សារសំខាន់​នៃ​ការ​យល់​ដឹង​ពី​ការ​គ្រប់គ្រង​ចំណូល​នៃ​គម្រោង​ទាញ​យក​រ៉ែ​នៅ​កម្ពុជា

ដោយ ឡេង ម៉ាលី
2017.06.24
ចំណូល​ រ៉ែ ៨៥៥ ២០១៧ ព្រះសង្ឃ តំណាង​គណបក្ស​នយោបាយ និង​យុវជន​ ជួប​ជុំ​គ្នា​ស្វែង​យល់​ពី​ទស្សនវិស័យ និង​គោលនយោបាយ​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​គ្រប់គ្រង​ចំណូល​នៃ​គម្រោង​ទាញ​យក​រ៉ែ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។ RFA/Leng Maly
RFA/Leng Maly

ព្រះសង្ឃ ៤​អង្គ តំណាង​គណបក្ស​នយោបាយ និង​យុវជន​យុវនារី​សរុប ៣០​នាក់ ជួប​សន្ទនា​គ្នា​មួយ​ដើម្បី​ស្វែង​យល់​ពី​ទស្សនវិស័យ និង​គោលនយោបាយ​របស់​គណបក្ស​នយោបាយ ក្នុង​ការ​គ្រប់គ្រង​ចំណូល​នៃ​គម្រោង​ទាញ​យក​រ៉ែ​នៅ​កម្ពុជា។ ការ​ជួប​គ្នា​នេះ រៀបចំ​ដោយ​យុវជន​ស្ម័គ្រចិត្ត និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មិថុនា អំពី​សារសំខាន់​នៃ​ការ​គ្រប់គ្រង​ចំណូល។

ទាំង​ក្រុម​យុវជន និង​អ្នក​នយោបាយ​ពី​គណបក្ស​ប្រឆាំង​យល់​ស្រប​គ្នា​ថា ការ​យល់​ដឹង​ព័ត៌មាន​អំពី​ការ​គ្រប់គ្រង​ចំណូល បាន​មក​ពី​ការ​ទាញ​យក​រ៉ែ​ធម្មជាតិ មាន​សារសំខាន់​ចំពោះ​អនាគត​នៃ​មនុស្ស​ជំនាន់​ក្រោយ។ ពួក​គាត់​ចង់​ឲ្យ​មាន​ការ​ផ្សាយ​ព័ត៌មាន​ដោយ​តម្លាភាព និង​ទូលាយ​ជា​សាធារណៈ។

និស្សិត​ផ្នែក​គណនេយ្យ​មក​ពី​ខេត្ត​កំពង់ចាម កញ្ញា ងួន មួយគាង ថ្លែង​ថា ការ​សន្ទនា​ជា​មួយ​អ្នក​នយោបាយ​តំណាង​គណបក្ស​ប្រឆាំង បាន​ជួយ​ឲ្យ​កញ្ញា​ជា​យុវជន​បាន​យល់​ពី​យន្តការ និង​គោលនយោបាយ​លើ​ការ​ទាញ​យក​រ៉ែ​នៅ​កម្ពុជា។ ប៉ុន្តែ​កញ្ញា​សោកស្ដាយ​ដែល​តំណាង​គណបក្ស​គ្រប់គ្រង​អំណាច​មិន​បាន​ចូល​រួម។ កញ្ញា មួយគាង ចង់​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ផ្ដល់​ព័ត៌មាន​ឲ្យ​បាន​ទូលាយ​ពី​ចំណូល៖ «ចំណូល​ដែល​បាន​ពី​ការ​ទាញ​យក​រ៉ែ ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ដឹង ហើយ​បែងចែក ឬ​ក៏​រៀបរាប់​អ្វី​ដែល​យើង​ទទួល​បាន​ហ្នឹង គឺ​បាន​ពី​អី​ខ្លះ ហើយ​យើង​ធ្វើការ​វិនិយោគ​ផ្សេងៗ ទៀត អភិវឌ្ឍន៍​ក្នុង​ប្រទេស​របស់​ខ្លួន​ទៅ​លើ​វិស័យ​អី​ខ្លះ។ អ៊ីចឹង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ឬ​តាម​រយៈ​ព័ត៌មាន​ផ្សេងៗ ឬ​តាម​វិទ្យុ​ទូរទស្សន៍ ហើយ​ឲ្យ​មាន​ជា​វេទិកា ជា​ពិសេស​វេទិកា​សម្រាប់​យុវជន​ឲ្យ​គាត់​ជជែក​ដេញដោល​សួរ​នាំ​ពី​ចំណូល​ដែល​យើង​ទទួល​បាន​ហ្នឹង បាន​ពី​អី​ខ្លះ​ហើយ​ឲ្យ​គាត់​មាន​សំណួរ​ឆ្ងល់​ត្រង់​ណា ចូលរួម​ដោះស្រាយ​ទាំង​អស់​គ្នា»

សមាជិក​សភា​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ងឹម ញេង មាន​ប្រសាសន៍​ថា ព័ត៌មាន​ទាក់ទង​នឹង​ការ​ទាញ​យក​រ៉ែ​នៅ​កម្ពុជា ដែល​ជា​ចំណូល​ធំ​មួយ​របស់​រដ្ឋ នៅ​តែ​មិន​ទាន់​មាន​ការ​ផ្សព្វផ្សាយ​​ច្បាស់លាស់​ប្រកប​ដោយ​តម្លាភាព​ទេ ជា​ពិសេស គឺ​ព័ត៌មាន​នៃ​ធនធាន​ខ្សាច់៖ «ការ​គ្រប់គ្រង​ដែល​អត់​មាន​តម្លាភាព អត់​មាន​យន្តការ​ច្បាស់លាស់ ការ​ខាតបង់​ស្ទើរ​តែ​ទាំង​ស្រុង ដូច​ចំណុច​តែ​មួយ គឺ​ការ​យក​ធនធាន​ខ្សាច់ ព្រះអង្គ​លើក​ហើយ គឺ​តួ​លេខ​ខុស​គ្នា។ កុំ​ឲ្យ​ថា ឮ​តែ​គេ​ថា (សូម) ចូល​វ៉ឹបសាយ​ទៅ ខ្សាច់​សិង្ហបុរី ខ្សាច់​កម្ពុជា នាំ​ទៅ​សិង្ហបុរី ​ឃើញ​ខុស​ហើយ មិន​មែន​ខុស​តែ​បរិមាណ​ទេ តម្លៃ​ក៏​ខុស​គ្នា​ដែរ។ តម្លៃ​នៅ​ស្រុក​គេ​អត់​អាច​កុហក​ទេ គឺ​សុច្ចរិតភាព»

និស្សិត​សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង លោក ហេង គឹមហុង គាំទ្រ​ឲ្យ​មាន​ការ​អនុគ្រោះ​ចំពោះ​វិនិយោគ​វិស័យ​នេះ ដើម្បី​ផ្ដល់​ការងារ និង​ជំនាញ​ដល់​ពលរដ្ឋ។ ប៉ុន្តែ​លោក​សំណូមពរ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់ និង​យន្តការ​ច្បាស់លាស់។

អ្នក​រៀបចំ​កិច្ច​ពិភាក្សា​រវាង​យុវជន​ជាមួយ​គណបក្ស​នយោបាយ នៅ​ថ្ងៃ​ទី​២៤ មិថុនា និង​ជា​ទីប្រឹក្សា​ផ្នែក​បច្ចេកទេស និង​គោលនយោបាយ​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន អ្នកស្រី គឹម ណាតាសា មាន​ប្រសាសន៍​ថា ខាង​អ្នកស្រី​បាន​អញ្ជើញ​តំណាង​គណបក្ស​ប្រជាជន​ឲ្យ​មក​ចូលរួម​កិច្ច​ពិភាក្សា​នេះ​ដែរ ប៉ុន្តែ​ពួក​គាត់​មិន​អាច​មក​បាន។

អ្នកស្រី​ថ្លែង​ថា ការ​រៀបចំ​ឲ្យ​មាន​កិច្ច​ពិភាក្សា​នេះ ក៏​ព្រោះ​តែ​យុវជន​ចាប់​អារម្មណ៍​លើ​វិស័យ​ប្រេង​ឧស្ម័ន និង​រ៉ែ ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក។ ការ​ស្វែង​យល់​នេះ ផ្ដោត​លើ​ការ​គ្រប់គ្រង​ចំណូល​នៃ​គម្រោង​យក​រ៉ែ​ដំបូង​សំខាន់ៗ ៣ នៅ​កម្ពុជា គឺ​ការ​បូម​ប្រេង​កាត​ក្នុង​ប្លុក A ខេត្ត​ព្រះសីហនុ គម្រោង​ជីក​រ៉ែ​មាស​របស់​ក្រុមហ៊ុន Mesco Gold នៅ​ខេត្ត​រតនគិរី និង​ក្រុមហ៊ុន Renaissance Minerals នៅ​ខេត្ត​មណ្ឌលគិរី។ អ្នកស្រី​ថា ក្រុមហ៊ុន​ទាំង​នេះ​បញ្ចប់​ការ​រុករក ហើយ​កំពុង​សុំ​អាជ្ញាប័ណ្ណ​ជីក​យក។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក ងឹម ញេង ថ្លែង​ថា រ៉ែ​មាស​ត្រូវ​បាន​គេ​ជីក​យក​ខ្លះ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។