អ្នក​ការពារ​ព្រៃឡង់​ខេត្ត​កំពង់ធំ​បារម្ភ​ចំពោះ​ការ​លួច​កាប់​ដើម​ច្បោះ​ជ័រ​ចេះ​តែ​បន្ត​កើត​មាន

ដោយ​ សូត សុខប្រាថ្នា
2017.06.24
កាប់​ឈើ ព្រៃឡង់ ៨៥៥ ២០១៦ ដើម​ឈើ​ដែល​ត្រូវ​បាន​ជនល្មើស​កាប់​នៅ​តំបន់​ព្រៃឡង់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០១៦។
Photo provided

ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ នៅ​ឃុំ​មានរិទ្ធ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ បារម្ភ​ចំពោះ​វាសនា​ដើម​ឈើ​ទាល ឬ​ដើម​ច្បោះ​ជ័រ​របស់​អ្នក​ភូមិ​ចេះតែ​បន្ត​រង​ការ​កាប់​បំផ្លាញ​ជា​បន្តបន្ទាប់។ ក្តី​បារម្ភ​នេះ ក្រោយ​ពេល​ពួកគាត់​នាំ​គ្នា​ចុះ​ល្បាត​ព្រៃឡង់ កាល​ពី​ថ្ងៃ​ទី​២២ និង​ទី​២៤ ខែ​មិថុនា ដោយ​ប្រទះឃើញ​ដើម​ច្បោះ​ជ័រ​របស់​ពលរដ្ឋ​ជា​ច្រើន​ដើម ត្រូវ​បាន​ជនល្មើស​កាប់​បំផ្លាញ។

ដើម​ឈើ​ទាល ឬ​ដើម​ច្បោះ​ជ័រ របស់​ប្រជា​សហគមន៍​តំបន់​ព្រៃឡង់ គឺ​ជា​ដើម​ឈើ​មួយ​ប្រភេទ​ដែល​មាន​សារសំខាន់​សម្រាប់​ជីវភាព​រស់នៅ​របស់​ពួកគាត់។ ដើមឈើ​ប្រភេទ​នេះ បាន​ផ្តល់​ជា​មុខរបរ​ប្រចាំ​ថ្ងៃ​ដល់​អ្នក​ស្រុក​នៅ​ក្បែរ​តំបន់​ព្រៃឡង់ តាម​រយៈ​ការ​ដង​ជ័រទឹក​ទៅ​លក់​គ្រាន់​បាន​កម្រៃ​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ បន្ថែម​ពី​លើ​មុខ​របរ​ធ្វើ​ស្រែ​នឹង​ចម្ការ​របស់​ប្រជា​សហគមន៍​ទាំង​នោះ។

តំណាង​បណ្ដាញ​ការពារ​ព្រៃឡង់ នៅ​ស្រុក​សណ្ដាន់ ម្នាក់ លោក ឃ្លោក សឿង ឱ្យ​ដឹង​ថា សកម្មភាព​ចុះ​ល្បាត​ព្រៃ​កាលពី​ថ្ងៃ​ទី​២២ ដល់ ២៤ មិថុនា ពួកគាត់​ប្រទះ​ឃើញ​មាន​បទល្មើស​កើត​ឡើង​មួយ​ចំនួន បើ​ទោះ​បី​ជា​រដូវ​នេះ​ជា​រដូវភ្លៀង​ធ្លាក់​ពិបាក​ធ្វើ​ដំណើរ​ចេញចូល​ព្រៃ​យ៉ាង​ណា​ក្ដី។ លោក​បញ្ជាក់​ថា ដើម​ច្បោះ​ជ័រ​របស់​អ្នក​ភូមិ​ជិត ១០​ដើម នៅ​ចំណុច​ត្រពាំងជ្រៃ ក្បែរ​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង ត្រូវ​បាន​ក្រុម​ជនល្មើស​លួច​កាប់ ហើយ​លោក​សន្និដ្ឋាន​ថា នឹង​អាច​មាន​ច្រើន​ជាង​នេះ​ទៀត ដ្បិត​ក្រុម​ប្រជា​សហគមន៍​មិន​បាន​ចុះ​ល្បាត​គ្រប់​ទីកន្លែង​ទេ ដោយសារ​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ​ពេក។ ប្រភព​រូប​នេះ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល និង​មន្ត្រី​ជំនាញ​ជួយ​យក​ចិត្ត​​ទុក​ដាក់​បន្ថែម​ទៀត​ចំពោះ​តំបន់​ព្រៃ​ការពារ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ៖ «ប្រជា​សហគមន៍​មាន​ការ​បារម្ភ​ដែរ ខ្លាច​ការពារ​មិន​បាន​នៅ​ថ្ងៃ​ក្រោយ​បាន ព្រោះ​បង​ប្អូន​ប្រជាពលរដ្ឋ​គ្មាន​ប្រាក់​ខែ​ស៊ី​ទេ»

​ព្រៃឡង់ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ដាក់​បញ្ចូល​ជា​តំបន់​ព្រៃ​ជម្រក​សត្វ កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ លើ​ទំហំ​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ គ្របដណ្ដប់​ទៅ​លើ​ខេត្ត​ចំនួន​បួន ដូចជា​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ក្រចេះ និង ខេត្ត​ស្ទឹងត្រែង ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ដើម្បី​ធានា​ការពារ​ធម្មជាតិ​នៅ​តំបន់​មួយ​នេះ ដោយ​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ។

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ធំ លោក តុប កក្កដា បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។ យ៉ាង​នេះ​ក្តី លោក តុប កក្កដា ធ្លាប់​មាន​ប្រសាសន៍​ថា បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ការពារ គឺ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់ ហើយ​មន្ត្រី​ជំនាញ​តែង​យក​ចិត្ត​ទុក​ដាក់​ការពារ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ ដែល​កើត​មាន​នៅ​តំបន់​ព្រៃឡង់ ជា​ហែហូរ។

ចំណែក​អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្តាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង មើល​ឃើញ​ថា ដើម​ច្បោះ​ជ័រ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់​អ្នក​ភូមិ​រស់​នៅ​ក្បែរ​តំបន់​ព្រៃ​ការពារ។ លោក​បន្ត​ថា ការ​កាប់​បំផ្លាញ​ដើម​ច្បោះ​ជ័រ​របស់​ប្រជា​សហគមន៍​មិន​មែន​ទើប​តែ​កើត​មាន​ទេ ហើយ​បច្ចុប្បន្ន ប្រភេទ​ឈើ​ប្រណិត​ស្ទើរតែ​លែង​មាន​ទៀត​នោះ ជា​ហេតុ​នាំ​ឱ្យ​ដើម​ច្បោះ​ជ័រ​របស់​អ្នក​ភូមិ​ក្លាយ​ជា​មុខសញ្ញា​របស់​ក្រុម​ជនល្មើស ម្យ៉ាង​ស្រប​ពេល​អ្នក​ស្រុក​រវល់​នឹង​ការងារ​ស្រែចម្ការ​មិន​សូវ​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ឃ្លាំមើល​ដើម​ច្បោះ​ជ័រ​របស់​ខ្លួន​ផង៖ «ទន្ទឹម​នឹង​នោះ​យើង​ឃើញ​ថា ពួក​ជនល្មើស​នៅ​តែ​មាន​លទ្ធភាព​ដឹក​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់​យ៉ាង​រលូន ដែល​មិន​សូវ​ឃើញ​មាន​ការ​បង្ក្រាប ឬ​ទប់ស្កាត់​ពី​ខាង​សមត្ថកិច្ច​អី​ប៉ុន្មាន​ទេ»

​សង្គម​ស៊ីវិល​រូប​នេះ បារម្ភ​ចំពោះ​វាសនា​ដើម​ច្បោះ​ជ័រ​ទាំង​ឡាយ​របស់​ប្រជា​សហគមន៍​ថា នឹង​អាច​បាត់បង់​នៅ​ថ្ងៃ​ខាង​មុខ ប្រសិនបើ​គ្មាន​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ក្រុម​ជនល្មើស ពិសេស​ឈ្មួញ​ដែល​នៅ​ពី​ក្រោយ​ខ្នង​ពួកគេ​ទេ។ លោក​មើល​ឃើញ​ថា ការ​បាត់បង់​ដើម​ច្បោះ​ជ័រ គឺ​មិន​ត្រឹម​ប៉ះពាល់​ដល់​ជីវភាព​របស់​អ្នក​ភូមិ​រស់នៅ​ក្បែរ​តំបន់​ព្រៃឡង់ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ផ្នែក​មួយ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។