ទឹក​ស្ទឹងសែនក្នុង​ខេត្ត​កំពង់ធំ​​​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន

ដោយ​ សូត សុខប្រាថ្នា
2017.08.04
ស្ទឹងសែន កំពង់ធំ ១៤៤០ ២០១៧ ស្ទឹងសែន ស្ថិត​ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​៣១ កក្កដា ឆ្នាំ​២០១៧។ RFA/Saut Sokprathna
RFA/Saut Sokprathna

អាជ្ញាធរ​ខេត្ត​កំពង់ធំ ឱ្យ​ដឹង​ថា ស្ថានភាព​ទឹកជំនន់ ទឹក​ស្ទឹងសែន បាន​ហក់​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន ប៉ុន្តែ​មិន​ទាន់​មាន​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នៅ​ឡើយ​ទេ។ យ៉ាង​នេះ​ក្ដី អាជ្ញាធរ​ខេត្ត​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​យក​ចិត្ត​ទុក​ដាក់​ករណី​នេះ ព្រម​ទាំង​បង្កើន​ការ​ផ្សព្វផ្សាយ និង​តាមដាន​ស្ថានភាព​រស់​នៅ​របស់​ពលរដ្ឋ​គ្រប់​ពេល​វេលា ដើម្បី​ងាយ​ស្រួល​ចាត់​វិធានការ​ប្រសិនបើ​មាន​បញ្ហា​ប្រឈម​កើត​ឡើង​ដល់​ពួកគាត់។

អាជ្ញាធរ​ខេត្ត​កំពង់ធំ ឱ្យ​ដឹង​ថា ទោះបីជា​ទឹក​ជំនន់​ស្ទឹងសែន ក្នុង​ខេត្ត​នេះ​ហក់​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​ក្ដី ប៉ុន្តែ​ស្ថានភាព​ទឹក​ជំនន់​មិន​ទាន់​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​គួរ​ឱ្យ​បារម្ភ​ទេ។ បន្ថែម​ពី​នេះ ទឹក​នឹង​អាច​ស្រក​ទៅ​វិញ ក្នុង​រយៈពេល​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ទៀត ប្រសិនបើ​អាកាសធាតុ​ល្អ​ប្រសើរ​គ្មាន​ភ្លៀង​ធ្លាក់​បន្ត ពីព្រោះ​ស្ថានភាព​ទឹក​ស្ទឹងសែន នៅ​ផ្នែក​ខាង​លើ​គឺ​នៅ​ខេត្ត​ព្រះវិហារ បាន​ស្រក​ជា​បណ្តើរៗ ហើយ​នឹង​អាច​ស្រក​នៅ​ផ្នែក​ខាង​ក្រោម​ដូចគ្នា។

អភិបាល​រង​ខេត្ត និង​ជា​អ្នកនាំពាក្យ​សាលា​ខេត្ត​កំពង់ធំ លោក គង់ វិមាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ថា កម្ពស់​ទឹក​ស្ទឹងសែន បាន​ហក់​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន គឺ​មាន​កម្ពស់ ១៣,៥០​ម៉ែត្រ ប៉ុន្តែ​ទឹក​ឡើង​ដល់​កម្រិត​នេះ គឺ​មិន​មាន​អ្វី​ប្រែប្រួល​ទៀត​ឡើយ។ យ៉ាង​នេះ​ក្តី អាជ្ញាធរ​ខេត្ត​បាន​បង្កើន​ការ​ផ្សព្វផ្សាយ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​រស់​នៅ​ជាប់​ដង​ស្ទឹងសែន ឱ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​បន្ថែម​ទៀត។ លើស​ពី​នេះ អាជ្ញាធរ​បាន​ត្រៀម​ទី​ទួល​មាន​សុវត្ថិភាព​នៅ​តំបន់​មួយ​ចំនួន ប្រសិនបើ​ទឹក​នៅ​តែ​ហក់​ឡើង​បន្ត៖ «អ៊ីចឹង​ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​ខាង​ដើម​ហើយ ថា ២៤​ម៉ោង លើ ២៤​ម៉ោង ជា​វិធានការ​របស់​ឯកឧត្ដម​អភិបាល​ខេត្ត​លោក​បាន​ដាក់​វិធានការ​ទៅ​ដល់​គ្រប់​បណ្ដាល​ស្រុក ឃុំ-​សង្កាត់ ដើម្បី​បន្ត​តាមដាន និង​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ»

​កម្រិត​ទឹក​បាន​ហក់​ឡើង​នា​ប៉ុន្មាន​ថ្ងៃ​មក​នេះ បណ្ដាល​ឱ្យ​ស្រូវ​ស្រែ​របស់​ពលរដ្ឋ​រស់​នៅ​តាម​បណ្ដា​ក្រុង ស្រុក​មួយ​ចំនួន​រង​ផល​ប៉ះពាល់ ប៉ុន្តែ​មិន​ទាន់​ដល់​កម្រិត​ធ្ងន់ធ្ងរ​ដែល​ត្រូវ​បារម្ភ​ទេ។ លោក​មិន​ទាន់​អាច​ជម្រាប​ជូន​ពី​ផល​ប៉ះពាល់​ទាំង​នោះ​ឱ្យ​បាន​ច្បាស់លាស់ ពីព្រោះ​ស្ថិត​នៅ​ក្នុង​ការ​តាមដាន​នៅ​ឡើយ។

ជំទប់​ទី​២ ឃុំ​ក្ដីដូង លោក ជូ ភី មាន​ប្រសាសន៍​ថា ពលរដ្ឋ​នៅ​ឃុំ​របស់​លោក​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ស្រូវ​វស្សា និង​ស្រូវ​ប្រាំង​រាប់​រយ​ហិកតារ ត្រូវ​បាន​ទឹក​ជន់​លិច។ លោក​បន្ត​ថា អាជ្ញាធរ​ស្រុក​បាន​ដាក់​ផែនការ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ប្រមូល​របាយការណ៍​ស្ដីពី​ផល​ប៉ះពាល់​ចំពោះ​តែ​ស្រូវ​វស្សា​របស់​ពលរដ្ឋ ប៉ុន្តែ​ស្រែប្រាំង គឺ​អាជ្ញាធរ​ស្រុក​មិន​ទាន់​ឱ្យ​ប្រមូល​របាយការណ៍​ទេ។ លោក​ថា ស្រូវ​វស្សា​របស់​ពលរដ្ឋ​ឃុំ​ក្ដីដូង កំពុង​រង​ផល​ប៉ះពាល់​គឺ​មាន​ចំនួន​ជាង ៣០០​ហិកតារ។

លោក​ថា ផល​ប៉ះពាល់​នឹង​មាន​កាន់​តែ​ច្រើន ប្រសិនបើ​ទឹក​នៅ​តែ​បន្ត​ហក់​ឡើង​ទៀត​នោះ៖ «ប្រហែល​ពីរ​បី​ថ្ងៃ​ទៀត​តាម​យើង​ព្យាករ​ខាង​លើ​ប្រសិន​បើ​ជា​ស្រក​ពីរ​បី​បួន​ថ្ងៃ​ទៀត នឹង​ស្រក​ដូច​គ្នា»

អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ ធ្លាប់​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រៅ​ពី​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​លើ​បញ្ហា​នេះ ពួកគេ​ក៏បាន​ត្រៀម​ពូជ​ស្រូវ​មួយ​ចំនួន​សម្រាប់​ផ្ដល់​ជូន​ពលរដ្ឋ ប្រសិនបើ​ការ​ខូចខាត​ស្រូវ​ស្រែ​របស់​ពួកគាត់​មាន​ទំហំ​ធ្ងន់ធ្ងរ។

ចំណែក​ស្ថានភាព​ទឹក​ជំនន់​នៅ​ខេត្ត​កំពង់ចាម វិញ គឺ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​រាប់​រយ​ហិកតារ និង​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ១០​នាក់ ក្នុង​នោះ​កុមារ​ចំនួន ៤​នាក់។ យោង​តាម​របាយការណ៍​របស់​អភិបាល​ខេត្ត​កំពង់ចាម លោក គួច ចំរើន ផ្ញើ​ជូន​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា បញ្ជាក់​ថា កម្ពស់​ទឹក​ទន្លេ​មេគង្គ​នៅ​ខេត្ត​កំពង់ចាម នៅ​មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​ទេ។

ទោះបីជា​យ៉ាង​នេះ​ក្តី ទឹក​ជំនន់​ទន្លេ​មេគង្គ បណ្ដាល​ឱ្យ​ផ្ទះសម្បែង​ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​រុះរើ ហើយ​ជម្លៀស​ពលរដ្ឋ​ជាង ៣០​គ្រួសារ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព។ បន្ថែម​ពី​នេះ​ទឹក​ឡើង​លិច​ផ្លូវ និង​សាលារៀន​ជា​ច្រើន​កន្លែង ព្រម​ទាំង​លិចលង់​ស្រូវ និង​ចម្ការ​របស់​ពលរដ្ឋ​ជាង ៣០០​ហិកតារ។ ស្រុក​ដែល​រង​ផល​ប៉ះពាល់ រួម​មាន​ស្រុក​កងមាស ស្ទឹងត្រង់ ស្រីសន្ធរ ស្រុក​កំពង់សៀម កោះសូទិន និង​ស្រុក​ព្រៃឈរ។

​ក្នុង​របាយការណ៍​បញ្ជាក់​ដែរ​ថា អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​តាម​បណ្ដា​ស្រុក​ទាំង​នេះ បាន​ជួយ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​បាក់​ច្រាំងទន្លេ ព្រម​ទាំង​បាន​ជួយ​កសាង​ជម្រក​បណ្ដោះអាសន្ន និង​ដឹក​ជញ្ជូន​សម្ភារៈ​របស់​ពលរដ្ឋ​មក​កាន់​ទី​ទួល​សុវត្ថិភាព​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។