ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​គ្រោង​តវ៉ា​ដល់​ថ្នាក់​ជាតិ

ដោយ រដ្ឋា វិសាល
2014.10.02
2.jpg ពលរដ្ឋ​នាំ​គ្នា​ដាក់​ស្លាក​ការពារ​ទន្លេ ប្រឆាំង​នឹង​ការ​សង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
RFA/Ratha Visal

ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ខេត្ត​ស្ទឹងត្រែង គ្រោង​បន្ត​ធ្វើ​ការ​តវ៉ា​នៅ​ថ្នាក់​ជាតិ បន្ទាប់​ពី​មន្ត្រី​អាជ្ញាធរ​ខេត្ត​នេះ​បដិសេធ មិន​ទទួល​យក​ញត្តិ​តវ៉ា​របស់​អ្នក​ភូមិ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ចំនួន​បី ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ចោទ​ប្រកាន់​មន្ត្រី​អាជ្ញាធរ​ខេត្ត​ថា មាន​ចេតនា​គេចវេស​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​តវ៉ា​របស់​ពលរដ្ឋ ទាក់ទិន​ទៅ​នឹង​ផល​ប៉ះពាល់​ស្ដីពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី នៅ​តំបន់​ប្រជាពលរដ្ឋ​កំពុង​រស់នៅ។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បដិសេធ​មិន​ទទួល​យក​ញត្តិ​របស់​ពលរដ្ឋ​ចំនួន​ពីរ​លើក​មក​ហើយ ខណៈ​តំណាង​អ្នក​ភូមិ ១៧​នាក់ នាំ​យក​ញត្តិ​ទៅ​ប្រគល់​ជូន​មន្ត្រី​រដ្ឋបាល​សាលា​ខេត្ត។

តំណាង​ប្រជាពលរដ្ឋ លោក ដាំ សំណាង នៅ​ថ្ងៃ​ទី​២ ខែ​តុលា មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​ពាក់​កណ្ដាល​ខែ​តុលា នេះ អ្នក​ភូមិ​នឹង​នាំ​យក​ញត្តិ​ដដែល​ទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ដាក់​ជូន​អាជ្ញាធរ​ថ្នាក់​ជាតិ ជួយ​ដោះស្រាយ។ លោក​បន្ត​ថា អ្នក​ភូមិ​ធ្វើ​ការ​តវ៉ា​ដោយ​អហិង្សា តាម​រយៈ​សេចក្តី​ថ្លែងការណ៍​ចំហ​ចំនួន​ពីរ ដាក់​ជូន​ប្រធាន​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ថ្នាក់​ខេត្ត ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ ធ្វើ​ឲ្យ​ពលរដ្ឋ​អស់​សង្ឃឹម៖ «ប្រជាជន​នឹង​មាន​ប្រតិកម្ម​ខ្លាំង​ហើយ ដោយសារ​ហេតុ​អ្វី​អត់​ទទួល​សេចក្តី​ថ្លែងការណ៍​របស់​គាត់ ដូច​មិន​យល់​ពី​រឿងរ៉ាវ​របស់​គាត់ មិន​ឈឺ​ឆ្អាល​រឿងរ៉ាវ​របស់​គាត់​អ៊ីចឹង»

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា និង​ថ្ងៃ​ទី​១ ខែ​តុលា តំណាង​ប្រជាពលរដ្ឋ​ភូមិ​ស្រែគរ១ ស្រែគរ២ និង​ភូមិ​ក្បាលរមាស បាន​នាំ​យក​ញត្តិ​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជិត ១​ពាន់​នាក់ ដាក់​ជូន​មន្ទីរ​បរិស្ថាន​ខេត្ត មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មន្ទីរ​រ៉ែ និង​ថាមពល និង​សាលា​ស្រុក​សេសាន។ ចំណែក​សាលា​ខេត្ត​ស្ទឹងត្រែង និង​ការិយាល័យ​ក្រុមហ៊ុន​សាងសង់​ទំនប់ មិន​មាន​អ្នក​ទទួល​យក​ញត្តិ​នោះ​ទេ។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ អភិបាល​រង​ខេត្ត​ស្ទឹងត្រែង លោក យ៉ូ បាសិទ្ធ មាន​ប្រសាសន៍​បញ្ជាក់​ថា ញត្តិ​របស់​អ្នក​ភូមិ​មាន​លក្ខណៈ​ជា​សារ​នយោបាយ ទើប​មន្ត្រី​រដ្ឋបាល​មិន​ទទួល។ លោក​បន្ត​ថា កន្លង​ទៅ​នេះ គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់ និង​ប្រជាពលរដ្ឋ​ភាគ​ច្រើន បាន​ព្រមព្រៀង​គ្នា​ទទួល​យក​ដំណោះស្រាយ​ប្ដូរ​ទីតាំង​រៀបចំ​ភូមិ​ថ្មី​រួច​ហើយ លើក​លែង​ប្រជាពលរដ្ឋ​ភូមិ​ក្បាលរមាស មួយ​ចំនួន​តូច ​ដែល​បដិសេធ​មិន​ចាក​ចេញ៖ «ញត្តិ​ចំហ​ម៉េច​ទៀត បើ​កន្លង​មក​គាត់​ឯកភាព​ព្រម​ចាក​ចេញ​ហើយ​ហ្នឹង ស្រែគរ​ហើយ​ហ្នឹង គាត់​ទៅ​ណា​ទៀត។ គាត់​លើក​ដៃ​អនុម័ត​ទាំងអស់​គ្នា គាត់​ដាក់​ញត្តិ​ស្អី​ទៀត បើ​ខ្លួន​គាត់​មិន​គោរព​ខ្លួន​គាត់​ផង ឲ្យ​គេ​គោរព​គាត់​យ៉ាង​ម៉េច»

ញត្តិ​ចំនួន​ពីរ​ច្បាប់​ដែល​ប្រជាពលរដ្ឋ​គ្រោង​ដាក់​ជូន​មន្ត្រី​អាជ្ញាធរ ជួយ​ដោះស្រាយ​រួម​មាន សហគមន៍​ជនជាតិ​ព្នង​ភូមិ​ក្បាលរមាស មាន​ទីតាំង​ជាប់​ដង​ទន្លេ​ស្រែពក សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ផល​ប៉ះពាល់​ដោយសារ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។ អ្នក​ភូមិ​បដិសេធ​មិន​ចាក​ចេញ​ពី​ភូមិ​ចាស់ និង​មិន​ទទួល​យក​ការ​រើ​តាំង​ទីលំនៅ​ថ្មី។ ចំណែក​សហគមន៍​ជនជាតិ​ឡាវ និង​ខ្មែរ នៅ​ភូមិ​ស្រែគរ១ និង​ភូមិ​ស្រែគរ២ បាន​បដិសេធ​ដូច​គ្នា មិន​ចាក​ចេញ​ពី​ភូមិ​ចាស់ មិន​ទទួល​យក​សំណង និង​រើ​តាំង​ទីលំនៅ​ថ្មី។

ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (adhoc) លោក ហូ សំអុល រិះគន់​ចំណាត់​ការ​អាជ្ញាធរ​ខេត្ត ថា​មិន​ទទួល​ខុស​ត្រូវ​ក្នុង​តួនាទី​បម្រើ​ប្រជាពលរដ្ឋ។ លោក​ថ្លែង​ថា បែបបទ​រដ្ឋបាល អាជ្ញាធរ​ត្រូវ​ទទួល​រាល់​លិខិត​បទដ្ឋាន​ដែល​ពលរដ្ឋ​បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​មូលដ្ឋាន។ ផ្ទុយ​ទៅ​វិញ ការ​ដោះស្រាយ​យ៉ាង​ណា អាស្រ័យ​លើ​ការ​សម្រេច​របស់​អាជ្ញាធរ៖ «គាត់​ត្រូវ​តែ​ទទួល​ញត្តិ ឬ​ពាក្យ​បណ្ដឹង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​កក់ក្តៅ។ ដល់​គាត់​មិន​ទទួល​ខុស​ត្រូវ​អ៊ីចឹង​ទៅ មិន​ដឹង​ថា​ពី​ណា​ទទួល​ខុស​ត្រូវ​មេ​កើយ​ក្នុង​ខេត្ត»

យ៉ាង​ណា​ក៏ដោយ សេចក្តី​ថ្លែងការណ៍​ចំហ​របស់​សហគមន៍ សំណូមពរ​ឲ្យ​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់ និង​រាជ​រដ្ឋាភិបាល ពិចារណា​ទៅ​លើ​សំឡេង​យោបល់​របស់​សហគមន៍ និង​ពិចារណា​ឡើង​វិញ​ពី​គោល​នយោបាយ​សាងសង់​ទំនប់​ថ្មី​មួយ ដែល​កាត់​បន្ថយ​ផល​ប៉ះពាល់​ខ្ពស់​បំផុត ហើយ​ផ្តល់​ឱកាស​ឲ្យ​សហគមន៍​ចូលរួម​ពេញ​លេញ ក្នុង​ការ​សិក្សា​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។