ពលរដ្ឋ​នៅ​តំបន់​ទេសចរណ៍​ចុងឃ្នៀស​ខេត្ត​សៀមរាប​ត្អូញត្អែរ​ថា​ធ្លាក់​ចុះ​ប្រាក់​ចំណូល

ដោយ ហង្ស សាវយុត
2016.05.09
ចុងឃ្នៀស សៀមរាប ២០១៦ ៨៥៥ ៨-ឧសភា-២០១៦៖ តំបន់​ទេសចរណ៍​នៅ​សង្កាត់​ចុងឃ្នៀស ក្រុង​សៀមរាប ខេត្ត​សៀមរាប។ RFA/Hang Savyouth
RFA/Hang Savyouth

រដូវ​រាំង​ស្ងួត​ដែល​កំពុង​អូស​បន្លាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ជាច្រើន រួម​ទាំង​សត្វ​ព្រៃ​ផង ជួប​ប្រទះ​ការ​ខ្វះ​ទឹក​ប៉ុណ្ណោះ​ទេ គឺ​វា​ក៏​កំពុង​ធ្វើ​ឲ្យ​ផ្ទៃ​ទឹក​នៅ​ក្នុង​បឹង​ទន្លេសាប​គោក​រាក់ ប៉ះពាល់​ដល់​ការ​នេសាទ​ត្រី​ផង​ដែរ។

ចំណែក​នៅ​ឯ​តំបន់​ចុងឃ្នៀស នៃ​ខេត្ត​សៀមរាប វិញ ភ្ញៀវ​ទេសចរ​បរទេស​ជាច្រើន​រយ​នាក់​តែង​នាំ​គ្នា​ទៅ​ជិះ​ទូក​កម្សាន្ត​ក្នុង​បឹង​ទន្លេសាប​ជា​រៀង​រាល់​ថ្ងៃ ក៏ប៉ុន្តែ​ដោយសារ​ស្ថានភាព​ទឹក​បឹង​ទន្លេសាប​គោក​រាក់ ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ជិះ​ទូក​កម្សាន្ត​ទាំង​នោះ​ក៏​ថយ​ចុះ​ដែរ។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​ទន្លេសាប​នៃ​សង្កាត់​ចុងឃ្នៀស ក្រុង​សៀមរាប ខេត្ត​សៀមរាប បាន​ត្អូញត្អែរ​ថា ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ធ្លាក់​ចុះ​នៅ​រដូវ​ក្ដៅ ២-៣​ខែ​ចុង​ក្រោយ​នេះ។

ការ​ត្អូញត្អែរ​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​អាកាសធាតុ​កើន​កម្ដៅ​ខ្លាំង មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ជាច្រើន រួម​ទាំង​សត្វ​ព្រៃ​ផង ប្រឈម​មុខ​នឹង​ការ​ខ្វះ​ទឹក​ប៉ុណ្ណោះ​ទេ គឺ​វា​ក៏​ធ្វើ​ឲ្យ​ទឹក​បឹង​ទន្លេសាប​គោក​រាក់ ប្រកប​របរ​នេសាទ​ត្រី​មិន​បាន ឯ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ធ្លាប់​តែ​ជិះ​ទូក​កម្សាន្ត​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​ក៏​ថយ​ចុះ​ដែរ​នោះ។

