"ត្រី​យក្ស​កម្រ​នៅ​ទន្លេ​មេគង្គ​ប្រឈម​គ្រោះថ្នាក់​ដោយសារ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី"

ដោយ យាង សុជាមេត្តា
2015.09.27
ទំនប់​វារីអគ្គិសនី ដនសាហុង ៦១០ ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ជិះ​ទូក​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឡាវ បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង នៅ​តាម​ដង​ទន្លេ​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​២០១៤។
Photo: RFA

អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក (WWF) បាន​សិក្សា​ឃើញ​ថា ប្រភេទ​ត្រី​ឆ្លាំង​ខ្នាត​ធំ ឬ​រាជកម្រ នៅ​ក្នុង​ទន្លេ​មេគង្គ​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដោយសារ​ការសាងសង់​ទំនប់ វា​រី​អគ្គិសនី​នៅ លើ​ដង​ទន្លេ​មេគង្គ ដែល​ជា​ផ្លូវ​ទឹក​សំខាន់​ជាង​គេ​នៅ​ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍។ លទ្ធផល​សិក្សា​របស់ WWF បង្ហាញ​នៅ​ពេល​នេះ គឺ​ស្រប​ពេល​ដែល​ពិភពលោក​ប្រារព្ធ​ទិវា "ទន្លេ​ពិភពលោក" នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា។

អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក ឲ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​យ៉ាង​ឆាប់រហ័ស​នូវ​ចំនួន​ប្រភេទ​ត្រី​ឆ្លាំង​យក្ស​ទន្លេ​មេគង្គ ឬ​ត្រី​រាជ​ដែល​ជា​ប្រភេទ​ត្រី​កម្រ គឺ​បង្ក​ឡើង​ដោយ​អំពើ​មួយ​ចំនួន​របស់​មនុស្ស ក្នុង​នោះ​រួមមាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ការ​នេសាទ​ខុស​ច្បាប់ ដូចជា​ការ​ប្រើ​ខ្សែភ្លើង​ឆក់ ការ​ប្រើ​ជាតិ​ផ្ទុះ ការ​បំផ្លាញ​ជម្រក​ត្រី និង​ការ​បំពុល​ជាដើម។

ដោយ​មើល​ឃើញ​ពី​ការ​បាត់បង់​យ៉ាង​ឆាប់​រហ័ស​នូវ​ប្រភេទ​ត្រី​រាជ និង​ពី​ហានិភ័យ​ទាំង​អស់​នេះ ទើប​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក បាន​ធ្វើ​ការ​សិក្សា​មួយ​ដើម្បី​រួម​ចំណែក​ក្នុង​ការ​អភិរក្ស​ប្រភេទ​ត្រី​យក្ស​កម្រ​នេះ។

ការ​សិក្សា​បាន​ជ្រើសរើស​ទីតាំង​ចំនួន ១២​កន្លែង​នៅ​លើ​ដង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា ថៃ និង​ឡាវ។ អ្នក​សិក្សា​បាន​រក​ឃើញ​ត្រី​ចំនួន ១៧៦​ប្រភេទ ក្នុង​នោះ​ក៏​មាន​ប្រភេទ​ត្រី​រាជ ត្រី​ផ្សោត ដែល​សុទ្ធ​តែ​ជា​ប្រភេទ​ត្រី​កម្រ​ផង​ដែរ។ យ៉ាង​ណា ការ​សិក្សា​រក​ឃើញ​ប្រភេទ​ត្រីរាជ​នៅ​កន្លែង​តែ​មួយ​គត់ គឺ​ឋិត​នៅ​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​ថៃ ហើយ​ប្រភេទ​ត្រី​នេះ ផ្លាស់​ទី​ទៅ​ប៉ែក​ខាង​ជើង​តាម​ដង​ទន្លេ​មេគង្គ នៅ​ចន្លោះ​ពី​ខែ​មេសា ដល់​ខែ​មិថុនា។

ទន្លេ​មេគង្គ គឺ​ជា​ទន្លេ​តែមួយគត់​នៅ​លើ​ពិភពលោក​ដែល​មាន​ប្រភេទ​ត្រី​ទឹកសាប​ធំ​ជាង​គេ ក្នុង​នោះ​ត្រី​ខ្លះ​មាន​ទម្ងន់​រហូត​ដល់ ៣០០​គីឡូក្រាម​ក៏​មាន។

យ៉ាង​ណា​ក៏ដោយ អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក លើក​ឡើង​ថា ប្រភេទ​ត្រី​រាជ​យក្ស ព្រមទាំង​ប្រភេទ​ត្រី​ផ្សោត​ទន្លេ​មេគង្គ កំពុង​រង​នូវ​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដោយសារ​តែ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ចំនួន ១១​កន្លែង នៅ​លើ​ដង​ទន្លេ​មេគង្គ ក្នុង​នោះ​ទំនប់​វារីអគ្គិសនី សាយ៉ាបូរី (Xayaburi) ក្នុង​ប្រទេស​ឡាវ ត្រូវ​បាន​គេ​សាងសង់​ជិត​រួច​រាល់​ហើយ។ ក្រៅ​ពី​នេះ រដ្ឋាភិបាល ឡាវ ក៏​គ្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ដន សាហុង (Don Sahong) ដែល​ឋិត​នៅ​ក្បែរ​ព្រំដែន​ប្រទេស​កម្ពុជា ផង​ដែរ។

អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក លើក​ឡើង​ថា ប្រសិនបើ​ទំនប់​វារីអគ្គិសនី ដន សាហុង នឹង​ត្រូវ​សាងសង់​មែន​នោះ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ផ្លាស់ទី​របស់​ត្រី ធ្វើ​ឲ្យ​ថយ​ចុះ​នូវ​បរិមាណ​ត្រី​ទឹក​សាប​ដែល​ជា​ប្រភព​ចំណី​អាហារ​ដ៏​សំខាន់​សម្រាប់​មនុស្ស​ប្រមាណ ៦០​លាន​នាក់ ដែល​រស់​នៅ​ក្នុង​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ។

ច្រក ដន សាហុង ឋិត​នៅ​ក្នុង​តំបន់​ស៊ីផាន់ដន នៃ​ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ និង​មាន​ចម្ងាយ​ប្រមាណ ២​គីឡូម៉ែត្រ​ពី​ព្រំដែន​ប្រទេស​កម្ពុជា ខេត្ត​ស្ទឹងត្រែង។ វា​គឺ​ជា​ច្រក​សំខាន់​តែមួយគត់​នៅ​លើ​ដង​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ សម្រាប់​ឲ្យ​ត្រី​ធ្វើ​ដំណើរ​ឆ្លង​កាត់ ជា​ពិសេស​គឺ​នៅ​រដូវ​ប្រាំង។

នាយក​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​ប្រចាំ​កម្ពុជា លោក ឈិត សំអាត មាន​ប្រសាសន៍​ថា ប្រសិនបើ​ទំនប់​នេះ​ត្រូវ​បាន​សាងសង់​មែន​នោះ វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ត្រី​ឆ្លង​កាត់​នោះ​ទេ តែ​វា​ថែមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​ត្រី​ផ្សោត​នៅ​ក្នុង​ប្រទេស​កម្ពុជា ទៀត​ផង។ លើស​ពី​នេះ វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​រស់​នៅ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្បែរៗ​តំបន់​នោះ។

លោក ឈិត សំអាត៖ «ដន សាហុង គឺ​ជា​ច្រក​មួយ​ដែល​ត្រី​ធ្វើ​ដំណើរ ប្រសិនបើ​យើង​បិទ​វា​នឹង​ប៉ះពាល់ ជាពិសេស​គឺ​សត្វ​ផ្សោត​ទន្លេ​មេគង្គ​តែម្ដង។ ផ្សោត​ទន្លេ​មេគង្គ គឺ​ជា​សត្វ​ដែល​គេ​អភិរក្ស ហើយ​ជិត​ផុត​ពូជ នៅ​ជិត​ព្រំដែន​វា​មាន ៤​ក្បាល វា​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ភ្លាមៗ​តែម្ដង និង​ប្រភេទ​ត្រី​ផ្សេងៗ​ទៀត»

ទំនប់​វារីអគ្គីសនី ដន សាហុង អាច​ផលិត​ថាមពល​អគ្គិសនី​ប្រមាណ ២៦០​មេហ្គាវ៉ាត់ (Megawatt) និង​គ្រោង​សាងសង់​ដោយ​ក្រុមហ៊ុន​ម៉ាឡេស៊ី ឈ្មោះ ម៉េហ្កា ហ្វើស ខបផូរ៉េសិន ប៊ើរហាដ (Mega First Corporation Berhad) ដោយ​មិន​ខ្វាយខ្វល់​អំពី​ការ​ព្រួយ​បារម្ភ​របស់​ប្រទេស​ជិត​ខាង​នៅ​ក្រោម​ខ្សែទឹក​របស់​ខ្លួន និង​សហគមន៍​អន្តរជាតិ ព្រមទាំង​ភាព​ហិនហោច​នៃ​ជីវចម្រុះ​ក្នុង​ដង​ទន្លេ​មេគង្គ។ រដ្ឋាភិបាល​ឡាវ ប្រកាស​ថា គម្រោង​សាងសង់​នេះ​អាច​នឹង​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ​នេះ។

យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ ព្រមទាំង​រដ្ឋាភិបាល​កម្ពុជា ទទូច​ឲ្យ​រដ្ឋាភិបាល ឡាវ ផ្អាក​គម្រោង​សាងសង់​នេះ ហើយ​ត្រូវ​ធ្វើ​ការ​សិក្សា​ផល​ប៉ះពាល់​សង្គម និង​បរិស្ថាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ជាពិសេស​គឺ​ត្រូវ​តែ​មាន​ការ​ឯកភាព​ពី​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់ ដែល​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ទន្លេ​មេគង្គ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។