ពលរដ្ឋ​មិន​ពេញ​ចិត្ត​សំណង​ពី​ផល​ប៉ះពាល់​ដោយសារ​ទំនប់​សេសាន​ក្រោម២

ដោយ ប្រាជ្ញ ចេវ
2015.03.30
1

ស្ត្រី​ជនជាតិ​​​ភាគ​តិច​ឡាវ លោកស្រី ថា វី ថ្លែង​ប្រឆាំង​ការ​សាងសង់​ទំនប់​សេសាន​ក្រោម​២ កាល​ពី​ថ្ងៃ​ទី​២៨ មីនា ក្នុង​ពេល​ជួន​គណៈកម្មការ​ទី​៣​រដ្ឋ​សភា នា​ខេត្ត​ស្ទឹងត្រែង។

2

ប្រធាន​គណៈកម្មការ​ទី​៣ រដ្ឋ​សភា លោក ប៉ុល ហំម ថ្លែង​ទៅ​កាន់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នា​ខេត្ត​ស្ទឹងត្រែង។

3

ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ ជួប​គណៈកម្មការ​ទី​៣​រដ្ឋ​សភា នៅ​ស្រុក​សេសាន។

4

សកម្មភាព​គ្រឿងចក្រ​ឈូស​ឆាយ​សម្អាត​បាត​អាង​ទន្លេ​សេសាន​ក្រោម​២។ រូបថត​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៥

5

ព្រៃ​ឈើ​ដែល​ក្រុមហ៊ុន​ដុត​ចោល​ដើម្បី​សម្អាត​បាត​អាង។

6

ពលរដ្ឋ​ក្នុង​តំបន់​រង​ផល​ប៉ះពាល់​នេសាទ​ត្រី​នៅ​តាម​ដង​ទន្លេ​មេគង្គ តំបន់​ដែល​គេ​ធ្វើ​ទំនប់​វារីអគ្គិសនី នៅ​ស្រុក​សេសាន។

7

សត្វ​ក្របី​ដែល​អ្នក​ភូមិ​យក​មក​ឲ្យ​ផឹក​ទឹក​ទន្លេ​មេគង្គ។

8

អ្នក​ភូមិ​ក្នុង​តំបន់​ប៉ះពាល់​ដោយសារ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ងូត​ទឹក​ទន្លេ​នៅ​ពេល​ល្ងាច។

ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​នៅ​ខេត្ត​ស្ទឹងត្រែង នៅ​តែ​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​សាងសង់ និង​ទាមទារ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​ទទួល​បាន​ការ​យ​ល់​ព្រម​ពី​រដ្ឋសភា និង​រដ្ឋាភិបាល​រួច​ទៅ​ហើយ​នោះ។ ប៉ុន្តែ​ពលរដ្ឋ​និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត​មិន​ជំទាស់​នឹង​ការ​អភិវឌ្ឍ​នោះ​ទេ ដោយ​គេ​ស្នើ​ឲ្យ​ផ្អាក​បណ្ដោះអាសន្ន​សិន រង់ចាំ​ការ​ពិនិត្យ​មើល​ម្ដង​ទៀត​ពី​ការ​ផ្ដល់​សំណង​សមរម្យ​នៃ​ផល​ប៉ះពាល់។

ក្នុង​ពេល​ដែល​អ្ន​កភូមិ​មួយ​ចំនួន​មិន​ព្រម​ទទួល​យក​ការ​ផ្ដល់​សំណង​របស់​រដ្ឋាភិបាល គណៈកម្មការ​ទី​៣​រដ្ឋសភា ទទួល​បន្ទុក​វិនិយោគ អភិវឌ្ឍន៍ ធនធាន​ទឹក និង​បរិស្ថាន បាន​ចុះ​មក​សាកសួរ​ព័ត៌មាន​បន្ថែម​ពី​ពលរដ្ឋ អាជ្ញាធរ តំណាង​ក្រុមហ៊ុន និង​ពលរដ្ឋ។ ក្រោយ​ចុះ​អង្កេត​គណៈកម្មការ​សភា និង​ផ្ដល់​របាយការណ៍​ទៅ​រដ្ឋាភិបាល។

