ភាពយន្ត​ឯកសារ​បង្ហាញ​ពី​ការ​គំរាម​កំហែង​ជីវិត​ដោយ​សំរាម​ប្លាស្ទិក​ក្នុង​សមុទ្រ

ដោយ សាន សែល
2017-03-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ខ្សែ​ភាពយន្ត​ឯកសារ សមុទ្រ​ប្លាស្ទិក (A Plastic Ocean) ដែល​ត្រូវ​បាន​ចាក់​បញ្ចាំង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ រៀបចំ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា។ Photo courtesy of Plastic Oceans Foundation
ខ្សែ​ភាពយន្ត​ឯកសារ សមុទ្រ​ប្លាស្ទិក (A Plastic Ocean) ដែល​ត្រូវ​បាន​ចាក់​បញ្ចាំង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ រៀបចំ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា។ Photo courtesy of Plastic Oceans Foundation
Photo courtesy of Plastic Oceans Foundation

ខ្សែ​ភាពយន្ត​ឯកសារ​មួយ​បង្ហាញ​ពី​ការ​គំរាម​កំហែង​ជីវិត​ក្រោម​សមុទ្រ​ធ្ងន់ធ្ងរ ដោយសារ​តែ​ការ​ពង្រាយ​កាក​សំណល់​ប្លាស្ទិក។ សំណល់​ប្លាស្ទិក​ចំនួន ៨​លាន​តោន ត្រូវ​បាន​គេ​បោះ​ចូល​ទៅ​ក្នុង​សមុទ្រ​នៅ​ទូទាំង​ពិភពលោក​ក្នុង​មួយ​ឆ្នាំៗ។

សំណល់​ប្លាស្ទិក​ទាំងនោះ​ប៉ះពាល់​ខ្លាំងក្លា​ដល់​សុខភាព​របស់​សត្វ និង​មនុស្ស។ នៅ​ប្រទេស​កម្ពុជា ការ​ប្រើប្រាស់​ប្លាស្ទិក​ក៏​កំពុង​កើន​ឡើង។

អ្នក​ជំនាញ​ផ្នែក​បរិស្ថាន ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់ រដ្ឋាភិបាល និង​វិស័យ​ឯកជន រួម​គ្នា​កាត់​បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​ជា​បន្ទាន់ ដើម្បី​បញ្ចៀស​មហន្តរាយ។

ភាពយន្ត «សមុទ្រ​ប្លាស្ទិក (A Plastic Ocean)» ត្រូវ​បាន​ចាក់​បញ្ចាំង​កាល​ពី​ថ្ងៃ​ទី​២២ មីនា នា​រាជធានី​ភ្នំពេញ រៀបចំ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា។

ផលិតករ​បាន​ចំណាយ​ពេល ៤​ឆ្នាំ ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ពី​កោះ​ប៉ាស៊ីហ្វិក ទៅ​ហុងកុង ទៅ​ប្រទេស​បារាំង អាល្លឺម៉ង់ សហរដ្ឋ​អាមេរិក ដើម្បី​ថត​ទិដ្ឋភាព​ការ​បំពុល​ដោយ​ប្លាស្ទិក។

លោក ក្រាំង លីសុន (Craig Leeson) ដែល​ជា​អ្នក​សារព័ត៌មាន និង​អ្នក​ផលិត​ភាពយន្ត បាន​ទៅ​ជួប​អ្នក​មុជ​ទឹក​សមុទ្រ សកម្មជន​បរិស្ថាន អ្នក​ស្រាវជ្រាវ អ្នក​វិទ្យាសាស្ត្រ ដើម្បី​បង្ហាញ​ពី​ដំណើរ​របស់​ប្លាស្ទិក​ដែល​ត្រូវ​គេ​បោះ​ចោល ឬ​ហូរ​ធ្លាក់​ចូល​សមុទ្រ។ សមុទ្រ​ដែល​តំណាង​ឲ្យ ៩៧​ភាគរយ​នៃ​ផ្ទៃ​ទឹក​លើ​ភព​ផែនដី។

ភាពយន្ត​ប្រវែង ១០៤​នាទី​នេះ ផ្ដើម​ដោយ​ការ​ស្វែងរក​សត្វ​ឆ្លាម​ខៀវ ដែល​ជា​ទូទៅ​មាន​ប្រវែង ៣០​ម៉ែត្រ ទម្ងន់ ១៧៣​តោន ដែល​ជា​សត្វ​ធំ​ជាង​គេ​បំផុត​លើ​ផែនដី​នេះ។ ក្នុង​ដំណើរ​ស្វែងរក​នេះ គេ​ប្រទះ​ឃើញ​សំណល់​ប្លាស្ទិក​រាយប៉ាយ​ពាសពេញ​ផ្ទៃ​សមុទ្រ។

ភាពយន្ត​ឯកសារ​បែប​ផ្សងព្រេង​នេះ បាន​លាត​ត្រដាង​ការពិត​អំពី​ការ​បំពុល​ដោយ​ប្លាស្ទិក និង​ឥទ្ធិពល​របស់​វា​លើ​ជីវិត​សត្វ និង​សុខភាព​មនុស្ស។

ពេញ​មួយ​ខ្សែ​រឿង បង្ហាញ​រូបភាព​នៃ​ជីវិត​ដែល​រស់នៅ​អាស្រ័យ​លើ​សមុទ្រ ដែល​ប៉ះពាល់​ដោយសារ​កាក​សំណល់​ប្លាស្ទិក។ អ្នក​វិទ្យាសាស្ត្រ​បាន​វះ​ពោះ​ត្រី សត្វ​ស្លាប​សមុទ្រ​ដែល​ងាប់​យក​មក​ពិសោធ។ នៅ​ក្នុង​ពោះ​របស់​ពួក​វា​ពោរពេញ​ទៅ​ដោយ​ប្លាស្ទិក។ សត្វ​សមុទ្រ​ច្រលំ​ថា ប្លាស្ទិក​ជា​អាហារ​ដែល​ពេល​ខ្លះ​ពួក​វា​លេប​ផ្ទាំង​ប្លាស្ទិក​ធំ បណ្ដាល​ឲ្យ​ងាប់​ភ្លាមៗ។ ចំណែក​នៅ​ក្នុង​ពោះ​សត្វ​ស្លាប​វិញ គេ​ប្រទះ​ឃើញ​បំណែក​ប្លាស្ទិក​ចំនួន ៣០០​ផ្ទាំង​តូច​ធំ​ចម្រុះ​ពណ៌។ បក្សី​សមុទ្រ​ចំនួន ៩០​ភាគរយ​ក្នុង​ពិភពលោក​មាន​ប្លាស្ទិក​ក្នុង​ពោះ។

សមុទ្រ​ប្លាស្ទិក ២០១៧ ១៤៤០
ខ្សែ​ភាពយន្ត​ឯកសារ សមុទ្រ​ប្លាស្ទិក (A Plastic Ocean) ដែល​ត្រូវ​បាន​ចាក់​បញ្ចាំង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ រៀបចំ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា។ Photo courtesy of Plastic Oceans Foundation Photo courtesy of Plastic Oceans Foundation

មនុស្ស​នៅ​ទូទាំង​ពិភពលោក ប្រើប្រាស់​ប្លាស្ទិក​ថ្មី​ចំនួន​ជាង ៣០០​លាន​តោន​ជា​រៀង​រាល់​ឆ្នាំ ហើយ​ពាក់​កណ្ដាល​នៃ​ចំនួន​នេះ គឺ​ជា​ប្លាស្ទិក​ដែល​គេ​ប្រើ​តែ​ម្តង រួច​បោះ​ចោល​ដោយ​គ្មាន​ការ​ប្រើប្រាស់​ឡើង​វិញ។

កាក​សំណល់​ប្លាស្ទិក​ចំនួន ៨​លាន​តោន ត្រូវ​ធ្លាក់​ចូល​ក្នុង​សមុទ្រ​រាល់​ឆ្នាំ។

សមុទ្រ​ជា​ប្រភព​ប្រូតេអ៊ីន​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​ចំណោម ៥​នាក់​លើ​ភព​ផែនដី។ នៅ​ពេល​ប្លាស្ទិក​ធ្លាក់​ចូល​សមុទ្រ វា​ប៉ះពាល់​ដល់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​សមុទ្រ ការ​នេសាទ ទេសចរណ៍។ នៅ​ពេល​ប្លាស្ទិក​សំយោគ​នឹង​ពន្លឺ​ព្រះអាទិត្យ វា​បំបែក​ខ្លួន​តូចៗ​ដែល​ផ្ទុក​សារធាតុ​ពុល។ ត្រី ឬ​បក្សី​សមុទ្រ​ស៊ី​ប្លាស្ទិក​ដែល​មាន​សារធាតុ​ពុល ហើយ​មនុស្ស​បរិភោគ​អាហារ​សមុទ្រ។ អ្នក​ជំនាញ​បញ្ជាក់​ថា ប្លាស្ទិក​នេះ​ប៉ះពាល់​សុខភាព​មនុស្ស ដែល​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​មហារីក ជំងឺ​ទាក់ទង​នឹង​ប្រព័ន្ធ​ការពារ​ខ្លួន និង​ជំងឺ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​របស់​កុមារ។

នៅ​តំបន់​អាស៊ាន​វិញ ប្រទេស​ឥណ្ឌូនេស៊ី ជា​ប្រទេស​ដែល​ប្រើ​ប្លាស្ទិក​ច្រើន​ជាង​គេ គឺ​មាន​កាក​សំណល់​ប្លាស្ទិក​ចំនួន​ជាង ៣​លាន​តោន​រៀង​រាល់​ឆ្នាំ។

បន្ទាប់​ពី​មើល​ភាពយន្ត «សមុទ្រ​ប្លាស្ទិក» កញ្ញា សេន លេ វ័យ ១៩​ឆ្នាំ និស្សិត​សាកលវិទ្យាល័យ ថ្លែង​ថា នាង​សោកស្ដាយ​ចំពោះ​សមុទ្រ​ដែល​មនុស្ស​បាន​បំពុល​វា ដោយ​ការ​ប្រើប្រាស់​ប្លាស្ទិក​ហួស​ហេតុ«ចំណុច​ដែល​ខ្លាច​ជាង​គេ គឺ​ប្លាស្ទិក​មិន​រលាយ នៅ​បាន​យូរ​ឆ្នាំ នៅ​ដល់​ជំនាន់​ក្រោយៗ​ទៀត​ចឹង។ សូម្បី​តែ​ដប​មួយ​ហ្នឹង​ក៏​នៅ​ត​កូន​ត​ចៅ។ អ៊ីចឹង​គិត​ថា​វា​គួរ​ឲ្យ​ខ្លាច។ បើ​ប្រើ​វា​ទៅ វា​នៅ​យូរ​ឆ្នាំ​ទៀត»

ដប​ប្លាស្ទិក​មួយ​ត្រូវ​ការ​ពេល ៤០០​ឆ្នាំ​ដើម្បី​រលាយ​ក្នុង​ទឹក ហើយ​កំប៉ុង​អាលុយមីញ៉ូម (កំប៉ុង​ទឹក​ក្រូច ឬ​ស្រាបៀ) ត្រូវ​ការ​ពេល ២០០​ឆ្នាំ។

ជា​ការ​ប៉ាន់​ប្រមាណ ថង់​ប្លាស្ទិក​ចំនួន ៥០០​ពាន់​លាន​ថង់ ត្រូវ​គេ​ប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក​ក្នុង​មួយ​ឆ្នាំៗ ដែល​មាន​ន័យ​ថា ថង់​ចំនួន ១​លាន គេ​ប្រើ​រៀង​រាល់​មួយ​នាទី។

