បណ្ដាញ​ព្រៃ​ឡង់​បារម្ភ​ពី​បទល្មើស​ព្រៃ​ឈើ​កើន​ឡើង​អំឡុង​ពិធី​បុណ្យ​អុំ​ទូក

ដោយ សូត សុខប្រាថ្នា
2014.11.06
កាប់​ឈើ​ព្រៃ​ឡង់ ៦២០ ២៨-មីនា-២០១២៖ គំនរ​ឈើ​ដែល​ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​តំបន់​ព្រៃឡង់ នា​ខេត្ត​កំពង់ធំ។
RFA/Uon Chhin

ក្រុម​ប្រជា​សហគមន៍​ព្រៃ​ឡង់​នៅ​ខេត្ត​កំពង់ធំ និង​ខេត្ត​ក្រចេះ បារម្ភ​ចំពោះ​បញ្ហា​កាប់​បំផ្លាញ​ឈើ​ខុស​ច្បាប់​នៅ​តែ​កើន​ឡើង ពិសេស​នៅ​ក្នុង​ឱកាស​បុណ្យ​អុំ​ទូក។ ពួក​គាត់​ចង់​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល ត្រួត​ពិនិត្យ​ឱ្យ​បាន​តឹងរ៉ឹង​ជុំវិញ​បញ្ហា​នេះ។ ចំណែក​មន្ត្រី​ជំនាញ​លើក​ឡើង​ថា បុណ្យ​ទាន គឺ​សមត្ថកិច្ច​ខ្លះ​ត្រូវ​ប្ដូរ​វេន​គ្នា ដើម្បី​ត្រួត​ពិនិត្យ​ជុំវិញ​ករណី​នេះ​ដែរ។

ការ​បារម្ភ​នេះ បន្ទាប់​ពី​ពួក​គាត់​សង្កេត​ឃើញ​ថា ជា​រៀង​រាល់​ឆ្នាំ​ពិត​ជា​មាន​បញ្ហា​ដដែលៗ​នេះ​កើត​ឡើង គឺ​ឱ្យ​តែ​រដូវ​បុណ្យ​ទាន​ធំៗ​របស់​ជាតិ ឈើ​ប្រណីត​ត្រូវ​បាន​ដឹក​ចេញ​ពី​ព្រៃ​យ៉ាង​អនាធិបតេយ្យ។

បណ្ដាញ​ស្នូល​ព្រៃ​ឡង់​ម្នាក់​នៅ​ខេត្ត​កំពង់ធំ សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា គ្រាន់​តែ​មុន​ពេល​បុណ្យ​អុំ​ទូក​មក​ដល់ គឺ​មាន​ពលរដ្ឋ និង​ឈ្មួញ​បន្ត​ចូល​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ដដែល ហើយ​នឹង​អាច​សម្រុក​ដឹក​ចេញ​នៅ​ពេល​បុណ្យ​អុំ​ទូក ស្រប​ពេល​ដែល​សមត្ថកិច្ច​កំពុង​វក់វី​នឹង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​បុណ្យ​ទាន​នោះ។ លោក​បន្ត​ថា បច្ចុប្បន្ន​អ្នក​កាប់​ឈើ​ទាំង​នោះ បាន​ចូល​ទៅ​កាប់​នៅ​បរិវេណ​ភ្នំ​ជី​ជិត​ពាក់​កណ្ដាល​ព្រៃ​ឡង់​តែ​ម្តង។ លោក​ថា ថ្មីៗ​នេះ​ពួក​លោក​បាន​ចុះ​ល្បាត គឺ​ប្រទះ​ឃើញ​ឈើ​ជាច្រើន​ម៉ែត្រ​គូប និង​រណារ​អារ​ឈើ​ប្រមាណ ៥​គ្រឿង ហើយ​ពេល​សួរ​ម្ចាស់​រណារ​ទៅ ទើប​ដឹង​ថា​មាន​មន្ត្រី​យោធា​នៅ​ទីនោះ​នៅ​ពី​ក្រោយ​ខ្នង​ពួក​គាត់៖ «ខ្ញុំ​គិត​ថា នៅ​ពេល​បុណ្យ​ទាន​នេះ​មិន​ថយ​ទេ ព្រៃ​ឈើ​នៅ​តែ​មាន​ការ​កាប់​ដដែល ហើយ​ជាក់ស្តែង​កាល​ពី​ម្សិលមិញ ពី​ម្សិល​ពួក​ខ្ញុំ​បាន​ឃើញ​ច្បាស់​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តែ​មាន​នៅ​ខាង​ជើង​ព្រៃ​ឡង់ ជា​ព្រៃ​សហគមន៍​ដែល​ពួក​ខ្ញុំ​ចុះ​ល្បាត​បី​យប់​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​បី​ទី​បួន​នោះ»

លោក​បន្ថែម​ថា ពលរដ្ឋ គឺ​ជា​ខែល​របស់​ឈ្មួញ​ធំៗ​ដែល​បាន​ជួល​ពួក​គាត់​ក្នុង​មួយ​ថ្ងៃ​ប្រមាណ ៦​ម៉ឺន​រៀល និង​រណារ​មួយ​គ្រឿង។ ចំណែក​ឈ្មួញ​ទាំង​នោះ គ្រាន់​តែ​នៅ​បញ្ជា​ពី​ក្រោយ និង​ជា​អ្នក​រត់​ការ​តែ​ប៉ុណ្ណោះ។ ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ នៅ​ខេត្ត​កំពង់ធំ គឺ​ដឹក​ចេញ​តាម​ផ្លូវ​៩៩ នៅ​ក្នុង​ស្រុក​សណ្ដាន់ កាត់​មក​ខាង​កំពង់ថ្ម ឆ្ពោះ​មក​ខេត្ត​កំពង់ចាម ទៅ​លក់​នៅ​វៀតណាម និង​ឈើ​ខ្លះ ត្រូវ​លក់​បន្ត​នៅ​តាម​ដេប៉ូ​នានា។ ប្រភព​ដដែល​បន្ថែម​ថា មិន​មែន​តែ​តំបន់​ព្រៃ​ឡង់​ទេ តែ​នៅ​ទូទាំង​ប្រទេស​កម្ពុជា បទល្មើស​ព្រៃ​ឈើ​នឹង​កើន​ឡើង​នៅ​ក្នុង​ឱកាស​បុណ្យ​នេះ។ លោក​ចង់​ឱ្យ​រាជ​រដ្ឋាភិបាល គិតគូរ​ចំពោះ​រឿង​នេះ និង​ចាត់​វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព។

ទាក់ទង​បញ្ហា​នេះ នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​សណ្ដាន់ លោក មុនី នាថ មាន​ប្រសាសន៍​ថា បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ គឺ​មិន​មាន​ទេ។ លោក​ថា អ្វី​ដែល​ប្រជា​សហគមន៍​រក​ឃើញ​នោះ គឺ​សេសសល់​ពី​មុន​មក​តែ​ប៉ុណ្ណោះ ពីព្រោះ​រដូវ​នេះ​ជា​រដូវ​វស្សា គឺ​ពិបាក​ធ្វើ​ដំណើរ។ ចំណែក​ការ​បារម្ភ​របស់​ប្រជា​សហគមន៍ ថា​នឹង​អាច​មាន​បទល្មើស​ព្រៃ​ឈើ​កើន​ឡើង​នៅ​ឱកាស​បុណ្យ​អុំ​ទូក លោក​ថា សមត្ថកិច្ច​ក៏​ត្រូវ​ការ​ឈប់​សម្រាក​ខ្លះ​ដែរ ប៉ុន្តែ​លោក​ថា នៅ​មាន​មន្ត្រី​ខ្លះ​នៅ​ឃ្លាំ​មើល​ជុំវិញ​បញ្ហា​នេះ៖ «បាទ! ចំពោះ​រឿង​ហ្នឹង​វិធានការ គឺ​មាន​តែ​បង្គាប់​កម្លាំង​អាជ្ញាធរ​គាត់​រួម​សហការ​គ្នា​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ហ្នឹង ពេល​ណា​មាន​បទល្មើស​ព្រៃ​ឈើ​ចេញ​មក​ហ្នឹង យើង​សហការ​គ្នា។ ដូច​ថា​មាន​របាយការណ៍​មាន​ការ​រាយការណ៍​មក​អ៊ីចឹង យើង​ចុះ​រួម​គ្នា​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​អ៊ីចឹង»

នាយ​សង្កាត់​ដដែល​កត់​សម្គាល់​ថា ហាក់​មិន​មាន​បទល្មើស​ព្រៃ​ឈើ​កើត​ឡើង​នោះ​ទេ នៅ​ពេល​ពិធី​បុណ្យ​ជាតិ​ធំៗ​កន្លង​មក។ យ៉ាង​ណា ប្រជា​សហគមន៍​យល់​ថា បើ​ទោះ​បី​ជា​បទល្មើស​ព្រៃ​ឈើ​កើត​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ស្ទើរ​តែ​អស់​ព្រៃ​ទៅ​ហើយ​ក្តី ក៏​មន្ត្រី​ជំនាញ និង​អាជ្ញាធរ តែង​បដិសេធ​ការ​ពិត​ដដែល។

មិន​ខុស​ពី​បណ្ដាញ​ស្នូល​ព្រៃ​ឡង់ នៅ​ខេត្ត​កំពង់ធំ ទេ លោក គឹម សុខន ជា​បណ្ដាញ​ស្នូល​ព្រៃ​ឡង់​នៅ​ខេត្ត​ក្រចេះ វិញ​និយាយ​ថា លោក​ហាក់​មិន​មាន​ជំនឿ​លើ​អាជ្ញាធរ​ជំនាញ​ឡើយ ពីព្រោះ​បទល្មើស​ព្រៃ​ឈើ​មក​ដល់​ពេល​នេះ គ្មាន​ការ​ថយ​ចុះ​ទេ។ ជាង​នេះ​ទៅ​ទៀត​នោះ លោក​កាន់​តែ​បារម្ភ​ថា ពិធី​បុណ្យ​អុំ​ទូក គឺ​ជា​ឱកាស​សម្រាប់​ឈ្មួញ​ឈើ និង​មន្ត្រី​ខ្លះ ឆ្លៀត​ពេល​ប្រកប​មុខ​របរ​ខុស​ច្បាប់​របស់​ខ្លួន៖ «គ្រប់​ស្ថាប័ន ជាពិសេស​រដ្ឋបាល​ព្រៃ​ឈើ​ហ្នឹង! ជា​សំខាន់​ទៀត សូម​ឱ្យ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​ជំរុញ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ធ្វើ​ម៉េច​អស់​លោក​សូម​លោក​យក​ចិត្ត​ទុក​ដាក់​ជីវភាព​ប្រជាពលរដ្ឋ​អ្នក​ក្រីក្រ គឺ​អត់​មាន​អី​ពឹង​ទេ។ បើ​អស់​ព្រៃ​ឡង់ គឺ​ហាក់​បី​ដូច​ជា​អស់​ឆ្នាំង​បាយ​គាត់​ហើយ គាត់​អត់​មាន​អី​ទីពឹង​ទេ»

ដោយ​ឡែក​នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈឹម សាវុធ យល់​ថា មិន​ចាំបាច់​តែ​មាន​ពិធី​បុណ្យ​ទាន​ធំៗ​របស់​ជាតិ​ទេ ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នៅ​ស្រុក​ខ្មែរ​សព្វថ្ងៃ គ្មាន​ការ​ថយ​ចុះ​បន្តិច​ណា​ឡើយ។ លោក​បន្ថែម​ថា មន្ត្រី​ជំនាញ​ព្រៃ​ឈើ រួម​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​នោះ​ហើយ ដែល​ជា​អ្នក​ឃុបឃិត​ជាមួយ​ឈ្មួញ​ឈើ​ធំៗ​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​ស្រុក​ខ្មែរ។ លោក​ថា បើ​តាម​មើល​ពី​ស្ថានភាព​រក​ស៊ី​ឈើ​នៅ​ពេល​បច្ចុប្បន្ន ឈើ​ប្រណីត គឺ​ស្ទើរ​តែ​អស់​ហើយ នៅ​ឡើយ​តែ​ឈើ​ប្រណីត​ប្រភេទ​លេខ​ពីរ​ប៉ុណ្ណោះ តែ​វា​នឹង​អាច​ឈាន​ទៅ​រក​ការ​វិនាស​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៖ «បើ​និយាយ​ទៅ ឥឡូវ​ហ្នឹង​និយាយ​ឱ្យ​ស្រួល​ស្តាប់ និយាយ​ឱ្យ​ពលរដ្ឋ​ងាយ​ស្តាប់ ឈើ​នៅ​ស្រុក​ខ្មែរ​នៅ​សេសសល់​នៅ​តែ​ខេត្ត​ស្ទឹងត្រែង ចន្លោះ​ស្រុក​សៀមប៉ាង យើង​ចំណុច ១០១​ប៉ុក​ឫស្សី​ព្រំដែន​ឡាវ រហូត​ដល់​វីរ​ជ័យ តំបន់​កន្ទុយ​នាគ​ទេ។ ចន្លោះ​ស្រុក​សៀមប៉ាង ស្រុក​វ៉ឺនសៃ និង​ស្រុក​តាវែង។ តែ​បី​ស្រុក​ហ្នឹង​ទេ ឈើ​ឥឡូវ​គេ​សម្រុក​កាប់​យ៉ាង​រង្គាល​ហើយ អ៊ីចឹង​ឈើ​ហ្នឹង​អត់​គិត​ភាគរយ​ទេ ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ មិន​ស្រួល​ម៉ា​ប្រាំង គឺ​អស់​ទាំង​ស្រុង​តែ​ម្តង​ឈើ​ប្រភេទ​ឈើ​ប្រណីត​នៅ​ស្រុក​ខ្មែរ»

លោក​បន្ថែម​ថា បើ​ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ធ្វើ​ការ​នៅ​ក្នុង​សភា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដោយ​ចុះ ប៉ុន្តែ​លោក​មិន​មាន​សង្ឃឹម​ថា​នឹង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​បាន​ឡើយ ដរាប​ណា​មិន​មាន​រដ្ឋាភិបាល​ថ្មី​ទេ ហើយ​រដ្ឋាភិបាល​ថ្មី​នោះ នៅ​តែ​មិន​យក​ច្បាប់​មក​អនុវត្ត​ទៀត​នោះ។ លោក​ថា ព្រៃ​ឈើ​អាច​គង់វង្ស​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​បាន លុះត្រា​រាជ​រដ្ឋាភិបាល​យក​ច្បាប់​មក​អនុវត្ត ហើយ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ដើម្បី​ការពារ​ព្រៃ​ឈើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។