មន្ត្រីឧទ្យានុរក្សគ្រប់គ្រងនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងស្រុកសំឡូត សហការជាមួយមន្ត្រីអង្គការ អិម.ជេ.ភី (MJP) នៅខេត្តបាត់ដំបង កំពុងតាមរកមុខសញ្ញាព្រានព្រៃដែលលួចដាក់អន្ទាក់សត្វខ្ទីងនៅក្នុងព្រៃតំបន់អភិរក្ស ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ សមត្ថកិច្ចបានដុតសត្វខ្ទីងចំនួន ២ក្បាលដែលបានងាប់បន្តបន្ទាប់គ្នាដោយសារជាប់អន្ទាក់របស់ព្រានព្រៃរយៈពេលប្រមាណមួយថ្ងៃនៅក្នុងព្រៃតំបន់អភិរក្សនោះ។
នាយកគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត លោក ថន គិមហុង មានប្រសាសន៍នៅថ្ងៃទី៥ កក្កដា ថា កម្លាំងសមត្ថកិច្ចសហការជាមួយបុគ្គលិកការពារព្រៃឈើរបស់អង្គការ អិម.ជេ.ភី ប្រមាណ ៣០នាក់ កាលពីរសៀលថ្ងៃទី៣ កក្កដា ចុះល្បាតក្នុងព្រៃប្រទះឃើញសត្វខ្ទីងចំនួន ២ក្បាល ដែលជាមេ និងកូនអាយុប្រមាណ ២ឆ្នាំ ជាប់អន្ទាក់របស់ព្រានព្រៃនៅចំណុចអូរស្លេវ នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត។
លោកអះអាងថា កូនខ្ទីងទម្ងន់ប្រមាណ ១០០គីឡូក្រាមបានងាប់នៅនឹងកន្លែង ចំណែកមេរបស់វាទម្ងន់ប្រហែល ៧០០គីឡូក្រាម បានងាប់នៅរសៀលថ្ងៃទី៤ កក្កដា៖ « ខ្ទីងវាជាប់អន្ទាក់ខ្សែជើងរបស់វា ហើយរើពេញព្រៃ។ យើងលួចថតសឹងតែមិនបាន។ បច្ចេកទេសបាញ់ឲ្យវាសន្លប់ មាននៅអង្គការអភិរក្សសត្វព្រៃនៅភ្នំតាមៅ ហើយយើងបានទាក់ទងគេតាំងពីថ្ងៃទី៣ គេក៏បានចេញមក ហើយស្រាប់តែថ្ងៃទី៤ ខ្ទីងងាប់តែម្ដង »។
អនុប្រធានផ្នែកអនុវត្តន៍ច្បាប់របស់អង្គការ អិម.ជេ.ភី ប្រចាំនៅតំបន់ព្រៃឈើប្រើប្រាស់ច្រើនយ៉ាងសំឡូតខេត្តបាត់ដំបង លោក ចាន់ សុជាតិ អះអាងថា អ្នកដាក់អន្ទាក់ខ្ទីង គឺជាពលរដ្ឋរស់នៅតំបន់នោះ ចំណែកសមត្ថកិច្ច និងបុគ្គលិករបស់អង្គការ អិម.ជេ.ភី បានចុះល្បាតក្នុងព្រៃនោះជាប្រចាំ ដើម្បីតាមរកមុខសញ្ញា និងចាប់ព្រានព្រៃឲ្យទទួលទោសតាមនីតិវិធី៖ « ខ្ញុំបានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះក្រុមការងាររបស់យើងបានដើរចេញល្បាតរាល់ខែ ឃើញខ្សែអន្ទាក់ច្រើននៅក្នុងព្រៃ ដែលជនមួយចំនួនលួចយកទៅដាក់ទាក់សត្វ ដោយមិនបានគិតពីសារសំខាន់នៃធនធានធម្មជាតិ »។
ប្រធានអង្គការមូលនិធិសត្វព្រៃពិភពលោកកម្ពុជា (WWF Cambodia) លោក ឈិត សំអាត មានប្រសាសន៍ថា សត្វខ្ទីងជាប្រភេទសត្វកម្រជិតផុតពូជនៅក្នុងពិភពលោក ដែលប្រជាពលរដ្ឋគ្រប់រូបត្រូវតែអភិរក្សសត្វដ៏កម្រនេះឲ្យបានគង់វង្ស ទុកជាសម្បត្តិរបស់ប្រទេសជាតិ៖ « អ៊ីចឹងយើងសូមចូលរួមចំណែកការពារទាំងអស់គ្នា។ យើងឈប់ញ៉ាំសាច់ព្រៃទៅ និងឈប់ដាក់អន្ទាក់សត្វព្រៃតទៅទៀត ព្រោះសត្វព្រៃជាសម្បត្តិធនធានធម្មជាតរបស់ប្រទេសជាតិដ៏សំខាន់ សម្រាប់ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តក្នុងប្រទេសយើង។ បើយើងបន្តបរបាញ់ វានឹងហិនហោចអស់ពីប្រទេសជាមិនខានឡើយ »។
ច្បាប់ស្ដីពីព្រៃឈើ តម្រូវឲ្យផ្ដន្ទាទោសថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី ៥ឆ្នាំទៅ ១០ឆ្នាំ ចំពោះជនទាំងឡាយណាដែលបរបាញ់សត្វក្នុងព្រៃការពារសម្លាប់ធ្វើពាណិជ្ជកម្ម ឬនាំចេញប្រភេទសត្វក្រុមជិតផុតពូជ។ ប្រសិនជននោះមិនរាងចាល នឹងត្រូវផ្ដន្ទាទោសនេះទ្វេដង។
តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត មានផ្ទៃដីប្រមាណ ៤ម៉ឺនហិកតារ គ្របដណ្ដប់លើខេត្តចំនួន២ គឺខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ នាយកតំបន់អភិរក្ស ឲ្យដឹងថា ព្រៃនៅតំបន់នេះមានសត្វកម្រជាច្រើនប្រភេទរស់នៅ មានដូចជា សត្វដំរី ជ្រូកព្រៃ ឈ្លូស និងសត្វខ្ទីងជាដើម ដែលជាសត្វកម្រនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។