ករណី​ប្រទេស​កម្ពុជា មិន​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ភាពយន្ត​នេះ​ទេ ក៏ប៉ុន្តែ​បើ​តាម​ទិន្នន័យ​ដែល​ផ្សព្វផ្សាយ​ដោយ​អង្គការ ប្លាស្ទិក ហ្វ្រី ខេមបូឌា (Plastic Free Cambodia) ជា​មធ្យម​ប្រជាពលរដ្ឋ​កម្ពុជា ម្នាក់ ប្រើប្រាស់​ថង់​ប្លាស្ទិក​ចំនួន ២.៧០០​ថង់​ក្នុង​មួយ​ឆ្នាំ ឬ ៥២​ថង់​ក្នុង​មួយ​សប្ដាហ៍។ ចំនួន​នេះ​ច្រើន​ជាង​ការ​ប្រើប្រាស់​របស់​ពលរដ្ឋ​សហរដ្ឋ​អាមេរិក ដល់​ទៅ ៦​ដង។ នៅ​កម្ពុជា ថង់​ប្លាស្ទិក​មាន​នៅ​គ្រប់​កន្លែង​ហ្នឹង ពី​តូប​លក់​ទំនិញ លើ​ផ្លូវ​ដើរ ហោះហើរ​លើ​ផ្លូវ​ថ្នល់ លើ​ដើម​ឈើ នៅ​វាល​ស្រែ ក្នុង​ទឹក​ទន្លេ បឹង។

ហេតុ​អ្វី​មនុស្ស​ប្រើ​ប្លាស្ទិក? ប្លាស្ទិក​មាន​តម្លៃ​ថោក ងាយ​ស្រួល​រក និង​ធន់។

នៅ​ប្រទេស​កម្ពុជា ថង់​ប្លាស្ទិក​មួយ​គីឡូក្រាម​ដែល​មាន​ប្រមាណ ៥០០​ថង់ មាន​តម្លៃ ៥​ពាន់​រៀល។ កម្ពុជា នាំ​ចូល​ថង់​ប្លាស្ទិក​ពី​ប្រទេស​ជិត​ខាង​ដូចជា វៀតណាម និង​ថៃ ដែល​មាន​តម្លៃ​សរុប​ប្រហែល ១០០​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៥។

អគ្គនាយកដ្ឋាន​ចំណេះ​ដឹង និង​ព័ត៌មាន​បរិស្ថាន នៃ​ក្រសួង​បរិស្ថាន អ្នកស្រី ងិន លីណា ដែល​បាន​ចូលរួម​ទស្សនា​ភាពយន្ត «សមុទ្រ​ប្លាស្ទិក» ទទួល​ស្គាល់​ពី​កំណើន​ការ​ប្រើប្រាស់​ប្លាស្ទិក​នៅ​ប្រទេស​កម្ពុជា។ អ្នកស្រី​ឲ្យ​ដឹង​ថា ក្រសួង​បរិស្ថាន កំពុង​ធ្វើ​យុទ្ធនាការ​ជាច្រើន​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក«គឺ​យើង​ចូលរួម​ទាំងអស់​គ្នា ជាពិសេស​នៅ​ទីផ្សារ​ធំៗ ដូចជា​នៅ​អ៊ីអន (Aeon) យើង​បាន​សហការ​ជាមួយ​ផ្សារ។ យើង​ជូន​ការ​យល់​ដឹង​ដល់​ប្រជាជន ជាពិសេស​យុវជន​ឲ្យ​ចូលរួម​ទាំងអស់​គ្នា​ក្នុង​របស់​របរ​ប្រើប្រាស់ ឲ្យ​គិតគូរ​មើល​ពី​បញ្ហា​ថា​តើ​ថង់​ប្លាស្ទិក​វា​អាច​ប្រើប្រាស់​ម្តង​ហើយ​ម្តង​ទៀត ដោយ​កុំ​បោះបង់​វា​ចោល ឬ​ក៏​ប្រើ​ថង់​អេកូប៊េក ឬ​ថង់​មេត្រីភាព​បរិស្ថាន»

ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​កម្ពុជា ភាគច្រើន​ទៅ​ផ្សារ​ធម្មតា។

