ប្រជា​សហគមន៍​ព្រៃឈើ​នៅ​កំពង់ឆ្នាំង​ជិត​​៥០០​នាក់​ផ្ដិត​មេ​ដៃ​ប្ដឹង​មន្ត្រី​ប៉ូលិស​ពី​បទ​រុករាន​ដី​ព្រៃ

ដោយ ជិន ជេដ្ឋា
2015.08.28
តំណាង​ពលរដ្ឋ កំពង់ឆ្នាំង ៦២០ ក្រុម​តំណាង​ប្រជា​សហគមន៍​ភ្នំ​ព្រះធាតុ ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​សាលា​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ជូន​អភិបាល​ខេត្ត​ពាក់ព័ន្ធ​រឿង​កាប់​រុករាន​ព្រៃ​ឈើ នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Chin Chetha

ប្រជា​សហគមន៍ ឃុំ​ពាម ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង ជិត ៥០០​នាក់ (៤៩៥) ​ផ្ដិត​មេដៃ​ប្ដឹង​មន្ត្រី​នគរបាល​ពីរ​នាក់ និង​អ្នក​ពាក់ព័ន្ធ​រឿង​កាប់​រុករាន​ព្រៃ​ឈើ​ខ្លះ​ទៀត​ទៅ​អភិបាល​ខេត្ត។ ការ​សម្រេច​ចិត្ត​ប្ដឹង​អ្នក​បំផ្លាញ​ព្រៃ​សហគមន៍​នេះ គឺ​បន្ទាប់​ពី​អាជ្ញាធរ​ភូមិ​ឃុំ និង​ស្រុក​មិន​អើពើ​ដោះស្រាយ​ជូន​ពួកគាត់ ហើយ​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​នៅ​តែ​បន្ត​កើត​មាន។

តំណាង​សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះធាតុ ចំនួន ១១​នាក់ មក​ពី​ភូមិ​ចំនួន​៧ នៃ​ឃុំ​ពាម អម​ដំណើរ​ប្រធាន​សហគមន៍​របស់​ខ្លួន​មក​សាលា​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ភ្ជាប់​ស្នាម​មេដៃ​​​ជូន​អភិបាល​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​សីហា។ ក្រោយ​ពី​ដាក់​បណ្ដឹង​នេះ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់ឆ្នាំង លោក ម៉ម ឈឿម បញ្ជាក់​ថា ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​បាន​ចូល​ដល់​ការិយាល័យ​អន្ដរវិស័យ​របស់​សាលា​ខេត្ត ហើយ​អាច​បញ្ជូន​ដល់ដៃ​អភិបាល​ខេត្ត​លោក ឈួរ ច័ន្ទឌឿន នៅ​ក្នុង​សប្ដាហ៍​ទី​១ នៃ​ខែ​កញ្ញា ឆ្នាំ​២០១៥​ ខាង​មុខ។

ប្រធាន​សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះធាតុ លោក ប៊ុន យ៉ូន ថ្លែង​ថា ផ្ទៃ​ដី​ព្រៃ​សហគមន៍​ទំហំ ៦៨២​ហិកតារ ដែល​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ​ឃុំ និង​ស្រុក​កាល​ពី​ឆ្នាំ​២០១០ ត្រូវ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ពាម​ឈ្មោះ ពៅ សំបូរ និង​មន្ត្រី​នគរបាល​ឃុំ​ស្វាយជុក ឈ្មោះ អ៊ុក ឌី ព្រម​ទាំង​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​ទៀត​តែ​មិន​ស្គាល់​ឈ្មោះ បាន​ឈូស​ដី​ព្រៃ​អស់​ប្រមាណ ៥​ហិកតារ​ហើយ នា​ពេល​បច្ចុប្បន្ន៖ «មូលហេតុ​ដែល​ខ្ញុំ​ចង់​ដាក់​ដល់​ទី​រួម​ខេត្ត (សាលា​ខេត្ដ) ព្រោះ​អី​មើល​ទៅ​មេ​ភូមិ មេ​ឃុំ និង​មេ​ស្រុក​ក៏​មិន​អើពើ​នឹង​រឿង​របស់​សហគមន៍​ទេ។ ប្រជា​ពលរដ្ឋ​កើត​ទុក​មិន​សុខចិត្ត គាត់​ថា ឲ្យ​យើង​ខ្ញុំ​ជា​ប្រធាន​សហគមន៍ នាំ​គ្នា​ក្រោកឈរ​ទាមទារ​យក​ដី​សម្រាប់​ទុក​បម្រើ​នៅ​ក្នុង​សហគមន៍​វិញ»

