រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ការពារ​តំបន់​អភិរក្ស​ព្រៃ​ឈើ​និង​សត្វ​ព្រៃ​ស្រុក​ពញាក្រែក

ដោយ សូត សុខប្រាថ្នា
2016-02-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
តំបន់​អភិរក្ស​ពញាក្រែក ត្បូងឃ្មុំ ២០១៥ ៨៥៥
តំបន់​អភិរក្ស​ព្រៃ​ឈើ និង​សត្វ​ព្រៃ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo Provided
Photo Provided

អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ ថា​ការ​សម្រេច​រក្សា​ទុក​តំបន់​ព្រៃ​ការពារ​មួយ​កន្លែង​ជា​តំបន់​អភិរក្ស​ព្រៃ​ឈើ និង​សត្វ​ព្រៃ នឹង​អាច​ផ្តល់​ប្រយោជន៍​ជាច្រើន​ដល់​ប្រជាពលរដ្ឋ និង​ដើម្បី​ចូលរួម​ថែ​រក្សា​ការពារ​ព្រៃ​ឈើ​តំបន់​នោះ​ឲ្យ​នៅ​គង់វង្ស។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​រាជ​រដ្ឋាភិបាល ចេញ​អនុក្រឹត្យ​កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ ដើម្បី​ការពារ​តំបន់​អភិរក្ស​ព្រៃ​ឈើ និង​សត្វ​ព្រៃ​ស្រុក​ពញាក្រែក ដែល​មាន​ទំហំ​ជិត ២០០​ហិកតារ។

អាជ្ញាធរ​ខេត្ត​លើក​ឡើង​ថា ពួក​គេ​នឹង​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន តាម​រយៈ​មន្ត្រី​ជំនាញ ដើម្បី​ឲ្យ​ពួក​គាត់​យល់​បន្ថែម​ទៀត​អំពី​អត្ថប្រយោជន៍​ក្នុង​ការ​អភិរក្ស​ព្រៃ​ឈើ និង​សត្វ​ព្រៃ​ក្នុង​តំបន់​មួយ ស្ថិត​នៅ​ជាប់​ព្រំប្រទល់​កម្ពុជា-វៀតណាម។ បន្ថែម​ពី​នេះ ដើម្បី​ឲ្យ​ពលរដ្ឋ​ចូលរួម​ការពារ និង​ជៀសវាង​ការ​ចូល​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ ជាដើម។

អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ លោក លី ឡេង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ថា ចំពោះ​មុខ អាជ្ញាធរ​នឹង​ប្រគល់​ការងារ​នេះ​ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ដើម្បី​ផ្សព្វផ្សាយ​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​អំពី​គោល​បំណង​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការ​ថែ​រក្សា​ព្រៃ​ឈើ​ដែល​នៅ​សេសសល់​ក្នុង​តំបន់​នោះ៖ «មាន​តែ​បង្កើន​ការ​ការពារ​ថែម។ ប្រជាពលរដ្ឋ​នៅ​តំបន់​ហ្នឹង​មាន​តែ​ការ​ឲ្យ​តម្លៃ​លើ​តំបន់​ហ្នឹង​ទាំងអស់​គ្នា កុំ​ឲ្យ​មាន​ការ​រំលោភ​ពី​នរណា»

កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ រាជ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពី​ការ​បង្កើត​តំបន់​ព្រៃ​ការពារ​សម្រាប់​អភិរក្ស​ព្រៃ​ឈើ និង​សត្វ​ព្រៃ។ តំបន់​នេះ​ហៅ​កាត់​ថា ព្រៃ​ការពារ​ពញាក្រែក ដែល​មាន​ទំហំ​ផ្ទៃដី​ជិត ២០០​ហិកតារ (១៩៩​ហិកតារ) ស្ថិត​នៅ​ភូមិសាស្ត្រ​ភូមិ​ជីពាំង ឃុំ​ក្រែក និង​ភូមិ​ត្រពាំងរំសែង ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។ អនុក្រឹត្យ​នេះ មាន​គោល​បំណង​ការពារ អភិរក្ស និង​ស្ដារ​ឡើង​វិញ​នូវ​ព្រៃ​ឈើ ព្រម​ទាំង​សត្វ​ព្រៃ​គ្រប់​ប្រភេទ ពិសេស​ប្រភេទ​ដែល​កំពុង​រងគ្រោះ។ បន្ថែម​ពី​នេះ ដើម្បី​រក្សា​លំនឹង​មជ្ឈដ្ឋាន​ធម្មជាតិ និង​ស្ដារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ខូចខាត សម្រាប់​ផ្តល់​ជា​ទី​ជម្រក​សុខសាន្ត និង​ការ​បន្ត​ពូជ​របស់​ជីវចម្រុះ​គ្រប់​ប្រភេទ។ ជាមួយ​គ្នា​នេះ ដើម្បី​ទប់ស្កាត់ និង​លុប​បំបាត់​រាល់​សកម្មភាព​កាប់​រុក​រាន ដុត ឈូស​ឆាយ និង​ប្រែ​ក្លាយ​ធម្មជាតិ​ព្រៃ​ឈើ​ទៅ​ជា​ដី​សម្រាប់​អភិវឌ្ឍ​ដំណាំ​កសិកម្ម ឬ​រុក្ខជាតិ​ផ្សេងៗ ក្រៅ​ពី​ធម្មជាតិ ជាដើម។

ទោះ​ជា​យ៉ាង​ណា តំបន់​មួយ​នេះ​កន្លង​មក គឺ​ជា​តំបន់​ដែល​មាន​ភាព​ចម្រូងចម្រាស​រវាង​ប្រជាពលរដ្ឋ​ខ្មែរ ជាមួយ​កង​កម្លាំង​វៀតណាម។ កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៥ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ចាម លោក វ៉ាន់ ណារិទ្ធ បាន​ដាក់​លិខិត​មួយ​ទៅ​ប្រធាន​រដ្ឋសភា ដើម្បី​ស្នើ​ឲ្យ​ចាត់​វិធានការ​ករណី​ទាហាន​វៀតណាម ចូល​យាម​ល្បាត​នៅ​តំបន់​ត្រពាំង​ត្រឡោក និង​ត្រពាំង​ធ្លក ភូមិ​ត្រពាំងរំសែង ចម្ងាយ​ប្រមាណ ៥០០​ម៉ែត្រ​ពី​បង្គោល​ព្រំដែន​លេខ​១១៤ ក្នុង​ទឹក​ដី​ខ្មែរ ហើយ​ថែម​ទាំង​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​ទៅ​រុក​រក​អនុផល​ព្រៃ​ឈើ​ថែម​ទៀត​ផង។

កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បាន​បំភ្លឺ​វិញ​ថា តំបន់​ទាហាន​វៀតណាម យាម​ល្បាត​នោះ គឺ​មាន​ប្រវែង​ប្រមាណ ២០០​ម៉ែត្រ​ពី​បង្គោល​ព្រំដែន​លេខ​១១៤ មិន​មែន ៥០០​ម៉ែត្រ​ដូច​ការ​លើក​ឡើង​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឡើយ។ មិន​តែ​ប៉ុណ្ណោះ តំបន់​នោះ​ត្រូវ​បាន​កង​កម្លាំង​វៀតណាម យាម​ល្បាត និង​គ្រប់គ្រង​មុន​ពេល​បោះ​បង្គោល​ព្រំដែន​លេខ​១១៤ ទៅ​ទៀត។ ម្យ៉ាង ដោយ​យោង​ទៅ​លើ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​កាល​ពី​ឆ្នាំ​១៩៩៥ តម្រូវ​ឲ្យ​ភាគី​ទាំង​ពីរ​រក្សា​ស្ថានភាព​ដើម​ដដែល រហូត​ដល់​ការងារ​ខណ្ឌ​សីមា និង​ការ​បោះ​បង្គោល​ព្រំដែន​ចប់​ទាំង​ស្រុង ទើប​អាច​ផ្លាស់ប្ដូរ​ការ​គ្រប់គ្រង​នៅ​តំបន់​ទាំង​នោះ​បាន។

ទោះ​បី​យ៉ាង​ណា​ក៏ដោយ​ចុះ ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង យល់​ថា តំបន់​ព្រៃ​ឈើ​ធំៗ​ជាច្រើន​កន្លែង កំពុង​ត្រូវ​ការ​កិច្ច​ការពារ​ជា​ចាំបាច់ និង​អាទិភាព​បំផុត ដូចជា​តំបន់​ព្រៃ​ឡង់ តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ព្រម​ទាំង​តំបន់​ជាច្រើន​ផ្សេង​ទៀត។ លោក​បារម្ភ​ខ្លាច​ក្រែង​តែ​អនុក្រឹត្យ​មួយ​នេះ ធ្វើ​ឡើង​ដើម្បី​បម្រើ​ប្រយោជន៍​ផ្សេង​ជាមួយ​ភាគី​វៀតណាម ច្រើន​ជាង៖ «រាជ​រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​តំបន់​ព្រៃ​ដែល​មាន​ទំហំ​ធំ​ធេង ហើយ​ដែល​ជន​ល្មើស​កំពុង​កាប់​បំផ្លាញ»

លោក​បន្ត​ថា ប្រសិន​រាជ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ចង់​ការពារ​ព្រៃ​ឈើ​ពិត​ប្រាកដ មិន​បាច់​មាន​អនុក្រឹត្យ​អ្វី​ឡើយ ដោយ​គ្រាន់​តែ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​ដែល​មាន​ស្រាប់​ឲ្យ​បាន​តឹងរ៉ឹង ហើយ​លុប​ចោល​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ព្រៃ​ឈើ ឬ​ឈើ​ទាំងអស់។ បន្ថែម​ពី​នេះ ត្រូវ​ចាប់​មន្ត្រី​រាជ​រដ្ឋាភិបាល កង​កម្លាំង ឧកញ៉ា​មហា​សេដ្ឋី​មួយ​ចំនួន ដែល​ជាប់​ពាក់ព័ន្ធ​រក​ស៊ី​ឈើ​នៅ​ស្រុក​ខ្មែរ មក​ផ្ដន្ទាទោស ព្រម​ទាំង​រឹប​អូស​ទ្រព្យ​សម្បត្តិ​ពួក​គេ​មក​បម្រើ​ប្រយោជន៍​ជាតិ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល