មន្ត្រី​បរិស្ថាន​ម្នាក់​ត្រូវ​គេ​សម្លាប់

ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា មន្ត្រី​បរិស្ថាន​ផ្នែក​ឧទ្យានុរក្ស​ម្នាក់ ត្រូវ​បាន​គេ​សម្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ​នៅ​ក្នុង​ព្រៃ​នៃ​តំបន់​ភូមិ​អូរក្រូច ឃុំ​ត្រពាំងប្រាសាទ នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​កំពុង​ដេក​នៅ​កន្លែង​យាម​ប្រចាំការ​របស់​ពួកគេ កាល​ពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ។
ដោយ ហង្ស សាវយុត
2013.02.26

មន្ត្រី​បរិស្ថាន​ទាំង​ពីរ​នាក់​ដែល​​រង​គ្រោះ គឺ​ម្នាក់​ឈ្មោះ ប៊ុន បឿន អាយុ ២០​ឆ្នាំ ​បាន​ស្លាប់ និង​ម្នាក់​ទៀត​ឈ្មោះ អ៊ឹម វុទ្ធី អាយុ ៣០​ឆ្នាំ បាន​រង​របួស​ធ្ងន់ធ្ងរ កំពុង​ជួយ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ។
លោក កែវ តាន់ ជា​អធិការ​នគរបាល​ស្រុក​ត្រពាំងប្រាសាទ។ លោក​បាន​មាន​ប្រសាសន៍​ថា ប៉ូលិស​បាន​ទទួល​ព័ត៌មាន​ជុំវិញ​ហេតុការណ៍​នោះ​នៅ​វេលា​ម៉ោង​ប្រហែល​ជា ៤​ទៀត​ភ្លឺ​ទៅ​ហើយ ក៏​ប៉ុន្តែ​លោក​បាន​ប៉ាន់​ប្រមាណ​ថា វេលា​កើត​ហេតុ ប្រហែល​ជា​ក្នុង​អំឡុង​ម៉ោង​ប្រហែល​ជាង ៣​ទៀប​ភ្លឺ ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​កុម្ភៈ។

លោក​អធិការ​នគរបាល​បាន​ឱ្យ​ដឹង​ថា ទោះ​យ៉ាង​ណា អ្នក​ដែល​ដៃ​ដល់​ក្នុង​ការ​សម្លាប់​មន្ត្រី​បរិស្ថាន​នោះ ត្រូវ​​គេ​ស្គាល់​មុខ​ថា មាន​គ្នា​ពីរ​នាក់ មាន​របរ​​ជា​អ្នក​​កាប់​ឈើ ហើយ​បាន​ទៅ​ស្នាក់​នៅ​ក្នុង​កន្លែង​​មន្ត្រី​បរិស្ថាន​នោះ​ចំនួន ២​ថ្ងៃ​​​មក​ហើយ។

ប៉ូលិស​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា អំពើ​ឃាតកម្ម​ទៅ​លើ​មន្ត្រី​បរិស្ថាន​ផ្នែក​ឧទ្យានុរក្ស​ទាំង ២​នោះ គឺ​អាច​ជា​អំពើ​ប្លន់​យក​សម្ភារៈ មិន​មែន​ជា​គំនុំ​ទេ ពីព្រោះ​ជន​ដៃដល់​បាន​យក​ម៉ូតូ​ហុងដា ឌ្រីម (HONDA DREAM 125) សេរី​ឆ្នាំ​២០១២ របស់​ជន​រង​គ្រោះ ១​គ្រឿង​ទៅ​បាត់៖ «យើង​គិត​ថា បើ​គំនុំ​វា​គ្រាន់​តែ​វាយ គ្រាន់​តែ​កាប់ គ្រាន់​តែ​ចាក់​អី​ទៅ មិន​មាន​ការ​ខូចខាត​បាត់​បង់​ទេ តែ​នេះ​សម្លាប់​ហើយ​យក​ម៉ូតូ ១​គ្រឿង​ទៅ ហើយ​សម្ភារៈ​ជាប់​នឹង​ខ្លួន​នោះ មាន​យក​ទូរស័ព្ទ​ដៃ​ផង​ដែរ ហើយ​អ្នក​បង្ក​នេះ តាម​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​ដែល​នៅ​និយាយ​កើត គឺ​គាត់​ស្គាល់ គឺ​អ្នក​ដែល​មក​ស្នាក់​នៅ​ក្នុង​កន្លែង​ជាមួយ​គ្នា បាន ២​ថ្ងៃ​ហើយ»

សមត្ថកិច្ច​ចម្រុះ​កំពុង​រាយ​បណ្ដាក់​កម្លាំង​ជា​ច្រើន ដើម្បី​រុករក​នៅ​ក្នុងព្រៃ និង​មួយ​ចំនួន​ទៀត​បាន​រាយ​បណ្ដាក់​នៅ​តាម​ផ្លូវ ដើម្បី​តាម​ស្ទាក់​ចាប់​ជន​សង្ស័យ​ទាំង​ពីរ​នាក់​នោះ។

សាក្សី​ដែល​ដឹង​រឿង​ឃាតកម្ម​នោះ បាន​និយាយ​ថា មន្ត្រី​បរិស្ថាន​ផ្នែក​ឧទ្យានុរក្ស​ទាំង​ពីរ​នាក់ ដែល​ទទួល​រង​គ្រោះ​ថ្នាក់ គឺ​ជា​អ្នក​ដែល​យាម​ប្រចាំការ​​ក្នុង​តំបន់​ដី​សម្បទាន​របស់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ តៃនិញ ដែល​ស្ថិត​ក្នុង​ភូមិសាស្រ្ត​នៃ​ភូមិ​អូរក្រូច ឃុំ​ត្រពាំងប្រាសាទ។

សាក្សី​ម្នាក់​​និយាយ​ថា គាត់​បាន​ដឹង​ហេតុការណ៍​នោះ បន្ទាប់​ពី​មន្ត្រី​បរិស្ថាន​ផ្សេង​ទៀត​បាន​ទូរស័ព្ទ​មក​ប្ដឹង​សមត្ថកិច្ច ថា​មាន​អំពើ​ឃាតកម្ម​មក​លើ​មន្ត្រី​របស់​ពួក​គេ៖ «ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ គឺ​នៅ​លើ​អង្រឹង កំពុង​តែ​ដេក​លក់ គឺ​កាប់​តែម្ដង កាប់​នឹង​ពូថៅ។ សាកសព​ដែល​ស្លាប់​ហ្នឹង គឺ​កាប់ ១​ពូថៅ​ចំ​កញ្ចឹងក​ខាង​ឆ្វេង ដោយ​ឡែក​ជន​រង​គ្រោះ​ដែល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នោះ ឮ​ថា កាប់​ត្រូវ​ច្រើន​ដែរ ប៉ុន្តែ​វា​មិន​ដឹង​រឿង​កាប់​ត្រូវ​ហ្នឹង​វា​មាន​កន្លែង​ណា​ខ្លះ ដោយសារ​គេ​បញ្ជូន​ទៅ​ហើយ​សមត្ថកិច្ច​ខ្លះ​ក៏​ទៅ​អត់​ទាន់»

ប្រភព​ពី​អ្នក​ភូមិ​បាន​ឱ្យ​ដឹង​ថា កន្លែង​ដែល​គេ​សម្លាប់​មន្ត្រី​ឧទ្យានុរក្ស​​នោះ ​គឺ​​​ជា​ធម្មតា​​មាន​មន្ត្រី​បរិស្ថាន​ចំនួន ៣​នាក់ ​និង​កងរាជអាវុធហត្ថ​ចំនួន ៣​នាក់​ដែរ តែង​យាម​ប្រចាំការ​នៅ​ទី​នោះ ​ក៏ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ កម្លាំង​កងរាជអាវុធហត្ថ​ចំនួន ៣​នាក់​ មិន​បាន​​នៅ​កន្លែង​ទេ ចំណែក​ឯ​មន្ត្រី​បរិស្ថាន​ម្នាក់​ទៀត ក៏​បាន​ទៅ​ចូល​រួម​មង្គលការ ហើយ​ទុក​ឱ្យ​មន្ត្រី​តែ ២​នាក់​ប៉ុណ្ណោះ​នៅ​ចាំ​កន្លែង ជា​ហេ​តុ​ដែល​ធ្វើ​ឱ្យ​ជន​ដៃដល់​បាន​ឱកាស​ល្អ ក៏​សម្លាប់​មន្ត្រី​បរិស្ថាន​ដែល​នៅ​ចាំ​កន្លែង​ទាំង​ពីរ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។