រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ស្នើ​ពលរដ្ឋ​កុំ​បោះ​ក្រដាស​ចោល​ក្រោម​តុ​នៅ​តាម​ហាង

ដោយ ហេង សកល
2017-12-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ធ្វើ​សន្និសីទ​កាសែត​បន្ទាប់​ពី​វិល​ត្រឡប់​មក​ពី​ប្រជុំ​វេទិកា​ទេសចរណ៍​អាស៊ាន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៦ នា​ខេត្ត​សៀមរាប។
រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ធ្វើ​សន្និសីទ​កាសែត​បន្ទាប់​ពី​វិល​ត្រឡប់​មក​ពី​ប្រជុំ​វេទិកា​ទេសចរណ៍​អាស៊ាន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៦ នា​ខេត្ត​សៀមរាប។
RFA/Hang Savyouth

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ទទូច​ដល់​ប្រជាពលរដ្ឋ ពិសេស​អ្នក​ទទួលទាន​អាហារ នៅ​តាម​ហាង ឬ​ភោជនីយដ្ឋាន​នានា​ទូទាំង​ប្រទេស​កម្ពុជា ស្នើ​កុំ​ឲ្យ​បន្ត​បោះចោល​ក្រដាស​ជូត​សម្អាត​ដៃ ឬ​មាត់ ចោល​ក្រោម​តុ គ្មាន​សណ្ដាប់ធ្នាប់ ដើម្បី​រួមគ្នា​ថែរក្សា​ប្រទេស​កម្ពុជា ឲ្យ​មាន​អនាម័យ និង​ស្រស់បំព្រង។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន មាន​ប្រសាសន៍​ថា ការ​រួមគ្នា​ថែរក្សា​អនាម័យ​បរិស្ថាន​ទាំង​នៅ​តាម​ទី​សាធារណៈ តាម​លំនៅឋាន ពិសេស​នៅ​តាម​ហាង​ទទួលទាន​អាហារ​ផ្សេងៗ គឺ​ចាំបាច់​ឲ្យ​មនុស្ស​គ្រប់ៗ​រូប ត្រូវ​ចូលរួម​ឲ្យ​បាន​ទាំងអស់​គ្នា។

លោក​បង្ហាញ​ការ​ហួសចិត្ត ដែល​មកដល់​ដំណាក់កាល​នេះ​ទៅ​ហើយ ឃើញ​មាន​ប្រជាពលរដ្ឋ ពិសេស​អ្នក​និយម​ចេញទៅ​ទទួលទាន​អាហារ​ផ្សេងៗ នៅ​តាម​ភោជនីយដ្ឋាន​នានា បាន​បន្ត​បោះចោល​ក្រដាស និង​កាកសំណល់​សល់​ពី​ការ​ទទួល​ទាន ចោល​ក្រោម​តុ​គ្មាន​របៀបរៀបរយ និង​បង្ហាញ​ពី​ភាព​ស្មោកគ្រោក។

ត្រង់​ចំណុច​នេះ លោក ថោង ខុន ស្នើ​ដល់​មនុស្ស​គ្រប់ៗរូប មិន​ត្រូវ​ទទួលទាន​អាហារ​រួច​បោះចោល​ក្រដាស​ជូត​មាត់ ឬ​ជូន​ដៃ ពិសេស​សំណល់​សល់​ពី​ការ​ទទួល​ទាន បោះចោល​ក្រោម​តុ​ទៀត​ទេ ព្រោះ​ទង្វើ​នេះ បាន​បន្ថោក​ដល់​កិត្តិយស​អ្នក​ប្រព្រឹត្ត​ទៅវិញ​ទេ៖ «ក្រសួង​ទេសចរណ៍​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​មួយ គឺ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ បញ្ឈប់​ការ​ហូបចុក ហើយ​បោះចោល​ក្រដាស​ចោល​ក្រោម​តុ​ទៀត បញ្ហា​នេះ​ក៏​ល្មម​ដល់ពេល​មនុស្ស​គ្រប់គ្នា​បញ្ឈប់​សកម្មភាព​គ្មាន​សណ្ដាប់ធ្នាប់​នេះ​ដែរ​ហើយ។ ករណី​នេះ​ខ្ញុំ​គិត​ថា ពលរដ្ឋ​ទាំងអស់ ឬ​ម្ចាស់​ហាង​នីមួយៗ​គួរ​ត្រូវ​ដាក់​ជំនួស​ក្រដាស ជូត​មាត់ ឬ​ជូន​ដៃ ជំនួស​ដោយ​កន្សែង​ត្រជាក់​វិញ​ក៏​ល្អ​ដែរ​នា​ថ្ងៃ​ខាងមុខ​។ ព្រម​ជាមួយគ្នា​នេះ អ្នក​ទទួលខុសត្រូវ​នៅ​តាម​ហាង ឬ​ភោជនីយដ្ឋាន​នីមួយៗ ពេល​ឃើញ​ភ្ញៀវ​បោះ​ក្រដាស​ចោល​ក្រោម​តុ សូម​ឲ្យ​យក​ដង្កៀប​ចាប់​ដាក់​ចូល​ទៅ​ក្នុង​ធុង ឬ​កន្ត្រក​សំរាម​ភ្លាមៗ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​យើង​ស្អាត និង​បៃតង»

លោក ថោង ខុន ថា ការ​ផ្ញើ​សារ​នេះ ដើម្បី​ដាស់សតិ​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ ទាំងឡាយ​ណា ដែល​នៅ​បន្ត​បោះចោល​កាកសំណល់​គ្មាន​សណ្ដាប់ធ្នាប់ នៅ​តាម​ទី​សាធារណៈ ពិសេស​មិន​ព្រម​បោះចោល​សំរាម ឬ​កាកសំណល់​ចូល​ទៅ​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ​នៅឡើយ។

ទាក់ទិន​បញ្ហា​នេះ ប្រតិបត្តិ​ករ​បម្រើ​សេវា​ម្ហូបអាហារ នៅ​តាម​ហាង ឬ​ភោជនីយដ្ឋាន​មួយ​ចំនួន បាន​កត់សម្គាល់​ថា មាន​ភ្ញៀវ​ភាគច្រើន នៅ​ពេល​ទទួលទាន​អាហារ បាន​បោះចោល​សំណល់ ឬ​ក្រដាស​ជូត​មាត់​ចោល​ក្រោម​តុ ដោយ​មិន​ព្រម​ដាក់​ចូល​ទៅ​ក្នុង​កន្ត្រក​សំរាម ដាក់​នៅ​តាម​តុ​នីមួយៗ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ក៏​មាន​ភ្ញៀវ​មួយ​ចំនួន បាន​សួររក​កន្ត្រក​សំរាម សម្រាប់​បោះចោល​កាកសំណល់​នេះ​ដែរ។

បញ្ហា​នេះ លោក ថោង ខុន បាន​សង្កត់ធ្ងន់​ថា ការ​បង្កើត​ឲ្យ​មាន​រមណីយដ្ឋាន​ទេសចរ​ច្រើន​កន្លែង និង​មាន​បរិស្ថាន​អនាម័យ​ស្អាត​ធំ​ទូលាយ គឺ​រួមចំណែក​ដល់​ការ​ទាក់ទាញ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ឲ្យ​បន្ត​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​កើន​ច្រើន​ថែមទៀត នា​បណ្ដា​ឆ្នាំ​ខាងមុខ។ លោក​បន្ត​ថា ឆ្នាំ​២០១៧​នេះ តាម​ការ​ព្យាករណ៍ អាច​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​កម្ពុជា មាន​ប្រមាណ ៥​លាន ៦​សែន​នាក់ ឬ​អាច​កើន​ប្រមាណ ១២​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល