សហគមន៍​​ការពារ​ព្រៃឈើ​ខេត្ត​ព្រះវិហារ​គ្រោងប្ដឹង​​មេខ្លោង​កាប់​​ព្រៃ​ឈើ​៣​រូប

ដោយ ហង្ស សាវយុត
2017-09-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផែនទី​ខេត្ត​ព្រះវិហារ
ផែនទី​ខេត្ត​ព្រះវិហារ
Photo: RFA

បច្ចុប្បន្ន​​នេះ សកម្មភាព​កាប់​​​​​​​​​​​​​​​​​ព្រៃ​ឈើ​យក​ទៅ​ជួញដូរ​​ខុសច្បាប់ នៅ​​​​​​​តំបន់​ព្រៃ​សហគមន៍​​ជាំពេន នា​ភូមិ​​​​​​​​​​​​​​បង្កើនផល ឃុំ​រម្យទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ នៅ​តែ​កើត​មាន​ ​ជា​រៀង​រាល់​ថ្ងៃ។ ​​​​​​​​​​​​​​​​​​​​​ជា​ច្រើន​ខែ​មក​ហើយ គណៈកម្មការ​សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​ទី​នោះ​​តែង​អំពាវនាវ​​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​​​​​​​​​​​​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​ឱ្យ​ជួយ​បង្ក្រាប​​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​ទាំង​នោះ ប៉ុន្តែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហាក់​មិន​មាន​ចំណាត់​​ការ​ណា​មួយ​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ។

​​គណៈកម្មការ​សហគមន៍​ការពារ​ព្រៃ​ឈើ​ជាំពេន ​ក្នុង​ឃុំ​រមទម នៃ​ស្រុក​រវៀង ឱ្យ​​ដឹង​ថា គេ​នឹង​ធ្វើ​ពាក្យ​បណ្ដឹង​ប្រឆាំង​មេខ្លោង​កាប់​ឈើ​នៅ​ក្នុង​តំបន់​ការពារ​របស់​ពួកគេ​ដាក់​ទៅ​តុលាការ​ខេត្ត​ព្រះវិហារ ​នៅ​ក្នុង​សប្ដាហ៍​នេះ។

​តំណាង​សហគមន៍​​ការពារ​ព្រៃឈើ​ជាំពេន គឺ​លោក រស់ លីន។ ​​​​​​លោក​មាន​ប្រសាសន៍​នៅ​រសៀល​​ថ្ងៃ​​​​​​​​​​អង្គារ​​​​ ខែ​​​​កញ្ញា​ ​​​ថា​​​សហគមន៍​​របស់​​លោក​​នឹង​ធ្វើ​​ពាក្យ​បណ្ដឹង​ដាក់​ទៅ​តុលាការ​ប្រឆាំង​នឹង​មេខ្លោង​កាប់​ឈើ​ខុស​ច្បាប់​ចំនួន ៣​រូប។​​ លោក​ថា ​​​​គណៈកម្មការ​សហគមន៍​ការពារ​ព្រៃ​ឈើ​របស់​លោក​ កំពុង​ចុះ​ស្រាវ​ជ្រាវ​​ប្រវត្តិ​មេខ្លោង​ដែល​កាប់​បំផ្លាញ​​ព្រៃ​ឈើ​ទាំង ៣​រូប​នោះ ឱ្យ​បាន​ច្បាស់​​លាស់​​​​អំពី​ទី​លំនៅ​ពិត​ប្រាកដ៖ «មនុស្ស​៣​នាក់​ហ្នឹង បើ​យើង​និយាយ​ពី​ត្រី​វិញ គឺ​ដុះ​ស្លែ។ គឺ​នៅ​តែ​ក្នុង​តំបន់​ព្រៃ​សហគមន៍ ហើយ​កាប់​ឈើ មិន​ចេញ​ទៅ​ណា​ទេ»

រយៈពេល​ជិត​កន្លះ​ឆ្នាំ​ហើយ សហគមន៍​ការពារ​ព្រៃឈើ​ជាំពេន ដែល​នៅ​ជាប់​ព្រំប្រទល់​គ្នា​នឹង​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ ត្រូវ​មនុស្ស ១​ក្រុម​ចូល​ទៅ​កាប់​ឈើ​ធំៗ​ហើយ​ដឹក​ជញ្ជូន​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ ដោយ​មាន​ការ​បង្ក្រាប​តិចតួច​ពី​សមត្ថកិច្ច។ កាល​ពី​ពាក់កណ្ដាល​ខែ​សីហា ក្រុម​អ្នក​កាប់​ឈើ​ដែល​មាន​អាវុធ​កែច្នៃ​ខ្លះ​ផង បាន​គំរាម​សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ​ណា​ដែល​ព្យាយាម​បង្ក្រាប​អំពើ​កាប់​ឈើ​ខុសច្បាប់​របស់​ពួកគេ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ បាន​គាំទ្រ​សហគមន៍​ការពារ​ព្រៃឈើ ដែល​ប្ដឹង​ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ទាំង​នោះ។

លោក ឡោ ចាន់ មាន​ប្រសាសន៍​ថា មនុស្ស​១​ក្រុម​ដែល​សហគមន៍​មាន​គម្រោង​ប្ដឹង​នោះ គឺ​បាន​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​សហគមន៍​ការពារ​ជា​យូរ​មក​ហើយ​មិន​ព្រម​ឈប់​ទេ៖ «អ៊ីចឹង​មាន​តែ​ឱ្យ​សហគមន៍​ធ្វើតាម​ផ្លូវ​ច្បាប់។ មុន​ដំបូង​យើង​គិត​ថា ចង់​រក​ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ប៉ុន្តែ​ជនល្មើស​កាប់​ឈើ​នោះ នៅ​តែ​ប្រព្រឹត្តិ​ខុស​ច្បាប់​ជា​ច្រើន​លើក រហូត​ដល់​សហគមន៍​ទ្រាំ​លែង​បាន»

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា នាយក​ដែន​ជម្រក​សត្វព្រៃ​នៃ​ឧទ្យាន​ជាតិ​បឹងពែរ លោក មាស ញឹម ធ្លាប់​មាន​ប្រសាសន៍​ថា កម្លាំង​របស់​លោក​បាន​ចុះ​ទៅ​ពិនិត្យមើល​តំបន់​ព្រៃ​សហគមន៍​ជាំពេន ហើយ​ឃើញ​ថា ពិត​ជា​មាន​ស្លាកស្នាម​កាប់​ឈើ​ខុស​ច្បាប់​មែន ក៏ប៉ុន្តែ​លោក​មិន​ដែល​ជួប​ក្រុម​អ្នក​កាប់​ឈើ​ទាំង​នោះ​ឡើយ។

​មន្ត្រី​ដដែល​បញ្ជាក់​ថា លោក​ក៏​ធ្លាប់​ឮ​សហគមន៍​ការពារ​ព្រៃឈើ រាយការណ៍​ពី​ឈ្មោះ​អ្នក​កាប់​ឈើ​ទាំង​នោះ​ដែរ ប៉ុន្តែ​លោក​មិន​ដែល​ស្គាល់​មុខ ព្រមទាំង​នៅ​ក្នុង​សហគមន៍​នោះ មាន​ជនបង្កប់​របស់​អ្នក​កាប់​ឈើ​ផង ជា​ហេតុ​ធ្វើ​ឱ្យ​ផែនការ​បង្ក្រាប​ជា​ច្រើនលើក​មិន​បាន​ជោគជ័យ៕​​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

កាប់បានចេះតែកាប់ទៅ ព្រោះហ៊ុន សែន មិនដែលចាប់មេខ្លោងណាម្នាក់នៅឡើយ។

Sep 13, 2017 01:45 AM

គេហទំព័រ​ទាំងមូល