ចំណែក​តំណាង​ប្រជា​សហគមន៍​មក​ពី​ភូមិ​គ្រាំង​កន្ទ្រោល លោក ឡេវ លឹម បញ្ជាក់​ថា ក្រុម​ជនល្មើស​ព្យាយាម​ចូល​កាប់​រុករាន​ព្រៃ​សហគមន៍​ធ្វើ​កម្មសិទ្ធិ​តាំង​ពី​ឆ្នាំ​២០១២ ប៉ុន្តែ​អ្នក​ទាំង​នោះ​បាន​កាប់ និង​ឈូស​ព្រៃ​កាន់​តែ​ខ្លាំង​ចាប់​ពី​ចុង​ខែ​មិថុនា ឆ្នាំ​២០១៥។ លោក​ថា ពលរដ្ឋ​ទាំង ៧​ភូមិ នៃ​ឃុំ​ពាម ដែល​មើល​គោក្របី និង​អាស្រ័យ​អនុផល​ព្រៃឈើ​នៅ​ទី​នោះ បារម្ភ​ខ្លាច​បាត់បង់​ព្រៃ​សហគមន៍​យ៉ាង​ខ្លាំង។

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​លោក ពៅ សំបូរ និង​លោក អ៊ុក ឌី ដែល​ក្រុម​ពលរដ្ឋ​អះអាង​ថា ជា​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា។ ប៉ុន្តែ​មេឃុំ​ពាម លោក យី ផេង ថ្លែង​ថា ទីតាំង​ដី​ដែល​កំពុង​មាន​ជម្លោះ​នោះ ពិត​ជា​មាន​អ្នក​ចូល​ទៅ​កាប់​ព្រៃ​ដាំ​ដើម​ស្វាយ​មែន តែ​មន្ត្រី​ប៉ូលិស និង​អ្នក​ខ្លះ​ទៀត​មាន​លិខិត​កាន់កាប់​ដី​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ​ឃុំ​តាំង​ពី​ឆ្នាំ​២០០៤ គឺ​មុន​ពេល​ដែល​បង្កើត​ជា​ព្រៃ​សហគមន៍​នៅ​ឆ្នាំ​២០១០។

លោក យី ផេង បញ្ជាក់​ថា កាល​ណោះ​ការ​គ្រប់គ្រង​ទឹកដី​រដ្ឋបាល​របស់​ឃុំ​ពាម ជាមួយ​ឃុំ​ជិត​ខាង​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​នៅ​ឡើយ​ទេ ស្រប​ពេល​គ្នា​នោះ​ក៏​មាន​ពលរដ្ឋ​ខ្លះ​នៅ​ឃុំ​ជិត​ខាង​បាន​លក់​ដី​នៅ​តំបន់​នោះ ដោយ​មាន​ការ​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន។ ប៉ុន្តែ​កាល​ណោះ​លោក​មិន​ដឹង​រឿង​អ្វី​ច្បាស់​ឡើយ ព្រោះ​លោក​ទើប​ឡើង​ធ្វើ​ជា​មេឃុំ​ពាម​នៅ​ឆ្នាំ​២០០៩។

ក្រុម​តំណាង​សហគមន៍​ភ្នំ​ព្រះធាតុ នាំ​គ្នា​ឡើង​ឡាន​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​ដាក់​ពាក្យ​បណ្ដឹង​ចូល​សាលា​ខេត្ត​រួច ដោយ​សង្ឃឹម​ថា ទទួល​បាន​ដំណោះស្រាយ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​ពី​អាជ្ញាធរ​ខេត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។