ថ្លែង​នៅ​ចំពោះ​មុខ​គណៈប្រតិភូ​សភា​ទាំង​ក្ដុកក្ដួល​ចិត្ត ដោយ​ប្រៀប​ប្រដូច​គណៈកម្មការ​សភា​ទៅ​នឹង​ឪពុក​ម្ដាយ​របស់​ខ្លួន ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​ឡាវ លោកស្រី ថា វី រៀបរាប់​ថា ទន្លេ​គឺ​ជា​កេរដំណែល​ដែល​ដូនតា​បន្សល់​ទុក​ឲ្យ ដូច្នេះ​លោកស្រី​មិន​អាច​ទៅ​រស់​នៅ​ឆ្ងាយ​ពី​ទន្លេ​បាន​ទេ។ ទន្ទឹម​គ្នា​នេះ លោកស្រី​បញ្ជាក់​ជំហរ​ថា មិន​អាច​ឈាន​ជើង​ចាកចោល​ផ្នូរ​ឪពុក​ម្ដាយ​ដូនតា​នៅ​ទីនោះ​បាន​ឡើយ៖ «ចង់​ឲ្យ​ខ្ញុំ​ផ្លាស់​ទី​លំនៅ​ទៅ​ក្នុង​ព្រៃ វា​មិន​អាច​ទេ​លោក​រដ្ឋ​សភា ទៅ​មិន​រួច​ទេ ព្រោះ​អនុស្សាវរីយ៍​ទន្លេ​តាំង​ពី​ដូន​តា»

គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា  បាន​ចុះទៅ​ស្ដាប់​យោបល់​របស់​ក្រុម​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ឡាវ ព្រៅ មក​ពី​ឃុំ​ស្រែគរ ស្រុក​សេសាន ដែល​ជា​អ្នក​រស់​នៅ​ក្នុង​តំបន់​រង​ផល​ប៉ះពាល់។ តាម​រយៈ​ការ​ថ្លែង​ទៅ​ក្រុម​តំណាងរាស្ត្រ អ្នក​ភូមិ​ខ្លះ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​សាងសង់​ទំនប់​មួយ​នេះ។ ឬ​ឯ​អ្នក​ភូមិ​ខ្លះ​ទៀត ស្នើ​សុំ​ឲ្យ​ផ្អាក​សិន ដើម្បី​ឲ្យ​មាន​ក្រុម​ឯករាជ្យ​មួយ​ចុះ​វាយតម្លៃ​ពី​ការ​ផ្ដល់​សំណង​ជូន​ពលរដ្ឋ និង​ស្ដាប់​តាម​ការ​ទាមទារ។​

ពលរដ្ឋ​ម្នាក់​គឺ​លោក ស្រី លីបិ និយាយ​ថា លោក​មិន​ប្រឆាំង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ទេ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ការ​សាងសង់​ជា​បណ្ដោះអាសន្ន​សិន ដើម្បី​មក​ពិភាក្សា​ជាមួយ​ពលរដ្ឋ៖ «ខ្ញុំ​តំណាង​ពលរដ្ឋ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​សិន​រង់ចាំ​ស្តាប់​តាម​ទាមទារ​របស់​ពលរដ្ឋ​ថា ពួក​ខ្ញុំ​ចង់​បាន​អី»

ជា​រឿយៗ​អ្នក​ភូមិ​តែងតែ​បង្ហាញ​សកម្មភាព​ប្រឆាំង​ការ​សាងសង់​ទំនប់​តាម​រយៈ​ការ​ដើរ​ហែ​ក្បួន ដាក់​ញត្តិ​ទៅ​ស្ថានទូត​បរទេស និង​អង្គការ​សង្គម​ស៊ីវិល ព្រម​ទាំង​នាំ​គ្នា​ធ្វើ​ពិធី​សាសនា​បន់ស្រន់​បួង​សួង​ដុត​រូប​ទីងមោង ដាក់​បណ្ដាសា​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​នេះ។

ប្រធាន​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា​ទទួល​បន្ទុក​វិនិយោគ អភិវឌ្ឍន៍​ជនបទ លោក ប៉ុល ហំម ថ្លែង​ក្រោយ​បញ្ចប់​បេសកកម្ម​ថា លោក​ចង់​ឃើញ​ការ​វិនិយោគ​ទំនប់​នេះ គឺ​អាច​ទទួល​យក​បាន​ទាំង​ពលរដ្ឋ​ទូទៅ និង​ពលរដ្ឋ​រង​ផល​ប៉ះពាល់។ លោក​បន្ត​ថា  ឯកសារ​ដែល​លោក​គ្រោង​ផ្ញើ​ជូន​រដ្ឋាភិបាល​ក្រោយ​អង្កេត​រឿង​នេះ ដើម្បី​រដ្ឋាភិបាល​ពិនិត្យ​ពិចារណា​ដោះស្រាយ​បញ្ហា​សំណង​ឱ្យ​បាន​សមរម្យ​ជាង​នេះ៖ «អ្វី​ដែល​សំខាន់​តាម​ខ្ញុំ​យល់​ក្រុមហ៊ុន និង​រដ្ឋាភិបាល​គួរ​សម្របសម្រួល​ខ្លះ​ទៅ ដើម្បី​ឲ្យ​ការ​វិនិយោគ​នេះ​ធ្វើ​ទៅ​រួច»

នៅ​ការដ្ឋាន​សាងសង់​ទំនប់​របស់​ក្រុមហ៊ុន​ឯ​ណោះ​វិញ ទំនប់​របស់​ក្រុមហ៊ុន​ដែល​កំពុង​សាងសង់​បាន​បិទ​ខ្សែ​ទឹក​ហូរ​របស់​ទន្លេ​មេគង្គ​ប្រមាណ​ជាង ៧០​ភាគរយ​ទៅ​ហើយ និង ៣០​ភាគរយ​ទៀត គឺ​ដែល​គេ​ពង្វាង​ទឹក​ហូរ ដោយ​ពី​ម្ខាង​ទន្លេ​ទៅ​ម្ខាង​ទៀត​មាន​ស្ពាន​ឆ្លង​កាត់។ គ្រឿងចក្រ​ជា​ច្រើន​គ្រឿង កំពុង​ដំណើរ​ការ​ឈូស​ឆាយ​កាយ​ដី​សំអាត​តំបន់​បាត​អាង ហើយ​ព្រៃ​ឈើ​ធំៗ​នៅ​ទី​នោះ​ត្រូវ​បាន​ក្រុមហ៊ុន​ដុត​បំផ្លាញ​ចោល។ ទាក់ទង​ការ​ឈូស​ឆាយ​សំអាត​បាត​អាង​នេះ ព្រៃឈើ​លើ​ដី​ទំហំ ៣៦.០០០​ហិកតារ  អភិបាល​ខេត្ត​ស្ទឹងត្រែង លោក កុល សំអុល បញ្ជាក់​ថា ឈើ​ទាំង​នោះ គឺ​ក្រុមហ៊ុន​ដុត​ចោល​ទាំង​អស់។

​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​មាន​លោក​ឧកញ៉ា គិត ម៉េង ជា​ម្ចាស់​ភាគហ៊ុន និង​ក្រុមហ៊ុន​វៀតណាម ទទួល​បាន​សិទ្ធិ​វិនិយោគ​គម្រោង​ទំនប់​វារីអគ្គិសនី​មួយ​នេះ ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ៧៨១​លាន​ដុល្លារ។

រដ្ឋាភិបាល​រំពឹង​ថា ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​ដែល​មាន​ថាមពល ៤០០​មេហ្គាវ៉ាត់ អាច​ចែកចាយ​អគ្គិសនី​ទៅ​ខេត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ចាម និង​ភ្នំពេញ  ហើយ​រដ្ឋ​នឹង​ទទួល​បាន​ចំណូល​ពន្ធ​សរុប​ជា​មធ្យម​ជិត ៣០​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំៗ។ គម្រោង​នេះ​ត្រូវ​បាន​សិក្សា​ចាប់​តាំង​ពី​ឆ្នាំ​២០០៤ ហើយ​ក្រុមហ៊ុន​មាន​រយៈពេល ៤៥​ឆ្នាំ ដើម្បី​ធ្វើ​អាជីវកម្ម លុះ​ចប់​កុងត្រា​ត្រូវ​ប្រគល់​ទំនប់​នេះ​ជូន​រដ្ឋ​គ្រប់គ្រង​វិញ។

អ្នក​សម្របសម្រួល​បណ្ដាញ​ទន្លេ​បី លោក មៀច មាន ឲ្យ​ដឹង​ថា ការ​សាងសង់​នេះ មាន​ផល​ប៉ះពាល់​ខ្លាំង​ជាង​ទំនប់​ផ្សេងៗ​ទៀត ក្នុង​តំបន់​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​ឱ្យ​បាន​សមស្រប​ទៅ​នឹង​អ្វី​ដែល​ពួកគេ​បាត់បង់​នោះ​ឡើយ៖ «វា​ធ្វើ​ឲ្យ​មាន​ប៉ះពាល់​ធំ​ណាស់ ជា​ពិសេស​គឺ​ផ្នូរ​ដូនតា​អ៊ីចឹង ការ​អភិវឌ្ឍ​គួរ​តែ​ពិចារណា​ថា គួរ​ដោះស្រាយ​យ៉ាង​ម៉េច»

​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសានក្រោម​២ លោក វ៉ាង អ៊ី បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា។

អភិបាល​ខេត្ត​ស្ទឹងត្រែង ថ្លែង​ប្រាប់​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ថា ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មិន​ព្រម​ទទួល​យក​សំណង គឺ​ស្ដាប់​ការ​ញុះញង់​របស់​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​នយោបាយ​មួយ​ចំនួន។

អភិបាល​ខេត្ត​អះអាង​ថា ពេល​នេះ​ពលរដ្ឋ​ដែល​យល់​ព្រម​ទទួល​យក​សំណង​កាន់​តែ​មាន​ចំនួន​ច្រើនៗ​ឡើង៖ «មាន​ការ​រារាំង​ពី​មជ្ឈដ្ឋាន​ខ្លះ ជា​ពិសេស​គឺ​អង្គការ​ទន្លេ​បី​គាត់​ប្រាប់​មិន​ឲ្យ​ពលរដ្ឋ​ចេញ»

​របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បង្ហាញ​ឲ្យ​ដឹង​ថា ពលរដ្ឋ ៧០% ហើយ​បាន​យល់​ព្រម​ទទួលយក​សំណង។ រាជរដ្ឋាភិបាល​ធ្វើ​ផ្ទះ​ទំហំ ៨០​ម៉ែត្រការ៉េ ដែល​អាច​ឲ្យ​មនុស្ស​ពី ៤​នាក់ ទៅ ៨​នាក់​រស់​នៅ បាន​ផ្ដល់​ដី​ឡូត៍​ទំហំ ៥០​ម៉ែត្រ​គុណ​នឹង ២០​ម៉ែត្រ​សម្រាប់​សង់​ផ្ទះ និង​ដី​ចំការ ៥​ហិកតារ។  ក្រៅ​ពី​នោះ រដ្ឋាភិបាល​ក៏​មាន​សាងសង់​មន្ទីរពេទ្យ សាលារៀន វត្ត ផ្លូវ សាលា​ឃុំ ប៉ុស្តិ៍​ប៉ូលិស​ផង​ដែរ។

ចំណែក​ខាង​ភាគី​ក្រុមហ៊ុន​វិញ​ផ្ដល់​ប្រាក់ ១០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ សម្រាប់​ថ្លៃ​រុះរើ​ផ្ទះសម្បែង  និង​សំណង​ផ្សេងៗ​ទៀត។ រី​ឯ​ផល​ដំណាំ​របស់​ពលរដ្ឋ រួម​មាន​ដើម​ស្វាយ ស្វាយចន្ទី និង​ដើម​ត្របែក​ជាដើម ក្រុមហ៊ុន​ទិញ​យក​ដោយ​ឱ្យ​តម្លៃ​ចាប់​ពី ៦​ដុល្លារ ដល់ ៣៣​ដុល្លារ​ក្នុង​មួយ​ដើម។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​រាយការណ៍​ថា បញ្ហា​ដែល​មិនទាន់​ដោះស្រាយ​មិន​ទាន់​ត្រូវ​រ៉ូវ​គ្នា គឺ​ក្រុម​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ទាមទារ​ទឹក​ប្រាក់ ១.៥០០​ដុល្លារ​សម្រាប់​ធ្វើ​ពិធី​គាស់​ផ្នូរ​ដូនតា​ចេញ​ពី​កន្លែង​ចាស់​ទៅ​រៀបចំ​ទុក​ដាក់​នៅ​កន្លែង​ថ្មី។

មេ​ឃុំ​ស្រែគរ ស្រុក​សេសាន លោក សៀក មេគង្គ លើក​ឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​គិតគូរ​ផ្ដល់​សំណង​បន្ថែម​ខ្លះ​ទៀត គឺ​អាច​ធ្វើ​ឲ្យ​ភូមិ​មួយ​ចំនួន​ព្រម​ទទួល​យក។ លោក​ថា ក្នុង​នាម​លោក​ជា​អាជ្ញាធរ លោក​ទាមទារ​ឲ្យ​ការ​ផ្ដល់​សំណង​នោះ ត្រូវ​មាន​គណៈកម្មការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ពី​គុណភាព​សំណង់ និង​សំណង​ផល​ប៉ះពាល់​ផ្សេងៗ​ទៀត៖ «សង​ឲ្យ​សមស្រប​ដើម្បី​ទទួល​យក​បាន អ្នក​ណា​ដែល​ព្រម​ទទួល​យក​យើង​ធ្វើ​ឲ្យ​គេ​ឲ្យ​មាន​ស្តង់ដារ ធ្វើ​អ៊ីចឹង​ទើប​មាន​យុត្តិធម៌»

​តាម​ការ​រក​ឃើញ​របស់​អង្គការ​បណ្ដាញ​ទន្លេ​បី ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​រាប់​ម៉ឺន​ហិកតារ ខូច​គុណភាព​ទឹក ត្រី​ក្នុង​ទន្លេ​មិន​អាច​បន្លាស់​ទី​បាន។  រី​ឯ​ភូមិឋាន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ គឺ​ទឹក​លិច​កម្ពស់​ពី ១៥​ម៉ែត្រ​ពី​ដី។ សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ថា ប្រសិនបើ​មិន​អាច​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​តាម​ការ​ទាមទារ​បាន គួរ​តែ​កាត់​បន្ថយ​ទំហំ​នៃ​ការ​សាងសង់​ទំនប់​នេះ​ខ្លះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។