ពលរដ្ឋ​ខេត្ត​រតនគិរី​ថា​ឈើ​មាន​តម្លៃ​នៅ​តំបន់​ភ្នំ​ចំនួន​ពីរ​ត្រូវ​ឈ្មួញ​កាប់​ធ្វើ​អាជីវកម្ម

ដោយ រដ្ឋា វិសាល
2017.08.27
កាប់​ឈើ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ រតនគិរី ២០១៧ ៦២២ ដើម​ឈើ​ដែល​ត្រូវ​គេ​កាប់​រំលំ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៧។
Photo: RFA

ឈើ​មូល​រាប់​ពាន់​ដើម​នៅ​តំបន់​ភ្នំ​អាត និង​ភ្នំ​ម៉ាហាល ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ខេត្ត​រតនគិរី ដែល​ជនជាតិ​ដើម​ភាគតិច​រស់នៅ​តំបន់​ក្បែរ​នោះ​ប្រើប្រាស់ និង​ថែរក្សា​ជា​លក្ខណៈ​ប្រពៃណី ត្រូវ​បាន​គេ​កាប់​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ក្នុង​រយៈពេល​តែ​បី​ខែ​ប៉ុណ្ណោះ។ អ្នក​ភូមិ​ដែល​ធ្លាប់​ចេញ​ចូល​តំបន់​ភ្នំ ដើម្បី​ដាក់​អន្ទាក់​សត្វ ឬ​ស្វែងរក​អនុផល​ក្នុង​ព្រៃ ចាត់​ទុក​ថា​នេះ​ជា​វិនាសកម្ម​ធនធាន​ធម្មជាតិ​មាន​តម្លៃ​របស់​ជាតិ​ដែល​បន្សល់​ទុក​ច្រើន​ជំនាន់​មក​ហើយ។

ភ្នំ​អាត និង​ភ្នំ​ម៉ាហាល ឋិត​នៅ​ចម្ងាយ​ប្រមាណ ១០ ទៅ ១៥​គីឡូម៉ែត្រ​ពី​ភូមិ​សមុទ្រក្រោម ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី។ ភ្នំ​ទាំង​ពីរ​នេះ​ជា​ជង្រុក​ឈើ​ប្រណិត និង​ឈើ​មាន​តម្លៃ​ជា​ធនធាន​ធម្មជាតិ​រាប់​សិប​ម៉ឺន​ដើម​ដុះ​នៅ​តំបន់​នោះ​ច្រើន​ជំនាន់​មក​ហើយ មុន​ពេល​តំបន់​ព្រៃ​នោះ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន។

ជនជាតិ​ដើម​ភាគតិច​គ្រឹង រស់នៅ​ភូមិ​សមុទ្រក្រោម តែង​ចូល​ព្រៃ​នៅ​លើ​ភ្នំ​ទាំង​ពីរ​ដើម្បី​ដាក់​អន្ទាក់​សត្វ រក​វល្លិ និង​អនុផល​ព្រៃឈើ​ចិញ្ចឹម​ជីវិត​តាម​ប្រពៃណី ចាត់​ទុក​ព្រៃឈើ​នៅ​តំបន់​នោះ​ថា​ជា​ទី​ស្នាក់នៅ​របស់​អារក្ស​អ្នកតា​ដែល​អ្នក​ភូមិ​គោរព​បូជា និង​ជា​ទី​ស្នាក់​អាស្រ័យ​នៃ​សត្វ​ព្រៃ​ច្រើន​ប្រភេទ​រស់នៅ​ចិញ្ចឹម​ជីវិត​នៅ​ទីនោះ៖ «ឈើ​កកោះ សុក្រំ ផ្ចឹក ផ្ដៀក ពពេល ខ្លុង ត្បែង មាន​គ្រប់​មុខ​ចាប់​ពី​មុខ​ហា មុខ​ហុក​នៅ​ញឹក​នៅ​ឡើយ​ពី​មុន​មក។ ភ្នំ​នេះ​ជា​តំបន់​អភិរក្ស​ជម្រក​សត្វ​ព្រៃ ពី​មុន​មក​ខ្ញុំ​ទៅ​បណ្តើរ​ឆ្កែ​ដាក់​អន្ទាក់ ជាដើម»

ចាប់​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦ អ្នក​ភូមិ​ដែល​ចូល​ព្រៃ​កត់​សម្គាល់​ថា រយៈពេល​តែ​បី​ខែ​ប៉ុណ្ណោះ ឈើ​មូល​រាប់​ពាន់​ដើម​នៅ​តំបន់​ភ្នំ​ទាំង​ពីរ ត្រូវ​ជនជាតិ​វៀតណាម ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​ឈើ និង​គ្រឿងយន្ត​ដឹក​ជញ្ជូន​ចូល​ទៅ​កាប់​យក​ឈើ​មូល​នៅ​លើ​ភ្នំ ហើយ​ដឹក​ជញ្ជូន​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ទាំង​ថ្ងៃ​ទាំង​យប់។

ពលរដ្ឋ​ភូមិ​សមុទ្រក្រោម ដែល​បាន​ឃើញ​ហេតុការណ៍​បញ្ជាក់​ថា ឈើ​មូល​ចាប់​ពី​មុខ​កាត់​ទំហំ ៣០ ទៅ ៤០​សង់ទីម៉ែត្រ​ឡើង​ទៅ ត្រូវ​គេ​អារ​រំលំ ហើយ​កាត់​ចុង​កាត់​គល់​ដឹក​ជញ្ជូន​ចេញ​យ៉ាង​ឆាប់​រហ័ស។ ក្នុង​មួយ​ថ្ងៃៗ ឈើ​រាប់​សិប​រថយន្ត​ត្រូវ​បាន​ដឹក​ជញ្ជូន​ចេញ​ពី​ព្រៃ។ លោក​ចោទ​ប្រកាន់​ទៅ​លើ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ទីនោះ ហាក់​មិន​មាន​វិធានការ​ទប់ស្កាត់ ឬ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដ៏​ធ្ងន់ធ្ងរ​នោះ​ទេ ទើប​ឈើ​មូល​រាប់​ពាន់​ដើម​ត្រូវ​គេ​កាប់​អស់​ពី​ភ្នំ​ទាំង​ពីរ​នេះ​ក្នុង​រយៈពេល​ដ៏​ខ្លី៖ «នៅ​លើ​ភ្នំ​នេះ​ចាប់​ពី​ខែ​ដប់​ពីរ​ដល់​ខែ​បី វា​ចូល​កាប់។ ពួក​វៀតណាម វា​ចូល​តាម​ខ្សែ​រយៈ​ពួក​អាជ្ញាធរ គេ​អត់​ទប់ស្កាត់​អ៊ីចឹង បាន​វៀតណាម ចូល​បាន»

កាល​ពី​សប្តាហ៍​មុន​នេះ អ្នក​ភូមិ​សមុទ្រក្រោម ប្រមាណ ៣០​នាក់ បាន​ចុះ​ល្បាត​ព្រៃ​នៅ​តំបន់​ភ្នំ​អាត ជា​ថ្មី​សង្កេត​ឃើញ​ស្នាម​ផ្លូវ​ដឹក​ជញ្ជូន​ឈើ​នៅ​ខ្វាត់ខ្វែង​នៅ​លើ​ភ្នំ និង​ដោយឡែក​គំនរ​ឈើ​មូល​ច្រើន​កន្លែង​ដែល​ជា​ស្លាកស្នាម​បទល្មើស​ព្រៃឈើ​បន្សល់​ចោល​នៅ​ទីនោះ​នៅ​ឡើយ។

កាល​ពី​ដើម​ខែ​សីហា ពលរដ្ឋ​រស់នៅ​ភូមិ​សមុទ្រក្រោម បាន​រក​ឃើញ​ឯកសារ​ថត​ចម្លង​មួយ​ទាក់ទិន​ការ​ទិញ​លក់​ឈើ​មូល​នៅ​តំបន់​ភ្នំ​អាត។ ក្នុង​លិខិត​ទិញ​លក់​នេះ​មាន​ស្នាម​មេដៃ​ប្រធាន​អនុប្រធាន​ភូមិ​សមុទ្រក្រោម និង​ប្រធាន​អនុប្រធាន​សហគមន៍​ជា​អ្នក​ផ្ដិត​លក់​ឈើ​មូល​នៅ​ភ្នំ​នោះ​ទៅ​ឲ្យ​ឈ្មួញ និង​ដាក់​លក្ខខណ្ឌ​មិន​អនុញ្ញាត​ឲ្យ​ជន​ដទៃ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ភ្នំ ក្រៅ​ពី​ឈ្មួញ​អ្នក​ទិញ​ឈើ​នោះ​ឡើយ។

