សហគមន៍​ការពារ​ព្រៃឈើ​រង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​ឃុំ​រឿង​ការពារ​ព្រៃឈើ

ដោយ អាស៊ីសេរី
2017-11-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឈើ​ប្រភេទ​សុក្រំ​ដែល​ឈ្មួញ​ដឹក​ទៅ​ទុក​ក្នុង​ព្រៃ​សហគមន៍​ប្រាសាទ​តា​ខ្មៅ ជាប់​ព្រៃ​ឡង់ ក្នុង​ខែត្រ​ក្រចេះ នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៧។
ឈើ​ប្រភេទ​សុក្រំ​ដែល​ឈ្មួញ​ដឹក​ទៅ​ទុក​ក្នុង​ព្រៃ​សហគមន៍​ប្រាសាទ​តា​ខ្មៅ ជាប់​ព្រៃ​ឡង់ ក្នុង​ខែត្រ​ក្រចេះ នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៧។
រូបភាព​សហគមន៍​ការពារ​ព្រៃ​ឡង់​ខែត្រ​ក្រចេះ

សហគមន៍​ការពារ​ព្រៃឈើ​រស់​នៅ​ឃុំ​បឹងចារ ស្រុក​សំបូរ ខែត្រ​ក្រចេះ បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ពី​មេ​ឃុំ​កំពង់ចាម មក​ពី​គណបក្ស​កាន់​អំណាច​គំរាម​ចាប់​ខ្លួន ប្រសិនបើ​នៅ​បន្ត​សកម្មភាព​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​បង្ហោះ​ព័ត៌មាន​ព្រៃឈើ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។

​សហគមន៍​ការពារ​ព្រៃ​ឡង់​ម្នាក់ រស់ នៅ​ឃុំ​បឹងចារ មក សុំ​កិច្ច​អន្តរាគមន៍​ផ្នែក​ច្បាប់​នៅ​សមាគម អាដហុក (ADHOC) កាល​ពី​ថ្ងៃ​ទី​​៨ ខែ​វិច្ឆិកា ករណី​មេ​ឃុំ​កំពង់ចាម មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈិត លាង គំរាម​ចាប់​ខ្លួន​រឿង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ។ សហគមន៍​ថា មេ​ឃុំ​រូប​នោះ​បាន​ពន្យល់​ផ្នែក​ច្បាប់​ទៅ​សហគមន៍​ថា ពលរដ្ឋ​គ្មាន​សិទ្ធិ​ការពារ​ព្រៃឈើ​នោះ​ទេ ហើយ​កាតព្វកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​តួនាទី​របស់​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល។

​សហគមន៍​ការពារ​ព្រៃឡង់ រស់​នៅ​ឃុំ​បឹងចារ ដែល​ត្រូវ​បាន​អាជ្ញាធរ​គំរាម​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ថា អាជ្ញាធរ​ឃុំ​មិន​បាន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ដែល​ចូលរួម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ទេ ថែម​ទាំង​នៅ​ពីក្រោយ​ខ្នង​ជនល្មើស​កាប់​ឈើ​មាន​តម្លៃ និង​កាប់​ព្រៃ​រាន​យក​ដី​ធ្វើជា​សម្បត្តិ​បុគ្គល។

លោក​ថា មេ​ឃុំ​កំពង់ចាម លោក ឈិត លាង បាន​គំរាម​សហគមន៍​ការពារ​ព្រៃឈើ​ថា នឹង​ប្តឹង​ទៅ​តុលាការ បើ​សហគមន៍​នៅ​តែ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​បន្ត​ទៀត។ លោក​កត់សម្គាល់​ថា រយៈពេល ៣​ខែ​ចុង​ក្រោយ​នេះ ចលនា​កាប់​បំផ្លាញ​ព្រៃ​សហគមន៍ និង​ព្រៃឡង់ បាន​កើត​មាន​ពេញ​បន្ទុក បង្ក​ប៉ះពាល់​ដើម​ឈើ​ផលិត​ជ័រទឹក​របស់​ជនជាតិ​ដើម​ភាគ​តិច​កួយ រាប់​ម៉ឺន​ដើម។ សកម្មភាព​កាប់​ឈើ​នោះ​កើត​មាន​ច្រើន​ប្រភព ទាំង​ពលរដ្ឋ​ចំណាកស្រុក ពលរដ្ឋ​នៅ​មូលដ្ឋាន និង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ស៊ីបាយ អូថេច (Ci-Biotech)។

លោក​ថា ស្ទើរ​ជា​រៀងរាល់ថ្ងៃ​ឈើ​មូល​ប្រភេទ​សុក្រំ ត្រូវ​បាន​គេ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ពី​ឃុំ​បឹងចារ ឆ្ពោះ​ទី​រួម​ខែត្រ​ក្រចេះ ហើយ​ទូក​នីមួយៗ​អាច​ផ្ទុក​ឈើ​ជាង ៣០​ម៉ែត្រ​គូប។ លោក​បញ្ជាក់​ថា ឈើ​ដែល​ឈ្មួញ​ដឹក​ជញ្ជូន​នោះ គេ​ប្រមូល​ពី​តំបន់​ព្រៃឡង់ ខែត្រ​ក្រចេះ និង​ព្រៃ​សហគមន៍​នៅ​ជាប់​ព្រៃឡង់៖ «គេ​ថា​រឿង​បទល្មើស​ព្រៃឈើ​ក៏ដោយ កាប់​ព្រៃ​ក៏ដោយ ខ្ញុំ​អត់​មាន​សិទ្ធិ​ទេ ព្រោះ​ខ្ញុំ​នេះ​មិន​មែន​ខាង​រដ្ឋបាល​ព្រៃឈើ​ទេ។ ខ្លួនឯង​គ្រាន់តែ​​ពលរដ្ឋ​កុំ​ធ្វើ​ព្យុះភ្លៀង​ខ្លាំង​ពេក»

​បុរស​ដដែល​ប្ដេជ្ញា​ថា បើ​ទោះ​បី​ជា​សហគមន៍​រង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​ក្តី ក៏​លោក​នៅ​តែ​បន្ត​សកម្មភាព​ទប់ស្កាត់​បទល្មើស​ព្រៃឈើ។ លោក​ចាត់​ទុក​ការ​ការ​ប្រើ​អំណាច​ជា​មេឃុំ​គំរាមកំហែង​ពលរដ្ឋ​រឿង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ គឺ​ផ្ទុយ​ពី​ឆន្ទៈ​ប្រមុខ​រដ្ឋាភិបាល។ លោក​បារម្ភ​ថា ជោគវាសនា​ព្រៃឡង់ នឹង​វិនាស​ហិនហោច​នៅ​ពេល​ខ្លី​ខាង​មុខ បើ​រដ្ឋាភិបាល​នៅតែ​បណ្ដោយ​បទល្មើស​កើត​មាន​ឡើង​គ្មាន​ទី​បញ្ចប់៖ «ខ្លាំង​ជាង​មុន​ទៀត អនាគត​ព្រៃឡង់ អស់​ហើយ សូម្បីតែ​កូន​សុក្រំ ក៏​ដឹក​មក​ធ្វើ​កូន​ក្រឡឹង​ដែរ ក្រុមហ៊ុន​ស៊ីបាយ អូថេច កំពុង​ដឹង​ទាំង​យប់​ទាំង​ថ្ងៃ»

​ឃុំ​បឹងចារ និង​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខែត្រ​ក្រចេះ ឋិត​នៅ​ខាងជើង​ឆៀង​ខាង​កើត​ពី​ទី​រួម​ខែត្រ​ក្រចេះ ឆ្ងាយ​ពី​ទី​រួម​ខែត្រ​ប្រហែល ៧០​គីឡូម៉ែត្រ ដោយ​ឆ្លង​ទន្លេ​មេគង្គ។ ឃុំ​ទាំង​នេះ​ជាប់​នឹង​ព្រៃឡង់ ខែត្រ​ក្រចេះ និង​ខែត្រ​ស្ទឹងត្រែង។

