាន មិន​បាន​ទប់ស្កាត់​នូវ​សកម្មភាព​ល្មើស​ទាំង​នោះ​ឡើយ តែ​បែរ​ជា​ដាក់​ទីតាំង​ចាំ​ស្ទាក់​យក​លុយ​ពី​ជន​ល្មើស​ជាច្រើន​កន្លែង នៅ​ក្នុង​ទឹក​ដី​ឃុំ​ឈើតុំ នៃ​ស្រុក​ក្រគរ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ស្រុក​ភ្នំក្រវ៉ាញ លោក សូរ សាហុង ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ។ ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ពោធិ៍សាត់ លោក ថៃ ចន្ថា បាន​ថ្លែង​បដិសេធ​យ៉ាង​ខ្លី​ថា ទីតាំង​ដែល​កើត​មាន​បទ​ល្មើស​ទាំង​នោះ គឺ​មិន​ស្ថិត​នៅ​ក្រោម​ដែន​សមត្ថកិច្ច​ខាង​លោក​ឡើយ៖ «មិន​មែន​ឲ្យ​តែ​ស្រុក​ភ្នំក្រវ៉ាញ ស្រុក​ក្រគរ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្ញុំៗ​នៅ​កន្លែង កន្លែង​ជ្រៅៗ​ឯណោះ​បង អត់​នៅ​ក្នុង​ហ្នឹង​ទេ។ ខ្ញុំ​កំពុង​ជាប់​ប្រជុំ»

យ៉ាង​ណា មេ​ឃុំ​ឈើតុំ លោក ប៉ាក ផន មាន​ប្រសាសន៍​ថា នៅ​ក្នុង​ទឹក​ដី​ឃុំ​របស់​លោក​ពុំ​មាន​បទ​ល្មើស​ព្រៃ​ឈើ​ឡើយ ដោយសារ​តែ​ពុំ​មាន​ព្រៃ​ឈើ​ត្រង់​ណា​នៅ​សេសសល់​ពី​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​ដាំ​ដំឡូងមី ភាពីម៉ិច នោះ​ទេ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា សកម្មភាព​ដឹក​ឈើ​កាត់​តាម​ឃុំ​របស់​លោក ពិត​ជា​មាន​សកម្មភាព​ច្រើន​មែន៖ «ឃើញ​តែ​ឧស​ប្រជាពលរដ្ឋ​ដឹក​តាម​គោយន្ត​អី សុទ្ធតែ​កាប់​ឈើ​សេសសល់​ពី​ក្រុមហ៊ុន និង​ឈើ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ហ្នឹង គាត់​ដឹក​យក​ទៅ​លក់​នៅ​ស្រុក​ក្រគរ ទេ ហើយ​អា​ឈើ​ប្រណីត​ដែល​មាន​តិចតួច​ដឹក​តាម​ម៉ូតូ គឺ​ចេញ​មក​លើ​មក​វិញ ពី​ដើម​ខ្វាវ​មក​វិញ​ទេ»

សកម្មជន​ដីធ្លី និង​ការពារ​ព្រៃ​ឈើ លោក គុជ វ៉េង បាន​ឲ្យ​ដឹង​ថា លោក​មាន​គម្រោង​ប្រមូល​ប្រជាពលរដ្ឋ​ចូល​ព្រៃ ដើម្បី​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តាម​ទីតាំង​ដែល​កំពុង​កើត​មាន​បទ​ល្មើស​ទាំង​នោះ បន្ទាប់​ពី​ខ្លួន​ប្រមូល​ព័ត៌មាន និង​ភស្តុតាង​បាន​ច្រើន ដាក់​ជូន​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រដ្ឋបាល​ព្រៃ​ឈើ នា​ថ្ងៃ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។