សហគមន៍ជនជាតិដើមភាគតិចរស់នៅភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អះអាងថា ឈើមូលរាប់រយដើម ត្រូវគេកាប់នៅតំបន់ព្រៃស្រោង និងព្រៃសហគមន៍អភិរក្សជាប់ព្រំដែនប្រទេសវៀតណាម។ សកម្មភាពនេះ សហគមន៍ចោទប្រកាន់ទៅលើតម្រួតព្រំដែន និងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនៅតំបន់នោះ ថាជាអ្នកកាប់ឈើលក់ឆ្លងដែនទៅឲ្យឈ្មួញវៀតណាម។
តំណាងសហគមន៍ភូមិភិ នៅថ្ងៃទី១៤ ខែមករា អំពាវនាវឲ្យអាជ្ញាធរខេត្តរតនគិរី ស៊ើបអង្កេតបន្ទាន់ករណីបទល្មើសកាប់ឈើមូលរាប់រយដើម ធ្វើឡើងដោយតម្រួតការពារព្រំដែនខ្មែរ និងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមានទីតាំងនៅចំណុចប៉ុស្តិ៍ការពារព្រំដែន៧០៩ និងប៉ុស្តិ៍៥០៩ ឋិតក្នុងឃុំសេសាន ស្រុកអូរយ៉ាដាវ ជាប់នឹងព្រំដែនប្រទេសវៀតណាម។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសហគមន៍ភូមិភិ មានគ្នា ៨០នាក់ កាលពីថ្ងៃទី១៣ ខែធ្នូ បានរកឃើញឈើមូលដែលគេកាត់គល់ និងចុង ហើយអារជាឈើជ្រុង ២៥ដើម ក្នុងចំណោមឈើច្រើនដើមផ្សេងទៀត ត្រូវបានគេយកទៅទម្លាក់ក្នុងទឹកទន្លេមុខប៉ុស្តិ៍ការពារព្រំដែន៧០៩។
តំណាងសហគមន៍ លោក សេវ លាង បញ្ជាក់ថា ការរកឃើញឈើក្នុងទឹកនេះ ត្រូវបានមន្ត្រីនគរបាលប៉ុស្តិ៍ការពារព្រំដែន៧០៩ គំរាមកំហែងមិនឲ្យសហគមន៍រឹបអូសឈើនោះទេ ដោយសំអាងថា សហគមន៍គ្មានសិទ្ធិបង្ក្រាបបទល្មើសព្រៃឈើនោះឡើយ។ លោកបន្តថា ឈើក្នុងព្រៃការពារសហគមន៍ និងព្រៃស្រោងនៅតំបន់ព្រំដែន ត្រូវតម្រួតព្រំដែន និងក្រុមហ៊ុនសម្បទាននៅតំបន់នោះ កាប់រំលំ ហើយអារចុងគល់ បន្ទាប់មកគេដឹកជញ្ជូនតាមត្រាក់ទ័រយកទៅទម្លាក់នៅមាត់ទន្លេ។ បន្ទាប់មក ឈ្មួញវៀតណាម បានឆ្លងដែនខ្សែបន្ទាត់ខណ្ឌដែនសីមាប្រទេសទាំងពីរ មកដឹកជញ្ជូនឈើបន្តចូលទៅប្រទេសវៀតណាម៖ «ប៉ូលិសគេថាឈើគេ ហើយគេទម្លាក់ក្នុងទឹក។ គេថាអ្នកភូមិអត់មានសិទ្ធិចាប់ ប៉ូលិសថាបើហ៊ានធ្វើ គេចាប់ គេស្តីឲ្យពួកខ្ញុំម្សិលមិញ»។
ជនពាក់ព័ន្ធក្នុងបទល្មើសព្រៃឈើឆ្លងដែននេះ អ្នកភូមិចោទប្រកាន់ទៅលើក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ៧មករា ផារី និងមន្ត្រីប៉ុស្តិ៍ការពារព្រំដែន៧០៩ និង៥០៩។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន និងមន្ត្រីប៉ូលិសការពារព្រំដែន ដើម្បីសុំបំភ្លឺពីការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១៤ មករា ក៏ប៉ុន្តែគេឃើញរូបភាពទាក់ទិនការកាប់បំផ្លាញព្រៃឈើ ត្រូវបានមន្ត្រីអង្គការសង្គមស៊ីវិល បង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី១៣ ខែមករា កន្លងមកដែរ។
ទាក់ទិនការចោទប្រកាន់នេះ ស្នងការរងនគរបាល ទទួលបន្ទុកកិច្ចការព្រំដែនខេត្តរតនគិរី លោក ហេង រតនា អះអាងថា លោកបានឃើញរូបភាពកាប់បំផ្លាញព្រៃឈើដែលបង្ហោះក្នុងបណ្ដាញសង្គមនោះហើយ។ លោកថា កំពុងកោះហៅមន្ត្រីប៉ុស្តិ៍ការពារព្រំដែនមកឆ្លើយបំភ្លឺ ចំពោះករណីចោទប្រកាន់នេះ។ ទន្ទឹមនេះ លោកបានចាត់កម្លាំងឲ្យចុះអង្កេតនៅទីតាំងជាក់ស្តែងនៅថ្ងៃទី១៤ ខែមករា នេះ៖ «ខ្ញុំឲ្យកម្លាំង ៦នាក់ចុះទៅស្រាវជ្រាវរឿងហ្នឹងហើយ។ ឲ្យទៅដល់កន្លែងកើតហេតុដែលគេបង្ហោះនោះ តើមានមែនអត់? ខ្ញុំឲ្យយកភស្តុតាងឲ្យច្បាស់»។
រីឯនាយផ្នែករដ្ឋបាលព្រៃឈើអូរយ៉ាដាវ នៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក ឡេង យុគ បញ្ជាក់ដែរថា លោកក៏បានឃើញរូបភាពបង្ហោះតាមបណ្ដាញសង្គមដូចគ្នា។ ករណីនេះ លោកក៏បានចាត់មន្ត្រីចុះអង្កេតនៅទីតាំងជាក់ស្តែងរួចហើយ៖ «ខ្ញុំបានមើលដែរព័ត៌មានហ្នឹង។ ខ្ញុំកំពុងឲ្យនាយសង្កាត់ព្រៃឈើចុះទៅមើលហើយ។ ខ្ញុំឆ្ងល់ដែរ រដ្ឋបាលព្រៃឈើនៅក្បែរៗគាត់មិនមកប្ដឹង»។
យ៉ាងណាក៏ដោយ មន្ត្រីផ្នែកអង្កេតនៃអង្គការលីកាដូ (LICADHO) ខេត្តរតនគិរី លោក សុវណ្ណ ប៊ុនថៃ អះអាងថា លោកបានចុះអង្កេតករណីកាប់ឈើនៅតំបន់នោះកាលពីខែធ្នូ និងបានឃើញថា ឈើមូលរាប់រយដើមពិតជាត្រូវបានគេកាប់លក់ឆ្លងដែនទៅប្រទេសវៀតណាម។ លោកចាត់ទុកថា នេះជាបទល្មើសព្រៃឈើធ្ងន់ធ្ងរ។ ហេតុនេះ អាជ្ញាធរត្រូវចាត់វិធានការបង្ក្រាបបន្ទាន់៖ «៥០៩ គាត់តាមពួកខ្ញុំពីក្រោយ គាត់ថាពួកនេះមកពីណា គាត់គំរាមពួកខ្ញុំ ហេតុអ្វីបានជាហ៊ានថតឈើគេ។ ខ្ញុំជិះតាមមាត់ទន្លេហ្នឹងប៉ុស្តិ៍៧០៩ ហ្នឹង កំពុងលើកឈើ។ តាមដងទន្លេក៏កាប់អស់ ក្នុងព្រៃក៏កាប់អស់ គេកាប់ចុងកាប់គល់ ហើយយប់ឡើងខាងវៀតណាម គេមកដឹកឆ្លងទន្លេ»។
កាលពីឆ្នាំ២០១៣ សហគមន៍ភូមិភិ ឲ្យដឹងថា ពលរដ្ឋវៀតណាម បីនាក់បានឆ្លងដែនចូលមកកាប់ឈើក្នុងព្រៃជាប់ព្រំដែន ដោយមានការការពារពីតម្រួតព្រំដែនខ្មែរ។ ករណីនេះ អ្នកភូមិចាប់បានជនជាតិវៀតណាម បីនាក់ និងបានពិន័យជាប្រាក់ ២ពាន់ដុល្លារ ជាសំណងសែនព្រេនបែបប្រពៃណីជនជាតិដើមភាគតិច ទាក់ទិនការកាប់បំផ្លាញព្រៃឈើសហគមន៍របស់ពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។