សង្គម​ស៊ីវិល​ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​ផល​ប៉ះពាល់​នៃ​ការ​សង់​ទំនប់​វារីអគ្គិសនី

ដោយ ខែ សុណង
2014.09.11
ទំនប់​វារីអគ្គិសនី ដនសាហុង ៦២០ យុវជន​ចូល​រួម​ក្នុង​សន្និសីទ​កាសែត​តុបតែង​ដោយ​មាន​បដា​ទាមទារ​ឲ្យ​មាន​ការ​ផ្អាក​គ្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) នៅ​ថ្ងៃ​ទី​១១ កញ្ញា ២០១៤។
RFA/Khe Sonorng

ព្រះសង្ឃ អង្គការ​សង្គម​ស៊ីវិល តំណាង​សហគមន៍ និង​ក្រុម​យុវជន ប្រមាណ ១០០​នាក់ មក​ពី​ខេត្ត​ក្រចេះ ស្ទឹងត្រែង និង​តំបន់​ទន្លេសាប បាន​ជួប​ជុំ​គ្នា​បង្ហាញ​ពី​ក្ដី​កង្វល់​អំពី​ផល​ប៉ះពាល់​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដន សាហុង (Don Sahong) ប្រទេស​ឡាវ នៅ​ថ្ងៃ​ទី​១១ កញ្ញា។

ដោយសារ​មាន​ការ​លំបាក​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន មេហ្គា​ហ្វឺស (MEGA FIRST) ដែល​ជា​អ្នក​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ ពួក​គេ​បាន​ជំរុញ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជួយ​ផ្សព្វផ្សាយ​ផ្ញើ​សារ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ជុំវិញ​ការ​អភិវឌ្ឍ​នៅ​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម​នេះ។

មនុស្ស​ចំនួន ២​សែន ៧​ម៉ឺន​នាក់​នៅ​ជុំវិញ​ពិភពលោក បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​មេហ្គា​ហ្វឺស ផ្អាក​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ដន សាហុង នៅ​លើ​ដង​ទន្លេ​មេគង្គ​ដ៏​មាន​ភាព​ចម្រូងចម្រាស តាម​រយៈ​ការ​ធ្វើ​ញត្តិ​ជំទាស់​រយៈពេល ៤​ខែ គឺ​ពី​ខែ​ឧសភា ដល់​ខែ​សីហា។

ព្រះសង្ឃ អង្គការ​សង្គម​ស៊ីវិល តំណាង​សហគមន៍ និង​ក្រុម​យុវជន ប្រមាណ ១០០​នាក់ មក​ពី​ខេត្ត​ក្រចេះ ស្ទឹងត្រែង និង​តំបន់​ទន្លេសាប នៅ​ថ្ងៃ​ទី​១១ កញ្ញា បាន​បង្ហាញ​លទ្ធផល​ប្រមូល​ញត្តិ ដោយ​ស្នើ​ឲ្យ​ក្រុមហ៊ុន​មេហ្គា​ហ្វឺស របស់​ប្រទេស​ម៉ាឡេស៊ី បញ្ឈប់​ការ​សាងសង់​ទំនប់​នេះ​ជា​បន្ទាន់។

នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​សត្វ​ព្រៃ​ពិភពលោក ហៅ​កាត់​ថា ដាប់ប៊ែលយូ.ដាប់ប៊ែលយូ.អែហ្វ (WWF) លោក ឈិត សំអាត មាន​ប្រសាសន៍​ថា ក្រុម​ការងារ​បាន​ព្យាយាម​ជួប​ជាមួយ​ក្រុមហ៊ុន​មេហ្គា​ហ្វឺស ដើម្បី​ពិភាក្សា​លើ​ក្ដី​បារម្ភ​របស់​ពលរដ្ឋ ក៏ប៉ុន្តែ​មិន​បាន​ជោគជ័យ​នោះ​ទេ។ ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ​នេះ ប្រជាពលរដ្ឋ​កម្ពុជា ជាង ១​ម៉ឺន ២​ពាន់​នាក់ បាន​បញ្ចេញ​មតិ​ជំទាស់​ទៅ​នឹង​គម្រោង​ទំនប់​វារីអគ្គិសនី​មួយ​នេះ ក្នុង​ក្របខ័ណ្ឌ​យុទ្ធនាការ​ញត្តិ​សាកល​របស់​អង្គការ​ដាប់ប៊ែលយូ.ដាប់ប៊ែលយូ.អែហ្វ។ លោក​ថា យុទ្ធនាការ​ញត្តិ​អេឡិចត្រូនិក​សាកល ទទួល​បាន​ការ​ចុះ​ហត្ថលេខា​ពី​ប្រជាជន​ជាង ២​សែន ៥​ម៉ឺន​នាក់ នៅ​ក្នុង​ប្រទេស​ច្រើន​ជាង ២០០ ជុំវិញ​ពិភពលោក។ លោក ឈិត សំអាត បន្ត​ថា ទំនប់ ដន សាហុង គឺ​ជា​ការ​ពិសោធ​ដ៏​មាន​គ្រោះថ្នាក់ ហើយ​ក្រុមហ៊ុន​មេហ្គា​ហ្វឺស កំពុង​តែ​យក​ជីវភាព​របស់​ប្រជាជន​រាប់​លាន​នាក់​ធ្វើ​ជា​ល្បែង។ លោក ឈិត សំអាត បញ្ជាក់​ថា ផល​ប្រយោជន៍​ដែល​ទាញ​យក​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដែល​មាន​ថាមពល ២៦០​មេហ្គា​វ៉ាត់ មិន​អាច​ទូទាត់​ទៅ​នឹង​ទំហំ​នៃ​ផល​ប៉ះពាល់​ទៅ​ដល់​សហគមន៍ និង​ធនធាន​ធម្មជាតិ​ដ៏​មាន​ចំនួន​ច្រើន​នោះ​ទេ។

លោក ឈិត សំអាត៖ «កិច្ច​ប្រជុំ​នៅ​បាងកក នោះ​គឺ​ថា រដ្ឋាភិបាល​ឡាវ ក៏​គាត់​បាន​ឯកភាព​ក្នុង​ការ​ដាក់​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់ ប៉ុន្តែ​ពិគ្រោះ​យោបល់​នេះ​យើង​នៅ​សំណួរ​នៅ​ឡើយ ដោយសារ​នៅ​ពេល​ណា ពិគ្រោះ​យោបល់​យ៉ាង​ម៉េច ចាប់​ផ្ដើម​ពី​ពេល​ណា ដល់​ពេល​ណា គឺ​យើង​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់ ចឹង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឡាវ ហ្នឹង បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឡាវ បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់ ព្រោះ​យើង​អត់​ចង់​ឃើញ​អ្វី​ដែល​កើត​ឡើង​នៅ​ទំនប់​សាយ៉ាបូរី នេះ សាយ៉ាបូរី ពិគ្រោះ​យោបល់ៗ ចុង​ក្រោយ​នៅ​តែ​សាងសង់​ដដែល យើង​អត់​ចង់​ឃើញ​បទពិសោធន៍​អាក្រក់​ចឹង​ទេ»

ទំនប់​វារីអគ្គិសនី ដន សាហុង របស់​ប្រទេស​ឡាវ អាច​ជា​សញ្ញា​អវិជ្ជមាន​អំពី​ការ​បាត់​បង់​នូវ​ធនធាន​ជលផល និង​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ដ៏​មាន​សារសំខាន់។ សត្វ​ផ្សោត​នេះ​កំពុង​ទទួល​រង​គ្រោះថ្នាក់​ជិត​ផុត​ពូជ ហើយ​បច្ចុប្បន្ន​មាន​ប្រមាណ ៨៥​ក្បាល ដែល​កំពុង​រស់នៅ​ក្នុង​ទន្លេ​មេគង្គ។ គម្រោង​សាងសង់​ទំនប់​នេះ មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ មាន​ចម្ងាយ​ត្រឹម​តែ ១​គីឡូម៉ែត្រ​ពី​តំបន់​ដែល​ជា​ទី​ជម្រក​របស់​សត្វ​ផ្សោត និង​ព្រំដែន​កម្ពុជា ជាប់​ខេត្ត​ស្ទឹងត្រែង។

នៅ​ក្នុង​ជំនួប​នា​រាជធានី​ភ្នំពេញ សហគមន៍​មក​ពី​ខេត្ត​ស្ទឹងត្រែង អ្នកស្រី ប៊ូ ថាំតង ស្នើ​ឲ្យ​ក្រុមហ៊ុន​នេះ​បញ្ឈប់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដន សាហុង នេះ​ជា​ស្ថាពរ៖ «នាង​ខ្ញុំ​សំណូមពរ​ទៅ​ក្រុមហ៊ុន មេហ្គា​ហ្វឺស ថា ទោះ​បី​ប្រជាជន​គាត់​ជា​ជន​ក្រីក្រ​ដែល​ពឹងពាក់​អាស្រ័យ​ទៅ​លើ​ធនធាន​ធម្មជាតិ ក៏​មិន​អាច​ធ្វើ​អ្វី​ទៅ​ដោយ​មិន​គិត​ដល់​ជីវិត​គាត់​ជាច្រើន​ពាន់​ច្រើន​លាន​នាក់ ដែល​ពឹងពាក់​អាស្រ័យ​លើ​ធនធាន​ធម្មជាតិ​ហ្នឹង​ទេ»

ក្រៅ​អំពី​ជំនួប​នេះ គេ​ក៏​បាន​បង្ហាញ​ផ្ទាំង​បដា​ព័ត៌មាន​ធំៗ​លើ​ទូក​ដែល​ចត​នៅ​ច្រាំង​ទន្លេ​ភោជនីយដ្ឋាន ទីតានីក (Titanic Restaurant) ដែល​អំពាវនាវ​ដល់​ក្រុមហ៊ុន មេហ្គា​ហ្វឺស ឲ្យ​ចេញ​មក​ឆ្លើយ​តប​ទៅ​នឹង​ការ​ជំទាស់​ដ៏​ធំ​សម្បើម​ពី​សំណាក់​មហាជន​ដ៏​ច្រើន​នៅ​លើ​ពិភពលោក។

កាល​ពី​ខែ​មិថុនា រដ្ឋាភិបាល​ប្រទេស​ឡាវ បាន​សម្រេច​ចិត្ត​ក្នុង​ការ​ដាក់​ទំនប់ ដន សាហុង នេះ ក្នុង​នីតិវិធី​ពិគ្រោះ​យោបល់​របស់​គណៈកម្មការ​ទន្លេ​មេគង្គ។ នីតិវិធី​នេះ តម្រូវ​ឲ្យ​ប្រទេស​ឡាវ រៀបចំ​ការ​ពិគ្រោះ​យោបល់​អន្តរ​រដ្ឋាភិបាល​ជា​មុន​សិន មុន​នឹង​ឈាន​ទៅ​សាងសង់​ទំនប់​នេះ ហើយ​ព្រម​ទាំង​តម្រូវ​ឲ្យ​សិក្សា​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម ហើយ​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការ​សិក្សា​ទៅ​ដល់​អ្នក​ពាក់ព័ន្ធ។

សង្គម​ស៊ីវិល បាន​ហៅ​របាយការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន នៃ​គម្រោង​អភិវឌ្ឍន៍​វារីអគ្គិសនី ដន សាហុង នេះ គឺ​ជា​របាយការណ៍​មិន​ពេញ​លេញ ដែល​មិន​បញ្ចូល​ផល​ប៉ះពាល់​ឆ្លង​ដែន។ ស្រប​ពេល​ដែល​មាន​មនុស្ស ៦០​លាន​នាក់​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ នឹង​រង​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដន សាហុង ដែល​សង់​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។