ពលរដ្ឋ​នៅ​ឧត្ដរមានជ័យ​បារម្ភ​ខ្លាច​មាន​ទឹក​ជំនន់​ដោយសារ​គម្រោង​សង់​ទំនប់​ទឹក​របស់​ចិន

ដោយ ហង្ស សាវយុត
2015.10.20
ផែនទី​ខេត្ត​ឧត្ដរមានជ័យ ៨៥៥ ផែនទី​ខេត្ត​ឧត្ដរមានជ័យ។
Photo: RFA

ក្រុមហ៊ុន​ចិន មួយ​ឈ្មោះ ស៊ីណូ ហាយដ្រូ (Sinohydro) បាន​ដឹក​ជញ្ជូន​គ្រឿងចក្រ​ទៅ​កាន់​តំបន់​ភ្នំ​អាតោ ដែល​មាន​ភូមិសាស្ត្រ​ជាប់​គ្នា​រវាង​ស្រុក​អន្លង់វែង និង​ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ ដើម្បី​អនុវត្ត​គម្រោង​សាងសង់​ទំនប់​ទឹក​ស្ទឹង​ស្រែងទី២ រយៈពេល​ច្រើន​ខែ​មក​ហើយ គិត​មក​ដល់​ពេល​នេះ។

គម្រោង​សាងសង់​ទំនប់​ទឹក​ស្ទឹង​ស្រែងទី២ សម្រាប់​បម្រើ​ឱ្យ​ប្រព័ន្ធ​ស្រោចស្រព​នោះ នឹង​បង្ក​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​ព្រៃឈើ​របស់​សហគមន៍​ដី​ស្រែ​ចម្ការ ព្រម​ទាំង​ភូមិឋាន​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​សំណង​នានា ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​គោលនយោបាយ​សំណង​ណា​មួយ​នៅ​ឡើយ​ទេ។

ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ភូមិ​ស្រះកែវ ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ នៅ​តែ​ទទូច​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល ត្រូវ​មាន​វិធានការ​ដោះស្រាយ​ជា​បន្ទាន់​ទៅ​លើ​ការ​ប៉ះពាល់​ដែល​អាច​នឹង​កើត​ឡើង​ដោយសារ​តែ​គម្រោង​សាងសង់​ទំនប់​ទឹក​ស្ទឹង​ស្រែងទី២ ដែល​ក្រុមហ៊ុន​ចិន ស៊ីណូ ហាយដ្រូ កំពុងតែ​ដំណើរ​ការ​នៅ​ជិត​តំបន់​ពួកគេ​រស់​នៅ​នេះ។

បុរស​អ្នក​ភូមិ​ស្រះកែវ ម្នាក់ ដែល​ធ្លាប់​តវ៉ា​រឿង​នេះ ក្នុង​ចំណោម​អ្នក​ភូមិ​ជា​ច្រើន​ទៀត គឺ​លោក ខៀវ ពេជ្រ។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​២០ ខែ​តុលា ដោយ​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ថា ផ្ទះសម្បែង និង​ដីស្រែ​ចម្ការ​របស់​លោក ក៏​ដូចជា​របស់​អ្នក​ភូមិ​ជិត ១០០​គ្រួសារ​ផ្សេង​ទៀត នឹង​ទទួល​រង​ការ​លិចលង់​ដោយ​ទឹក​ជំនន់​នៅ​ពេល​ណា​ដែល​ក្រុមហ៊ុន​ចិន ស៊ីណូ ហាយដ្រូ សាងសង់​ទំនប់​ទឹក​ស្ទឹង​ស្រែង រួច​រាល់។

បុរស​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន ក្រុមហ៊ុន​ចិន កំពុង​ចាប់​ផ្ដើម​ដំណើរការ​គម្រោង​សាងសង់​ទំនប់​ទឹក​នេះ ដោយ​គ្មាន​ប្រជាពលរដ្ឋ​ណា​អាច​ហាមឃាត់​បាន​ទេ បើ​ទោះ​បី​ជា​គម្រោង​សាងសង់​នេះ បាន​ប៉ះពាល់​ដី​ចម្ការ និង​ផល​ដំណាំ​ខ្លះ​ហើយ​ក៏ដោយ៖ «សព្វថ្ងៃ​កំពុង​ជីក​ដី​បិទ​ធ្វើ​ទំនប់​នេះ​ឯង កន្លែង​បិទ​ធ្វើ​ទំនប់ គឺ​កាយ​ចុះ​ក្រោយ​លិច​នៅ​ខែ​វស្សា​នោះ។ ប្រជាជន​អត់​មាន​អ្នក​ណា​ហ៊ាន​តវ៉ា​ទេ ខ្លាច​គេ​ចាប់​យក​ទៅ​ដាក់​គុក»

​អាជ្ញាធរ​ស្រុក​ចុងកាល់ ឱ្យ​ដឹង​ថា គម្រោង​សាងសង់​ទំនប់​ទឹកស្ទឹង​ស្រែងទី២ នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដីស្រែ​ចម្ការ និង​ភូមិឋាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ​នៅ​ក្នុង​ឃុំ​ពីរ គឺ​ឃុំ​ពង្រ និង​ឃុំ​ចុងកាល់ ភាគ​ខាង​កើត​នៃ​តំបន់​ភ្នំ​អាតោ។
អភិបាល​ស្រុក​ចុងកាល់ លោក រិទ្ធី ប៉ាក់ មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​បាន​ដឹង​ពី​គោលនយោបាយ​ដោះស្រាយ​ការ​ប៉ះពាល់​ទាំង​នេះ​យ៉ាង​ណា​នៅ​ឡើយ​ទេ ពីព្រោះ​លោក​ទើប​តែ​ឡើង​មក​កាន់​តំណែង​ថ្មី ប៉ុន្តែ​លោក​ដឹង​ថា កន្លង​ទៅ គណៈកម្មការ​របស់​ខេត្ត​ឧត្តរមានជ័យ ធ្លាប់​ចុះ​សិក្សា​ទៅ​លើ​ការ​ប៉ះពាល់​ដោយសារ​គម្រោង​ទំនប់​ទឹក​នេះ​ដែរ៖ «គេ​ចុះ​ដោះស្រាយ​គោលនយោបាយ​ផល​ប៉ះពាល់ ដូចជា​មាន​ការ​ដោះដូរ​ដី ឬ​ក​ថវិកា​អី​ម៉េច»

កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា កន្លង​ទៅ គណៈកម្មការ​របស់​ខេត្ត​ឧត្តរមានជ័យ និង​មន្ត្រី​អន្តរ​ក្រសួង​ធ្លាប់​បាន​ចុះ​សិក្សា​អំពី​គម្រោង​សាងសង់​ទំនប់​ទឹក​ស្ទឹង​ស្រែងទី២ នេះ ហើយ​បា​នរក​ឃើញ​ការ​ប៉ះពាល់​ទៅ​លើ​ប្រជាពលរដ្ឋ​ច្រើន​រយ​គ្រួសារ ក្នុង​ស្រុក​ចំនួន ៣ ដែល​រស់​នៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​អន្លង់វែង ស្រុក​ចុងកាល់ និង​ផ្នែក​ខ្លះ​នៃ​ក្រុង​សំរោង​ផង។

អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី ធ្លាប់​មាន​ប្រសាសន៍​ឱ្យ​ដឹង​ក្នុង​ពេល​ចុះ​សិក្សា​អំពី​ផល​ប៉ះពាល់​នោះ​ថា គម្រោង​សាងសង់​ទំនប់​ទឹក​ស្ទឹង​ស្រែងទី២​នេះ អាច​នឹង​ស្តុក​ទឹក​ទុក​ប្រើប្រាស់​លើ​វិស័យ​កសិកម្ម​បាន​ប្រមាណ ២០​ម៉ឺន​ម៉ែត្រ​គូប ហើយ​បើ​ទំនប់​ទឹក​សាងសង់​រួច​រាល់ គឺ​នឹង​អាច​ផ្គត់ផ្គង់​ទៅ​ឱ្យ​កសិករ​ប្រើប្រាស់​បាន ៣​ខេត្ត ដូចជា​ខេត្ត​ឧត្តរមានជ័យ ខេត្ត​សៀមរាប និង​ខេត្ត​បន្ទាយមានជ័យ ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។