ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​ប្រទះ​ឃើញ​ការ​ដឹក​ជញ្ជូន​ឈើ​ទ្រង់ទ្រាយ​ធំ​របស់​ជនជាតិ​វៀតណាម

ដោយ ម៉ែន សុធីរ
2016.09.24
ឈើ​ប្រណិត​ស្ទឹងត្រែង ២០១៦ ៨៥៥ ឈើ​ប្រណិត​ដែល​ក្រុម​ឈ្មួញ​ជនជាតិ​វៀតណាម រើ​ចេញ​ពី​រថយន្ត​បន្ទាប់​ពី​បែក​កង់ ឋិត​នៅ​ឃុំ​សៀមបូក ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

ពលរដ្ឋ​រស់នៅ​ឃុំ​សៀមបូក ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង សង្កេត​ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​ពុំយក​ចិត្ត​ទុក​ដាក់​បង្ក្រាប​ការ​ជួញ​ដូរ​ឈើ​ទ្រង់ទ្រាយ​ធំ​ខុស​ច្បាប់ បើ​ទោះ​បី​ជាអភិបាល​ខេត្ត​ស្ទឹងត្រែង ចេញ​បទបញ្ជា​ឲ្យ​បង្ក្រាប​ក្តី។ អ្នក​ភូមិ​ថា រថយន្ត​សាំងយ៉ុង (Sangyung) ជាង ២០​គ្រឿង​ផ្ទុក​ឈើ​មាន​តម្លៃ​ច្រើន​ម៉ែត្រ​គូប ត្រូវ​គេដឹក​យកលាក់​ទុក​នៅ​ចំណុច​ភ្នំ​ក្រហម កាល​ពីថ្ងៃ​ទី​២១ កញ្ញា។

ពលរដ្ឋ​រស់នៅ​ឃុំ​សៀមបូក ស្រុក​សៀមបូក នៅ​ថ្ងៃ​ទី​២២ កញ្ញា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជំនាញ​អនុវត្ត​ច្បាប់​លើ​រថយន្ត​សាំងយ៉ុង ២២​គ្រឿង ផ្ទុក​ឈើ​ប្រណិត​ច្រើន​ម៉ែត្រ​គូប​របស់​ឈ្មួញ​ជនជាតិ​វៀតណាម ឈ្មោះ ហេង សំនៀង ហៅ​យាយ ព្រឿង។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​រថយន្ត​ទាំងនោះ​ត្រូវ​ឈ្មួញ​ដឹក​មក​លាក់​ទុក​នៅ ៤​ទីតាំង​ផ្សេង​គ្នា​នៅ​ចំណុច​ភ្នំ​ក្រហម ពីរ​ថ្ងៃ​ហើយ ពុំ​ឃើញ​មាន​ការ​បង្ក្រាប។

ពលរដ្ឋ​រស់នៅ​ឃុំ​សៀមបូក លោក កោះ មួន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ កញ្ញា ថា រថយន្ត​សាំងយ៉ុង​ទាំងនោះ​ផ្ទុក​ឈើ​ប្រណិត​ក្នុង​មួយ​គ្រឿង​ប្រហែល​ជាង ២​ម៉ែត្រ​គូប​ទៅ ៣​ម៉ែត្រ​គូប ដឹក​បន្ត​កន្ទុយ​គ្នា​កាត់​មុខ​ផ្ទះ​របស់​លោក ដើម្បី​ស្វែងរក​ទីតាំង​ជ្រក​បណ្ដោះអាសន្ន​កាល​ពី​ថ្ងៃ​ទី​២១ កញ្ញា។ លោក​ថា ឈើ​ទាំងនោះ​មាន​មុខ​កាត់​ចាប់​ពី ៣​តឹក​ដល់ ៤​តឹក ប្រវែង ២​ម៉ែត្រ​ពីរ​តឹក ជា​របស់​ឈ្មួញ​ជនជាតិ​វៀតណាម ឈ្មោះ យាយ ព្រឿង ទំនង​ដឹក​យក​ទៅ​ប្រទេស​វៀតណាម។ លោក​បន្ត​ថា អ្នក​ភូមិ​បាន​ជូន​ដំណឹង​បញ្ហា​នេះ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដែរ តែ​ពុំ​មាន​ចំណាត់​ការ។ លោក​សង្ស័យ​ថា ឈ្មួញ​ជនជាតិ​វៀតណាម រូប​នោះ ប្រហែល​ចរចា​ជាមួយ​សមត្ថកិច្ច​មិន​ទាន់​ត្រូវរ៉ូវ ទើប​មិន​ទាន់​ដឹក​ចេញ​ក្រៅ​ដូច្នេះ៖ «ឃើញ​ច្រើន ខ្ញុំ​ភ្ញាក់​ផ្អើល​ក៏​តេ​ទៅ​សួរ​មេ​ឃុំមេ​ឃុំ​ថា​គាត់​អត់​ដឹង។ ក្រោយ​មក​បែក​កង់​បាន​ខ្ញុំ​ដឹង​ថា​ឡាន​ដឹក​ឈើ ឈើ​ធ្នង់​ពេញ​ក្នុង​ឡាន​សាំងយ៉ុង​នៅ​មុខសាលាឆទាន។ គាត់​ថា​ទប់ស្កាត់ ទប់ស្កាត់​ម៉េច​កាន់​តែ​ដឹក​ច្រើន​ឡើងៗ ខ្ញុំ​កំពុង​តែ​ឆ្ងល់»

អាស៊ីសេរី​មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២២ កញ្ញា ព្រោះ​ទូរស័ព្ទ​ចូល​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

កាល​ពី​ថ្ងៃ​ទី​២១ កញ្ញា អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​បង្ហាញ​ពី​ឈ្មួញ​ជនជាតិ​វៀតណាម ឈ្មោះ ហេង សំនៀង ហៅ​យាយ ព្រឿង យក​ធូប​មួយ​បាច់​អុច​ស្បថ​ចំពោះ​មុខ​ក្រុម​អ្នក​កាសែត​ក្នុង​ស្រុក ដោយ​បញ្ជាក់​ថា គាត់​រក​ស៊ី​ឈើ​ចែក​គ្នា​រស់​បន្តិចបន្តួច៖ «យើង​រស់នៅ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ត្រង់​មនុស្ស​ល្អ កុំ​ឲ្យ​ធ្វើ​មាត់​ផ្សេង​ចិត្ត​ផ្សិង នៅ​លើ​មាន​មេឃ នៅ​ក្រោម​មាន​ដី តាម​ផ្លូវ​មាន​អ្នក​តាយហោង។ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ស័ក្តិសិទ្ធិ ពួក​ខ្ញុំ​រក​ស៊ី ចែក​គ្នា​រស់​តិចតួច។ ធ្វើ​ម៉េច​បើ​ទទួល​ពាក្យ​គេ​ហើយ សូម​កុំ​ធ្វើ​បាប​គេ ប្រយ័ត្ន​ក្រឡាប់​ឡាន​ខ្លួន​ឯង»

មន្ត្រី​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា ប្រសិន​បើ​ការ​ដឹក​ជញ្ជូន​ឈើ​នៅ​តែ​បន្ត​កើត​មាន មាន​ន័យ​ថា​បទល្មើស​ឧក្រិដ្ឋ​កំពុង​ក្លាយ​ជា​ការ​ចរចា​គ្នា​រវាង​សមត្ថកិច្ច​ជំនាញ និង​ឈ្មួញ​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​វប្បធម៌​និទ្ទណ្ឌភាព​ធ្ងន់ធ្ងរ។ លោក​មើល​ឃើញ​ថា បទបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ហាក់​ពុំ​មាន​ឥទ្ធិពល​ដល់​ឈ្មួញ​ដុះ​ស្លែ​ទាំងនោះ​ទេ មាន​ន័យ​ថា ការ​សន្យា​របស់​លោក​នាយក​រដ្ឋមន្ត្រី គឺ​ធ្វើ​ឡើង​បាន​តែ​ល្អ​មើល៖ «និទ្ទណ្ឌភាព​ធ្វើ​ឲ្យ​កើន​ឡើង​នៃ​បទល្មើស​ព្រៃ​ឈើ​ហ្នឹង គឺ​អត់​មាន​អ្នក​ណា​ខ្លាច​ទេ។ បើ​សិន​ករណី​ពិត​មែន​បទល្មើស​ឧក្រិដ្ឋ វា​ក្លាយ​ជាការ​ចរចា​គ្នា​រវាង​ឈ្មួញ​ជាមួយ​នឹង​សមត្ថកិច្ច។ ប្រសិន​ជា​ត្រូវ​គ្នា ឈើ​ទាំងអស់​នោះ​នឹង​ចេញ​ដោយ​ស្រួល។ ឃើញ​ថា​មិន​មែនមាន​តែ​មួយ​ករណី​នេះ»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៦ កង​រាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ បាន​ឃាត់​រថយន្ត​ធំ ឬ​ហៅ​ថា​រថយន្ត​យីឌុប​ពីរ​គ្រឿង​របស់​ឈ្មួញ​ជនជាតិ​វៀតណាម ឈ្មោះ ហេង សំនៀង ហៅ​យាយ ព្រឿង ដឹក​ឈើ​ប្រណិត​នៅ​ខេត្ត​ក្រចេះ រឹប​អូស​ឈើ​បាន​ចំនួន​ជាង ៥០​ម៉ែត្រ​គូប។ សមត្ថកិច្ច​ថា រថយន្ត​ទាំងនោះ​បំណង​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម។ បន្ទាប់​ពី​ឃាត់​រថយន្ត​នោះ សមត្ថកិច្ច​បញ្ជូន​ឯកសារ​ទៅ​តុលាការ តែ​មក​ទល់​ពេល​នេះ ពុំ​ឃើញ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ណា​មួយ​ពី​តុលាការ​ខេត្ត​ក្រចេះ នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។