សហគមន៍​ថា បទល្មើស​ព្រៃឈើ​ក្នុង​ព្រៃ​ការពារ​នៃ​ខេត្ត​មណ្ឌលគិរី​កើត​ឡើង​ច្រើន

ដោយ អាស៊ីសេរី
2017-10-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឈើ​ប្រភេទ​គគីរ ដែល​សហគមន៍​ការពារ​ព្រៃឈើ​ព្រីងប្រង់ក្លង់ពេសថូ ឃាត់​ចាប់​ពី​ក្រុម​ជនល្មើស​កាល​ពី​ថ្ងៃទី១ ខែ​តុលា ឆ្នាំ​២០១៧។
ឈើ​ប្រភេទ​គគីរ ដែល​សហគមន៍​ការពារ​ព្រៃឈើ​ព្រីងប្រង់ក្លង់ពេសថូ ឃាត់​ចាប់​ពី​ក្រុម​ជនល្មើស​កាល​ពី​ថ្ងៃទី១ ខែ​តុលា ឆ្នាំ​២០១៧។
Photo Provided

ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខែត្រ​មណ្ឌលគិរី បារម្ភ​ពី​ជោគវាសនា ព្រៃ​សហគមន៍​ព្រីងប្រង់ក្លង់ពេសថូ ដែល​ផ្ដល់​ប្រយោជន៍​សំបូរ​បែប​ដល់​សហគមន៍​តាំង​ពី​ដើម​មក កំពុង​រង​ការ​កាប់​បំផ្លាញ​យក​ឈើ​មាន​តម្លៃ ដោយ​ក្រុម​ឈ្មួញ​ភាគច្រើន​ជា​ជនជាតិ​ចាម។ សហគមន៍​ថា ប៉ុស្តិ៍​នគរបាល​ឃុំ​ដាក់ដាំ ហាក់​មិន​អើពើ​ផ្ដល់​កិច្ចសហការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​នោះ​ទេ បើ​ទោះបី​សហគមន៍​បាន​ជូនដំណឹង​ច្រើន​សារ​ក្ដី។

សហគមន៍​ការពារ​ព្រៃឈើ​ព្រីងប្រង់ក្លង់ពេសថូ ឲ្យ​ដឹង​នៅ​ថ្ងៃទី២ តុលា​ថា ការ​លូច​កាប់​ឈើ​មូល​ក្នុង​ព្រៃ​សហគមន៍​នៅតែ​កើតមាន ពី​ក្រុម​ពលរដ្ឋ​ចំណូល​ស្រុក ភាគ​ច្រើន​ជា​ជនជាតិ​ចាម បាន​យក​ម៉ាស៊ីន​ឈើ​ស្វ័យប្រវត្ត​លួច​កាប់​ឈើ​មានតម្លៃ​មានមុខ​កាត់ ៤​តឹក​ឡើង​ទៅ។

សមាជិក​សហគមន៍​ការពារ​ព្រៃឈើ លោក ច្រូត ខ្លើត កត់​សម្គាល់​ថា ព្រៃ​សហគមន៍​ព្រីងប្រង់ក្លង់ពេសថូ កាល​មុន​ឆ្នាំ​២០១០ សំបូរ​ដោយ​ដើមឈើ​ធំៗ និង​ឈើ​ប្រណិត ក៏​ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ឈើ​មានតម្លៃ​ខ្ពស់​ត្រូវ​គេ​លូច​កាប់​ស្ទើរ​គ្មាន​សល់ ហើយ​បច្ចុប្បន្ន​នៅ​សេស​សល់​តែ​ដើមឈើ គគីរ និង​ផ្ចឹក​ជាដើម ដែល​កំពុង​រង​ការ​កាប់​បំផ្លាញ​បន្ត​ទៀត។

ចំណែក​ជនជាតិ​ដើម​ភាគតិច​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​អន្តរាគមន៍​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ ប្រសិនបើ​ពុំ​មាន​កិច្ចសហការ​ជាមួយ​នគរបាល ខណៈ​ក្រុម​ជនល្មើស​មាន​គ្នា​ច្រើនជាង​សហគមន៍។ លោក​ថា មេ​ប៉ុស្តិ៍​ដាក់​ដាំ លោក ជុង ភៀក មិនសូវ​អើពើ ផ្ដល់​កិច្ចសហការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ជាមួយ​សហគមន៍​ទេ ពោល​បើ​សហគមន៍​ប្រទះឃើញ​បទល្មើស​ព្រៃឈើ រួច​ផ្ទល់​ដំណឹង​ទៅ​នគរបាល ពុំ​មាន​លទ្ធផល។

កាល​ពី​ថ្ងៃ​ទី១ តុលា សហគមន៍​ប្រទះឃើញ​ជនល្មើស​មួយ​ក្រុម​ដឹកជញ្ជូន​ឈើ​មុខកាត់ ៤​តឹក​បួន​ជ្រុង ប្រវែង​ជាង ២​ម៉ែត្រ​ប្រមាណ​ជិត ១០​ដុំ ចេញពី​ព្រៃឈើ​សហគមន៍ ទំនង​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តែ​ត្រូវ​សហគមន៍​ឃាត់ទុក និង​បញ្ជូន​ឈើ​ទាំង​នោះ រួម​ទាំង​វត្ថុ​តាង ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ រីឯ​ជនល្មើស​បាន​រត់​គេ​ខ្លួន​បាត់។

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង មេ​ប៉ុស្តិ៍​ដាក់​ដាំ លោក ជុង ភៀក ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បានទេ​នៅ​ថ្ងៃ​ទី២ តុលា។

មេឃុំ​ដាក់ដាំ លោក ចាស់ ណា ទទួល​ស្គាល់​ថា បទល្មើស​ព្រៃឈើ​ក្នុង​ព្រៃ​សហគមន៍​នៅតែ​កើតមាន តែ​អាជ្ញាធរ​ឃុំ​បាន​ផ្ដល់​កិច្ចសហការ​បង្ក្រាប​ជាមួយ​សហគមន៍​ជា​ហូរហែ។ លោក​ថា កន្លងទៅ​អាជ្ញាធរ​ឃុំ​បាន​ផ្ដល់​ដំណឹង​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ឲ្យ​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែរ ក៏ប៉ុន្តែ​សមត្ថកិច្ច​ជាប់រវល់។ លោក​បញ្ជាក់​ថា ក្រុម​ប្រឹក្សា​ឃុំ​ដាក់​ដាំ ពុំ​មាន​កញ្ចប់​ថវិកា​មូលនិធិ​ឃុំ សម្រាប់​អភិរក្ស​ព្រៃឈើ​នោះ​ទេ ហើយ​កិច្ច​គាំពារ​ព្រៃឈើ​ភាគច្រើន​ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​នៃ​សមាគម​អាដហុក ខែត្រ​មណ្ឌលគិរី លោក សុក រដ្ឋា យល់ថា បើ​សហគមន៍​ប្រទះ​ឃើញ​បទល្មើស​ព្រៃឈើ បាន​ជូនដំណឹង​ទៅ​សមត្ថកិច្ច ក៏ប៉ុន្តែ​សមត្ថកិច្ច​បែរ​ជា​មិន​អើពើ​បង្ក្រាប សហគមន៍​មាន​សិទ្ធិ​ដាក់ពាក្យ​បណ្ដឹង​បរិហារ​ទៅ​តុលាការ។ លោក​បញ្ជាក់​ថា បើ​សមត្ថកិច្ច​មិន​អើពើ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ដែល​កើតឡើង​នៅ​មូលដ្ឋាន​របស់​ខ្លួន មានន័យថា សមត្ថកិច្ច​មិនបាន​អនុវត្ត​កាតព្វកិច្ច​ក្នុងនាម​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​នោះ​ទេ។ លោក​ថា បទ​បញ្ជា​ប្រមុខ​រដ្ឋាភិបាល ពុំ​មាន​ប្រសិទ្ធភាព​ដោយសារតែ​សមត្ថកិច្ច​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​ធ្វើ​មិន​ដឹង​មិន​ឮ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ។

ព្រៃ​សហគមន៍​ព្រីងប្រង់ក្លង់ពេសថូ មាន​ផ្ទៃដី​ជាង ១​ពាន់​ហិកតារ (,១០៤) បច្ចុប្បន្ន​នៅ​សេសសល់​ឈើ​គគីរ និង​ផ្ចឹក មាន​មុខ​កាត់ ៤​តឹក​ឡើង​ទៅ និង​ឈើ​មិន​មាន​តម្លៃ​ទីផ្សារ។ ដោយឡែក សហគមន៍​ការពារ​ព្រៃឈើ​ព្រីងប្រង់ក្លង់ពេសថូ បាន​ស្នើ​សុំ​ចុះបញ្ជី​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ក្រសួង​កសិកម្ម តែ​ពុំ​ទាន់​មានការ​ឆ្លើយតប។ ជនជាតិ​ដើម​ភាគតិច​ព្នង​បារម្ភ​ថា ប្រសិនបើ អាជ្ញាធរ​ពាក់ព័ន្ធ មិន​មាន​វិធានការ​ទប់ស្កាត់​ជាក់លាក់​ទេ ព្រៃឈើ​ដែល​នៅ​សេសសល់ នឹង​បន្ត​វិនាស​ថែមទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល