ជនជាតិ​ដើម​ភាគ​តិច​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​ផ្អាក​សង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២

ដោយ អ៊ុក សាវបូរី
2015.03.20
ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ៦២០ សិក្ខាសាលា​ផ្សព្វផ្សាយ​ភាពយន្ត​ឯកសារ​ស្ដីពី​ទំនប់​វារីអគ្គិសនី​នៅ​កម្ពុជា និង​បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Ouk Savborey

សង្គម​ស៊ីវិល និង​ជនជាតិ​ភាគ​តិច​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី បញ្ចាំង​ខ្សែ​ភាពយន្ត​រយៈពេល ២០​នាទី ដែល​បង្ហាញ​ពី​ការ​ប្រឈម​បច្ចុប្បន្ន​ដោយសារ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២។ ការ​បញ្ចាំង​ភាពយន្ត​នេះ ក្នុង​បំណង​ទាក់ទាញ​អ្នក​ទស្សនា​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ផ្សព្វផ្សាយ​ជា​សាធារណៈ ចំពោះ​ផល​ប៉ះពាល់​បរិស្ថាន សិទ្ធិ​មនុស្ស ជាពិសេស​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ។

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ កំពុង​តែ​កសាង​បាន ៣០% នៃ​គម្រោង​ទាំង​មូល ប៉ុន្តែ​ជនជាតិ​ដើម​ភាគ​តិច និង​មន្ត្រី​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា ប្រឹងប្រែង​បង្ហាញ​ពី​ការ​ប្រឈម​បច្ចុប្បន្ន​របស់​អ្នក​រស់នៅ​ក្នុង​តំបន់​នោះ តាម​រយៈ​ខ្សែ​ភាពយន្ត​បញ្ចាំង​ជូន​អ្នក​សារព័ត៌មាន និស្សិត ដើម្បី​រួម​គ្នា​ការពារ​បរិស្ថាន ធនធាន​រ៉ែ និង​ជីវចម្រុះ ដែល​កំពុង​គំរាម​កំហែង​ដោយ​គម្រោង​ទំនប់​វារីអគ្គិសនី៖ «សំឡេង​ភាពយន្ត៖ គម្រោង​វិនិយោគ​វារីអគ្គិសនី គឺ​ជា​ផែនការ​មេ​ជាក់លាក់ ដែល​អាច​កំណត់​នូវ​សូចនាករ​ច្បាស់លាស់​មួយ​ដើម្បី​កម្ពុជា ទទួល​បាន​ផល​ចំណេញ​ខ្ពស់។ ក្នុង​ន័យ​នេះ កម្ពុជា នឹង​ឈាន​ទៅ​សម្រេច​គោលដៅ​ជា​ក្រុម​ប្រទេស​ដែល​មាន​ចំណូល​មធ្យម កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០»

តំណាង​ជនជាតិ​ដើម​ភាគ​តិច​មក​ពី​សហគមន៍​ក្បាល​រមាស លោក ដាំ សំណាង ថ្លែង​ថា បាន​ជា​ជនជាតិ​ដើម​ភាគ​តិច​នៅ​សហគមន៍​នោះ ជំទាស់​នឹង​ការ​សាងសង់​វារីអគ្គិសនី​សេសាន​ក្រោម​២ មក​ពី​ទំនប់​នោះ​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ដៃ​ទន្លេ​មេគង្គ ទន្លេ​សេសាន និង​ទន្លេ​ស្រែពក ហើយ​វារីអគ្គិសនី​នោះ​មិន​បម្រើ​ផល​ប្រយោជន៍​ជនជាតិ​ដើម​ភាគ​តិច​ទេ តែ​វា​បម្រើ​ប្រទេស​វៀតណាម ច្រើន​ជាង៖ «សព្វថ្ងៃ​អ្នក​នៅ​ខាង​លើ​ក៏​មិន​ទាន់​ដឹង​ច្បាស់​ថា គម្រោង​ហ្នឹង​នឹង​មាន​ផល​ប៉ះពាល់​ដល់​ផ្នែក​ខាង​លើ​ហ្នឹង​ធំ​ដល់​កម្រិត​ណា​ទេ ព្រោះ​ថា ម្ចាស់​គម្រោង​មិន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ផល​ប៉ះពាល់ ដោយសារ​គម្រោង​ហ្នឹង​ធំ​ប៉ុណ្ណា​ទេ»

តំណាង​ជនជាតិ​ដើម​ភាគ​តិច​ឡាវ មក​ពី​សហគមន៍​ស្រែគរ លោកស្រី គិ មុន ថ្លែង​ថា តំបន់​រស់នៅ​ដោយ​ជនជាតិ​ដើម​ភាគ​តិច ត្រូវ​រដ្ឋាភិបាល​បំផ្លាញ​វប្បធម៌ ប្រពៃណី ព្រៃ​ដូនតា ព្រៃ​កប់​សព ជាដើម តាម​រយៈ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​កសាង​ទំនប់​វារីអគ្គិសនី៖ «តែ​ផ្នូរ​ដូនតា​របស់​ជនជាតិ​ដើម​ភាគ​តិច​ពួក​ខ្ញុំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ ហើយ​ទន្លេ​សេសាន គឺ​ជា​បេះដូង ចរន្ត​នៃ​សរសៃ​ឈាម​ពួក​ខ្ញុំ​ទាំងអស់»

តំណាង​ជនជាតិ​ដើម​ភាគ​តិច​ទំពួន មក​ពី​សហគមន៍​ស្រែពក ខេត្ត​រតនគិរី លោកស្រី ណែន សុគីត ថ្លែង​ថា សហគមន៍​ជនជាតិ​ដើម​មិន​ត្រូវ​ការ​ទំនប់​វារីអគ្គិសនី​ទេ ទើប​ស្នើសុំ​ឲ្យ​ទាំងអស់​គ្នា​ជួយ​តវ៉ា ជំរុញ​ឲ្យ​រដ្ឋាភិបាល​សិក្សា​ជា​ថ្មី​ពី​បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន។

បំភ្លឺ​ចំពោះ​ការ​លើក​ឡើង​នោះ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក ទា ជុប ថ្លែង​ថា បើ​គិត​ពី​ផល​ប៉ះពាល់​ទឹក គឺ​វៀតណាម បាន​ធ្វើ​ទំនប់​វារីអគ្គិសនី​យ៉ាលី បាន​បង្ហូរ​ទឹក​ចូល​ទន្លេ​សេសាន។ បើ​ទន្លេ​ស្រែពក វិញ ប្រទេស​ឡាវ បាន​ធ្វើ​ទំនប់​ជាង​១០ បង្ហូរ​ទឹក​ចូល​ទន្លេ​ស្រែពក ដែល​ធ្វើ​ឲ្យ​ទឹក​ទន្លេ​ទាំង​ពីរ​នេះ​កខ្វក់​រួច​ទៅ​ហើយ ទើប​កម្ពុជា សង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​ជា​ចំណុច​ប្រសព្វ​នៃ​ទន្លេ​ទឹក​កខ្វក់​ទាំង​ពីរ គឺ​សេសាន និង​ស្រែពក បង្កើត​ជា​ថាមពល​អគ្គិសនី​ប្រមាណ ៤០០​មេហ្គាវ៉ាត់​នេះ៖ «នេះ គឺ​ជា​ផល​ប៉ះពាល់​រាល់​ទំនប់​វារីអគ្គិសនី គឺ​មាន​ផល​ប៉ះពាល់​អ៊ីចឹង គ្រាន់​តែ​តិច និង​ច្រើន»

ទោះ​យ៉ាង​ណា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក តឹក វណ្ណារ៉ា សុំ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ព្រោះ​ផល​ប៉ះពាល់​នៃ​ការ​សង់​ទំនប់​នេះ គឺ​អាង​ស្តុក​ទឹក​នឹង​បំផ្លាញ​ផ្ទៃ​ដី​ព្រៃ​ជិត ៤​ម៉ឺន​ហិកតារ និង​ព្រៃ​ឯកជន​ប្រមាណ ១​ម៉ឺន​ហិកតារ​ទៀត។

ក្នុង​ភាពយន្ត​ដដែល​នោះ​បាន​ឲ្យ​ដឹង​ថា គម្រោង​វារីអគ្គិសនី​នៅ​កម្ពុជា កំពុង​អនុវត្ត​សាងសង់ និង​បាន​ដាក់​ឲ្យ​ប្រើប្រាស់​រួម​មាន វារីអគ្គិសនី​កម្ចាយ បង្កើត​ថាមពល​ជាង ១៩៤​មេហ្គាវ៉ាត់​ដាក់​ឲ្យ​ប្រើប្រាស់​ឆ្នាំ​២០១១ វារីអគ្គិសនី​គិរីរម្យ​៣ បង្កើត​ថាមពល ១៨​មេហ្គាវ៉ាត់​ដាក់​ឲ្យ​ប្រើប្រាស់​ឆ្នាំ​២០១៣ វារីអគ្គិសនី​ស្ទឹង​អាតៃ បង្កើត​ថាមពល ១២០​មេហ្គាវ៉ាត់​ដាក់​ឲ្យ​ប្រើប្រាស់​ឆ្នាំ​២០១៣ វារីអគ្គិសនី​ស្ទឹង​ឫស្សីជ្រំ​ក្រោម បង្កើត​ថាមពល ១០៣​មេហ្គាវ៉ាត់​ដាក់​ឲ្យ​ប្រើប្រាស់​ឆ្នាំ​២០១៤ វារីអគ្គិសនី​ស្ទឹង​តាតៃ បង្កើត​ថាមពល ២៤៦​មេហ្គាវ៉ាត់​ដាក់​ឲ្យ​ប្រើប្រាស់​ឆ្នាំ​២០១៥ វារីអគ្គិសនី​សេសាន​ក្រោម​២ នេះ បង្កើត​ថាមពល ៤០០​មេហ្គាវ៉ាត់​ដាក់​ឲ្យ​ប្រើប្រាស់​ឆ្នាំ​២០១៧ វារីអគ្គិសនី​សម្បូរ បង្កើត​ថាមពល ៤៥០​មេហ្គាវ៉ាត់​ដាក់​ឲ្យ​ប្រើប្រាស់​ឆ្នាំ​២០១៩ និង​វារីអគ្គិសនី​ស្ទឹងត្រែង បង្កើត​ថាមពល ៩០០​មេហ្គាវ៉ាត់​ដាក់​ឲ្យ​ប្រើប្រាស់​ឆ្នាំ​២០២០។

ពាក់ព័ន្ធ​ការ​បង្ហាញ​ពី​ផល​ប៉ះពាល់​បច្ចុប្បន្ន​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ លោក ឱ គឹមសួរ ផលិតករ​ភាពយន្ត​អះអាង​ថា ភាពយន្ត​នេះ​នឹង​ចាក់​ផ្សាយ​តាម​ស្ថាប័ន​មួយ​ចំនួន និង​សាកលវិទ្យាល័យ​នានា ដែល​និស្សិត​ចង់​ដឹង​ពី​បរិស្ថាន និង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។