ពលរដ្ឋ​១៩​គ្រួសារ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ​បិទ​អាជីវកម្ម​បូម​ខ្សាច់​ប៉ះពាល់​ផ្ទះ​អ្នក​ភូមិ

ដោយ ម៉ែន សុធីរ
2017.06.26
សាឡង់​បូម​ខ្សាច់ ក្រចេះ ២០១៦ ១៤៤០ សាឡង់​បូម​ខ្សាច់​នៅ​ចុង​ក្រោះ​ទ្រង់ ទល់​មុខ​ក្រុង​ក្រចេះ ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៦។ Photo provided
Photo provided

ពលរដ្ឋ ១៩​គ្រួសារ​រស់នៅ​សង្កាត់​ក្រគរ ក្រុង​ក្រចេះ ខែត្រ​ក្រចេះ ទាមទារ​ឲ្យ​អាជ្ញាធរ​ជម្លៀស​ទីតាំង​អាជីវកម្ម​បូម​ខ្សាច់​ទ្រង់ទ្រាយ​ធំ​មួយ​កន្លែង​ចេញ​ពី​ទន្លេ​មេគង្គ​នៅ​សង្កាត់​ក្រគរ ក្រុង​ក្រចេះ ដែល​កំពុង​ប៉ះពាល់​លំនៅឋាន​អ្នក​ភូមិ។ ការ​ទាមទារ​នេះ ក្រោយ​ពី​ពួក​គេ​ឃើញ​ថា ផ្លូវ​ថ្នល់ និង​ស្ពាន កំពុង​រង​ការ​ខូចខាត​ដោយសារ​មាន​រថយន្ត​យីឌុប​ដឹក​ខ្សាច់​ច្រើន​តោន​ស្ទើរ​រៀង​រាល់​ថ្ងៃ ចេញ​ពី​អាជីវកម្ម​បូម​ខ្សាច់​នោះ។

ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​មាត់​ទន្លេ​មេគង្គ​នៃ​សង្កាត់​ក្រគរ ក្រុង​ក្រចេះ កំពុង​ស្វែងរក​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​ពាក់ព័ន្ធ និង​ព្យាយាម​ឲ្យ​មាន​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ ជុំវិញ​ការ​ទាញ​យក​ខ្សាច់​ធម្មជាតិ​បង្ក​ឡើង​ដោយ​បុគ្គល​ឯកជន។ ពួក​គេ​បារម្ភ​ថា ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម នឹង​រឹតតែ​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ខាង​មុខ​ដែល​បង្ក​ឡើង​ដោយ​អាជីវកម្ម​បូម​ខ្សាច់​នេះ។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ ១៩​គ្រួសារ លោក សៅ ទ្រី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ មិថុនា ថា អ្នក​ភូមិ​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្តល់​ព័ត៌មាន​ជាក់លាក់​ពី​ការ​ស្រាវជ្រាវ​ហានិភ័យ​នានា​បង្ក​ឡើង​ដោយ​អាជីវកម្ម​បូម​ខ្សាច់​នោះ ក្រោយ​ពី​លំនៅឋាន​ពលរដ្ឋ​ជាង ១០​គ្រួសារ​មាន​ស្នាម​ប្រេះ​ផ្នែក​ខាង​ក្រោម ដោយសារ​មាន​រថយន្ត​ដឹក​ខ្សាច់​ធ្ងន់​ឆ្លង​កាត់​ទីនោះ។ លោក​កត់​សម្គាល់​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​រថយន្ត​យីឌុប​ធំៗ​ដឹក​ខ្សាច់​ចេញ​ពី​ច្រាំង​ទន្លេ​ក្បែរ​លំនៅឋាន​អ្នក​ភូមិ ទម្ងន់​ប្រហែល ៥០ ទៅ ៦០​តោន ទំនង​យក​ទៅ​ប្រទេស​វៀតណាម បង្ក​ឲ្យ​ខូចខាត​ផ្លូវ និង​ស្ពាន។ លោក​ថា កាល​ពី​ពេល​ថ្មីៗ​នេះ ពលរដ្ឋ ១៩​គ្រួសារ​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ទាមទារ​ឲ្យ​អាជ្ញាធរ អន្តរាគមន៍​ករណី​នេះ​ជា​បន្ទាន់ ខណៈ​អ្នក​ភូមិ​កំពុង​ខ្វាយខ្វល់​ខ្លាច​បាក់​ច្រាំង​ទន្លេ​ប៉ះពាល់​លំនៅឋាន​ពលរដ្ឋ​នៅ​ថ្ងៃ​ខាង​មុខ៖ «ខ្ញុំ​ព្រួយ​បារម្ភ​ទី​មួយ​ហ្នឹង បាក់​ច្រាំង ច្រាំង​មិន​ដែល​បាក់​ទេ តែ​ឥឡូវ​បាក់​ហើយ។ ផ្ទះ​នៅ​ជិត​ហ្នឹង​ញែក​ដី​ខាង​ក្រោម អា​ស្ពាន​ឡើង​ទៅ ខ្ញុំ​ឃើញ​គេ​ដាក់​តែ ៥​តោន​ទេ ហេតុ​អី​ឡាន​ឡើង​ទៅ ៥០ ទៅ ៦០​តោន»

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៧ ពលរដ្ឋ​ប្រមាណ ១៩​គ្រួសារ បាន​នាំ​គ្នា​យក​រថយន្ត​ជាច្រើន​គ្រឿង​បិទ​ផ្លូវ​មុខ​អាជីវកម្ម​បូម​ខ្សាច់​របស់​លោក រស់ ចន្ថា ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្លាស់ប្ដូរ​ទីតាំង​អាជីវកម្ម​បូម​ខ្សាច់​នេះ​ចេញ​ពី​តំបន់​នោះ។

កាល​ពី​ឆ្នាំ​២០១៤ ច្រាំង​ទន្លេ​នៅ​ឃុំ​ថ្មគ្រែ ស្រុក​ចិត្របុរី បាន​បាក់​ស្រុត​បំផ្លាញ​ផ្ទះ​ពលរដ្ឋ ៦​ខ្នង​នៅ​រដូវ​វស្សា។ អ្នក​ភូមិ​បារម្ភ​ថា ផ្ទះ​ពលរដ្ឋ​រាប់​រយ​ខ្នង​នៅ​តាម​ច្រាំង​ទន្លេ​ស្រុក​ចិត្របុរី នឹង​ប្រឈម​ការ​បាក់​ស្រុត។

ឆ្លើយតប​រឿង​នេះ អភិបាល​ក្រុង​ក្រចេះ លោក យិន វណ្ណៈ មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​អាជីវកម្ម​បូម​ខ្សាច់​នោះ​រួច​ហើយ និង​បាន​ឯកភាព​ឲ្យ​ប្ដូរ​ទីតាំង​បូម​ខ្សាច់​ចេញ​ពី​តំបន់​នោះ ក៏ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​បាន​សំណូមពរ​សុំ​ពន្យារ​ពេល​រក​ទីតាំង​ថ្មី​សិន។ លោក​បញ្ជាក់​ថា អាជ្ញាធរ​សម្រេច​ឲ្យ​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​ផ្អាក​បណ្ដោះអាសន្ន ដោយ​រង់ចាំ​ថ្នាក់​ដឹកនាំ​ដោះស្រាយ​សិន៖ «នៅ​ពេល​ដែល​បង​ប្អូន​យើង​យក​ឡាន​បិទ​ផ្លូវ​មិន​ឲ្យ​ឡាន​ដឹក​ក្រួស​ខ្សាច់​ចេញ​ហ្នឹង ខ្ញុំ​ក៏​បាន​ឲ្យ​ចៅ​សង្កាត់​ទៅ​សម្របសម្រួល​ជាមួយ​ហ្នឹង។ អាជីវកម្ម​បូម​ខ្សាច់​ហ្នឹង​ឲ្យ​ធ្វើ​កិច្ចសន្យា​ថា ឥឡូវ​ឲ្យ​ផ្អាក​សិន ហើយ​រង់ចាំ​ថ្នាក់​ដឹកនាំ​ដោះស្រាយ​បាន​លទ្ធផល​យ៉ាង​ណា ចាំ​គិត​ទៀត

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខែត្រ​ក្រចេះ លោក សុខ គិរីរដ្ឋ ធ្លាប់​បញ្ជាក់​ថា អាជីវកម្ម​បូម​ខ្សាច់ គឺ​បូម​នៅ​ទីតាំង​ដែល​ក្រសួង​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ជា​ផ្លូវការ​កន្លង​ទៅ។ លោក​ថា ក្រសួង​បាន​សិក្សា​ល្អិតល្អន់​មុន​នឹង​ផ្តល់​អាជ្ញាប័ណ្ណ និង​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​តាមដាន​ពី​ដំណើរការ​អាជីវកម្ម​ជា​ហូរហែ។

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) ខែត្រ​ក្រចេះ លោក ប៊ី វ៉ាន់នី រក​ឃើញ​ថា ការ​ដោះស្រាយ​ករណី​នេះ​របស់​អាជ្ញាធរ​មាន​លក្ខណៈ​យឺតយ៉ាវ ដែល​នាំ​ឲ្យ​ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា។ លោក​ថា កាល​ពី​ឆ្នាំ​២០១៦ ពលរដ្ឋ​ធ្លាប់​ដាក់​ញត្តិ​ឲ្យ​អាជ្ញាធរ​ខែត្រ​ដោះស្រាយ​ដែរ តែ​រហូត​មក​ទល់​ពេល​នេះ នៅ​តែ​ពុំ​ទាន់​មាន​ពន្លឺ​លទ្ធផល៖ «កន្លែង​អាជីវកម្ម​បូម​ខ្សាច់ គឺ​នៅ​ជិត​ប្រជាពលរដ្ឋ ហើយ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ហើយ​មាន​ការ​ភ័យ​ខ្លាច ខ្លាច​បាក់​ផ្ទះ​ចូល​ទន្លេ​ដោយ​មិន​ដឹង​ខ្លួន ហើយ​ទី​ពីរ គាត់​ព្រួយ​បារម្ភ​ខ្លាច​ខូចខាត​ផ្លូវ»

អតីត​មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន ផ្តល់​ទស្សនៈ​ថា មន្ត្រី​ជំនាញ​ត្រូវ​បើក​ចំហ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ករណី​នេះ ស្ដីពី​ការ​កំណត់​បរិមាណ​ការ​ទាញ​យក​ខ្សាច់​ចេញ​ពី​ទន្លេ ដែល​ធានា​ថា​មិន​បាក់​ច្រាំង​ទន្លេ។ លោក​បារម្ភ​ថា ប្រសិន​បើ​ការ​បូម​ខ្សាច់​ច្រើន​ពេក​នាំ​ឲ្យ​ទឹក​ទន្លេ​កាន់​តែ​ជ្រៅ ហើយ​កំណក​ខ្សាច់​នៅ​តំបន់​នោះ​អាច​ហូរ​រហូត និង​បង្ក​ឲ្យ​ផល​ប៉ះពាល់​តុល្យភាព​ទប់​ច្រាំង​ទន្លេ។ លោក​ថា ការ​បូម​ខ្សាច់​នេះ​ក៏​ជា​ផ្នែក​មួយ​នាំ​ឲ្យ​ស្ដារ​បាត​ទន្លេ​ដែរ ខណៈ​ដែល​ខ្សាច់​កើន​ឡើង​ច្រើន បណ្ដាល​ឲ្យ​ទន្លេ​រាក់ តែ​អាជ្ញាធរ​ជំនាញ​ត្រូវ​កំណត់​ព្រំដែន​អាជីវកម្ម​បូម​ខ្សាច់​នោះ​ឲ្យ​ជាក់លាក់៖ «ប្រសិន​បើ​មាន​ការ​ធ្វេសប្រហែស ទី​១ យើង​មិន​បាន​ជូន​ដំណឹង​ពន្យល់​ទៅ​តំណាង​សហគមន៍​ដែល​រស់នៅ​តំបន់​នោះ គឺ​គាត់​មាន​ការ​ព្រួយ​បារម្ភ ព្រោះ​មាន​បទពិសោធន៍​ច្រើន​កន្លែង​ហើយ។ ចំណុច​ទី​២ ការ​បូម​យក​ខ្សាច់​ហ្នឹង ប្រសិន​ណា​ជា​គាត់​បូម​យក​ហួស​កម្រិត​នៃ​ចំនួន​ខ្សាច់​ដែល​វា​ទប់ទល់​បាន​ទៅ​នឹង​ច្រាំង​ទន្លេ​ហ្នឹង វា​ធ្វើ​ឲ្យ​មាន​បាក់​ស្រុត​ចឹង​ហើយ»

អ្នក​ភូមិ​បារម្ភ​ថា ការ​ទាញ​យក​រ៉ែ​ខ្សាច់​ធម្មជាតិ​យ៉ាង​គំហុក​នេះ នឹង​បង្ក​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ធ្ងន់ធ្ងរ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វេសប្រហែស​ខ្វះ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​ត្រឹមត្រូវ និង​ពុំ​មាន​ការ​តាមដាន​សកម្មភាព​ទាញ​យក​រ៉ែ​នោះ​ឲ្យ​បាន​ហ្មត់ចត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។