ចំណុច​នេះ អ្នកស្រី ងិន លីណា កត់​សម្គាល់​ថា កម្រិត​នៃ​ការ​យល់​ដឹង​របស់​ប្រជាជន​ស្ដីពី​ប្លាស្ទិក​នៅ​មាន​កម្រិត ដែល​ត្រូវ​ការ​អប់រំ​ផ្សព្វផ្សាយ​បន្ថែម«ក្នុង​នាម​ជា​មន្ត្រី​របស់​ក្រសួង​បរិស្ថាន ខ្ញុំ​សូម​សំណូមពរ និង​ការ​លើក​ទឹក​ចិត្ត​ដល់​ប្រជាជន​ទូទៅ។ ទី​មួយ​ចូលរួម​ទាំងអស់​គ្នា ចាប់​ផ្ដើម​ក្នុង​ការ​កាត់​បន្ថយ​ថង់​ប្លាស្ទិក។ ទី​ពីរ បើ​គាត់​ប្រើ សូម​ឲ្យ​គិតគូរ​ពី​ការ​ប្រើប្រាស់​ឡើង​វិញ។ ទី​បី សូម​គាត់​មាន​ការ​កែច្នៃ​របស់​របរ​គាត់​ហ្នឹង​ក្នុង​ការ​ធ្វើ​អ្វី​ផ្សេងៗ​ទៀត និង​ទី​បួន ធ្វើ​ការ​បែងចែក​ទុក​ដាក់​សំរាម​ហ្នឹង​ទៅ​តាម​ប្រភេទ​ដែល​ក្រសួង​បរិស្ថាន តែង​ផ្តល់​ការ​អប់រំ​ដល់ ជាពិសេស​ធុង​សំរាម​ដែល​មាន​បី​ប្រភេទ ដែល​យើង​បាន​ធ្វើ​កន្លង​មក ដើម្បី​ងាយ​ស្រួល​សម្រាប់​អ្នក​ប្រមូល​សំរាម​ធ្វើ​ការ​បែងចែក​ទុក​ដាក់​ឲ្យ​បាន​សមរម្យ និង​យក​ទៅ​រក្សា និង​ប្រើប្រាស់​ឡើង​វិញ​ឲ្យ​បាន​សមស្រប»

កញ្ញា សេន លេ ថ្លែង​ថា នាង​ចាប់​ផ្តើម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក បន្ទាប់​ពី​យល់​ដឹង​ការ​ផល​ប៉ះពាល់​បរិស្ថាន«ធម្មតា​ត្រូវ Reuse (ប្រើប្រាស់​ឡើង​វិញ) កាត់​បន្ថយ​បាន របៀប​ថា​របស់​ណា​យើង​អាច​កាត់​បន្ថយ​បាន យើង​កាត់​បន្ថយ ហើយ​ត្រូវ​ជួយ share (ចែក​រំលែក​បន្ត) ទៅ​មិត្តភ័ក្ដិ​យើង​ត​ទៀត ដើម្បី​ឲ្យ​គេ​បាន​ដឹង និង​ចូលរួម​គ្នា ដើម្បី​កាត់​បន្ថយ​ប្រើប្រាស់​ថង់​ប្លាស្ទិក​នេះ»

ក្រសួង​បរិស្ថាន កំពុង​សហការ​ជាមួយ​ប្រទេស​ជប៉ុន ដើម្បី​រៀបចំ​កសាង​រោងចក្រ​កែច្នៃ​ក្នុង​ការ​ផលិត​គ្រឿង​សង្ហារិម និង​សម្ភារ​ប្រើប្រាស់​ពី​សំរាម​ប្លាស្ទិក។

ភាពយន្ត «សមុទ្រ​ប្លាស្ទិក» ក៏​បាន​បង្ហាញ​ដំណោះស្រាយ​ខ្លះ​សម្រាប់​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក ដូចជា​ការ​ជៀសវាង​មិន​ប្រើប្រាស់​ថង់​ប្លាស្ទិក​តាម​តែ​អាច​ធ្វើ​ទៅ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល