សហគមន៍​ចោទ​ក្រុមហ៊ុន ទ្រី ភាព កាប់​ឈើ​នៅ​ព្រះវិហារ

បណ្ដាញ​សហគមន៍​ការពារ​ព្រៃឡង់ មាន​គម្រោង​នឹង​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​យុទ្ធនាការ​ដើរ​ល្បាត​ការពារ​ព្រៃ​ឈើ​ជា​ថ្មី​ទៀត ចាប់​ពី​តំបន់​ឃុំ​រៀបរយ នៃ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ រហូត​ទៅ​ដល់​ព្រៃឡង់ ក្នុង​ភូមិសាស្ត្រ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។
ដោយ ហង្ស សាវយុត
2013.04.08

សហគមន៍​ការពារ​ព្រៃ​ឈើ​ខេត្ត​ព្រះវិហារ បាន​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​មួយ​របស់​លោក​ឧកញ៉ា ទ្រី ភាព កំពុងតែ​​កាប់​ឈើ​​​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​ពួក​គេ​រស់​នៅ​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ដល់​ការ​វិនាស​ហិនហោច​ព្រៃ​ឈើ​ក្នុង​ពេល​ឆាប់ៗ។

តំណាង​សហគមន៍​ព្រៃ​ឈើ ស្រុក​រវៀង នៃ​ខេត្ត​ព្រះវិហារ គឺ​លោក ស្វាយ ភឿន។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​៧ ខែ​មេសា ថា ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បែរ​ជា​ទៅ​កាប់​ឈើ​ប្រណីតៗ ពី​ព្រៃ​នៃ​ភូមិ​បឹងកន ក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ដែល​នៅ​ក្រៅ​តំបន់​ដី​សម្បទាន​​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅ​វិញ។

តំណាង​សហគមន៍​ដដែល​បាន​អះអាង​ថា កាល​ពី​អំឡុង​ខែ​កុម្ភៈ កន្លង​ទៅ មាន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ជា​ច្រើន​ត្រូវ​បាន​ក្រុមហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព កាប់​និង​ដឹក​ជញ្ជូន​ទៅ​តាម​ចំណុច​ភូមិសាស្ត្រ​កំពង់គ្រំ ហើយ​យក​ទៅ​ស្តុក​ទុក​នៅ​ក្នុង​ឃុំ​រីករាយ៖ «ក្រុមហ៊ុន ទ្រី ភាព យក​កម្លាំង​អនាធិបតេយ្យ​កាប់​យក​តំបន់​ឈើ​ប្រណីតៗ​ហ្នឹង។ អា​ឡាន​ក្រុមហ៊ុន ទ្រី ភាព វា​ជញ្ជូន​រាល់​ថ្ងៃ ខ្ញុំ​ឃើញ​ជាក់ស្ដែង តែ​ធ្វើ​អ្វី​មិន​កើត។ ព័ត៌មាន​រាយការណ៍​ពី​សហគមន៍ ១​យប់ គោយន្ត​មាន ៣០-​៤០​គ្រឿង​នោះ​ដឹក​មក​ដាក់​ឡាន។ ចាប់​ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​កុម្ភៈ ដឹក​ចេញ​ពី​តំបន់​ឃុំ​រីករាយ ដឹក​ចេញ​ពេល​យប់ ឥឡូវ​នេះ​គេ​ចាប់​ផ្ដើម​ធ្វើ​ផ្លូវ​ពី​ស្រុក​សណ្ដាន់ បុក​ទៅ​ខាង​ព្រំ​ប្រទល់​ស្រុក​រវៀង ដើម្បី​ដឹក​ឈើ​ហ្នឹង​មក​ខាង​ស្រុក​សណ្ដាន់ (ខេត្ត​កំពង់ធំ) ម្ដង»

ក្រុម​សហគមន៍​បាន​រិះគន់​ថា បើ​ទោះ​បី​ជា​មាន​ការ​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ជា​រូបភាព​ធំ​ក៏​ដោយ ក៏​គេ​មិន​ឃើញ​អាជ្ញាធរ​រដ្ឋាភិបាល និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ណា​ចេញ​មុខ​​​បង្ក្រាប​ទេ។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី​មិន​អាច​ស្វែង​រក​ការ​ទាក់ទង​លោក​ឧកញ៉ា ទ្រី ភាព និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចាប់​តាំង​ពី​ថ្នាក់​ខណ្ឌ​រហូត​ដល់​នាយក​ផ្នែក​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ដើម្បី​សុំ​ប្រតិកម្ម​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ​បាន​ទេ។

