សហគមន៍​ស្រុក​រវៀង​យល់​ថា​ធនធាន​ធម្មជាតិ​មាន​សារសំខាន់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ

ដោយ សូត សុខប្រាថ្នា
2017.04.27
វេទិកា​ធនធាន​ធម្មជាតិ ព្រះវិហារ ២០១៧ ១៤៤០ បណ្ដាញ​សហគមន៍​កសាង​សន្តិភាព និង​ប្រជា​សហគមន៍​នៅ​ឃុំ​រួសរាន់ និង​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ រៀបចំ​វេទិកា​សាធារណៈ​ស្ដីពី​អភិបាលកិច្ច​លើ​វិស័យ​ធនធាន​ធម្មជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧។ រូបថត​ដោយ​បណ្ដាញ​ការពារ​ព្រៃឡង់
រូបថត​ដោយ​បណ្ដាញ​ការពារ​ព្រៃឡង់

ប្រជា​សហគមន៍​នៅ​ឃុំ​រួសរាន់ ស្រុក​រវៀង ខេត្ត​ព្រះវិហារ យល់​ថា ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ឲ្យ​បាន​ត្រឹមត្រូវ គឺ​ជា​រឿង​ចាំបាច់ និង​រួម​ចំណែក​ទប់ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ​នៅ​ពេល​បច្ចុប្បន្ន។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​បញ្ចប់​វេទិកា​សាធារណៈ​មួយ​ស្ដីពី​អភិបាលកិច្ច​លើ​វិស័យ​ធនធាន​ធម្មជាតិ ដែល​រៀបចំ​ឡើង​ដោយ​បណ្ដាញ​កសាង​សន្តិភាព​សហគមន៍ និង​អង្គការ​ជា​ដៃគូ​នៅ​ខេត្ត​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មេសា ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ២០០​នាក់។

ប្រជា​សហគមន៍​នៅ​ឃុំ​រួសរាន់ យល់​ថា ធនធាន​ធម្មជាតិ ពិសេស​ដីធ្លី និង​ព្រៃ​ឈើ គឺ​មាន​សារសំខាន់​សម្រាប់​ពួក​គាត់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។ លើស​ពី​នេះ ប្រសិន​បើ​មាន​ការ​បែងចែក និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​បាន​ត្រឹមត្រូវ វា​មិន​ត្រឹម​តែ​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​រួច​ផុត​ពី​ការ​រំលោភ​យក​ដី​ស្រែ​ចម្ការ និង​ដី​ព្រៃ​សហគមន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​ជួយ​ការពារ​ដល់​បរិស្ថាន​ទប់ទល់​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ពេល​បច្ចុប្បន្ន​ថែម​ទៀត។

ប្រជា​សហគមន៍​មក​ពី​ឃុំ​រៀបរយ មួយ​រូប​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នោះ លោក សូ ថាល់ មាន​ប្រសាសន៍​ថា ដោយសារ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅ​តំបន់​លោក​រស់នៅ​មិន​បាន​ត្រឹមត្រូវ ទើប​បណ្ដាល​ឲ្យ​ពលរដ្ឋ​ម្ចាស់​ស្រុក​រងគ្រោះ ដូចជា​ការ​រំលោភ​យក​ដីធ្លី ការ​បាត់បង់​មុខ​របរ​ប្រពៃណី ព្រម​ទាំង​ប្រឈម​បញ្ហា​នឹង​គ្រោះ​ធម្មជាតិ៖ «គិត​ឃើញ​ហើយ​ណា​ដីធ្លី​របស់​យើង​ក៏​អស់ ណា​ដី​ស្រែ​ចម្ការ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្រុមហ៊ុន​បង្ខិតបង្ខំ ដើម្បី​ដក​ហូត​យក​ដី​ស្រែ​របស់​ពលរដ្ឋ»

វេទិកា​សាធារណៈ​ស្ដីពី​អភិបាលកិច្ច​លើ​វិស័យ​ធនធាន​ធម្មជាតិ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ២០០​នាក់ រៀបចំ​ឡើង​នៅ​ភូមិ​ឈ្នួន ឃុំ​រួសរាន់ គឺ​មិន​មាន​វត្តមាន​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​ចូលរួម​ឡើយ បើ​ទោះ​បី​ជា​ប្រជា​សហគមន៍​បាន​ដាក់​លិខិត​អញ្ជើញ​ពួក​គេ​យ៉ាង​ណា​ក្តី។

ប្រជា​សហគមន៍​មួយ​រូប​ទៀត​ដែល​ជា​ក្រុម​អ្នក​រៀបចំ​វេទិកា​នេះ លោក វង្ស សុខខេងលី បញ្ជាក់​ថា វេទិកា​សាធារណៈ​ស្ដីពី​ធនធាន​ធម្មជាតិ គឺ​មាន​គោល​បំណង​អញ្ជើញ​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​មក​ឆ្លើយ​បំភ្លឺ​ជុំវិញ​បញ្ហា​ប្រឈម​ដែល​ពួក​គាត់​កំពុង​ជួប​ប្រទះ ដូចជា​ការ​រំលោភ​យក​ដី​ស្រែ​ចម្ការ​ពី​សំណាក់​ក្រុមហ៊ុន ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ពិសេស​នៅ​តំបន់​ព្រៃ​ឡង់​នៅ​តែ​កើត​មាន​ឡើង។ ម្យ៉ាង ក៏​ចង់​បាន​ដំណោះស្រាយ​មួយ​ពី​សំណាក់​មន្ត្រី​រាជ​រដ្ឋាភិបាល​លើ​បញ្ហា​ទាំងនេះ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ដែល​ពួក​គេ​មិន​បាន​ចូលរួម។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​ឲ្យ​ទៅ​ក្រុមហ៊ុន​បរទេស​ក្នុង​តំបន់​ដែល​ពួក​គាត់​រស់នៅ មិន​បាន​ធ្វើ​ឲ្យ​ជីវភាព​ពលរដ្ឋ​ប្រសើរ​ទេ គឺ​មាន​តែ​បណ្ដាល​ឲ្យ​ធនធាន​ធម្មជាតិ​ត្រូវ​បំផ្លាញ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​ប្រជា​សហគមន៍​ត្រូវ​រង​ទឹក​ភ្នែក​ជាដើម៖ «បច្ចុប្បន្ន​នេះ គាត់​មិន​អាច​អាស្រ័យ​ផល ឬ​ដក​ហូត​យក​អនុផល​ធនធាន​ធម្មជាតិ​ណា​មួយ​បាន​ទេ។ បើ​ច្បោះ​ជ័រ​ទឹក​គេ​កាប់​យក​អស់​ហើយ»

ចំណែក​លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃ​ឡង់ ជា​អ្នក​រៀបចំ​វេទិកា​នេះ គឺ​លោក សេង សុខហេង មាន​ប្រសាសន៍​ថា គោល​បំណង​ដើម្បី​ផ្សព្វផ្សាយ​អំពី​សារសំខាន់​ក្នុង​ការ​ចូលរួម​ថែរក្សា​បរិស្ថាន និង​ធនធាន​ធម្មជាតិ។ បន្ថែម​ពី​នេះ បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​សហគមន៍ និង​ស្ថាប័ន​ពាក់ព័ន្ធ ព្រម​ទាំង​បង្ហាញ​ពី​បញ្ហា​ប្រឈម​នានា​របស់​ពលរដ្ឋ​មូលដ្ឋាន​ជាដើម។ លោក​សង្កេត​ឃើញ​ថា ការ​គ្រប់គ្រង និង​ការ​បែងចែក​ធនធាន​ធម្មជាតិ​នៅ​ពេល​បច្ចុប្បន្ន គឺ​មិន​មាន​តម្លាភាព​ឡើយ៖ «មាន​ន័យ​ថា រដ្ឋ​ច្បាម​យក​ធនធាន​ធម្មជាតិ​ទៅ​ធ្វើ​ការ​អភិវឌ្ឍ​ដោយ​គ្មាន​តម្លាភាព គឺ​គាត់​អត់​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ។ អត់​មាន​ការ​ផ្សព្វផ្សាយ អត់​មាន​ការ​ជូន​ដំណឹង»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា ដើម្បី​ឲ្យ​ការ​គ្រប់គ្រង​លើ​វិស័យ​ធនធាន​ធម្មជាតិ​មាន​លក្ខណៈ​ប្រសើរ រាជ​រដ្ឋាភិបាល​ត្រូវ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ ហើយ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​ច្បាស់លាស់។ លើស​ពី​នេះ អាជ្ញាធរ​ត្រូវ​បើក​ចំហ​ឲ្យ​មាន​កិច្ច​ពិភាក្សា​ជា​សាធារណៈ​រវាង​សហគមន៍ និង​ភាគី​ពាក់ព័ន្ធ រាល់​ព័ត៌មាន​ស្ដីពី​ធនធាន​ធម្មជាតិ។ រាជ​រដ្ឋាភិបាល​ក៏​ត្រូវ​បង្កើន​កញ្ចប់​ថវិកា​ជាតិ​ដល់​មន្ត្រី​ជំនាញ និង​ប្រជា​សហគមន៍​លើ​ការងារ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ព្រម​ទាំង​ចាត់​វិធានការ​ចំពោះ​ក្រុមហ៊ុន​សម្បទាន​ទាំងឡាយ​ដែល​មិន​បាន​គោរព​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។