តំណាង​ពលរដ្ឋ​ភូមិ​សមុទ្រក្រោម ដែល​បាន​រក​ឃើញ​ឯកសារ​ទិញ​លក់​នេះ​បញ្ជាក់​ថា អាជ្ញាធរ​ភូមិ​ពិត​ជា​បាន​លក់​ឈើ​មូល​នៅ​ភ្នំ​អាត មាន​តម្លៃ ១​ម៉ឺន ៥​ពាន់​ដុល្លារ រួម​ទាំង​ភ្នំ​ម៉ាហាល ដែល​អ្នក​ភូមិ​មិន​បាន​ដឹង​តម្លៃ​លក់​ឈើ។ លោក​ថា អ្នក​ភូមិ​គ្រប់​ក្រុម​គ្រួសារ​បាន​ទទួល​ប្រាក់​ពី​មេ​ភូមិ​ចំនួន​ជាង ១០​ម៉ឺន​រៀល បន្ទាប់​ពី​បែក​ធ្លាយ​លិខិត​ទិញ​លក់​នោះ៖ «ចាប់​អា​ហ្នឹង​បានៗ​គាត់​ទទួល​ស្គាល់​ថា​លក់។ កាប់​ហ្នឹង​ពីរ​ភ្នំ ភ្នំ​អាត​មួយ ភ្នំ​ម៉ាហាល​មួយ​ទៀត»

អនុប្រធាន​ភូមិ​សមុទ្រក្រោម លោក ប៊ុន ធាងសឿន ក្នុង​ពេល​សុំ​ការ​បញ្ជាក់​រឿង​នេះ​តាម​ទូរស័ព្ទ​ជាមួយ​អាស៊ីសេរី កាល​ពី​ចុង​ខែ​កក្កដា លោក​ទទួល​ស្គាល់​លិខិត​លក់​ឈើ​មូល​នៅ​ភ្នំ​អាត ថា​ជា​រឿង​ពិត ប៉ុន្តែ​អះអាង​ថា អ្នក​ភូមិ​ក៏​បាន​ឯកភាព​ឲ្យ​អាជ្ញាធរ​លក់​ឈើ ហើយ​ប្រាក់​បាន​ពី​ការ​លក់​ឈើ​មួយ​ផ្នែក ចែក​សមាជិក​សហគមន៍ និង​មួយ​ផ្នែក​យក​ទៅ​សាងសង់​សាលា​ប្រជុំ​ភូមិ៖ «ប្រជាពលរដ្ឋ​ព្រម​ទាំងអស់ គាត់​ព្រម​លក់​ព្រៃឈើ បាន​យើង​លក់​ទៅ បើ​គាត់​មិន​ព្រម គេ​មិន​ហ៊ាន​ទិញ​ដែរ។ ចែក​ម្នាក់ ១០​ម៉ឺន ក្រៅ​ពី​ធ្វើ​សាលា​ភូមិ ខ្ញុំ​ចែក​ប្រជាពលរដ្ឋ»

សមត្ថកិច្ច​ប៉ូលិស​ខេត្ត​រតនគិរី កាល​ពី​ខែ​មករា បាន​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម ដែល​ឆ្លង​ដែន​ចូល​មក​កាប់​ឈើ​នៅ​តំបន់​ភ្នំ​អាត ក្នុង​ឋានៈ​ជា​អន្តោប្រវេសន៍​ខុស​ច្បាប់។ ចំណែក​សមត្ថកិច្ច​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ ក៏​បាន​ចុះ​អង្កេត និង​ដាក់​វិធានការ​ទប់ស្កាត់​ការ​កាប់​ឈើ​នៅ​តំបន់​ភ្នំ​អាត តាំង​ពី​ពេល​នោះ​មក ក៏ប៉ុន្តែ​មិន​ឃើញ​មាន​ព័ត៌មាន​ណា​បញ្ជាក់​ថា តើ​ក្រុម​សមត្ថកិច្ច​ទាំងនោះ​រក​ឃើញ​ជន​ប្រព្រឹត្តិ​ការ​ខូចខាត និង​ចាត់​វិធានការ​បែប​ណា​នៅ​ឡើយ ទាក់ទិន​វិនាសកម្ម​ឈើ​មូល​នៅ​តំបន់​ព្រៃ​ដែន​ជម្រក​សត្វ​លំផាត់​នេះ។

តំណាង​សហគមន៍​ភូមិ​សមុទ្រក្រោម ៨​នាក់​កាល​ពី​ខែ​សីហា បាន​ដាក់​បណ្តឹង​បរិហារ​មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​បរិស្ថាន​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ៧​នាក់​ទៅ​ស​អយ្យការ​សាលា​ដំបូង ដោយ​ចាត់​ទុក​វិនាសកម្ម​ព្រៃឈើ​នោះ​ថា​ជា​ការ​ធ្វេសប្រហែស​បណ្តែតបណ្តោយ​របស់​មន្ត្រី​ពាក់ព័ន្ធ​ការពារ​ព្រៃឈើ​នោះ។

នាយក​រង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ លោក សាន សានី ធ្លាប់​បាន​បញ្ជាក់​ពី​រឿង​នេះ​ថា មន្ត្រី​អនុរក្ស​បាន​ធ្វើ​របាយការណ៍ និង​ដាក់​បណ្តឹង​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​នៅ​តំបន់​ភ្នំ​អាត រួច​ហើយ​ដែរ ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​របាយការណ៍​នោះ​មាន​ពាក់ព័ន្ធ​នរណា​នោះ​ឡើយ៖ «ទៅ​សា​មុន​អត់​ជួប​ទេ ព្រោះ​វា​កាប់​យូរ​ហើយ ខ្ញុំ​ធ្វើ​ឯកសារ​ដាក់​ចូល​ច្រើន​គ្នា​ហើយ»

ចំណែក​អ្នក​នាំ​ពាក្យ និង​ជា​ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​ខេត្ត​រតនគិរី លោក ហាក់ ហ័ន បញ្ជាក់​ថា បណ្តឹង​បរិហារ​របស់​សហគមន៍ និង​បណ្តឹង​របស់​មន្ត្រី​អាជ្ញាធរ ត្រូវ​បាន​បើក​ការ​ស៊ើប​អង្កេត​បឋម​ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​សីហា បន្ទាប់​ពី​លោក​បាន​ចេញ​ដីកា​កោះ​ហៅ​ដើម​ចោទ និង​ចុង​ចោទ​មក​ឆ្លើយ​បំភ្លឺ​ក្នុង​រឿង​ក្តី​នេះ៖ «សំណុំ​រឿង​ហ្នឹង​គាត់​ប្តឹង​គេ មាន​គេ​ប្តឹង​គាត់ ចាប់​ពី​ថ្ងៃ​២១ ទៅ​បាន​ហៅ​គាត់​ចូល។ បាទ ស៊ើប​អង្កេត​បឋម​ហើយ​អា​ហ្នឹង»

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃឈើ​ដីធ្លី​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឌិន ខុន្នី ដែល​បាន​រួម​ដំណើរ​ជាមួយ​សហគមន៍​ទៅ​ដល់​តំបន់​ភ្នំ​អាត ចាត់​ទុក​វិនាសកម្ម​ឈើ​មូល​នៅ​ភ្នំ​នោះ​ថា​ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​មូលដ្ឋាន និង​សមត្ថកិច្ច​ដែន​ជម្រក​សត្វ​ព្រៃ។ លោក​អំពាវនាវ​ឲ្យ​ក្រសួង​បរិស្ថាន ស៊ើប​អង្កេត​បន្ទាន់​ដើម្បី​ស្វែងរក​ជន​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៖ «នេះ​ជា​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ធ្ងន់ធ្ងរ គំនរ​ឈើ​ច្រើន​គំនរ​ដែល​យើង​ចុះ​ទៅ​ឃើញ បើ​សិន​អាជ្ញាធរ​មិន​បន្ត​ចុះ​ទប់ស្កាត់​ទេ ព្រៃឈើ​នោះ​នឹង​វិនាស​អស់»

ភ្នំ​អាត និង​ភ្នំ​ម៉ាហាល មាន​ផ្ទៃដី​មិន​តិច​ជាង ៦០០​ហិកតារ​នោះ​ទេ បច្ចុប្បន្ន​នៅ​សេសសល់​ឈើ​មិន​មាន​តម្លៃ​ទីផ្សារ និង​ឈើ​មិន​ទាន់​គ្រប់​អាយុ​អាច​ប្រើប្រាស់​បាន​តែ​ប៉ុណ្ណោះ។ ដោយឡែក​សហគមន៍​ដែល​មាន​គម្រោង​ស្នើសុំ​តំបន់​នោះ​សម្រាប់​ចុះ​បញ្ជី​ជា​ព្រៃ​អភិរក្ស​ផ្លូវការ​របស់​សហគមន៍​បារម្ភ​ថា ប្រសិន​បើ​មន្ត្រី​អនុរក្ស​មិន​មាន​វិធានការ​ទប់ស្កាត់​ជាក់លាក់​ទេ ព្រៃឈើ​ដែល​នៅ​សេសសល់ នឹង​បន្ត​វិនាស​ថែម​ទៀត ជាពិសេស​សហគមន៍​បាន​រក​ឃើញ​ការ​កាប់​រាន​ព្រៃ​យក​ដី​នៅ​ខាង​ជើង​ភ្នំ​អាត កំពុង​រីក​រាល​ខ្លាំង​ឡើង៖ «អស់​ព្រៃឈើ​ហើយ មាន​សល់​ស្អី​ទៀត ហើយ​ក៏​មិន​មាន​ផល​ប្រយោជន៍​អ្វី​ដល់​សហគមន៍​យើង»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។