ពលរដ្ឋ​ជាង​១០០​នាក់​នៅ​ខេត្ត​ឧត្តរមានជ័យ​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ចិន

ដោយ ហង្ស សាវយុត
2016.05.28
ផែនទី​ខេត្ត​ឧត្ដរមានជ័យ ៨៥៥ ផែនទី​ខេត្ត​ឧត្ដរមានជ័យ។
Photo: RFA

ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់ មក​ពី​ភូមិ​ចំនួន​៥ របស់​ខេត្ត​ឧត្តរមានជ័យ បាន​លើកគ្នា​ទៅ​តំបន់​ភ្នំ​អាតោ ដើម្បី​​ប្រឆាំង​នឹង​​ក្រុម​ហ៊ុន​ចិន ស៊ីណូហាយដ្រូ (Sino Hydro) ដែល​កំពុង​​អនុវត្ត​គម្រោង​សាងសង់​​ទំនប់​ទឹក​ស្ទឹងស្រែងទី២ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​ឧសភា។ ប្រជាពលរដ្ឋ​ទាំង​នោះ មក​ពី​សង្កាត់​កូនក្រៀល ក្រុង​សំរោង ​ឃុំ​លំទង ស្រុក​អន្លង់វែង និង​ឃុំ​ពង្រ ស្រុក​ចុងកាល់។

តំណាង​ប្រជាពលរដ្ឋ​ដែល​លើក​គ្នា​ទៅ​តវ៉ា​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះ​អាង​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៨ ខែ​​ឧសភា ថា ក្រុមហ៊ុន​ចិន ស៊ីណូហាយដ្រូ បាន​ធ្វើ​ទំនប់​ទឹក​នៅ​តំបន់​ភ្នំ​អាតោ ​រយៈ​ពេល​ជិត ៣​ឆ្នាំ​មក​ហើយ ដោយ​មិន​ទាន់​ចេញ​សំណង​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​ប៉ះពាល់​​ដី​ស្រែ​​ចំការ និង​លំនៅ​ទេ៖ «នេះ​កំពុង​នៅ​កន្លែង​ការដ្ឋាន​ក្រុមហ៊ុន បាន​បិទ​ការដ្ឋាន​​ជិត​អស់​ហើយ មិន​បាន​ឱ្យ​ធ្វើ​ទៀត​ទេ។ ទាម​ទារ​​រឿង​ផល​ប៉ះ​ពាល់​​ដោយសារ​ក្រុមហ៊ុន​បិទ​ទំនប់​ទឹក​នេះ វា​លិច​ផ្ទះ ដី​ស្រែ ចំការ»

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០១៤ មក អង្គការ​អាដហុក បាន​ដាក់​មេធាវី​ឱ្យ​ការពារ​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ដោយសារ​ការ​​សង់​ទំនប់​ទឹក​នេះ ប៉ុន្តែ​​ឃើញ​មាន​ការ​ទូទាត់​​សំណង​​​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ឡើយ​ទេ គឺ​បាន​ត្រឹម​តែ​អាជ្ញាធរ​ចុះ​ស្រង់​ស្ថិតិ​​នៃ​ការ​ខូចខាត​​ប៉ុណ្ណោះ។

គម្រោង​សាងសង់​ទំនប់​ទឹក​ស្ទឹងស្រែងទី២ របស់​ក្រុមហ៊ុន​ចិន ស៊ីណូហាយដ្រូ គឺ​ស្ថិត​នៅ​ក្នុង​ភាព​ស្រពេចស្រពិល ដោយ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ធ្លាប់​អះអាង​ថា សម្រាប់​ប្រព័ន្ធ​ស្រោចស្រព​វិស័យ​កសិកម្ម ប៉ុន្តែ​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​​​និយាយ​ថា ទំនប់​ទឹក​នេះ អាច​ជា​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនីទី២ ជា​លក្ខណៈ​វិនិយោគ​ទុន​ឯកជន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។