បុរស​អ្នក​បើក​កាណូត​ដឹក​ភ្ញៀវ​ទស្សនា​បឹង​ទន្លេសាប​ម្នាក់​ក្នុង​ចំណោម​អ្នក​ប្រកប​មុខ​របរ​នេះ​ជាច្រើន​ទៀត គឺ​លោក ដួង រតន៍។ លោក​អះអាង​ថា រយៈពេល ២-៣​ខែ​ចុង​ក្រោយ រូប​លោក​ពិបាក​រក​ចំណូល​ពី​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ទៅ​ជិះ​កាណូត​ទស្សនា​បឹង​ទន្លេសាប​យ៉ាង​ខ្លាំង ដោយសារ​តែ​ចំនួន​ភ្ញៀវ​ទេសចរ​ថយ​ចុះ​ច្រើន។ យុវជន​ដដែល​បញ្ជាក់​ថា ដោយសារ​តែ​ធាតុ​អាកាស​ក្ដៅ​ខ្លាំង ធ្វើ​ឲ្យ​ផ្លូវ​ទឹក​ដែល​ភ្ញៀវ​ជិះ​កាណូត​ទៅ​កម្សាន្ត​បឹង​ទន្លេសាប​បាន​គោក​រាក់ ពិបាក​ធ្វើ​ដំណើរ ហើយ​កាណូត​ធំៗ​បាន​ជាប់​គាំង។ រយៈពេល ២-៣​ខែ​មក​នេះ គាត់​ដាច់​ភ្ញៀវ មិន​សូវ​សម្បូរ​ទេ គឺ ២-៣​ថ្ងៃ​ទើប​បាន​ដឹក​ភ្ញៀវ​ម្ដង ហើយ​បាន​ប្រាក់​កម្រៃ​ប្រហែល ៥​ដុល្លារ​អាមេរិក ឬ​ក៏​ច្រើន​ជាង​នេះ​បន្តិច៖ «-៤​ខែ​មុន​ដឹក​ភ្ញៀវ​បាន​គ្រាន់ ភ្ញៀវ​បាន ១-២​ជើង​ក្នុង​មួយ​ថ្ងៃ ហើយ​ភ្ញៀវ​មាន​កើន​ច្រើន។ ឥឡូវ ២​ថ្ងៃ ៣​ថ្ងៃ ទើប​បាន​ដឹក​មួយ​ជើង»

ស្ត្រី​វ័យ​ក្មេង​ម្នាក់​ទៀត​ដែល​អង្គុយ​ជ្រក​ម្លប់​នៅ​ក្រោម​ដំបូល​កាណូត​ធំ​មួយ​គ្រឿង មាន​ប្រសាសន៍​ថា ប្ដី​របស់​នាង​ជា​អ្នក​ស៊ី​ឈ្នួល​បើក​កាណូត​ដឹក​ភ្ញៀវ​ទេសចរ​ទស្សនា​បឹង​ទន្លេសាប​ដែរ ក៏ប៉ុន្តែ​ជាង​មួយ​ខែ​មក​នេះ មុខ​របរ​ហាក់​មិន​សូវ​កាក់កប​ទេ ដោយសារ​តែ​មិន​សូវ​សម្បូរ​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្សាន្ត៖ «ទឹក​វា​រាក់ ទឹក​វា​ស្រក​ពេក កាណូត​វា​កឿង បើក​បរ​អត់​កើត។ ធាតុ​អាកាស​ក្ដៅ​ស្ងួត វា​អត់​រក​ភ្ញៀវ​ដឹក​មិន​បាន»

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ទទួល​ស្គាល់​ថា រដូវ​ប្រាំង​ឆ្នាំ​នេះ ពិត​ជា​គំរាម​កំហែង​ដល់​តំបន់​ទេសចរណ៍​បឹង​ទន្លេសាប ដែល​ភ្ញៀវ​ទេសចរ​បរទេស​ធ្លាប់​តែ​ជិះ​កាណូត​កម្សាន្ត​មែន។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប លោក ង៉ូវ សេងកាក់ ទទួល​ស្គាល់​ថា ចាប់​តាំង​ពី​សប្ដាហ៍​ទី​៣ នៃ​ខែ​មេសា រហូត​មក​ដល់​ពេល​នេះ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​ខេត្ត​សៀមរាប មាន​ការ​ធ្លាក់​ចុះ ដោយសារ​ជា​ពេល Low Season។ លោក ង៉ូវ សេងកាក់ បញ្ជាក់​ថា ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​បឹង​ទន្លេសាប គឺ​ពិត​ជា​ធ្លាក់​ចុះ​មែន​នៅ​ក្នុង​ឆ្នាំ​នេះ ដោយសារ​តែ​ទឹក​ទន្លេសាប​គោក​រាក់ ហើយ​កាណូត​ពិបាក​ធ្វើ​ដំណើរ៖ «ភាគ​ច្រើន​បើ​យើង​យក​ភ្ញៀវ​ទៅ​ទន្លេសាប គឺ​ភ្ញៀវ​ច្រើន​មិន​សប្បាយ​ចិត្ត ដោយសារ​តែ​កាណូត​កឿង ហើយ​យើង​ប្រឹង​បើក​វា​សាច​ទឹក​ដាក់​ភ្ញៀវ»

