ពលរដ្ឋ​ខេត្ត​កំពង់ធំ​ថា​ការ​វិនិយោគ​បឹង​សាធារណៈ​ឱ្យ​ក្រុមហ៊ុន​ឯកជន​នឹង​បង្ក​ការ​ប៉ះពាល់

ដោយ សូត សុខប្រាថ្នា
2016-01-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផែនទី​ខេត្ត​កំពង់ធំ ៦២០
ផែនទី​ខេត្ត​កំពង់ធំ។
Photo: RFA

ប្រជាពលរដ្ឋ និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ គណបក្ស​ប្រឆាំង បារម្ភ​ថា ការ​សម្រេច​របស់​អាជ្ញាធរ​ខេត្ត ដោយ​យល់ព្រម​វិនិយោគ​បឹង​សាធារណៈ ឱ្យ​ឯកជន នឹង​អាច បង្ក​ផល​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​អាច​ប៉ះពាល់​ដល់​បរិស្ថាន​ទៀត​ផង។ ការ​លើក​ឡើង​នេះ បន្ទាប់​មាន​កិច្ចប្រជុំ​សម្រេច​ពី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ដើម្បី​ស្នើ​ទៅ​រាជរដ្ឋាភិបាល ដោយ​យល់ព្រម​វិនិយោគ​បឹង​ធម្មជាតិ​ចំនួន​ពីរ នៅ​ក្រុង​ស្ទឹងសែន ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន។

អភិបាលខេត្ត​កំពង់ធំ លើក​ឡើង​ថា វា​គ្រាន់តែ​ជា​ការ​ឆ្លើយតប​ទៅ​ក្រុមហ៊ុន​ទាំងនោះ ប៉ុន្តែ​ការសម្រេច​យ៉ាងណា​អាស្រ័យ​លើ​រាជរដ្ឋាភិបាល។

ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិត​តំបន់​បឹង​ទាំងពីរ​រួមមាន​បឹង​ត្រាវ និង​បឹងភេ ស្ថិត​នៅ​ក្នុង​ក្រុង​ស្ទឹងសែន ព្រមទាំង​សមាជិក​ប្រឹក្សា​ខេត្ត​គណបក្ស​សង្គ្រោះ​ជាតិ មិន​ពេញចិត្ត​ចំពោះ​ការ​វិនិយោគ​បឹង​ធម្មជាតិ​ពីរ​នេះ ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ទេ។ ពួកគេ​ថា អាជ្ញាធរ​ខេត្ត​គប្បី​សិក្សា​ពី​ប្រយោជន៍​សម្រាប់​សង្គមជាតិ និង​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ ព្រមទាំង​ផល​ប៉ះពាល់​ឱ្យ​បាន​ច្បាស់លាស់ និង​មាន​តម្លាភាព ជៀសវាង​ធ្វើឡើង​ដោយ​លាក់លៀម។

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងសែន​មួយ​រូប​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ និយាយ​ថា បឹង​ទាំងពីរ​នោះ ជា​បឹង​ពី​ដើម​មក សម្រាប់​ស្តុក​ទឹក ដើម្បី​បញ្ចៀស​ការ​លិច​ភូមិ​ករ នៅ​ក្បែរៗ តំបន់​បឹង​នោះ​ឬ ក្រុង​ទាំងមូល ។ បន្ថែម​ពី​នេះ វា​ជា​ជម្រក​ត្រី​សម្រាប់​ប្រជា​នេសាទ​លក្ខណៈ​គ្រួ​សារ​បាន​ទៀត​ផង ។ លោក​ថា គម្រោង​អភិវឌ្ឍន៍​តំបន់​នោះ នឹង ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន ព្រមទាំង​ប្រជាពលរដ្ឋ​រស់នៅ​ជិត​បឹង​ជាក់​ជាមិនខាន៖ «ប្រជាពលរដ្ឋ​នៅ​ជុំវិញ​បឹង ហើយ​មិន​ដឹង​ទឹក​ហូរ​ទៅ​ប្រភព​ណា​។ ហើយ​អាច​ហូរ​លើ​គ្នា»

កាលពី​ថ្ងៃទី ១៩ ខែ​វិច្ឆិកា ឆ្នាំ ២០១៥ កិច្ចប្រជុំ​របស់​អាជ្ញាធរ​ខេត្ត​កំពង់ធំ ដោយមាន​អភិបាលខេត្ត លោក អ៊ុត សំអន បាន​សម្រេច​គាំទ្រ និង ឯកភាព​លើ​គម្រោង​ជួល​ដី​បឹង​ភេ ដែល​មាន​ទំហំ ៣០​ហិកតារ ទៅ​ក្រុមហ៊ុន ហ៊ូតាន ហ្គ្រីន (HUTAN GREEN) សម្រាប់​វិនិយោគ និង​អភិវឌ្ឍន៍​ជា​តំបន់​ក្រុង​រណប ដោយ​ក្នុង​សំណើ​ក្រុមហ៊ុន​នេះ មាន​រយៈពេល ៧០​ឆ្នាំ ព្រមទាំង​ឯកភាព​គម្រោង​វិនិយោគ​បឹង​ត្រាវ​ដែល​មាន​ទំហំ​ជាង ២​ហិកតារ ទៅ​ឱ្យ​ពលរដ្ឋ​រស់នៅ​ភ្នំពេញ ជា​ថ្នូរ​ការ​កសាង​ច្រាំង​ស្ទឹងសែន និង សួនច្បារ​សាធារណៈ ដែល​ចំណាយ​ទឹកប្រាក់​ជាង ៤០​ម៉ឺន​ដុល្លារ។

ដោយឡែក សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ចន្ធី មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត កាលពី​ថ្ងៃ​ទី៦ មករា គឺ​បាន​អនុម័ត​លើ​គម្រោង​ទាំងនេះ ប៉ុន្តែ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​មក​គណបក្សប្រឆាំង ៥​រូប ក្នុង​ចំណោម ១៧​រូប បាន​ទាត់ចោល​ការសម្រេច​នេះ។ លោក​ថា មូលហេតុ​ខាង​លោក​បដិសេធ ចំពោះ​ការ​អនុម័ត​គម្រោង​អភិវឌ្ឍន៍​នោះ ដោយសារ អាជ្ញាធរ​ខេត្ត​មិនបាន​បង្ហាញ​ឯកសារ​ឱ្យ​បាន​លម្អិត ជុំវិញ​ការជួល និង​ដោះដូរ​ដី​បឹង​ទាំងនេះ ម្យ៉ាង​មិនបាន​បង្ហាញ​លម្អិត អំពី​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នោះ​ឡើយ៖ «ទី​មួយ​ត្រូវ​សិក្សា​អំពី​តម្លៃ ទី​ពីរ​ត្រូវ​សិក្សា​លើ​ផល​ប៉ះពាល់ ទាំង​បរិស្ថាន និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ហ្នឹង»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ អភិបាលខេត្ត​កំពង់ធំ លោក អ៊ុត សំអន មាន​ប្រសាសន៍ថា នេះ​គ្រាន់តែ​ជា​ឆ្លើយតប​ទៅ​នឹង សំណើ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​វិនិយោគ​ទាំងនោះ​ប៉ុណ្ណោះ ប៉ុន្តែ​ការសម្រេច​យ៉ាងណា គឺ អាស្រ័យ​លើ​រាជរដ្ឋាភិបាល ឬ​ក្រសួង​ពាក់ព័ន្ធ ។ លោក​បន្ត​ថា ការងារ​នេះ ខាង​អាជ្ញាធរ​ខេត្ត និង​គណៈកម្មការ​វាយតម្លៃ​ផល​ប៉ះពាល់​បាន​សិក្សា​រួច​ទៅ​ហើយ ព្រមទាំង​ឆ្លងកាត់​ជាច្រើន​ដំណាក់​កាល ប្រកបដោយ​តម្លាភាព​ទៀត​ផង ពីព្រោះ​វា​ប្រយោជន៍​រួម​ទាំងអស់​គ្នា។ មិន​តែ​ប៉ុណ្ណោះ បើ​គម្រោង​នេះ​ដំណើរការ ប្រជា​សហគមន៍ និង​ខេត្ត​ទាំងមូល អាច​ទទួល​ផល​ប្រយោជន៍​ច្រើន ហើយ​បរិស្ថាន​នឹង​មាន​ភាព​ប្រសើរ​ជាង​មុន។ លើស​ពី​នេះ ផល​ប៉ះពាល់​ចំពោះ​ប្រជាពលរដ្ឋ គឺ​ស្ទើរ​តែ​មិន​មាន៖ «ទីតាំង​ហ្នឹង គឺ​វា​នៅ​ជា​បេះដូង​ខេត្ត​តែ​ម្ដង ហើយ​បច្ចុប្បន្ន​វា​កំពុង​ប្រឈម​ភាគ​កង្វក់​ពី​កាកសំណល់​ពី​ប្រជាជន​ដែល​រស់នៅ​ជុំវិញ​ហ្នឹង»

លោក​បន្ថែម​ទៀត​ថា ជំហាន​បន្ត​ខាង​អាជ្ញាធរ​ខេត្ត​នឹង​បញ្ជូន​សំណើ​ជា​លាយលក្ខណ៍អក្សរ​ទៅ​អ្នក​ស្នើសុំ និង​ទៅ​រាជរដ្ឋាភិបាល ព្រមទាំង​ក្រសួង​ពាក់ព័ន្ធ​ផង។

យ៉ាងណា មន្ត្រី​អង្កេត​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ឈួម រុណ មើល​ឃើញ​ថា កន្លងមក​ការអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​មួយ​ចំនួន នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​ប្រជាពលរដ្ឋ​ផង។

លោក​ថា ដើម្បី​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព និង​ជៀសវាង​ផល​ប៉​ពាល់​ផ្សេងៗ​នោះ អាជ្ញាធរ​ខេត្ត​គប្បី​សិក្សា​ឱ្យ​បាន​ច្បាស់លាស់ និង​ប្រកប​ដោយ​តម្លាភាព ជៀសវាង​មាន​អំពើពុករលួយ​កើត​ឡើង ដែល​នាំឱ្យ​មានការ​ចោទប្រកាន់​ដាក់គ្នា​ទៅវិញទៅមក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល