ក្រសួង​រ៉ែ​និង​អង្គការ​សង្គម​ស៊ីវិល​អង្កេត​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២

ដោយ ម៉ែន សុធីរ
2015.07.28
ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ៦២០ សកម្មភាព​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Men Sothyr

សមាជិក​អង្គការ​សម្ព័ន្ធ​ទន្លេ​កម្ពុជា (RCC) ជាង ២០​ស្ថាប័ន និង​ក្រសួង​រ៉ែ និង​ថាមពល បាន​ចុះ​អង្កេត​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​២៧ កក្កដា។ បន្ទាប់​ពី​ការ​ចុះ​អង្កេត ក្រសួង​រ៉ែ និង​ថាមពល រួម​ទាំង​សមាជិក​អង្គការ​សម្ព័ន្ធ​ទន្លេ​កម្ពុជា រៀបចំ​វេទិកា​សាធារណៈ​ស្ដីពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ថ្ងៃ​ទី​២៨ កក្កដា។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ សម្ដែង​ក្តី​រីករាយ ស្រប​ពេល​ដែល​ក្រុម​អង្គការ​ចំនួន​ជាង ២០​ស្ថាប័ន​ដែល​ជា​សមាជិក​សម្ព័ន្ធ​ទន្លេ​កម្ពុជា រួម​ទាំង​រដ្ឋលេខាធិការ​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ចុះ​សិក្សា​ស្វែងយល់​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ និង​ការ​ផ្តល់​សំណង​ទូទាត់​ជូន​ពលរដ្ឋ​រង​ផល​ប៉ះពាល់ ជាដើម។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នោះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទទួល​យក​ទុក្ខ​កង្វល់​របស់​អ្នក​ភូមិ  និង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្តល់​សំណង​ទូទាត់ ជាដើម។ ការ​ចុះ​សិក្សា​ស្វែងយល់​នេះ សហគមន៍​យល់​ថា គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ពលរដ្ឋ​រង​ផល​ប៉ះពាល់​មាន​ជំនឿ​ចិត្ត ដើម្បី​ចង់​បង្ហាញ​នូវ​ទុក្ខ​កង្វល់​របស់​ខ្លួន​ជា​សាធារណៈ​ស្ដីពី​ភាព​ចន្លោះ​ប្រហោង​នៃ​ក្រុមហ៊ុន និង​ការ​បាត់បង់​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច ជាដើម។

តំណាង​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង លោក ស្រ៊ុន សៀន ចាប់​អារម្មណ៍​ថា ក្រសួង​រ៉ែ និង​ថាមពល រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន ចូលរួម​ត្រួត​ពិនិត្យ​ពី​ដំណើរ​ការ​នៃ​ការ​សាងសង់​លំនៅឋាន​ជូន​ដល់​ពលរដ្ឋ​រង​ផល​ប៉ះពាល់ មាន​សារសំខាន់​ណាស់ ដែល​សហគមន៍​រំពឹង​ថា ក្រុម​អង្គការ​ទាំង​នោះ​សហការ​យ៉ាង​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទទួល​បន្ទុក​សាងសង់​ទទួល​ខុស​ត្រូវ​រាល់​សំណង​ទូទាត់​ពលរដ្ឋ​រង​ផល​ប៉ះពាល់ ដែល​ចាំបាច់​ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅឋាន។ លោក​ថា ភាព​ចន្លោះ​ប្រហោង​នៃ​ការ​ផ្តល់​ជា​សំណង​ទូទាត់​ទាំង​លំនៅឋាន និង​ដី​ស្រែ​ចម្ការ រួម​ទាំង​ដី​សហគមន៍ គឺ​ជា​ចំណុច​សំខាន់​ដែល​សហគមន៍​រង​ផល​ប៉ះពាល់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច និង​លើក​ឡើង​ក្នុង​វេទិកា​សាធារណៈ​នៅ​ថ្ងៃ​ទី​២៨ កក្កដា៖ «ខ្ញុំ​សូម​ប្រកាស​អ៊ីចឹង បើ​គ្មាន​អ្វី​ពិត​ប្រាកដ​ច្បាស់ ខ្ញុំ​មិន​ព្រម​ចេញ​ពី​ភូមិ​កំណើត​ខ្ញុំ​ទេ»

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង និង​ជា​អភិបាល​រង​ខេត្ត លោក ដួង ពៅ មាន​ប្រសាសន៍​ថា ពលរដ្ឋ​ដែល​មិន​ព្រម​ចាក​ចេញ​ពី​ភូមិ​កំណើត គណៈកម្មាធិការ​ដោះស្រាយ​ផល​ប៉ះពាល់ គ្រោង​រៀបចំ​លំនៅឋាន​ជូន​ដល់​ពួក​គាត់​រួច​ជា​ស្រេច រួម​ទាំង​ដី​កសិកម្ម​ជាដើម។ លោក​ថា ពេល​ណា​ដែល​ទំនប់​បើក​ឲ្យ​ដំណើរ​ការ ទឹក​នឹង​លិច​លង់​លំនៅឋាន​អ្នក​ភូមិ ហើយ​អ្នក​ភូមិ​អាច​ប្ដូរ​ឥរិយាបថ​មក​រស់នៅ​លំនៅឋាន​ថ្មី​បាន​គ្រប់​ពេល។

រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ិត ប្រាំង ថ្លែង​ថា ការ​ដោះស្រាយ​ផល​ប៉ះពាល់ គឺ​មិន​អាច​តម្រូវ​ទៅ​តាម​ការ​ចង់​បាន​របស់​បុគ្គល​ឡើយ គឺ​ធ្វើ​ឡើង​តម្រូវ​យក​តាម​មតិ​ភាគ​ច្រើន ដូចជា​ការ​ផ្តល់​សំណង​ដី​កសិកម្ម​ទៅ​តាម​ស្ថានភាព​ដី​ជាក់ស្តែង ដែល​ធានា​ថា ពលរដ្ឋ​អាច​ធ្វើ​កសិកម្ម​ប្រមូល​ផល​បាន៖ «និយាយ​គ្នា​ជាមួយ​ខេត្ត​ហើយ​ថា បង​ប្អូន​មក​ពេល​ណា មក​ទៅ មក​មើល​ផ្ទះ​ផង​ទៅ ហើយ​មក​មើល​ស្រែ​ផង​ទៅ មើល​ស្រែ​ទៅ​ស្រែ​ណា​រៀបចំ​ធ្វើ​បាន​ធ្វើ​ទៅ»

មន្ត្រី​អង្គការ​សម្ព័ន្ធ​ទន្លេ​កម្ពុជា និង​ជា​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក តឹក វណ្ណារ៉ា ថ្លែង​ថា បន្ទាប់​ពី​ការ​ចុះ​ដល់​មូលដ្ឋាន​ទំនប់​ផ្ទាល់ ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ រួម​ទាំង​គណៈកម្មាធិការ​ដោះស្រាយ​ផល​ប៉ះពាល់​ខេត្ត តំណាង​ក្រុមហ៊ុន និង​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ព្រម​ទាំង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត បាន​ត្រៀម​ថ្លែង​ក្នុង​វេទិកា​សាធារណៈ ដែល​ចំណុច​សំខាន់​ដើម្បី​អង្គការ​ទន្លេ​កម្ពុជា ធ្វើ​ជា​របាយការណ៍។ លោក​ថា ការ​ផ្តល់​ឱកាស​បើក​ទូលាយ​សម្រាប់​ការ​សន្ទនា​ក្នុង​ចំណោម​សហគមន៍ ក្រុមហ៊ុន និង​រដ្ឋាភិបាល​អំពី​ទុក្ខ​កង្វល់​របស់​សហគមន៍​ទាក់ទិន​ទំនប់​សេសាន​ក្រោម​២ គឺ​ជា​មូលដ្ឋាន​សំខាន់ ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​សម្រប​សម្រួល៖ «បញ្ហា​ប្រជាជន​ដែល​នៅ ដែល​ព្រម ឬ​ព្រម​ហើយ គាត់​មាន​បញ្ហា​អី យក​មក​ដាក់​លើ​តុ​មក យើង​ជជែក​គ្នា»

យ៉ាង​នេះ​ក្តី មន្ត្រី​សម្រប​សម្រួល​នៃ​បណ្ដាញ​ទន្លេ​បី លោក មៀច មាន ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទទួល​បន្ទុក​សាងសង់​ទំនប់​នេះ កែប្រែ​ចរន្ត​បង្ហូរ​ទឹក​ដែល​ជា​សារធាតុ​គីមី​ចូល​ទន្លេ ព្រោះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ធនធាន​ត្រី និង​គុណភាព​ទឹក ជា​បញ្ហា​ចម្បង​ធ្វើ​ឲ្យ​ពលរដ្ឋ​អាស្រ័យ​ផល​ទឹក​ទន្លេ​មាន​ជំងឺ​ស្បែក​ជាដើម។ លោក​កត់​សម្គាល់​ថា ការ​បង្ហូរ​កាក​សំណល់​សារធាតុ​គីមី​របស់​ក្រុមហ៊ុន នឹង​ធ្វើ​ឲ្យ​ត្រី​ជាច្រើន​ប្រភេទ​នៅ​ក្នុង​ទន្លេ​ត្រូវ​ស្លាប់ និង​អ្នក​ភូមិ​ជាច្រើន​នៅ​ខាង​ក្រោម​ទន្លេ​សេសាន មាន​ជំងឺ​ស្បែក៖ «ត្អូញត្អែរ​ថា ធ្វើ​ឲ្យ​ពួក​គាត់​ហ្នឹង​កើត​កម​រមាស់​ផ្សេងៗ វា​បណ្ដាល​មក​ពី​ការ​បញ្ចេញ​ចោល​របស់​ទឹក​ហ្នឹង​ឯង»

អង្គការ​អភិរក្ស​ធនធាន​ជលផល​ពិភពលោក ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ធ្លាប់​ជំរុញ​ឲ្យ​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ បង្កើត​ប្រព័ន្ធ​ចរន្ត​ទឹក​ផ្សេង​ទៀត​ដែល​ត​ភ្ជាប់​ពី​ដៃ​ទន្លេ​សេសាន ដើម្បី​ឲ្យ​ត្រី​អាច​បន្លាស់​ទី​បាន។

ដោយឡែក​ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ជា​ជនជាតិ​ចិន លោក មួ វ៉ុនផេង (Mou Wonpeng) ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ កក្កដា ថា ក្រុមហ៊ុន​មាន​ផែនការ​រៀបចំ​កសាង​ប្រឡាយ​ទឹក​តាម​អូរ​ចាស់​បែក​ចេញ​ពី​ទន្លេ​សេសាន រំលង​ទំនប់​ជាច្រើន​គីឡូម៉ែត្រ​តាម​ការ​ស្នើ​របស់​អង្គការ​អភិរក្ស​ធនធាន​ជលផល​ពិភពលោក។ លោក​បញ្ជាក់​ថា គម្រោង​នេះ​នឹង​ដំណើរ​ការ​ឆាប់ៗ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។