ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​ដាក់​ញត្តិ​នៅ​រដ្ឋសភា

ដោយ ប្រាជ្ញ ចេវ
2015.04.30
តវ៉ា​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ៦២០ ក្រុម​ពលរដ្ឋ​រង​ប៉ះពាល់​ដោយ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ បង្ហាញ​រូបភាព​ពី​ការ​ប៉ះពាល់​នៃ​ការ​សាងសង់​ទំនប់​ក្រោយ​ពេល​ដាក់​ញត្តិ​នៅ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Brach Chev

ក្រុម​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ខេត្ត​ស្ទឹងត្រែង ដែល​សុទ្ធ​សឹង​ជា​ជនជាតិ​ដើម​ភាគ​តិច នាំ​គ្នា​ដាក់​ញត្តិ​នៅ​រដ្ឋសភា ដើម្បី​សុំ​ឲ្យ​ផ្អាក​ការ​សាងសង់​បណ្ដោះអាសន្ន និង​ប្រឆាំង​របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ដែល​អះអាង​ថា ពលរដ្ឋ ៧០​ភាគរយ​យល់ព្រម​ទទួល​យក​សំណង​ផល​ប៉ះពាល់។

ខ្លឹមសារ​នៃ​ញត្តិ​របស់​ក្រុម​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ មក​ពី​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ស្នើ​ឲ្យ​ផ្អាក​ការ​សាងសង់​ទំនប់​សិន និង​ទាមទារ​ប្រឆាំង​របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ដែល​រាយការណ៍​មក​សភា​ថា ពលរដ្ឋ​រង​ផល​ប៉ះពាល់ ៧០​ភាគរយ​យល់ព្រម​ទទួល​យក​សំណង។

ក្រោយ​ដាក់​ញត្តិ​ជូន​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា ទទួល​បន្ទុក​វិនិយោគ បរិស្ថាន និង​ធនធាន​ទឹក តំណាង​សហគមន៍​ភូមិ​ក្បាលរមាស មក​ពី​ខេត្ត​ស្ទឹងត្រែង លោក ដាំ សំណាង ឲ្យ​ដឹង​ថា គណៈកម្មការ​ទី​៣​រដ្ឋសភា មិន​បាន​សន្យា​ថា​នឹង​ធ្វើ​អ្វី​ក្រោយ​ទទួល​ញត្តិ​នេះ​ទេ។ លោក ដាំ សំណាង ប្រាប់​ថា នៅ​ក្នុង​ញត្តិ​នោះ​ក៏​បាន​ដាក់​បញ្ចូល​សំណូមពរ​នានា​របស់​ក្រុម​ពលរដ្ឋ ដើម្បី​ស្ថាប័ន​មួយ​នេះ​តាម​ដាន​អង្កេត​ការ​អនុវត្ត​របស់​មន្ត្រី​រដ្ឋាភិបាល៖ «ទំនប់​ងាយ​កើត​ទេ ប៉ុន្តែ​ធនធាន​ធម្មជាតិ​មិន​ងាយ​កើត​ទេ ដូច្នេះ​ខ្ញុំ​ស្នើ​ផ្អាក​ការ​សាងសង់​សិន»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា លោក ប៉ុល ហំម ទទួល​បន្ទុក​វិនិយោគ បរិស្ថាន និង​ធនធាន​ទឹក បាន​ទេ។ យ៉ាង​ណា​ក៏ដោយ​ចុះ សមាជិក​គណៈកម្មការ​នេះ អ្នកស្រី តែ ច័ន្ទមនី ថា ក្រោយ​ទទួល​ញត្តិ​ពលរដ្ឋ គណៈកម្មការ​ត្រួត​ពិនិត្យ​ញត្តិ​ហើយ ទើប​ត្រូវ​ចាត់​ចែង​បន្ត៖ «គណៈកម្មការ​យើង (គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា) ឲ្យ​តែ​ទទួល​បាន​ញត្តិ​រួច​ហើយ គឺ​ចាត់​ចែង​តាម​នីតិវិធី»

ផ្អែក​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ចុង​ឆ្នាំ​២០១២ បង្ហាញ​ថា ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ផលិត​បាន​ថាមពល ៤០០​មេហ្គាវ៉ាត់ អាច​ចែក​ចាយ​អគ្គិសនី​ទៅ​ខេត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ចាម និង​ភ្នំពេញ។

មិន​ទាន់​មាន​ការ​អះអាង​ពី​តំណាង​ក្រុមហ៊ុន​នេះ ថា​សាងសង់​បាន​ប៉ុន្មាន​ភាគរយ​នៅ​ឡើយ​ទេ ប៉ុន្តែ​តំណាង​អង្គការ​ទន្លេ​៣ ដែល​តាម​ដាន​រឿង​នេះ​ថា គម្រោង​នេះ​សាងសង់​បាន​ជិត ៤០​ភាគរយ​ហើយ។

តំណាង​ក្រុមហ៊ុន​សេសាន​ក្រោម​២ លោក កៅ វ៉ាងអ៊ីវ បដិសេធ​មិន​ផ្តល់​បទសម្ភាសន៍​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា។

អភិបាល​រង​ខេត្ត​ស្ទឹងត្រែង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត លោក ដួង ពៅ មាន​ប្រសាសន៍​ថា ក្រុម​ពលរដ្ឋ​ធ្វើ​សកម្មភាព​ប្រឆាំង​ការ​សាងសង់​នេះ ព្រោះ​ស្តាប់​តាម​ការ​ញុះញង់​របស់​បុគ្គល​ខ្លះ និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន។ លោក​អភិបាល​រង​ខេត្ត​បន្ត​ថា ប្រសិន​ក្រុម​ពលរដ្ឋ​មិន​ពេញ​ចិត្ត​ការ​ផ្តល់​សំណង​ណា​មួយ អាច​ដាក់​ពាក្យ​ស្នើសុំ​សាលា​ខេត្ត​ក៏​បាន​ដែរ៖ «ពលរដ្ឋ​ភាគ​ច្រើន​ព្រម​ទទួល​យក​សំណង​ហើយ ប៉ុន្តែ​តែ​អ្នក​ភាគ​តិច​ទេ​ស្តាប់​តាម​ការ​ញុះញង់»

ទោះ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ របស់​ក្រុមហ៊ុន​អ្នក​ឧកញ៉ា គិត ម៉េង ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋសភា និង​រដ្ឋាភិបាល​ក្តី។ ប៉ុន្តែ​ក្រុម​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច តែង​ចេញ​មុខ​ប្រឆាំង​គម្រោង​នេះ និង​ទាមទារ​ផ្អាក​ការ​សាងសង់​បណ្ដោះអាសន្ន ដើម្បី​ផ្តល់​សំណង​សមរម្យ​មក​ពលរដ្ឋ​ជា​មុន​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។