សហគមន៍​តាម​ខេត្ត​មួយ​ចំនួន​ទាមទារ​ឱ្យ​តុលាការ​​ដោះលែង​សកម្មជន​មាតា​ធម្មជាតិ

ដោយ មាន ឫទ្ធិ
2018.01.22
ឌឹម គុណឌី ហ៊ុន វណ្ណៈ ៦២២ (ពី​ឆ្វេង) លោក ឌឹម គុណឌី និង លោក ហ៊ុន វណ្ណៈ សកម្មជន​ចលនា​មាតា​ធម្មជាតិ មុន​ពេល​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៧។
Photo Provided

ប្រជា​សហគមន៍​តាម​ខេត្ត​មួយ​ចំនួន គ្រោង​លើកគ្នា​ទៅតាម​ដាន​ដំណើរការ​សវនាការ​ក្ដី​សកម្មជន​បរិស្ថាន អង្គការ​មាតា​ធម្មជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​តុលាការ​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី២៥ មករា ខាងមុខនេះ។ ប្រជា​សហគមន៍​ទាំងនោះ​អំពាវនាវ​ឱ្យ​តុលាការ​ដោះលែង​សកម្មជន​ទាំង​ពីរ​រូប​ឱ្យ​មាន​សេរីភាព​វិញ ត្បិត​អ្នក​ទាំងពីរ​មិនបាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ ហើយ​សកម្មភាព​របស់​ពួកគេ គឺ​គ្រាន់តែ​ជា​ការ​ចូលរួម​ជួយ​ថែរក្សា​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ប៉ុណ្ណោះ។

ប្រជា​សហគមន៍​តាម​ខេត្ត​មួយ​ចំនួន ដែល​អង្គការ​មាតា​ធម្មជាតិ​ធ្លាប់​ចុះទៅ​ជួយ​តស៊ូ​មតិ និង​អប់រំ​ផ្លូវច្បាប់ អះអាង​ប្រាប់​អាស៊ីសេរី​ថា ពួកគាត់​នឹង​នាំគ្នា​ទៅ​ចូលរួម​តាមដាន​សវនាការ​ជំនុំជម្រះ​ក្តី លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី នៅ​ពេល​ខាងមុខ ដើម្បី​បង្ហាញ​ការ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​សកម្មជន​បរិស្ថាន​ទាំងពីរ​រូប​នេះ។

តំណាង​ស្ត្រី​សហគមន៍​កោះ​ស្រឡៅ ក្នុង​ស្រុក​កោះកុង ខេត្ត​កោះកុង គឺ​លោកស្រី ម៉ូត សុផា បញ្ជាក់​ថា លោកស្រី​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ទៅ​ចូលរួម​ឃ្លាំមើល​សវនាការ សកម្មជន​មាតា​ធម្មជាតិ​ទាំង​ពីរ​រូប ព្រោះ​លោកស្រី​យល់​ឃើញ​ថា ពួកគេ​ទាំងពីរ​មិនបាន​ប្រព្រឹត្ត​កំហុស​ឆ្គង​អ្វី ដែល​តុលាការ​ខេត្ត​កោះកុង​«ត្រូវ​ចាប់​ឃុំខ្លួន​ពួកគេ​បែបនេះ​ឡើយ។ លោកស្រី​អះអាង​ថា លោកស្រី​មិន​អាច​ឈរ​ឱប​ដៃ​មើល​រឿង​អយុត្តិធម៌​ដែល​កើតឡើង​ទៅលើ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី បាន​នោះ​ទេ ត្បិត​ពួកគេ​ទាំងពីរ និង​សកម្មជន​ផ្សេងទៀត​របស់​អង្គការ​មាតា​ធម្មជាតិ គឺជា​អ្នក​ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត និង​ពេលវេលា​ផ្ទាល់ខ្លួន ដើម្បី​ជួយ​ដល់​សហគមន៍​កោះ​ស្រឡៅ ក្នុង​ការ​តស៊ូ​មតិ​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់ ដែល​បាន​បង្ក​ផល​ប៉ះពាល់​ជាច្រើន​មក​លើ​សហគមន៍៖ «ក្រុម​យុវជន​យើង គឺ​សុទ្ធតែ​កូន​ខ្មែរ​ទាំងអស់ ហើយ​គាត់​មក​ការពារ​ទឹកដី​ខ្មែរ ការពារ​តំបន់​ដែល​យើង​រស់នៅ ក៏ប៉ុន្តែ​បែរជា​អាជ្ញាធរ​ចាប់​ពួកគាត់​ដាក់គុក ចោទ​ថា​ពួកគាត់​ហ្នឹង​ជា​បក្ស​ប្រឆាំង។ អ៊ីចឹង​ពួក​ខ្ញុំ​មាន​ការ​សោកស្ដាយ និង​សង្ឃឹមថា ថ្ងៃ​ក្រោយ​គាត់ (​អាជ្ញាធរ​ខេត្ត​កោះកុង​) នឹង​យល់​អំពី​សកម្មភាព​របស់​ក្រុម​យុវជន​ទាំងអស់​នេះ ប៉ុន្តែ​ពេលនេះ​ពួក​ខ្ញុំ​មានការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ខេត្ត​កោះកុង»

លោកស្រី​អះអាង​ថា លោកស្រី​នឹង​ជជែក​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​ផ្សេងទៀត​អំពី​គម្រោង​ឡើង​ទៅ​ចូលរួម​តាមដាន​សវនាការ​ក្ដី​នេះ។ លោកស្រី​ប្រាប់​អំពី​បទពិសោធន៍​ដែល​លោកស្រី​ធ្លាប់​ធ្វើ​ការងារ​ជាមួយ​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ថា ពួកគេ​មិនដែល​ញុះញង់​ប្រជាពលរដ្ឋ​ដើម្បី​ក្រោក​ឡើង​តវ៉ា​ប្រឆាំង​នឹង​រដ្ឋអំណាច ឬ​ក្រុមហ៊ុន​ឯកជន​ណាមួយ​នោះ​ទេ ពោល​គឺ​ពួកគេ​ចុះ​មក​បង្រៀន​ប្រជាពលរដ្ឋ​អំពី​សិទ្ធិ និង​ច្បាប់ទម្លាប់​នានា ជាពិសេស​គឺ​បង្រៀន​អំពី​មធ្យោបាយ​ក្នុង​ការ​តស៊ូ​មតិ​ដោយ​អហិង្សា។ លោកស្រី​ទទូច​ដល់​អាជ្ញាធរ​ខេត្ត​កោះកុង ដោះលែង​សកម្មជន​ទាំងពីរ​ឱ្យ​មាន​សេរីភាព​វិញ៖ «ខ្ញុំ​មាន​តែ​សំណូមពរ​ឱ្យ​តុលាការ​ដោះស្រាយ​ដោយ​សន្តិវិធី​ទៅតាម​ផ្លូវច្បាប់ កុំ​ឱ្យ​លម្អៀង​ចោទប្រកាន់​ដោយ​ខុស ព្រោះ​ពួក​យើង​អត់​បាន​ធ្វើ​អ្វី​ខុស​សោះ គាត់​ចេះតែ​ចោទប្រកាន់​ពួក​យើង អ៊ីចឹង​សូម​ឱ្យ​ពួកគាត់​ដោះស្រាយ​ដោយ​សន្តិវិធី និង​យុត្តិធម៌​ផង»

លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន តាំងពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ ២០១៧ មក​ម្ល៉េះ ក្រោយ​ពេល​អ្នក​ទាំងពីរ​បាន​ជិះ​ទូក​ថត​រូបភាព និង​វីដេអូ​សកម្មភាព​កប៉ាល់​ដឹក​ខ្សាច់​ស៊ីលីកា (Silica) ពីរ​គ្រឿងក្នុង​លំហ​សមុទ្រ នៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង។

ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ គឺ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ដែល​ហៅ​កាត់​ថា អេស​.​អ៊ី​.​ហ្សិត (SEZ Koh Kong Co., Ltd.) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ជា​មេបន​ល្បែង​ដ៏​មាន​ឥទ្ធិពល និង​ជា​អ្នក​រកស៊ី​នាំចេញ​ខ្សាច់​នៅ​ខេត្ត​កោះកុង ជាច្រើន​ឆ្នាំ​មក​ហើយ។

ពួកគេ​ទាំងពីរ​ត្រូវ​បាន​តំណាង​អយ្យការ​ខេត្ត​កោះកុង ចោទ​ប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ​ទី​១ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ទី​២ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣​ឆ្នាំ។ បន្ទាប់​ពី​ឃុំខ្លួន​អ្នក​ទាំងពីរ​ក្នុង​ពន្ធនាគារ​ជាង ៤​ខែ រួច​មក តុលាការ​ខេត្ត​កោះកុង បាន​កំណត់​យក​ថ្ងៃ​ទី២៥ មករា ខាង​មុខ​នេះ គឺជា​ថ្ងៃ​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្តី​នេះ។

សកម្មជន​មួយ​រូប​នៃ​សហគមន៍​អណ្តូង​ទឹក ក្នុងស្រុក​បុទុមសាគរ ខេត្ត​កោះកុង គឺ​យុវជន គុណ បញ្ញា អះអាង​ថា រូបគេ​នឹង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​នឹង​នាំគ្នា​ទៅ​ចូលរួម​តាមដាន​ដំណើរការ​កាត់​សេចក្តី​នេះ ដោយសារ​ពលរដ្ឋ​យល់ថា ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត​កោះកុង​ទៅលើ​សកម្មជន​បរិស្ថាន​ទាំងពីរ​រូប​នេះ គឺជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន។ យុវជន​រូប​នេះ​បន្ត​ថា ដោយសារ​តែ​មាន​ក្រុម​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​នេះ​ហើយ ទើប​សហគមន៍​របស់​លោក​បាន​រួច​ផុត​ពី​វិនាសកម្ម​ធនធាន​ធម្មជាតិ បង្កឡើង​ដោយ​អាជីវកម្ម​បូម​ខ្សាច់​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​តំបន់​នោះ៖ «ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​មែនទែន​ចំពោះ​អាជ្ញាធរ​ភូមិ​ឃុំ និង​ខេត្ត​កោះកុង ពួកគាត់ (​សកម្មជន​អង្គការ​មាតា​ធម្មជាតិ) ខំ​ធ្វើ​ប៉ុណ្ណឹង​ហើយ គាត់ (​អាជ្ញាធរ​) នៅតែ​ចាប់ខ្លួន​ពួកគាត់​ហ្នឹង​ដាក់​ពន្ធនាគារ​ដាក់​ទោស​អ៊ីចឹង ខ្ញុំ​គិត​ថា មិន​សម​ទាល់តែសោះ។ គេ (សកម្មជន​មាតា​ធម្មជាតិ) ខំ​ជួយ​ប៉ុណ្ណឹង​ហើយ ហើយ​ម្យ៉ាង​គាត់​ធ្វើ​នេះ​ក៏​មិន​មាន​ខុសច្បាប់​អ្វី​ដែរ»

សហគមន៍​អណ្តូង​ទឹក ក៏​ដូច​ជា សហគមន៍​កោះ​ស្រឡៅ​ដែរ គឺជា​ទីកន្លែង​ដែល​មាន​ការ​បូម​ខ្សាច់​ខ្នាត​ធំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង។ មុន​ការ​ទៅដល់​នៃ​សកម្មជន​បរិស្ថាន​អង្គការ​មាតា​ធម្មជាតិ ប្រជាពលរដ្ឋ​នៅ​ទីនោះ​មិនសូវ​យល់ដឹង​អំពី​របៀប​ក្នុង​ការ​តស៊ូ​មតិ​ប៉ុន្មាន​នោះ​ទេ ជួនកាល​ពួកគាត់​ខ្លាច​មិន​ហ៊ាន​ទៅ​រារាំង​ក្រុមហ៊ុន​បូម​ខ្សាច់​ឡើយ ឬ​ជួន​កាលបើ​ពួកគាត់​លើកគ្នា​ទៅ​ឃាត់​វិញ គឺ​ក្នុង​ទម្រង់​ជា​អំពើ​ហិង្សា​តែម្ដង។ តែ​ក្រោយ​ពេល​មាន​ការ​ជួយ​ពន្យល់​ណែនាំ​ពី​អង្គការ​មាតា​ធម្មជាតិ ពួកគាត់​ក៏​មាន​ការ​យល់​ដឹង​ច្រើន និង​ហ៊ាន​តស៊ូ​មតិ​រឿង​ខ្សាច់​នេះ​ដោយ​គ្មាន​ខ្លាចរអា និង​បែប​សន្តិភាព​និយម​ទៀត​ផង។ ដូច្នេះ​ហើយ​ទើប​ពួកគាត់​ទាមទារ​ឱ្យ​តុលាការ​ខេត្ត​កោះកុង​ដោះលែង លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី មក​វិញ ដើម្បី​ឱ្យ​សកម្មជន​ទាំងពីរ​អាច​បន្ត​សកម្មភាព​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​បាន​ត​ទៅ​មុខ​ទៀត។

មិនមែន​តែ​សហគមន៍​នៅ​ខេត្ត​កោះកុង​នោះ​ទេ សូម្បីតែ​ពលរដ្ឋ​ភូមិ​កោះគរ ស្រុក​ស្អាង ខេត្ត​កណ្តាល ទី​ដែល​មានការ​បូម​ខ្សាច់​បាក់​ច្រាំងទន្លេ​ឯណោះ​វិញ ក៏​មាន​ការ​ទាមទារ​ត្រង់​ចំណុច​នេះ​ដូចគ្នា។

ពលរដ្ឋ​ភូមិ​កោះគរ​ម្នាក់ គឺ លោក ជា ចាន់ យល់​ឃើញ​ថា ទង្វើ​របស់​អាជ្ញាធរ​នេះ​គឺជា​ការ​បំពាន​ច្បាប់​ទៅវិញ​ទេ ព្រោះ​សកម្មភាព​របស់​ក្រុម​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​នេះ គឺ​ដើម្បី​ផលប្រយោជន៍​សង្គម​ប៉ុណ្ណោះ មិនមែន​ផលប្រយោជន៍​បុគ្គល​នោះ​ទេ។ លោក​បញ្ជាក់​ថា នឹង​ប្រាប់​ដំណឹង​ស្ដីពី​សវនាការ​រឿ​ងក្តី​នេះ​ទៅ​អ្នកភូមិ​ផ្សេងទៀត​ដែល​មាន​បំណង​ចង់​ទៅ​ចូលរួម ហើយ​លោក​សង្ឃឹមថា តុលាការ​នឹង​សម្រេច​ក្តី​រឿង​នេះ​ដោយ​យុត្តិធម៌៖ «ខ្ញុំ​ចង់​ឱ្យ​គេ​ដោះលែង​ពួកគាត់​ដោយ​មិន​មាន​លក្ខខណ្ឌ ព្រោះ​ពួកគាត់​អត់​មាន​ធ្វើ​អ្វី​ខុស​ផង មាន​ទៅ​បំពាន ទៅ​វាយ ទៅ​បាញ់ ឬ​កាប់​ចាក់​ឯណា​។ ពួកគាត់​គ្រាន់តែ​ជា​អង្គការ​មួយ​ដែល​ជួយ​ទ្រទ្រង់ ជួយ​ប្រទេសជាតិ និង​សង្គម ឱ្យ​បាន​រីកចម្រើន បែរជា​អាជ្ញាធរ​ទៅ​បំបិទ ទៅ​បំបាំង ទៅ​ឃាត់ឃាំង​ចាប់ខ្លួន​គាត់​អ៊ីចឹង វា​មិន​សម​ទាល់តែសោះ»

លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី ត្រូវ​បាន​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ចាត់ទុកថា ជា​អ្នកទោស​មនសិការ ព្រោះ​អង្គការ​មួយ​នេះ​រក​មិន​ឃើញ​ថា សកម្មភាព​របស់​អ្នក​ទាំងពីរ​ក្នុង​ការ​ចុះទៅ​ថត​កប៉ាល់​ដឹក​ខ្សាច់​ក្នុង​លំហ​សមុទ្រ​នោះ គឺជា​ការប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​នោះ​ឡើយ។ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​កោះកុង​ដោះលែង​សកម្មជន​ទាំង​ពីរ​រូប​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។

ដោយឡែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​បរិស្ថាន​ក្នុង​ស្រុក​វិញ បាន​បញ្ជាក់​ជំហរ​ថា ពួកគេ​នឹង​ឃ្លាំមើល​សវនាការ​រឿង​ក្តី​ឱ្យ​បាន​ដិតដល់ ដើម្បី​ជួយ​រក​យុត្តិធម៌​ដល់​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី ព្រោះ​ពួកគេ​រក​ឃើញ​ថា សកម្មជន​បរិស្ថាន​ទាំងពីរ​រូប​នេះ មិនបាន​ប្រព្រឹត្ត​កំហុស ដូច​ការ​ចោទ​ប្រកាន់​របស់​តំណាង​អយ្យការ​ខេត្ត​កោះកុង​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។