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា រយៈពេល ៣​ខែ​ឆ្នាំ​២០១៦ គឺ​ខេត្ត​សៀមរាប បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ជាង ១​លាន​នាក់ ហើយ​ក្នុង​ចំណោម​អ្នក​ទេសចរ​បរទេស​ទាំង​នោះ គឺ​ពាក់​កណ្ដាល​ចូល​ចិត្ត​ទៅ​លេង​បឹង​ទន្លេសាប។

ការ​ឡើង​កម្ដៅ​ខ្លាំង​នៅ​រដូវ​ប្រាំង​ឆ្នាំ​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​វិស័យ​ទេសចរណ៍​ពាក់ព័ន្ធ​នឹង​បឹង​ទន្លេសាប​ប៉ុណ្ណោះ​ទេ ចំណែក​ឯ​ផល​នេសាទ​ត្រី​ក៏​ថយ​ចុះ​ដែរ។

ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ប្រកប​របរ​ចាំ​ទទួល​ទិញ​ត្រី​នៅ​ចុងឃ្នៀស ឲ្យ​ដឹង​ថា ការ​នេសាទ​នៅ​បឹង​ទន្លេសាប​ពេល​នេះ មិន​បាន​ត្រី​មក​លក់​ដូរ​ទេ ពីព្រោះ​តែ​ទឹក​ទន្លេ​ក៏​ក្ដៅ ហើយ​បាត់​ត្រី​អស់។

មន្ត្រី​កម្មវិធី​បឹង​ទន្លេសាប​របស់​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (Fact) លោក មិញ ប៊ុនលី ឲ្យ​ដឹង​ថា ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​ឆ្នាំ​នេះ ធ្វើ​ឲ្យ​ទឹក​ទន្លេសាប​ស្រក​ខ្លាំង​មែន​ទែន ហើយ​បឹង​អភិរក្ស​ពូជ​ត្រី​ជាច្រើន​កន្លែង​ត្រូវ​រីង​ស្ងួត។

មន្ត្រី​ដដែល​បញ្ជាក់​ថា រយៈពេល​ជិត ២​ខែ​ចុង​ក្រោយ​នេះ ជីវភាព​អ្នក​នេសាទ​នៅ​តាម​បណ្ដា​ខេត្ត​ជាច្រើន​ជុំវិញ​បឹង​ទន្លេសាប គឺ​បាត់បង់​ចំណូល​ខ្លាំង ដោយសារ​តែ​នេសាទ​ត្រី​មិន​បាន៖ «ពេល​ដែល​ខ្ញុំ​ជួប​ជាមួយ​មេ​ឃុំ​នៅ​ពោធិ៍ទ្រាយ គាត់​ត្អូញត្អែរ​ថា​កុំ​ឡើយ​នេសាទ​យក​ត្រី​មក​លក់ សូម្បី​តែ​រក​មក​ហូប​មិន​បាន​ផង»

អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល មើល​ឃើញ​ថា ការ​ប្រែប្រួល​អាកាសធាតុ​កាន់​តែ​អាក្រក់​ទៅៗ ហើយ​គេ​ក៏​ព្រួយ​បារម្ភ​ទៅ​លើ​ជីវភាព​ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ ដែល​ពឹង​ផ្អែក​តែ​លើ​មុខ​របរ​នេសាទ​មួយ​មុខ​ដែរ។

អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល រំឭក​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​របរ​នេសាទ​ត្រី គួរ​តែ​គិតគូរ​ទៅ​រៀន​ជំនាញ​អ្វី​ផ្សេង​បន្ថែម​ទៀត ដើម្បី​បន្ស៊ាំ​ខ្លួន​ឲ្យ​មាន​មុខ​របរ​ផ្សេង​សម្រាប់​ចិញ្ចឹម​ជីវិត នៅ​មុន​ពេល​ដែល​ការ​ប្រែប្រួល​អាកាសធាតុ​គំរាម​កំហែង​ទាំង​ស្រុង​ទៅ​លើ​មុខ​របរ​នេសាទ​ត្រី ដោយ​មិន​បាន​ផល​កម្រៃ​ទាល់​តែ​សោះ​មក​ដល់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។