សង្គម​ស៊ីវិល​ថា​ការ​តម្រូវ​ឲ្យ​មាន​លិខិត​អនុញ្ញាត​ដើម្បី​ល្បាត​ព្រៃឡង់​គឺ​រួម​ចំណែក​បំផ្លាញ

ដោយ មាន ឫទ្ធិ
2017.12.06
សាយ សំអាល់ ៦២២ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ផ្ដល់​បទសម្ភាសន៍​បន្ទាប់​ពី​ចូល​បំភ្លឺ​នៅ​រដ្ឋសភា ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៧។
Photo: RFA

ក្រុម​បណ្ដាញ​និស្សិត​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល និង​អ្នកធ្វើការ​ពាក់ព័ន្ធ​បរិស្ថាន សម្ដែង​ក្ដី​បារម្ភ​ពី ការ​កើន​ឡើង​បទល្មើស​ព្រៃឈើ ក្នុង​តំបន់​ព្រៃ​ការពារ​ដោយ​អនុក្រឹត្យ នៅ​គ្រា​ដែល​ក្រសួង​តម្រូវ​ឲ្យ​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​នានា ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ជា​មុន​សិន ទើប​អាច​ចុះ​ល្បាត​ព្រៃឡង់​បាន។ ពួកគេ​ចាត់​ទុក​យន្តការ​ថ្មី​របស់​ក្រសួងបរិស្ថាន​នេះ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​ជា​ការ​រួមចំណែក​បំផ្លាញ​ធនធាន​ធម្មជាតិ។

ក្រុម​បណ្ដាញ​និស្សិត​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល ក្រុម​យុវជន និង​អ្នកធ្វើការ​ពាក់ព័ន្ធ​បរិស្ថាន​ប្រកាន់​ជំហរ​ថ្កោលទោស​បដិសេធ​សេចក្ដី​សម្រេច​ថ្មី​របស់​ក្រសួងបរិស្ថាន ដែល​បង្គាប់​ឲ្យ​សហគមន៍​ធ្វើ​លិខិត​ស្នើសុំ​ពី​មន្ទីរ​បរិស្ថាន​ជា​មុន​សិន ទើប​អាច​មាន​សិទ្ធិ​ចុះ​ល្បាត​ព្រៃឡង់​បាន រីឯ​ជន​បរទេស និង​អង្គការ​សង្គម​ស៊ីវិល​នានា ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ក្រសួងបរិស្ថាន។ ពួកគេ​ចាត់ទុកថា ព្រៃ​ឡង់​ជា​សម្បត្តិ​របស់​ជាតិ ដែល​ពលរដ្ឋ​ទាំងអស់​មាន​តួនាទី​ការពារ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែ​ប្រសិនបើ​មានការ​រារាំង​ដោយ​ទម្រង់​ណាមួយ​នោះ គឺ​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់។

អនុប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក សរ ម៉ូរី យល់​ថា រដ្ឋាភិបាល និង​ក្រសួងបរិស្ថាន គួរតែ​សប្បាយចិត្ត នៅ​គ្រា​ដែល​មាន​ក្រុម​យុវជន និង​ពលរដ្ឋ​នាំគ្នា​ការពារ​សម្បត្តិ​ធម្មជាតិ ដោយ​មិន​គួរ​តម្រូវ​ឲ្យ​ពួកគាត់​សុំច្បាប់​អនុញ្ញាត​ពី​ក្រសួង និង​មន្ទីរ​នោះ​ទេ។ លោក​ចាត់​ទុក​បញ្ហា​នេះ ជា​ការ​រឹតត្បិត​សេរីភាព​ពលរដ្ឋ និង​មិន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ការពារ​ព្រៃឈើ។ លោក​កត់សម្គាល់​ថា បច្ចុប្បន្ន បើ​ទោះ​បី​ជា​ព្រៃ​ឡង់ ត្រូវ​បាន​រដ្ឋាភិបាល​ដាក់បញ្ចូល​ជា​ដែន​ជម្រក​សត្វ​ក្ដី តែ​បទល្មើស​ព្រៃឈើ នៅតែ​កើតមាន​ធ្ងន់ធ្ងរ រីឯ​ប្រសិទ្ធភាព​ការពារ របស់​ក្រសួងបរិស្ថាន​នៅ​មាន​កម្រិត ដែល​ទាមទារ​ឲ្យ​ពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល​នានា រួមគ្នា​ការពារ និង​លើកទឹកចិត្ត​ដល់​សកម្មភាព​ចុះ​ល្បាត​ព្រៃ​របស់​សហគមន៍ និង​ស្ថាប័ន​ពាក់ព័ន្ធ៖ «ក្នុង​នាម​យើង​ជា​យុវជន​ដែល​ស្ម័គ្រចិត្ត​ចូលរួម​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ សូម​អំពាវនាវ​ឲ្យ​ក្រសួង​បរិស្ថាន ផ្លាស់ប្ដូរ​ការ​សម្រេច​ចិត្ត និង​បើក​ឱកាស​ឲ្យ​មាន​ការ​ចូល​រួម​ឲ្យ​ទូលំទូលាយ​ពី​សហគមន៍​មូលដ្ឋាន»

កាលពី​ថ្ងៃ​ទី២២ វិច្ឆិកា​ឆ្នាំ ២០១៧ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំអាល់ បាន​ថ្លែង​ក្នុង​ពិធី «​ការ​ចូលរួម​ពី​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​សហគមន៍​មូលដ្ឋាន​ក្នុង​ការ​អភិរក្ស​ព្រៃឈើ» ដោយ​បញ្ជាក់​ថា សហគមន៍​ការពារ​ព្រៃឡង់​ត្រូវ​ធ្វើ​លិខិតស្នើ​សុំ​មន្ទីរ​បរិស្ថាន​ជា​មុន​សិន មុន​ចុះ​ល្បាត​ព្រៃ រីឯ​ជនបរទេស និង​អង្គការ​សង្គម​ស៊ីវិល​នានា​ត្រូវ​ធ្វើ​លិខិតស្នើ​សុំ​ទៅ​ក្រសួង​សាមី​ជា​មុន​សិន ទើប​អាច​ចុះ​ពិនិត្យ​ព្រៃ​ឡង់​បាន ក្រោម​លេស​ការពារ​សុវត្ថិភាព។

សកម្មជន​ការពារ​ព្រៃ​ឡង់ ខែត្រ​ក្រចេះ លោក វ៉ន ត្រៃ សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​សេចក្ដី​សម្រេច​ថ្មី របស់​ក្រសួងបរិស្ថាន បង្ក​ភាព​ស្មុគស្មាញ​ដល់​ពលរដ្ឋ​ស្ម័គ្រចិត្ត​អភិរក្ស​ព្រៃឈើ ខណៈ​ដែល​ក្រុម​ជនល្មើស ហាក់​មាន​បណ្ដាញ​ដឹង​មុន អំឡុង​ពេល​ដែល​សហគមន៍​ដាក់​លិខិត​ទៅ​មន្ទីរ​បរិស្ថាន។ លោក​ថា កាល​ពី​ពេល​ថ្មីៗ​នេះ សហគមន៍​ព្រៃ​ឡង់​ខែត្រ​ក្រចេះ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​មន្ទីរ​បរិស្ថាន បំណង​ចុះ​ល្បាត​ព្រៃ​ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ថ្លៃ​ធ្វើ​ដំណើរ និង​ការ​ហូបចុក ទម្រាំ​មន្ទីរ​អនុញ្ញាត​ត្រូវ​ចំណាយ​ពេល ៥​ថ្ងៃ ដែល​នាំ​ឲ្យ​ជនល្មើស​លួច​កាប់​ឈើ​អស់​ច្រើន​ម៉ែត្រ​គូប។ លោក​បញ្ជាក់​ថា ការ​តម្រូវ​សុំ​ការ​អនុញ្ញាត​ពី​មន្ទីរ​បរិស្ថាន ទើប​អាច​ចុះ​ល្បាត​ព្រៃ ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​ជនល្មើស​លួច​អារ​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដោយ​សេរី៖ «វា​ពិបាក​ដែរ ពិបាក​ត្រង់​ថា ស្មុគស្មាញ​ពេល​វេលា​មមាញឹក​របស់​យើង។ មុន​ទៅ​ណា​យើង​យក​ពេល​វេលា​ដើរ​ដាក់​លិខិត​តាម​មន្ទីរ និង​តាម​ទីស្នាក់ការ​អ៊ីចឹង​គ្នា​ខាត​ពេល​វេលា និង​ខាត​ថវិកា»

កាលពី​ថ្ងៃទី៥ ធ្នូ ក្រុម​បណ្ដាញ​និស្សិត​ឯករាជ្យ ដែរ​តែង​ចុះ​ល្បាត​ព្រៃឡង់ បាន​សរសេរ​លិខិត​ចំហ​ ជំទាស់​យន្តការ​ថ្មី​របស់​ក្រសួងបរិស្ថាន ដោយ​ចាត់ទុកថា ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។ ក្រុម​បណ្ដាញ​និស្សិត​ឯករាជ្យ បាន​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំអាល់ មេត្តា​បើក​ចិត្ត​ទូលាយ ឲ្យ​ពលរដ្ឋ​គ្រប់រូប យុវជន សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល ចូលរួម​សកម្ម​ក្នុង​ការពារ​ធនធានធម្មជាតិ ឲ្យ​គង់វង្ស ហើយក៏​ជា​ស្នាដៃ​របស់​ក្រសួងបរិស្ថាន​ដែរ។ ក្រុម​បណ្ដាញ​និស្សិត​ឯករាជ្យ សង្កេត​ឃើញ​ថា ចលនា​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​បាន​ក្លាយ​ជា​ក្តី​បារម្ភ​ខ្លាំង ដោយ​ក្នុង​មួយ​ថ្ងៃៗ មាន​ឈ្មួញ​ធំៗ ដុះ​ស្លែ និង​ឧកញ៉ា​មួយ​ចំនួន រកស៊ី​ឈើ​ខុសច្បាប់ កំពុង​បំផ្លាញ​ព្រៃឈើ និង​នាំទៅ​ប្រទេស​វៀតណាម។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ក្បែរ​តំបន់​ព្រៃឡង់ ខែត្រ​ស្ទឹងត្រែង លោក ថាន់ វ៉ន ចាត់​ទុក​ការ​យន្តការ​ថ្មី​របស់​ក្រសួងបរិស្ថាន គឺជា​ការ​ពន្យារ​ពេល ផ្ដល់​ឱកាស​ឲ្យ​ឈ្មួញ​លួច​កាប់​ឈើ​ខុសច្បាប់ នៅ​ព្រៃ​អភិរក្ស ដែល​នាំ​ឲ្យ​មន្ត្រី​ខិលខូច​មួយ​ចំនួន នៅតែ​ទទួល​ប្រយោជន៍​ពី​ជនល្មើស។ លោក​ថា យន្តការ​ថ្មី​នេះ កំពុង​ដើរ​បញ្ច្រាស ពី​ឆន្ទៈ​ពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​អភិរក្ស​ធនធានធម្មជាតិ។ លោក​ថា អ្នក​ស្ម័គ្រចិត្ត​ការពារ​ព្រៃឈើ បែរជា​ត្រូវ​សុំ​ច្បាប់​ចូល​ទៅ​ការពារ​ព្រៃឈើ។ លោក​សួរ​ទៅវិញ​ថា​តើ ជនល្មើស​កាប់​ព្រៃឈើ​រាល់​ថ្ងៃ​នេះ មានបាន​ទៅ​សុំ​ច្បាប់​ដែរ​ទេ៖ «ជនជាតិ​ដើម​ភាគ​តិច​អត់​យល់​ច្បាប់​នោះ​ទេ។  ចុះ​បើ​សិន​ជា​អ្នក​អារ​ឈើ​យក​គោយន្ត​ដើរ​កាត់​មុខ​​នោះ ម្ដេច​ក៏​មិន​រក​ច្បាប់​ឲ្យ​វា​ផង បែរ​ជា​អ្នក​ការពារ​ឲ្យ​មាន​ច្បាប់​ទៅ​វិញ។ ចេះ​តែ​បង្កើត​ច្បាប់ អត់​មាន​បង្កើត​ច្បាប់​ណា​មួយ​ការពារ​ព្រៃឈើ​បន្ទាន់​សោះ ចេះ​តែ​ធ្វើ​ពន្យារ​ពេល មិន​បាន​អី​ធ្វើ​ឲ្យ​អសកម្ម​តាម​ម៉ោង ឬ​ថ្ងៃ។ បើសិន​ក្រសួងបរិស្ថាន មាន​បំណង​ការពារ​ព្រៃឈើ​មែន មិន​បាច់​សាំញ៉ាំ​ទេ​រឿង​ច្បាប់​ហ្នឹង»

ព្រៃ​ឡង់​ឋិត​ក្នុង​ចន្លោះ​ខែត្រ​ចំនួន​បួន គឺ​ខែត្រ​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខែត្រ​កំពង់ធំ ត្រូវ​រដ្ឋាភិបាល​ប្រកាស​បង្កើត​ជា​ដែន​ជម្រក​សត្វព្រៃ កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ផ្ទៃដី ចំនួន ៤៣១.៦៨៣ ហិកតារ ឋិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន ដែល​មាន​កាតព្វកិច្ច​ធានា​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវចម្រុះ និង​កិច្ចការពារ​ធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់ និង​ត្រូវ​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ។

មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក​(ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា កាតព្វកិច្ច​របស់​ពលរដ្ឋ ដែល​ចូលរួម​ការពារ​ព្រៃឈើ ត្រូវ​ធានា​ដោយ​ច្បាប់ ហើយ​ប្រសិនបើ​សេចក្ដី​សម្រេច​ណាមួយ ធ្វើឡើង​ផ្ទុយ​ពី​ច្បាប់ គឺជា​សេចក្ដី​សម្រេច​គ្មាន​តម្លៃ។ ហេតុនេះ​សហគមន៍​មាន​សិទ្ធិ​តវ៉ា និង បដិសេធ​ចោល​សេចក្ដី​សម្រេច​នោះ៖ «សូម​ឲ្យ​បើក​សេរីភាព​ក្នុង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ។ យើង​ឃើញ​ថា ពេល​ខ្លះ​ជនល្មើស​ហាក់​ដូច​ជា​មាន​សេរីភាព​ជាង​សកម្មជន​ការពារ​ព្រៃឈើ។ កាប់​ព្រៃ​ឈើ​រាប់​ពាន់​ហិកតារ ក្រៅ​ពី​សហគមន៍ និង​អ្នក​ការពារ​ធនធាន​ធម្មជាតិ​ស្រែក​តាម​វិទ្យុ និង​ទូរទស្សន៍​ហ្នឹង»

រដ្ឋធម្មនុញ្ញ​មាត្រា ៣៥ ចែងថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌​របស់​ប្រទេសជាតិ។ សេចក្តី​ស្នើ​របស់​ពលរដ្ឋ​ត្រូវ​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ។

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង ចាត់​ទុក​វិធានការ​ថ្មី​របស់​ក្រសួង​បរិស្ថាន​នេះ ថា​ជា​ទង្វើ​ខុសច្បាប់ ដែល​លោក​ចាត់ទុកថា ដើម្បី​ពន្យារពេល​មិន​ឲ្យ​សហគមន៍​ចុះ​ល្បាត និង​ដើម្បី​ការពារ​ប្រយោជន៍​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។