ចំណែក​អនុ​ប្រធាន​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​របស់​អង្គការ​អាដហុក គឺ​លោក ចាន់ សុវ៉េត បាន​មាន​ប្រសាសន៍​ថា តាម​លោក​ធ្លាប់​បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ព្រៃ​ឈើ​នៅ​​ព្រៃឡង់ និង​តំបន់​ជាប់​គ្នា​ខ្លះ​ទៀត​ឃើញ​ថា វិនាសកម្ម​ព្រៃ​ឈើ​បាន​កើត​ឡើង​យ៉ាង​ធំធេង​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ជា​ខ្លាំង។

លោក ចាន់ សុវ៉េត បាន​បញ្ជាក់​ថា ការ​វិនាស​ហិនហោច​ព្រៃ​ឈើ គឺ​ដោយសារ​តែ​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ទទួល​ដី​ព្រៃ​ទៅ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​អភិវឌ្ឍន៍ ហើយ​លោក​បាន​រក​ឃើញ​ថា ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នោះ គឺ​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព មាន​ដី​សម្បទាន​ជា​ច្រើន​កន្លែង ដូច​ជា​នៅ​ខេត្ត​ព្រះវិហារ នៅ​ខេត្ត​កោះកុង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​រតនគិរី ជាដើម។ ក៏​ប៉ុន្តែ​ការ​អភិវឌ្ឍ​ទាំង​នោះ គឺ​មិន​សក្ដិសម​ទៅ​នឹង​ការ​បាត់បង់​ធនធាន​ធម្មជាតិ​ទេ។

លោក ចាន់ សុវ៉េត៖ «គ្រាន់​តែ​ក្រុមហ៊ុន​ទាំង​អស់​ហ្នឹង​មុខ​ស្រួច​របស់​គេ គឺ​ទៅ​រក​តែ​តំបន់​ដែល​មាន​ឈើ​ក្រាស ឈើ​ប្រណីត​តែ​ប៉ុណ្ណឹង​ទេ។ តែ​បើ​និយាយ​ពី​ការ​អភិវឌ្ឍ​នោះ​ខ្ញុំ​មើល​ឃើញ​ដើម​ឈើ ត្រូវ​រលាយ​ហិនហោច​អស់​ស្ទើរ​តែ​ចូល ៧០% ហើយ នៅ​កន្លែង​តំបន់​នីមួយៗ​ ហើយ​ត្រង់​ថា ការ​បាន​មក​វិញ​ដោយ​ដាំ​ដើម​កៅស៊ូ​ដើម​អី​ហ្នឹង ខ្ញុំ​គិត​ថា តម្លៃ​សមត្ថភាព​វា​អត់​ស្មើ​គ្នា​ទេ»

សង្គម​ស៊ីវិល​ធ្លាប់​បាន​ធ្វើ​ការ​អំពាវនាវ​ជា​ច្រើន​ដង​តាម​រយៈ​សន្និសីទ​កាសែត និង​តាម​បណ្ដឹង​ប្រជាពលរដ្ឋ​ទៅ​រដ្ឋាភិបាល​ឱ្យ​ជួយ​ទប់​ស្កាត់​ការ​បំផ្លាញ​ព្រៃ​ឈើ​នេះ ក៏​ប៉ុន្តែ​កន្លង​មក​គេ​មើល​ឃើញ​​ថា រដ្ឋាភិបាល​ធ្លាប់​បាន​ចេញ​បទបញ្ជា​លេខ ០០១ លេខ ០០២ ស្ដីពី​ការ​ទប់ស្កាត់​ឈើ​គ្រញូង​តិច​តួច ហើយ​ការ​អនុវត្ត​វិធានការ​ទាំង​នោះ​មាន​ប្រសិទ្ធភាព​តិចតួច ដោយសារ​តែ​មន្ត្រី​រាជការ​នៅ​មាន​ភាព​ទន់​ខ្សោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។