ប្រជា​សហគមន៍​និង​សង្គម​ស៊ីវិល​ថា​អាជ្ញាធរ​មិន​បង្ក្រាប​ជនល្មើស​​កាប់​ព្រៃ​នៅ​ខេត្ត​ស្ទឹងត្រែង

ដោយ ប្រាជ្ញ ចេវ
2015.04.26

ប្រជាសហគមន៍ និង​មន្ត្រី​សង្គម​ស៊ីវិល រិះគន់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ថា មិន​បាន​បង្ក្រាប​ជនល្មើស​ដែល​ចូល​កាប់​ព្រៃ​សហគមន៍​ក្នុង​ខេត្ត​ស្ទឹងត្រែង។  ពួកគេ​អះអាង​ថា នៅ​ពេល​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ ទោះ​ពួកគេ​ប្ដឹង​ទៅ​សមត្ថកិច្ច​យ៉ាង​ណា ក៏​ពុំ​ឃើញ​មាន​ការ​អន្តរាគមន៍​បង្ក្រាប​ទេ។

សហគមន៍​ព្រៃឈើ​រាជសាល ដែល​មាន​ទំហំ​ជាង ១.០០០​ហិកតារ ត្រូវ​ឈ្មួញ​រក​ស៊ី​ព្រៃឈើ និង​ពលរដ្ឋ​ចូល​កាប់​ទន្ទ្រាន​អស់​ជាង ៥០​ភាគរយ​ហើយ។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធាន​សហគមន៍​ព្រៃ​ឈើ​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​អាជ្ញាធរ​ពាក់ព័ន្ធ មាន​ចំណាត់ការ​ជាបន្ទាន់ ខណៈ​ដែល​អាជ្ញាធរ​មិន​ខ្វាយខ្វល់​ពី​រឿង​នេះ។

ប្រធាន​ព្រៃ​សហគមន៍​រាជសាល លោក ខៀវ ចាន់ ឲ្យ​ដឹង​ថា អ្នក​ដែល​ចូល​កាប់​ព្រៃ​ភាគ​ច្រើន​ជា​ពលរដ្ឋ និង​ឈ្មួញ​រក​ស៊ី​ឈើ ហើយ​ក្រុម​ទាំង​នោះ​មិន​ខ្លាច​ក្រុម​ប្រជា​សហគមន៍​ទេ។ លោក​ថា ជា​ញឹកញាប់​ក្រុម​លោក​តែង​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ឃុំ ប៉ុន្តែ​លោក​ពុំ​ឃើញ​មាន​សកម្មភាព​បង្ក្រាប​ណា​មួយ​កើត​ឡើង​ឡើយ៖ «ព្រៃ​នៅ​តែ​មាន​អ្នក​ចូល​កាប់​រាល់ថ្ងៃ​បើ​ប្រាប់​យ៉ាង​ម៉េច​ក៏​គេ​មិន​ស្ដាប់​ដែរ»

​តំណាង​សហគមន៍​រូប​នេះ​បញ្ជាក់​ព្រៃ​សហគមន៍​រាជសាល ដែល​ស្ថិត​ក្នុង​ភូមិ​អន្លង់ក្រមួន ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ត្រូវ​បង្កើត​ឡើង​ដោយ​មាន​ទទួល​ស្គាល់​ត្រឹមត្រូវ។ សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​នេះ កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ពលរដ្ឋ​ដែល​ចូល​មក​កាប់​ព្រៃ​នេះ មាន​ទាំង​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​នេះ និង​មក​ពី​ខេត្ត​ក្រចេះ ត្បូងឃុំ និង​កំពង់ចាម ជា​ដើម។ ក្រោយ​ពី​អស់​ជំនឿ​លើ​អាជ្ញាធរ ក្រុម​ពលរដ្ឋ​នាំ​គ្នា​ទៅ​ប្ដឹង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។

​មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នៃ​ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ក្រោយ​ចុះ​អង្កេត​រឿង​នេះ និយាយ​ថា សកម្មភាព​កាប់​បំផ្លាញ​នេះ​ប្រសិន​គ្មាន​ការ​បង្ក្រាប​ទេ នោះ​នឹង​ធ្វើ​ឲ្យ​ព្រៃ​ក្នុង​តំបន់​ការពារ​នេះ​បាត់បង់។ លោក​ស្នើ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ជា​បន្ទាន់៖ «បើ​សកម្មភាព​នេះ​នៅតែ​បន្ត​ព្រៃ​តំបន់​នោះ​ជា​អស់​មិន​ខាន»

​វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក វ៉ា សុខា នាយ​សង្កាត់​រដ្ឋបាល​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា។ ដោយ​ឡែក​អភិបាល​ស្រុក​ថាឡាបរិវ៉ាត់ លោក ថោង ស្រាន ប្រាប់​ថា លោក​មិន​ទាន់​ដឹង​រឿង​នេះ​នៅ​ឡើយ​ទេ ព្រោះ​ទើប​ឡើង​កាន់​តំណែង​ថ្មី។ ទោះ​បែប​នេះ​ក្តី លោក​អភិបាល​ស្រុក​បន្ត​ថា លោក​នឹង​ដឹកនាំ​ក្រុម​ការងារ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​មួយ​នេះ៖ «ក្នុង​នាម​ខ្ញុំ​ជា​អាជ្ញាធរ​ត្រូវតែ​ធ្វើ​ហើយ​ការងារ​នេះ ប៉ុន្តែ​ត្រូវ​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត​សិន»

​កន្លងមក​ប្រជា​សហគមន៍​ធ្លាប់​ផ្ដិត​ស្នាម​មេដៃ​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប។ តំណាង​សហគមន៍​ព្រមាន​ថា បើ​ការ​កាប់​បំផ្លាញ​នេះ​នៅ​បន្ត​គ្មាន​ការ​បង្ក្រាប ពួកគេ​នឹង​ដង្ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​នានា ដើម្បី​ឲ្យ​ដឹង​រឿង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។