​មេ​ឃុំ​កំពង់ចាម លោក ឈិត លាង បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ដោយ​ចាត់​ទុក​ថា ជា​រឿង​មិន​ពិត។ លោក​ទទួល​ស្គាល់​ថា បទល្មើស​ព្រៃឈើ​កើត​មាន​មែន តែ​ពលរដ្ឋ​ត្រូវ​កំណត់​មុខ​សញ្ញា​ឲ្យ​ច្បាស់ រាយការណ៍​ទៅ​មន្ត្រី​ជំនាញ​អនុវត្ត​ច្បាប់។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​មិន​បាន​គំរាមកំហែង​ពលរដ្ឋ​​ក្នុង​រឿង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះ​ទេ៖ «បើ​សិន​ជា​ចាប់​ឈើ​បាន​រាយការណ៍​មក រដ្ឋបាល​ព្រៃឈើ​គេ​នឹង​ចាប់​ទទួល។ សហគមន៍​គេ​ប្រតិបត្តិការ ខ្ញុំ​សម្របសម្រួល​ឲ្យ​តាម​មើល​ឲ្យ​ឃើញ ខ្ញុំ​មិន​ដែល​ហាមឃាត់​មិន​ឲ្យ​យ៉ាង​ម៉េច បទល្មើស​អនាធិបតេយ្យ»

​មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​នៃ​សមាគម​អាដហុក ខែត្រ​ក្រចេះ លោក ប៊ី វ៉ាន់នី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ថា សមាគម​អាដហុក បាន​ទទួល​ពាក្យ​បណ្ដឹង​រឿង​នេះ​ហើយ និង​គ្រោង​ចុះ​អង្កេត​ឆាប់ៗ​នេះ។ លោក​ពន្យល់​ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​រាយការណ៍​បទល្មើស​ព្រៃឈើ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ​ដែល​ធានា​ដោយ​ច្បាប់ និង​គោលការណ៍​ណែនាំ​របស់​រដ្ឋាភិបាល ក៏ប៉ុន្តែ​ប្រសិន​ពលរដ្ឋ​ត្រូវ​អាជ្ញាធរ​គំរាម​គឺ​ជា​ករណី​ខុស​ច្បាប់ បង្ក​ប៉ះពាល់​ដល់​មុខមាត់​របស់​រដ្ឋាភិបាល។ លើស​ពី​នេះ ប្រសិន​ពលរដ្ឋ​ប្រទះឃើញ​បទល្មើស​ព្រៃឈើ ផ្ដល់​ដំណឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ក៏ប៉ុន្តែ​អាជ្ញាធរ​ពុំ​ផ្ដល់​កិច្ចសហការ​បង្ក្រាប​ទេ​នោះ វា​ជា​កំហុស​ដ៏​ធំ​មួយ ហើយ​ពលរដ្ឋ​ទាំង​អស់​មាន​សិទ្ធិ​ប្ដឹង​បរិហារ​មន្ត្រី​អាជ្ញាធរ ពេល​បាន​ដឹង​បាន​ឮ និង​បាន​ឃើញ​នូវ​បទល្មើស​ព្រហ្មទណ្ឌ​ព្រៃឈើ ហើយ​មិន​ទាន់​ផុត​អាជ្ញាយុកាល​នៃ​បទល្មើស៖ «ករណី​នេះ​នៅ​ពេល​រាយការណ៍​បទល្មើស​ព្រៃឈើ បែរ​ជា​អាជ្ញាធរ​ហៅ​ពួក​គាត់​គំរាមកំហែង​ដាក់​គុក បើសិន​ជា​រាយការណ៍​ពី​បទ​ល្មើស​ព្រៃឈើ។ ការ​ធ្វើ​បែប​នេះ​ផ្ទុយ​ពី​អនុសាសន៍​សម្ដេច​នាយករដ្ឋមន្ត្រី»

​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ស្ដីពី​វិធានការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប ព្រម​ទាំង​លុបបំបាត់​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ រួម​ទាំង​ការ​រុករាន​ដី​ក្នុង​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ធម្មជាតិ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ ក៏ប៉ុន្តែ​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​អះអាង​ថា សារាចរ​នេះ​គឺ​មានតែ​ក្នុង​ក្រដាស តែ​ការអនុវត្ត​ជាក់ស្ដែង​វិញ គឺ​រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​អភិរក្ស​ព្រៃឈើ​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល