យុវជន​និង​ព្រះសង្ឃ​ចង់​ឃើញ​តំបន់​ព្រៃ​សហគមន៍​ស្រុក​សណ្ដាន់​ប្រែ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ

ដោយ​ សូត សុខប្រាថ្នា
2017.07.12
ដាំ​ដើម​ឈើ សហគមន៍​ព្រៃក្បាលខ្លា កំពង់ធំ ១៤៤០ ក្រុម​យុវជន សង្គម​ស៊ីវិល និង​ព្រះសង្ឃ ចូល​រួម​ពិធី​បោះ​ជំរំ​ដាំ​កូន​ឈើ និង​ទស្សនកិច្ច​នៅ​តំបន់​ព្រៃ​សហគមន៍​ក្បាលខ្លា ជា​តំបន់​ទ្រនាប់​តំបន់​ព្រៃឡង់ នៅ​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៥ កក្កដា ឆ្នាំ​២០១៧។ RFA/Saut Sokprathna
RFA/Saut Sokprathna

ក្រុម​យុវជន ព្រះសង្ឃ មក​តំបន់​ផ្សេងៗ ព្រម​ទាំង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ នាំគ្នា​ចូលរួម​កម្មវិធី​បោះ​ជំរំ​ដាំ​កូនឈើ​នៅ​តំបន់​ព្រៃ​សហគមន៍​ក្បាល​ខ្លា ដែល​ជា​ទ្រនាប់​តំបន់​ព្រៃឡង់ ក្រោម​ការ​រៀបចំ​ឡើង​ដោយ​អង្គការ​ស្ពាន​សន្តិភាព ដោយ​មាន​កិច្ច​សហការ​ពី​អង្គការ​ជា​ដៃគូ​មួយ​ចំនួន​ទៀត។ យុវជន និង​ព្រះសង្ឃ បាន​មើល​ឃើញ​ពី​សក្ដានុពល​តំបន់​ព្រៃ​សហគមន៍​មួយ​ចំនួន នឹង​ចង់​ឱ្យ​រាជរដ្ឋាភិបាល​ប្រែក្លាយ​តំបន់​ព្រៃ​សហគមន៍​ក្បាល​ខ្លា ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ទៀត​ផង។

ព្រៃ​សហគមន៍​ក្បាល​ខ្លា ស្ថិតនៅ​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ គឺ​ជា​តំបន់​ទ្រនាប់​តំបន់​ព្រៃឡង់ និង​ជា​អតីត​តំបន់​ព្រៃឡង់ ពី​មុន​មក។ ព្រៃ​សហគមន៍​មួយ​នេះ មាន​ដើម​ឈើ​ធំ​តូច​នៅ​សល់​ច្រើន បើ​ប្រៀបធៀប​ទៅ​នឹង​ព្រៃ​សហគមន៍​នៅ​តំបន់​ផ្សេង​ទៀត។

ក្រៅ​ពី​ដើម​ឈើ​តូច​ធំ​នៅ​សេសសល់​ហើយ ប្រជា​សហគមន៍​អះអាង​ថា មាន​ពពួក​សត្វព្រៃ​ជា​ច្រើន​ប្រភេទ ដូចជា​ជ្រូកព្រៃ សំពោច ប្រើស ឈ្លូស ទន្សាយ ស្វា ទោច និង​ពពួក​ល្មូន​ជាដើម។

ដំណើរ​ទស្សនកិច្ច​ព្រៃ​សហគមន៍​មួយ​នេះ ដែល​មាន​ទាំង​ការ​ដាំ​កូនឈើ​ប្រណិត​ជាង ១​ពាន់​ដើម​នៅ​ចំណុច​ធ្លាប់​រង​ការ​កាប់​រាន​កន្លង​មក រៀបចំ​ឡើង​ដោយ​អង្គការ​ស្ពាន​សន្តិភាព សហការ​ជាមួយ​អង្គការ​ដៃគូ រយៈពេល ៤​ថ្ងៃ កាល​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ កក្កដា។ ក្រុម​យុវជន ព្រះសង្ឃ និង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ចូល​រួម​លើក​ឡើង​ថា ប្រសិនបើ​តំបន់​មួយ​នេះ​ប្រែក្លាយ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ វា​មិន​ត្រឹមតែ​រួម​ចំណែក​ស្តារ​ជីវភាព​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ជា​រនាំង​យ៉ាង​រឹងមាំ​មិន​ឱ្យ​មាន​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​បន្ត​ទៀត។

ចម្ងាយ​ពី​ភូមិ​ទៅ​ដល់​កណ្ដាល​ព្រៃ​សហគមន៍​ក្បាល​ខ្លា​មាន​ប្រវែង​ជាង ១០​គីឡូម៉ែត្រ ដោយ​អ្នក​ចូលរួម​ត្រូវ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ខ្លះ និង​ភាគ​ច្រើន​តាម​គោយន្ត​ឆ្នៃ ឆ្លង​កាត់​ស្រែចម្ការ​របស់​អ្នក​ភូមិ​ជា​ហូរហែ​ក្បែរ​មាត់​ស្ទឹងសែន តាម​ផ្លូវ​ដ៏​លំបាក​នា​រដូវ​វស្សា​ផង៖ «សំឡេង​គោយន្ត»

យុវជន​ចូល​រួម​ពិធី​បោះ​ជំរំ​ដាំ​កូន​ឈើ និង​ទស្សនកិច្ច​នៅ​តំបន់​ព្រៃ​សហគមន៍​ក្បាលខ្លា ជា​តំបន់​ទ្រនាប់​តំបន់​ព្រៃឡង់ នៅ​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៥ កក្កដា ឆ្នាំ​២០១៧។
យុវជន​ចូល​រួម​ពិធី​បោះ​ជំរំ​ដាំ​កូន​ឈើ និង​ទស្សនកិច្ច​នៅ​តំបន់​ព្រៃ​សហគមន៍​ក្បាលខ្លា ជា​តំបន់​ទ្រនាប់​តំបន់​ព្រៃឡង់ នៅ​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៥ កក្កដា ឆ្នាំ​២០១៧។
RFA/Saut Sokprathna

សម្រាក​នៅ​ចំណុច​ទីស្នាក់ការ​ថ្មី​របស់​ប្រជា​សហគមន៍​បាន​មួយ​យប់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ កក្កដា ក្រុម​អ្នក​ចូលរួម​ទាំង​អស់​ក៏​នាំគ្នា​បន្ត​ដំណើរ​ចេញ​ទៅ​គោលដៅ​ដែល​ជា​កន្លែង​ដាំ​កូនឈើ​ប្រណិត។ កូន​ឈើ​ប្រណិត​ជាង ១​ពាន់​ដើម រួម​មាន បេង នាងនួន គ្រញូង និង​គគីរ ជាដើម។

យុវជន​មកពី​ខេត្ត​កំពង់ឆ្នាំង ម្នាក់ លោក ចាប វិបុល បាន​ឲ្យ​ដឹង​ថា លោក​រីករាយ​ដោយ​បាន​ចូលរួម​ពិធី​ដាំ​កូនឈើ និង​ទស្សនា​សម្រស់​ព្រៃ​ព្រឹក្សា​នៅ​តំបន់​ព្រៃ​សហគមន៍​ក្បាល​ខ្លា។ លោក​បន្ត​ថា ការ​ដាំ​កូនឈើ និង​ការពារ​ព្រៃឈើ​មិន​ឱ្យ​បាត់បង់​គឺ​ជា​កត្តា​សំខាន់​នាំ​ឱ្យ​ប្រទេស​កម្ពុជា នៅ​មាន​ភាព​ស្រស់បំព្រង​ដោយ​ធម្មជាតិ ដែល​ពិភពលោក​ចង់​បាន ព្រម​ទាំង​ជា​កេរដំណែល​សម្រាប់​ក្មេង​ជំនាន់​ក្រោយ៖ «សំណូមពរ​របស់​ខ្ញុំ​ក្នុង​នាម​ជា​ខ្មែរ​ម្នាក់ ចង់​ឱ្យ​បងប្អូន ពិសេស​ប្រជាជន​ខ្មែរ ចូលរួម​ប្រើប្រាស់ ឬ​សម្ភារៈ​ផ្សេងៗ ដែល​កុំ​ឱ្យ​យក​ពី​ព្រៃឈើ»

ក្រុម​អ្នក​ចូលរួម​ដាំ​កូន​ឈើ​ជាង ១០០​នាក់ ព្រម​ទាំង​ព្រះសង្ឃ​ចំនួន ៣​អង្គ​ផង មិន​បាន​ស្ដាប់​សំឡេង​សត្វ​បក្សាបក្សី​នៅ​ពេល​យប់​ទេ ត្បិត​រយៈពេល ៣​យប់ ដែល​ពួកគាត់​សម្រាន្ត និង​គង់​នៅ​កណ្ដាល​ព្រៃ​នោះ ភ្លៀង​ធ្លាក់​ជាប់​រហូត។ យ៉ាង​នេះ​ក្តី នៅ​ពេល​ថ្ងៃ ក្រុម​អ្នក​ស្រលាញ់​ធម្មជាតិ អាច​ស្ដាប់​សំឡេង​បក្សាបក្សី និង​រៃ​យំ​ស្រែក​យ៉ាង​ទ្រហឹង​អ៊ឹងអ័ព្ទ៖ «សំឡេង​សត្វ​យំ»

យុវតី​ម្នាក់​មក​ពី​រាជធានី​ភ្នំពេញ កញ្ញា រឿន វិសេសខន្តី បញ្ជាក់​ថា ជា​លើក​ទី​មួយ​ហើយ ដែល​បាន​បោះតង់​ស្នាក់នៅ​កណ្ដាល​ព្រៃ និង​បាន​ចូលរួម​ដាំ​កូន​ឈើ​ឡើង​វិញ។ កញ្ញា​ថែម​ទាំង​ចង់​ឃើញ​យុវជន និង​ប្រជា​សហគមន៍​នៅ​តំបន់​ផ្សេងៗ នៅ​ប្រទេស​កម្ពុជា ចូលរួម​ថែរក្សា និង​ស្តារ​ឡើង​វិញ​នូវ​គម្រប​ព្រៃឈើ​នៅ​ស្រុក​ខ្មែរ ពីព្រោះ​ព្រៃឈើ​មាន​សារសំខាន់​សម្រាប់​ជីវិត​មនុស្ស​និង​សត្វ៖ «ខ្ញុំ​យល់​ថា ធនធាន​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា គឺ​មាន​សារសំខាន់​ដូចជា​អាច​ផ្គត់ផ្គង់​នូវ​ធនធាន​ទឹក ហើយ​នៅ​ពេល​មាន​ទឹកជំនន់ ឬ​មាន​ភ្លៀង​ខ្លាំង​ដើម​ឈើ​ធំៗ​អាច​ស្រប​ទឹក​បាន»

ព្រៃ​សហគមន៍​ក្បាលខ្លា មាន​ទំហំ​ជិត ២​ពាន់​ហិកតារ (១៨០០) ដែល​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៦ និង​ទទួល​ស្គាល់​ពី​ស្ថាប័ន​ជំនាញ​ថ្នាក់​ខេត្ត​នៅ​ឆ្នាំ​២០១៥។

ព្រះតេជព្រះគុណ ព្រះនាម ព្រឹម ហួន និមន្ត​មក​ពី​រាជធានី​ភ្នំពេញ មាន​ថេរដីកា​ថា ការ​ចូលរួម​របស់​ព្រះអង្គ ពីព្រោះ​តែ​ព្រៃ​ឈើ​មាន​សារសំខាន់ ប៉ុន្តែ​ពលរដ្ឋ​ដែល​ចូលរួម​ការពារ​កន្លង​មក​មិន​សូវ​មាន​ច្រើន​ប៉ុន្មាន​ទេ។ លើស​ពី​នេះ ព្រះអង្គ​ចង់​ឃើញ​ពលរដ្ឋ​កាន់​តែ​ច្រើន​ចាប់​អារម្មណ៍​ទៅ​បញ្ហា​វិនាស​សកម្ម​ព្រៃឈើ និង​បញ្ហា​ប្រឈម​នានា ដោយសារ​បាត់បង់​ធនធាន​ធម្មជាតិ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​ទាំង​អស់​កាន់តែ​ស្រលាញ់​ព្រៃឈើ​បន្ថែម​ទៀត។

ព្រះតេជព្រះគុណ​ដដែល​យល់​ថា ប្រសិនបើ​តំបន់​ព្រៃ​សហគមន៍​មួយ​នេះ ក្លាយ​ជា​តំបន់​អេកូ​ទេសចរណ៍ គឺ​អាច​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ភូមិ ដូចជា​អាច​រក្សា​មុខ​របរ​ប្រពៃណី​របស់​ពួកគាត់​បាន​ដដែល។ មាន​ប្រភព​ចំណូល​តាម​រយៈ​នាំ​ភ្ញៀវ​ទេសចរ​មកលេង​កម្សាន្ត អាច​រក្សា​ព្រៃឈើ​ឱ្យ​នៅ​គង់វង្ស និង​ផ្ដល់​ជា​ជម្រក​សម្រាប់​សត្វព្រៃ​គ្រប់​ប្រភេទ៖ «រៀបចំ​អភិវឌ្ឍន៍​តំបន់​សហគមន៍​ហ្នឹង​ទៅ​ជា​តំបន់ អេកូ​ទេសចរណ៍ អាត្មា​គិត​ថា ល្អ​មែន​ទែន»

​ព្រៃ​សហគមន៍​ក្បាលខ្លា បច្ចុប្បន្ន​ផ្ដល់​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​ចំនួន​ពីរ​ភូមិ គឺ​ភូមិ​ស្រែចង់ និង​ភូមិ​ក្បាលខ្លា។ ប្រយោជន៍​ទាំង​នោះ តាម​រយៈ​មុខ​របរ​ប្រពៃណី ដូចជា​រក​វល្លិ ជ័រ ផ្ដៅ រក​ឃ្មុំ បេះ​ផ្សិត​ក្ងោក​ទៅ​លក់ និង​ចាប់​អា​ពីង​លក់​នៅ​ពេល​ទំនេរ។

​ប្រធាន​គណៈកម្មការ​ព្រៃ​សហគមន៍​ក្បាល​ខ្លា លោក វង់ សាន មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​មាន​អង្គការ​មួយ​ចំនួន ពិសេស​អង្គការ​ស្ពាន​សន្តិភាព​បំផុស​គំនិត​ឱ្យ​មាន​សកម្មភាព​ដាំ​កូនឈើ​ឡើង​វិញ និង​លើក​ទឹក​ចិត្ត​ដល់​ប្រជា​សហគមន៍​ផង​នោះ ពលរដ្ឋ​នៅ​ឃុំ​របស់​លោក​ហាក់​ផ្លាស់ប្ដូរ​ឥរិយាបថ​ច្រើន។ ឥរិយាបថ​ដែល​មិន​សូវ​យកចិត្តទុកដាក់​ស្រលាញ់​ព្រៃឈើ និង​ចូលរួម​ប្រព្រឹត្ត​បទល្មើស​បាន​ប្រែក្លាយ​មក​ជា​ការ​ចូលរួម​ការពារ​យ៉ាង​សកម្ម ហើយ​កាត់​បន្ថយ​សកម្មភាព​បទល្មើស​ផ្សេងៗ ជាដើម។

ប្រធាន​សហគមន៍​រូប​នេះ ត្រេកអរ​ណាស់ ប្រសិន​បើ​តំបន់​ព្រៃ​សហគមន៍​របស់​ពួកគាត់​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់​បញ្ចូល​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​នោះ៖ «ខ្ញុំ​គិត​ឃើញ​ថា ព្រៃឈើ​គឺ​ជា​ឆ្នាំង​បាយ​របស់​ប្រជាពលរដ្ឋ​ហើយ។ ពួកគាត់​អាច​រក​បាន​ពី​អនុផល​ព្រៃឈើ តិចតួច​ផ្សំ​ពី​ស្រែចម្ការ​របស់​គាត់»

ក្រុម​យុវជន សង្គម​ស៊ីវិល និង​ព្រះសង្ឃ ចូល​រួម​ពិធី​បោះ​ជំរំ​ដាំ​កូន​ឈើ និង​ទស្សនកិច្ច​នៅ​តំបន់​ព្រៃ​សហគមន៍​ក្បាលខ្លា ជា​តំបន់​ទ្រនាប់​តំបន់​ព្រៃឡង់ នៅ​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៥ កក្កដា ឆ្នាំ​២០១៧។ RFA/Saut Sokprathna
ក្រុម​យុវជន សង្គម​ស៊ីវិល និង​ព្រះសង្ឃ ចូល​រួម​ពិធី​បោះ​ជំរំ​ដាំ​កូន​ឈើ និង​ទស្សនកិច្ច​នៅ​តំបន់​ព្រៃ​សហគមន៍​ក្បាលខ្លា ជា​តំបន់​ទ្រនាប់​តំបន់​ព្រៃឡង់ នៅ​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៥ កក្កដា ឆ្នាំ​២០១៧។ RFA/Saut Sokprathna
RFA/Saut Sokprathna

ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ធំ លោក តុប កក្កដា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ថា ចំពោះ​តំបន់​ព្រៃឡង់ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ជា​គោលការណ៍​របស់​ក្រសួង តម្រូវ​ឱ្យ​ស្ថាប័ន​មន្ទីរ​ពិនិត្យ​មើល​ផ្នែក​ណា​មួយ​នៃ​តំបន់​ការពារ​មួយ​នេះ​ចំពោះ​ទំហំ​ផ្ទៃដី​មិន​លើស​ពី ១០​ហិកតារ​សម្រាប់​ដាក់​ជា​តំបន់​អេកូ​ទេសចរណ៍។

ចំណែក​តំបន់​ព្រៃ​សហគមន៍​ក្បាលខ្លា គឺ​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន​ទេ ដូច្នេះ​លោក​មិន​ដឹង​ថា មាន​ការ​សម្រេច​បែប​ណា​ឡើយ ប៉ុន្តែ​លោក​យល់​ឃើញ​ថា ប្រសិនបើ​តំបន់​ទាំង​នោះ​ដាក់​ជា​តំបន់​ទេសចរណ៍ គឺ​ពិត​ជា​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន៖ «ប្រសិនបើ​តំបន់​ហ្នឹង​វា​ទាក់ទាញ​ទេសចរណ៍ បង្កើត​ទៅ​វា​អាច​រក​ចំណូល​ដើម្បី​កាត់​បន្ថយ ឬ​បំបែរ​ចេញ​ពី​បទល្មើស»

កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​ប្រកាស​បង្កើត​តំបន់​ព្រៃឡង់ ជា​តំបន់​ដែន​ជម្រក​សត្វព្រៃ មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ (៤៣១.៦៨៣) គ្របដណ្ដប់​លើ​ខេត្ត​ចំនួន ៤ រួម​មាន​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន។ អង្គការ​ស្ពាន​សន្តភាព​ប្រារព្ធ​ពិធី​ដាំ​កូន​ឈើ​ប្រណិត​នៅ​តំបន់​ព្រៃ​ក្បាលខ្លា ចំនួន ៣​លើក​រួច​មក​ហើយ​តាំង​ពី​ឆ្នាំ​២០១៥ មក។

នាយក​ប្រតិបត្តិ​អង្គការ​ស្ពាន​សន្តិភាព លោក ស៊ុម ច័ន្ទមុនី មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​៥ កក្កដា ដែល​ចូលរួម​ដំណើរ​ទស្សនកិច្ច​តំបន់​ព្រៃ​ក្បាលខ្លា ដែរ​នោះ​ថា មូលហេតុ​ខាង​លោក​រៀបចំ​កម្មវិធី​បោះ​ជំរំ​ដាំ​កូនឈើ​នៅ​ព្រៃ​សហគមន៍​មួយ​នេះ ព្រោះ​មើល​ឃើញ​ថា ប្រជា​សហគមន៍​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ និង​សកម្ម​លើ​ការងារ​ការពារ​ព្រៃឈើ​ជាង​គេ។ បន្ថែម​ពី​នេះ ដើម្បី​បង្ហាញ​ដល់​សាធារណជន​មួយ​ចំនួន​បាន​ស្វែង​យល់​ពី​ស្ថានភាព​ការងារ ជីវភាព​រស់នៅ​របស់​ពលរដ្ឋ និង​សម្រស់​ធម្មជាតិ​នៅ​តំបន់​ព្រៃ​សហគមន៍ ព្រមទាំង​លើកទឹកចិត្ត​ដល់​ពួកគាត់​ចំពោះ​សកម្មភាព​ការពារ​ព្រៃឈើ​ផង​ដែរ៖ «គឺ​យើង​នឹង​លើក​ទឹក​ចិត្ត​ដល់​អង្គការ​ដៃគូ និង​បុគ្គល​ដែល​គាត់​ស្រលាញ់​ធនធាន​ធម្មជាតិ​ចូលរួម​ទៅ​តាម​លទ្ធភាព​ដែល​ពួកគាត់​អាច​ធ្វើ​ទៅ​បាន។ មិន​ថា​ជា​ការ​ចូលរួម​ផ្ទាល់ខ្លួន ឬ​ការ​ផ្ញើ​ជា​ធនធាន​ផ្ទាល់​ខ្លួន​ក្នុង​ការ​ការពារ​ហ្នឹង​ដែរ»

មន្ត្រី​សង្គម​ស៊ីវិល​ដដែល​យល់​ថា ប្រសិនបើ​តំបន់​ព្រៃ​សហគមន៍​ក្បាលខ្លា ក្លាយ​ជា​តំបន់​ទេសចរណ៍ ពលរដ្ឋ​មិន​ត្រឹមតែ​អាច​កែប្រែ​ជីវភាព និង​កាត់​បន្ថយ​សកម្មភាព​ល្មើសច្បាប់​ផ្សេងៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ផ្នែក​មួយ​ការពារ​គម្រប​ព្រៃឈើ​នៅ​កម្ពុជា ឱ្យ​មាន​កាន់​តែ​ច្រើន​សម្រាប់​ទប់ទល់​បម្រែបម្រួល​អាកាសធាតុ​នៅ​ពេល​បច្ចុប្បន្ន។

លោក ស៊ុម ច័ន្ទមុនី ប្ដេជ្ញា​ថា នឹង​សហការ​ជាមួយ​អង្គការ​ដៃគូ​អាជ្ញាធរ​ពាក់ព័ន្ធ ប្រជា​សហគមន៍ បន្ត​ការងារ​ការពារ និង​ស្ដារ​ឡើង​វិញ​នូវ​គម្រប​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​សម្រេច​បាន​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​មាន​គម្រប​ព្រៃឈើ​ចំនួន ៦០​ភាគរយ​នៅ​ឆ្នាំ​២០៣០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។